Tag Archives: កំណាព្យ

វាសនាធីតាអភ័ព្វ និពន្ធ ដោយ យឹង​ ស្រស់

វាសនាធីតាអភ័ព្វ​​និពន្ធដោយ​យឹង ​ស្រស់

កំណាព្យ ថ្ងៃមួយសីហា១៩៧៥

កំណាព្យ

ស្រណោះ​ថ្ងៃ​១​សីហា១៩៧៥

ឆ្នាំ​ថោះ​មេសា​ចិត​សិប​ប្រាំ                        ​​    ទ្រូង​សែន​រកាំ​ទឹក​ភ្នែក​ស្រក់

ត្រូវ​គេ​ដេញ​ចេញ​មិន​ដំអក់​                           ចិត្ត​ខ្មែរ​អា​ក្រក់​ខ្មែរ​ក្រហម ។

ដេញ​ឲ្យ​ចេញ​ចាក​គេហដ្ឋាន                        ចិត្ត​ខ្មៅ​សា​មាន្យ​មិន​ច្រឡំ

អស់​នឹង​ជាតិ​គេ​សាកល​ធំ                             ចង​ចិត្ត​គំនុំ​អ្នក​ភ្នំពេញ​។

ចាត់​ទុក​អ្នក​ក្រុង​ឈ្លើយ​សង្គ្រាម                  ថែម​ចោទ​គំរាម​ថា​​ខ្មាំងវិញ

បណ្តេញ​ចុះ​ស្រែ​ទុក្ខ​ទោ​ម្នេញ​​​​​               ​       គ្មាន​សេរី​ទិញ​​ទាំង​ស្តី​ថា។

ដាច់​ខាត​កុំ​សង្ឃឹម​ភ្នំពេញ​                              គ្មាន​ថ្ងៃ​វិលវិញ​គ្មាន​សិក្សា

សាលា​តូច​ធំ​និង​មហា​                                     វិទ្យាល័យ​នានា​នៅ​លើ​ព្រែក។

លើ​ថ្នល់​កាប់​ព្រៃ​ទី​សិក្សា​                                ជន​អវិជ្ជា​ប្រកាស​ស្រែក

ប្រាប់​ក្នុង​ប្រជុំ​កុំ​អល់​អែក​                            ​​​​    កុំ​សង្ឃឹម​ស្អែក​វិល​ភ្នំពេញ។

បី​ខែ​តស៊ូ​នៅ​ត្រើយ​ស្លា         ​                          ស្គាល់​ហើយ​វេទនា​យំ​លែង​ចេញ

បង្ខំ​ធ្វើការ​ដេក​មិន​ពេញ​                                  កម្លាំង​បញ្ចេញ​ជាង​តិរច្ឆាន។

រង​ពាក្យ​ដំនៀល​រាល់​វេលា​                             ជិះ​​ជាន់​គាបកៀរ​គ្មាន​សុខសាន្ត

រាល់​ថ្ងៃ​ទុក្ខ​កើន​ឥត​ប្រៀប​បាន​                       ទ្រាំ​ទ្រ​លែង​បាន​រត់ឲ្យ​ផុត។

ចេញ​ពី​ត្រើយ​ស្លា​ឃុំ​រំដោះ                              បើ​ស្លាប់​ក៏​អស់​លែង​តក់​ស្លុត

តស៊ូ​ផ្សង​ព្រេង​សែន​រន្ឋត់​                         ​       ជីវិតរស់​ផុតការ​អត់​ឃ្លាន​។

បន្លំ​ធ្វើ​យួនគ្រប់គ្នា​រត់​                                      កម្ពុជា​ដប់​ប្រាំ​ពីរ​ប្រាណ

ទាល់​តែ​ធ្វើ​​យួន​ទើប​ចេញ​បាន                      ក្លាហាន​កុហក​ដោះ​ទុក្ខ​ទ័ល​។

ថ្ងៃ​មួយ​សីហា​ចិត​សិប​ប្រាំ​                               កាណូត​វៀតណាម​ចូល​មក​ដល់

ដឹក​ជន​ជាតិ​យួន​ទៅ​រចល់​​                               ភ័យ​អរ​ច្របល់​ហួស​ថ្លា​ថ្លែង។

កាណូត​លា​ច្រាំង​ចិត្ត​ក្រៀម​ក្រោះ       ​          មិន​អាច​រាប់​អស់​ក្តី​ចំបែង

ឃ្លាត​មាតុ​​ប្រទេស​របស់​ឯង                            ​សែន​មហា​ចំបែង​ក្លែង​សាសន៏គេ​។

ពី​ថ្ងៃ​នេះ​ទៅ​ត្រូវ​និរាស                                     ព្រាត់​ឃ្លាត​ប្រទេស​ស្ងួន​​មាសមេ

ទឹក​ភ្នែក​រហែង​ហូរ​ផ្ទួនទ្វេ                                មិន​នៅទៀត​ទេខាំមាត់​លា។

លា​ហើយ​លា​ហើយ​លា​ទាំង​អស់                 លា​ទាំង​ស្រណោះ​ទាំង​ខ្លោច​ផ្សា

គង្គា​ដែនដី​ព្រៃ​បុព្វតា                                       មហា​សោកា​សែនកង្វល់​។

លាហើយ​លាហើយ​កាន់​តែ​ឆ្ងាយ                 ផ្ទះ​អើយ​អាល័យ​អស់​បាន​យល់

ស្រណោះ​ជំពូ​ចំប៉ា​ផ្តល់​                                  បុប្ផា​ផ្លែ​ផល្ល(១)​រាល់​វេលា។

នឹក​ផ្កា​ចំប៉ា​ដែល​ធ្លាប់​បេះ                               ចង​សក់​ថ្វាយ​ព្រះ​ទិន​ទិវា

នៅ​ក្បាល​ដំណេក​ចោល​គន្ឋា                       ជំពូ​ផល្លា​ឈោង​ដៃ​បេះ។

បេះ​យក​មក​ញ៉ាំ​ជំពូ​ល្អ                                    ធ្លាប់​ឃើញ​ផ្កា​ស​ជ្រុះ​របេះ

ធ្លាក់​ចាក​ទង​មែក​ច្រើន​អ្វី​ម៉្លេះ                        ស​ក្បុស​រាយ​ពាសពេញ​សួន​ច្បារ។

ដប់​ប្រាំ​បី​មេសា​រង​កម្ម                  ​   ​                ឆ្នាំចិតសឹបប្រាំរកាំផ្សា

ឱ​ដើម​ជំពូ​ដើម​ចំប៉ា​                                          ដុះ​ក្នុង​វីឡា​ឬ​ងាប់​អស់។

ភូមិ​គ្រឹះ​លេខ​សាម​សិប​ប្រាំ​បួន(២)               ឈរ​ហំ​មាំ​មួន​បាត់​សម្រស់

វិថី​សម្តេច​ល្វី​ឯម​(៣)​នោះ                     ​​​          ម្ចាស់​សប្បុរស​ព្រាត់​ទៅឆ្ងាយ៕

ដោយប៉ិច ​សង្វាវ៉ាន

សាន់ន័រ​ប្រទេស​បារាំង​​ថ្ងៃ​២៦​មេសា​១៩៧៧

កែសម្រូល​នៅ​បឹង​កេង​កងភ្នំពេញ​ថ្ងៃ២៨តុលា២០១០

(១) : ផល្លា

(២)​ :សព្វ​ថ្ងៃវីឡាស្តុកស្តម្ភនេះកាត់ជា​ល្វែងៗដាក់លេខ២៥E0  និង E1 ​វិញហើយមាន​ម្ចាស់កម្មសិទ្ឋច្រើន។

(៣​) : បច្ចុប្បន្នវិថីសម្តេច​ល្វីឯមនេះ នៅ​រក្សា​ឈ្មោះផ្លូវសម្តេច​ល្វីឯម លេខ២៨២​ នៅសង្កាត់​បឹង​កេង​កង១ ខ័ណ្ឌ​ចម្ការ​មន។