Monthly Archives: ខែមិថុនា 2011

លិខិតពី​ក្នុង​ផ្នូរដោយ​លោក គ.ខូវនី

 ខេត្តកណ្តាល ខែកុម្ភៈ ១៩៧៧

កូន​ប្រុស​ម្ដាយ

ថ្ងៃ​និង​យប់​កន្លង​ទៅ មាន​ពណ៌​តែ​មួយ គឺ​ការ​អស់​សង្ឃឹម។ តែ​ម្ដាយ​អាច​ចាប់​ការ​អស់​សង្ឃឹម​មក​រាប់​ឲ្យ​កូន​ស្ដាប់​ ដូច​គេ​រាប់​គ្រាប់​បាយ​ឬ? ឱ! កាល​ណា​នឹក​ដល់​គ្រាប់​បាយឡើង​ ម្ដាយ​ចាប់​ឃ្លាន​ភ្លាម…​ ឃ្លាន…ឃ្លានណាស់ ម្ចាស់​ថ្លៃ!។ ម្ដាយ​ស្រែករក​បាយ​ ប្រៀបដូច​សម្រែក​ទារក​ទើប​នឹង​កើត​មក ស្រែករក​ខ្យល់​ដកដង្ហើម​ដូច្នេះ​ដែរ។ ម្ដាយ​នឹក​ទៅ​ដល់​ក្លិន​បាយ​ប្រហើរ​នៃ​ស្រូវ​ថ្មី និង​ក្លិន​ឈ្ងុយ​នៃ​ត្រី​អាំង​ ជាមួយ​ក្តិប​អំពិល​ខ្ចី ដែល​ម្តាយធ្លាប់​ផ្គាប់​ឪពុក​កូន។ ឥឡូវ​ក្លិន​ទាំងនេះ​ក្លាយ​ជា​អនុស្សាវីយ៍​កន្លង​មក​រាប់សិប​ឆ្នាំ​ចំពោះ​អណ្ដាត​ម្ដាយ​។ ក្នុងភូមិ​ដែល​ខ្មែរ​ក្រហម​ឃាត់​ឃាំង​ឲ្យ​ម្ដាយ​រស់​នៅ​តាំង​ពី​ពេល​គេ​ដេញ​ទម្លាក់​ពី​ផ្ទះ​យើង​នៅ​ក្រុង​ភ្នំពេញមក​ ម្ដាយ​ភ្លេច​ទាំង​នឹកថា តាំង​តែពី​ព្រឹក​មក​ទល់​ល្ងាច​នេះ តើ​ក្រពះ​ម្ដាយ​បាន​ទទួល​បាន​ប៉ុន្មាន​គ្រាប់​ហើយ ក្រៅ​ពី​ទឹក​មាត់​ដែល​ម្ដាយ​បាន​លេប​ជំនួស​ក្រោម​ចំហាយ​ព្រះ​អាទិត្យ។ ឱ! ក្តៅ​អ្វី​ម្ល៉េះ​ទេ! នៅ​លើ​ការ​ដ្ឋាន​ ដែល​គេ​បង្ខំ​ម្ដាយ​ឲ្យ​ដើរ​មក​ធ្វើ​ការ​ ទាំង​ភ្នែក​ងងឹត​​ ទាំង​ជើង​ស្ពឹក។ ម្ដាយ​នឹក​ទៅ​ដល់​ផ្ទះ​ឈើ​ប្រក់​ក្បឿង​ដែល​មាន​រាន​ហាលពេញ​ដោយ​ផ្កា​រំយោល ហើយ​ម្ដាយ​ស្រមៃ​ឃើញ​ឪពុក​កូន​សម្រាកក្នុង​អង្រឹង​ក្រចៅ​មួយ ។​ ​ម្ដាយ​កំពុង​បុក​ស្លា​និង​និយាយ​សំណេះ​សំណាល​ជា​មួយ​អ្នក​ជិត​ខាង។ ឥឡូវនេះ ផ្ទះ​យើង​ត្រូវ​គេ​រុះ​រើ​រាប​ស្មើ​ដល់​ដី។ ពុទ្ធោ! ចុះ​ផ្ទះ​នោះ​ជា​មនុស្ស​មាន​បទ​ឧក្រិដ្ឋ​ឬបាន​ជា​គេ​សម្លាប់​ផ្ទះ​ហើយ​ និង​ព្រលឹង​ផ្ទះ​នោះ​ដែរ?

ហេតុ​ម្តេច​បាន​ជា​គេ​តាម​សង​សឹកលើ​បណ្ដា​រាស្រ្ត​សាមញ្ញដែល​គ្មាន​ធ្វើ​នយោបាយ​អ្វី​សោះ? តើ​គេ​ខ្លាច យើង​ឆ្លៀត​ឱកាស​រើស​ចំណិត​មហា​ជោគ​ជ័យ​នៃ​ថ្ងៃ​១៧​មេសា​១៩៧៥របស់​គេ​ឬ? ហេតុអ្វី​គេ​ប្រឡេះ​ម្ដាយ​ឲ្យ​ឃ្លាត​ពី​បង​ប្រុស​នឹង​ពី​ចៅឯទៀតៗ ប្រៀប​ដូច​គេ​កាត់​ដៃ​ជើង​ម្ដាយ​ ហើយ​បោះ​ចោល​ក្នុង​ទិស​ទាំងបួន ធ្វើ​ឲ្យ​ម្ដាយ​មាន​សណ្ឋាន​ដូច​រូប​អាយ៉ង។ នៅ​ពេល​គេ​បំបែក​បង​ប្រុស​កូន​នៅ​ខេត្ត​មួយ ហើយ​ចៅ​ឯទៀត​ទៅខេត្ត​មួយ​ទៀត ម្ដាយ​ឈឺ​ចាប់​ដុច​គេ​កាត់​សាច់​ម្ដាយ។ តើ​ឲ្យ​ម្ដាយ​ឈឺចាប់​ដៃណា​ជាង​ដៃណា ឬជើង​ណា​ជាង​ជើង​ណា? តើ​មាន​ប្រយោជន៍​អ្វី​ ធ្វើ​ឲ្យម្ដាយ​បន្ត​ដំណើរ​តែ​ម្នាក់ឯងទៅ​មុខ​ទៀត? ជីវិត​ចុងក្រោយរបស់​ម្ដាយ នៅមុនពេល​​ម្ដាយ​បិទភ្នែក​ចេញ​ដំណើរ​ពី​លោក​នេះ​ទៅ វិញ្ញាណ​ម្ដាយ​បាន​ប្រមូល​អនុស្សាវរីយ៍​នៃគ្រា​សុខ​មក​រំលឹក​ឡើងវិញ ប្រៀប​ដូច​គេ​យក​ខ្សែ​ភាព​យន្ត​ចាស់​មួយ​មក​បញ្ចាំង ដែល​ជា​ហេតុ​អ្វី​ឲ្យ​ម្ដាយ​នឹក​មក​កូន​ប្រុស​ពៅ។ ម្ល៉េះ​សម​កូន​ខ្វល់​យ៉ាង​ណាឬ​ទេដែល​បាត់​ដំណឹង​ម្ដាយ​តាំង​តែ​ពី​ខែមេសា​១៩៧៥មក? ម្ដាយ​ដឹងថា កូន​មាន​វិប្បដិសារីឥត​ឧបមា ព្រោះ​ថា បើ​កូន​នៅជិត​ម្ដាយ​ នោះ​កូន​ជួយ​គ្រាហ៍​ម្ដាយ ជួយ​ជីក​ឫស​ឈើ​ឲ្យ​ម្ដាយ​បរិភោគ ជួយ​កោស​ខ្យល់​ឲ្យ​ម្ដាយ ជួយ​ពូន​ដី​ឥដ្ឋ​ធ្វើ​ជា​ព្រះ​បដិមា​ឲ្យ​ម្តាយ​លួច​លាក់​​ថ្វាយ​បង្គំ ជួយ​មើល​មុខ​របួស​លើ​បាទជើង​ម្ដាយ​។  ម្ដាយ​ឈឺចាប់​ជំនួស​កូន ព្រោះ​ម្ដាយ​ដឹង​ថា កូន​គ្មាន​សមត្ថភាព​នឹង​រក​ដាន​ម្ដាយ​ឃើញ។ ឱ​! មិន​ដឹងជាកូន​រត់​ខ្វាត់​ខ្វែង​រកដំណឹង​ពី​ម្ដាយ​តាម​ជំរុំ​ជន​ភៀស​ខ្លួន​យ៉ាង​ណា​ទៅ? ព្រោះ​ម្ដាយ​ដឹង​ថា បើ​កូន​នៅ​ក្នុង​ស្រុក​ខ្មែរនៅឡើយ នោះកូន​មុខ​ជា​មករ​កម្ដាយ​ឃើញហើយ។ ​ម្ដាយ​សម្លឹង​ទៅចុង​ផ្លូវ​រង់​ចាំ​កូនមួយ​​ថ្ងៃហើយ​មួយ​ថ្ងៃ​ទៀត។​ ​ម្ដាយ​នឹង​ខំ​ត្រដរ​រស់​ ដើម្បី​ឃើញ​ភក្រ្ត​កូន​ម្តង​ទៀត​ជាទី​ចុង​ក្រោយ។ តែ​កូន​នៅ​ឆ្ងាយ​១០.០០០គ.ម.ពីម្តាយ ។​ ហេតុនេះ កូន​អើយ! ជាតិ​នេះ យើង​បែក​គ្នា​ទៅ គ្មាន​ឱកាស​ឲ្យ​ម្ដាយ​បាន​ផ្ដាំ​ផ្ញើ​អ្វីមួយ​ម៉ាត់​នឹង​ឲ្យ​ពរជ័យ​ដល់​កូន។

កូន​ចាំ​ឬទេ? កាល់ពី​ខែធ្នូ​១៩៧៤​ពេល​ដែល​កូន​លា​ម្ដាយ​ទៅ​បរទេស​ កូន​បាន​រក្សាភក្រ្ត​ញញឹម​ស្ងួត​ដែល​ម្ដាយ​ខំ​បញ្ចេញ​សម្រាប់​កូន​ ដើម្បីសម្រួល​ការ​ចេញ​ដំណើរ​កូន កុំ​ឲ្យ​កូន​មាន​ដុំ​ថ្ម​ទុក្ខ​សោក​និង​វិប្បដិសារី​ទាញទាក់​ជំហាន​កូន។ តែ​នៅ​ពេល​ដែល​កូន​បាន​ចេញ​ផុត​ពី​ទ្វារ​របង​ផ្ទះ​ទៅ ការ​ញញឹម​លើ​ភក្រ្ត​ម្ដាយ​បាន​ប្រែ​ក្លាយ​ជា​ទឹក​ភ្នែក​ ហើយ​ម្ដាយ​ចង់​ស្រែក​ហៅ​កូន​ឲ្យ​ឈប់​សិន។ ម្ដាយ​ចង់​ឲ្យ​ប​ង​ប្រុស​កូន​ទៅ​តាម​កូន​ ដើម្បី​ឲ្យ​ម្ដាយ​អង្អែល​ភក្រ្ត​កូន​ម្តង​ទៀត។ តែ​កុសល​ផលបុណ្យ​ជួយ​ពេល​នោះ ព្រោះ​ប្រៀប​ដូច​ជា​កូន​ឮ​ការ​អង្វរ​ម្ដាយ។ កូន​បាន​ត្រឡប់​រថយន្ត​មក​វិញ​ ហើយ​ចូល​មក​ដាក់​ក្បាល​លើ​ភ្លៅ​ម្ដាយ​ ហើយ​លូក​យក​កូន​កន្សែង​ក្រហម​មួយ​ពី​ហោប៉ៅ​អាវ​ម្ដាយ ហើយ​ជូត​ទឹក​ភ្នែក​ដែល​ទប់​ពុំ​ឈ្នះ។ ម្ដាយ​ចង់​ទាញ​កូនមក​ប្រប​ជិត​ដើមទ្រូង​ម្ដាយ​ ប្រៀប​ដូចពេល​កូន​នៅ​ជា​ទារក​ដែល​​ម្ដាយ​ឱប​បំពេរដោយ​ម្ដាយ​ច្រៀង​តិចៗ ហើយ​តែ​ង​ពាក្យ​ថ្នាក់​ថ្នម​សម្រាប់​តែ​កូន​ម្នាក់ នៅ​រាល់​ពេល​ល្ងាច​ដែល​យើង​ឈរ​មើល​ទឹក​ទន្លេ​មេគង្គ​ហូរ​ពីលើ​មាត់​ច្រាំង​ក្រុង​កំពង់​ចាម។

ម្ដាយ​អង្វរ​ព្រះ​ឥន្ទ្រ​ ព្រះ​ព្រហ្ម និង​ ទេវតា​ទាំង​ឡាយ ឲ្យ​លើ​ក​ទោស​ទាំង​ប៉ុន្មាន​ដោយ​ចេតនា​ ឬ​អចេតនា​ក្នុង​ជាតិ​នេះ​ ដែល​កូន​បាន​ធ្វើ​ឡើង​ចំពោះ​ម្ដាយ។​ ចូរ​កូន​កុំ​មាន​វិប្បដិសារី​អ្វី​ឡើយ​ក្នុង​ពេល​ចុង​ក្រោយ​ដែល​ម្ដាយ​ផុត​ដង្ហើម។ កូន​ប្រុស​ម្ដាយ! ក្នុង​ប៉ុន្មាន​នាទី​ ឬ​ប៉ុន្មាន​ថ្ងៃ ដែល​ម្តាយ​នៅ​មាន​ជីវិត​ ម្ដាយ​រស់​សម្រាប់​កូន។ ម្ដាយ​រស់​ដោយ​ស្រមៃ​ឃើញភក្រ្ត​កូន​ជានិច្ច។ កូន​ប្រុស​ម្ដាយ! កូន​ពុំ​អាច​ដឹង​ច្បាស់​ពី​ទំហំ​ទុក្ខ​ភ័យនៃ​រាស្រ្ត​ខ្លះ​ដែល​គេ​នាំ​យក​ទៅ ត្រូវ​គេ​វាយ​បង្ខំ​សួរ​ចម្លើយ ត្រូវគេ​ចង​លើ​គ្រែ​វះពោះ ត្រូវគេ​គ្រប​ស្បោង​ប្ល៉ាស្ទិក​លើក្បាល ត្រូវ​គេ​ទម្លាក់​ចោល​ក្នុង​ទឹក​ទន្លេ ត្រូវ​គេ​ទឹម​ជួសគោ។ ឈាម​ដែល​ហូរ​លើ​ដី ហើយ​ហៀវ​ធ្លាក់​ទៅក្នុង​អូរ​ក្នុង​ស្ទឹង ក្នុង​ស្រែក្បែរ​គុម្ព​សំណាប​ខ្ចី តើ​កូន​ដឹង​ពី​ចំនួន​ជីវិត​ខ្មែរ​ប៉ុន្មាន​នាក់ទេដែល​បាន​បាត់​បង់​? ព្រោះ​កូន​មិន​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក ម្ដាយ​ពិបាក​នឹង​និយាយ​រាយ​រាប់​អស់​សេចក្តី តែ​ម្តាយ​ដែល​ជា​សាក្សី​ក្នុងឃាតកម្ម​នេះ។ ឱម្ដាយ​ខ្លាច! ម្ដាយ​យកដៃ​បិទភ្នែក​ ឬក៏​បែរ​មុខ​ចេញ តែ​សម្រែក​នៃ​ជន​គេ​ធ្វើ​បាប​បាន​រត់​មក​ដល់​ត្រចៀក​ម្ដាយ សុំ​ឲ្យ​ជួយផង។ ឱព្រះ​ម្ចាស់​ថ្លៃ! ពេលនោះ ប្រៀប​ដូច​ជា​មេឃ​ស្ងាត់​គ្មាន​ព្រះ​ឥន្ទ្រ​ ព្រះព្រហ្ម ទេវតា​មួយ​អង្គ​ឡើយ មាន​តែ​សម្រែក​នៃ​ការឈឺ​ចាប់​នឹង​ការ​ភ័យ​រន្ធត់​រីក​ឡើង​ដល់​ស្ថាន​ត្រៃ​ត្រឹង។ មាន​ជន​ខ្លះ​ច្រឡំ​ស្មាន​ថា រន្ទះ​ធ្លាក់​ពី​លើមេឃ តែ​ជា​អណ្តាត​ភ្លើង​ចេញ​ពី​ចុង​កាំភ្លើង។ តែ​ដល់​ដឹង​ការ​ពិត​ គ្រាប់​កាំ​ភ្លើង​បាន​រុញ​ទម្លាក់​ជន​នោះ​ទៅ​ក្នុងរណ្តៅ​រួម​ស្រេច​បាត់​ទៅហើយ។ ថ្ងៃ​ណា​មួយ បើ​គេ​បើ​ករណ្ដៅ​រួម តើ​គេ​អាច​ធ្វើ​ម្ដេច​រក​ឈ្មោះ​ដាក់​ទៅ​លើ​សាក​សព​ដែល​នៅ​សល់​តែ​លលាដ៏​ក្បាល​? ចុះ​បង​ប្រុស​កូន ត្រូវ​គេ​ច្រាន​ទម្លាក់​នៅ​ក្នុង​រណ្ដៅ​រួម​មួយ​ណា​? តើ​មនុស្ស​ដែល​ស្រែក​បញ្ជា និង​មនុស្ស​ទទួល​បង្គាប់​កេះ​កៃ​កាំ​ភ្លើង​ តើ​មាន​សាច់​ឈាម​នឹង​សាសន៍ជាតិ​ដូច​ជន​ដែល​ឈរ​មុខ​កាំ​ភ្លើង​ឬ​ទេ? ចំពោះបទ​ឧក្រិដ្ឋ​ទាំង​នេះ ដែល​ម្ដាយ​ជាសាក្សី​ ម្ដាយ​ចង់​កាយ​ដី​នឹង​ម្រាមដៃដើម្បីចុះមុជ​ក្នុង​ព្រះធរណី​ឲ្យ​បាត់ ព្រោះ​ម្ដាយ​ខ្មាសចំពោះ​ឃាតកម្ម​ទៅ​លើ​ជាតិ​សាសន៍​ដូចគ្នា។

នៅ​ពេល​ម្ដាយ​នឹក​មក​ដល់​កូន​កាលណា ម្ដាយ​នឹក​ឃើញដើម​ណា​គ្រី​ក្បែរ​ជណ្តើរ​ផ្ទះ​ នឹក​ឃើញ​ឪពុកកូន​បក់​ផ្លិត​ស្លឹក​ត្នោត​មាត់​បង្អួច នឹក​ឃើញ​កូន​កំពុង​ទន្ទេញ​មេរៀន​ក្រោម​ចង្កៀង​ក្បែរ​ម្ដាយ​កំពុង​ដេរ។ តែ​សំឡេង​មនុស្ស​ថ្ងូរ​យំ​ជុំវិញ​ម្ដាយ​ក្នុងការដ្ឋាននេះ​បាន​ទាញ​ម្ដាយ​ឲ្យ​ដឹង​ខ្លួន​ជាថ្មី ថា​ម្ដាយ​កំពុង​រស់​នៅ​ក្នុង​សតវត្សរ៍​នរក​មួយ​សម្រាប់​ជាតិ​ខ្មែរ។ ម្ដាយ​បាន​រសាត់​ពី​ភ្នំពេញ​មក​កាត់​តាម​ខេត្ត​កណ្តាល​ ហើយ​តាម​ភូមិ​ទាំង​នោះ មាន​ភាព​ច្របូក​ប្របល់​ដូច​ជា​មាន​ការ​រញ្ជួយ​ផែន​ដី។ ម្ដាយ​ដែល​មាន​ជើង​ពិការ​និង​ភ្នែក​ងងឹត ម្ដាយ​សុំ​គេ​សម្រាក​ តែ​គេ​រុញ​ច្រាន​ម្ដាយ​ដូច​ដុំ​ថ្ម​មួយឲ្យ​រមៀល​ទៅ​មុខ។ កាល​ណា​ម្ដាយ​ដាក់​ខ្លួន​សម្រាក​មួយ​ស្របក់ ប្រាណ​ម្ដាយ​ប៉ះ​នឹង​សាក​សព​តាម​កៀន​ផ្លូវ ធ្វើ​ឲ្យ​ម្ដាយ​ខំ​ងើប​បន្ត​ដំណើរទៅ​មុខ​ទៀត។ ត្របក​ភ្នែក​ម្ដាយ​បិទ​ដោយ​អស់​កម្លាំង ដោយ​អត់​ងងុយ ដោយ​អត់​អាហារ។ រស្មី​ព្រះអាទិត្យ​ចាំង​ដុត​រលាក​ត្របក​ភ្នែក​ម្ដាយ​ រឹត​តែ​ធ្វើ​ឲ្យ​ម្ដាយ​លែង​មើល​ផ្លូវ​ឃើញ។ រឿង​ជំងឺ​ភ្នែក​ម្ដាយ​ឲ្យ​ពេទ្យ​វះ​កាត់​កាល​កូន​នៅ​អាយុ​១០​ឆ្នាំ​នៅឡើយ តើ​កូន​នៅ​ចាំ​ឬទេ? ពេលវេលា​ដែល​កន្លង​ទៅ​ឆ្ងាយ​ពីកូន ម្ដាយ​លែង​គិត ម្ដាយ​លែង​រាប់។ នៅជាតិ​ក្រោយ ម្ដាយ​សូម​គុណបុណ្យ​ជួយ​ឲ្យ​គ្រួសារ​យើង​ជួប​គ្នា​ជាថ្មី​ម្តង​ទៀត ហើយ​មាន​សណ្ឋាន​ជា​គ្រួសារ​​ខ្មែរ​មធ្យម​ដដែល ហើយរស់​ដោយ​ចំណេះ​វិជ្ជា​នឹង​កម្លាំង​ផ្ទាល់​ខ្លួន​ គ្មាន​ទៅ​គាប់​គួរ​សំពះ​សុំ​បុណ្យ​សក្តិ​ពី​អ្នក​ឯណា។

នៅ​ថ្ងៃ​ក្រោយ បើ​កូន​មាន​ឱកាស​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ ចូរ​កូន​ខិត​ខំ​រក​ម្ដាយ​ ព្រោះ​ម្ដាយ​រង់​ចាំ​កូន​ក្នុង​ផ្នូរ​មួយ​ក្រោម​ដើម​ពោធិ៍​ក្បែរ​កំផែង​វត្ដ​មួយ​ក្នុង​ខេត្ត​កណ្តាល​។ ម្ដាយ​ចង់​ឲ្យ​កូន​បី​ត្រកង​សព​ម្ដាយ​ពេញ​ដៃ​កូន ហើយ​នាំ​យក​ម្ដាយ​ទៅ​បូជា​តាម​ទំនៀម​ទម្លាប់​ព្រះ​ពុទ្ធសាសនា។ រួ​ច​ហើយ កូន​ទៅ​ប្រមូល​សព​បង​ប្រុស​កូន​ ព្រម​ទាំង​ក្មួយ​ប្រុស​ក្មួយ​ស្រីទាំងអស់​មក​បញ្ចុះ​ក្នុង​ចេតិយ​មួយ​រួម​គ្នា។ តើ​កូន​ដឹង​ឬទេ? ម្ដាយ​នឹក​ទៅ​ឪពុក​កូន​រៀង​រាល់​ថ្ងៃ ចាប់​តាំងពី​ខែ​មេសា​១៩៧២ ដែល​ឪពុក​កូន​ចេញ​ដំណើរ​មុន​ម្ដាយ​ពី​លោក​នេះ​ទៅ។ ឪពុក​កូន​និង​ម្ដាយ​កូន បាន​កវែក​កឆ្នាំង​ជាមួយ​គ្នា​ពី​ក្នុង​ខេត្ត​តាកែវ រហូត​ដល់​ខេត្ត​កំពង់​ចាម មុន​នឹង​មក​ដល់​ក្រុង​ភ្នំពេញ​ ដោយ​សន្សំ​តាំង​ពី​មួយ​សេន​ទៅ​មួយ​កាក់ ពី​មួយ​កាក់​ទៅ​មួយ​រៀល តាំង​ពី​ផ្ទះ​មាន​ដំបូល​ស័ង្គសី​រហូត​ដល់​ផ្ទះ​ប្រក់​ក្បឿង​ដោយ​លក់​ទុំហ៊ូ​និង​ចិញ្ចៀន​បញ្ចូល​ជា​ដើម​ទុន។ តែសម្បត្តិ​ស្តួច​ស្តើង​ទាំង​ប៉ុន្មាន​នេះ ត្រូវ​គេ​បំផ្លិច​បំផ្លាញ​គ្មាន​សល់។

កូន​ប្រុស​ម្ដាយ​! ស្រុក​ខ្មែរ​ដើរ​មក​ដល់​ទី​កន្លែង​មួយ​ដែល​ពុំ​អាច​ថយ​ក្រោយ​រួច​ហើយ​ជំហាន​ដែល​បោះ​ទៅមុខ ក៏​មិន​សុទ្ធ​តែជួប​ប្រទះ​នឹង​រស្មី​ឡើយ។ កាល​ណា​គេ​ដុត​សាលារៀន​ ដុត​បណ្ណាល័យ ដុត​សៀវភៅ​និងគម្ពីរ នោះ​ប្រៀប​ដូច​គេ​ដុត​ខួរ​ក្បាល​យើង​ឲ្យ​ក្លាយ​ទៅ​ជាផែន​ដី​ខ្លោច​ដូច​ទើប​នឹង​ឆេះព្រៃ​រួច​ ហើយ​គ្មាន​ស្មៅ​និង​ដើមឈើ​ដុះ គឺ​ជា​វាល​ខ្សាច់​រហោស្ថាន​គ្មាន​វាយោ​ចំណេះ​វិជ្ជា​បក់​ពី​លើ។ ដូច្នេះ​ទៅយើង​ក្លាយ​ជា​មនុស្ស​គ្មាន​ការ​រិះ​គិត គ្មាន​ឯករាជភាព​ក្នុង​ការ​សម្រេចចិត្ត​ខ្លួន​ឯង​ ហើយ​រង់​ចាំតែ​គេបង្គាប់​​ដើម្បី​ធ្វើ​សកម្មភាព​។

កាល​ណា​គ្រាប់​កាំ​ភ្លើង​ធំកម្ទេច​​ផ្ទះ​សម្បែង​ វត្ត​អារាម រូប​ចម្លាក់​តាម​ប្រាសាទ​នានា​ កាល​ណា​គ្រាប់​បែក​ជីក​រង្វង់​មរណភាព​តាម​ព្រៃ​ព្រឹក្សា​តាម​វាល​ស្រែក​ចម្ការ នោះ​មិន​មែន​តែ​មាតុភូមិ​យើង​ទេ​ដែល​របួស គឺ​យើង​ជា​ខ្មែរ​ម្នាក់​ៗ​ដែល​ពាក់​ស្លា​ក​ស្នាម​របួស​ហើយ​ជា​ហេតុ​ឲ្យ​យើង​ខ្មាស​ដល់​ជន​សាសន៍ឯទៀត ព្រោះ​បង្ហាញ​ថា តាំង​ពី​សម័យ​អង្គរ​​វត្ត​មក សាវតា​ខ្មែរ​ចុះ​កាំជណ្តើរ​ដុន​ដាប​ធ្វើ​ឲ្យ​ព្រំ​ដែន​មហា​នគរ​រួញ​ខ្លី។ នេះ​មាន​ន័យ​ថា ខ្មែរ​និយាយ​ភាសា​ខ្មែរ ដែល​ខ្មែរ​ដូច​គ្នា​ស្តាប់​មិន​យល់។ ចូរ​កូន​លើក​ម្រាម​ដៃ​រាប់​មើល ចាប់​តាំង​ពី​សតវត្សរ៍​អង្គរ​ធំ រហូតដល់​បន្ទាយ​លង្វែក​ ក្រុង​ឧត្តុង្គ ក្រុង​ចតុមុខ តើ​មាតុភូមិ​យើង​បាន​ស្គាល់​សន្តិ​សុខ​ចំនួន​ប៉ុន្មាន​ឆ្នាំ?

ម្តាយ​អាណិត​កូន​ណាស់ ព្រោះ​ម្ដាយ​បាន​ទុក​ឲ្យ​កូន​រស់​នៅ​ក្នុង​គ្រា​មួយ​ដែល​មាន​រស​ជាតិ​ដូច​ផេះ​ចង្ក្រាន​លើ​អណ្តាត​ខ្មែរ​គ្រប់​គ្នា។ តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ​ចូរ​កូន​រើស​កូន​ថ្ម​សង្ឃឹម​ដាក់​បន្តុប​គ្នា​ក្នុងដួង​ចិត្ត​កូន មួយ​ថ្ងៃ​ហើយ​មួយ​ថ្ងៃ​ទៀត​ ដើម្បីកសាង​វិមា​ន​អនុស្សាវរីយ៍​មួយ​សម្រាប់​ឪពុក​កូន​ ម្ដាយ​កូន​ បង​ប្រុស​កូន និង​ក្មួយប្រុស​ស្រី​ទាំង​អស់។ ឪពុក​កូន​និង​ម្ដាយ​កូន យើង​ទាំង​ពីរ​នាក់​ចង់​ឲ្យ​កូន​ស្គាល់​សុភមង្គល ហើយ​ឈប់​មាន​វិប្បដិសារី៕

                              ម្ដាយ​លា​កូន​ក្នុង​ជាតិ​នេះ

                                                                     ណ.គ                                   

                                     កញ្ញា ១៩៨៩

រូប​ថត​ចាស់​ពណ៌​លឿង​​ ដោយលោក គ.​ខូវនី


ល្ងាច​ថ្ងៃ​មួយ មេឃ​ពេញ​ដោយ​ពពកទឹក​កក

បក្សី​រងា​ពួន​សម្ងំ​តាមគុម្ព​ឈើ​ជ្រុះ​ស្លឹក​

ខ្ញុំ​បើ​កហឹប​មួយ​រៀប​ចំ​ឯកសារ​ផ្សេងៗ

ស្រាប់​តែ​នេត្រា​ខ្ញុំ​ប្រទះ​ឃើញ​កញ្ចប់​ធំមួយ។

ខ្ញុំ​បើក​កញ្ចប់​ ខ្ញុំទាញ​ចេញ​មក​រូបថត​ចាស់ពណ៌លឿង

ឱរា​ខ្ញុំ​រន្ធត់​ ខ្ញុំ​បើក​ទ្វារ​ឲ្យ​អនុស្សាវរីយ៍​ដើរ​ចូលមក

រូប​ថត​មួយ​នេះ គឺ​ម្ដាយ​ខ្ញុំ​កំពុង​បក់ផ្លិតជូន​ឪពុ​កខ្ញុំ

រូប​ថត​មួយ​ទៀត គាត់​តោង​ដៃ​គ្នា​ឡើង​ជណ្តើរ​ភ្នំ​ឧត្តុង្គ។

ខ្ញុំ​បិទ​ភ្នែក​ ខ្ញុំ​មិន​ចង់​បន្ត​ដំណើរ​ទៅ​អតីត

តែវិប្បដិសារី​បញ្ជា​ខ្ញុំ​ឲ្យ​រត់​តាម​អនុស្សាវរីយ៍

រូប​ថត​ទី​៣ ឃើញ​បង​ប្រុស​ខ្ញុំ​ពរ​ខ្ញុំ​កាល​ពី​តូច

រូប​ថតទី​៤ ឃើញ​ឪពុក​ម្តាយ​ខ្ញុំ​ដង្ហែរកថិន​ទៅ​តាកែវ។

ទេ! ស្រមោល​ពី​អតីត​កុំ​តាម​កិន​ឱរា​ខ្ញុំ​ទៅ​ជា​ម្សៅ

រាល់​ថ្ងៃ​កន្លង​ទៅ​ ប្រៀប​ដូច​ខ្ញុំ​ដើរ​លើ​ផ្លូវ​ក្រាល​បន្លា

ខ្ញុំ​នឹក​ ខ្ញុំ​ហៅ ខ្ញុំ​យល់​សប្តិ ខ្ញុំ​ស្រមៃ ខ្ញុំ​សម្រក់​ទឹក​នេត្រា

គ្រប់​ពេល​ណា​ខ្ញុំ​ឃើ​ញ​ស្រ្តី​ចាស់​ម្នាក់​ដើរ​តាម​ផ្លូវ តើ​ម្តាយ​ខ្ញុំឬ?

រូប​ថត​ទី​៥ ឃើញ​ម្ដាយ​ខ្ញុំ​កោរ​សក់​កាន់​ទុក្ខ​សព​ឪពុក​ខ្ញុំ​

គាត់​ស្លៀក​ស ហត្ថ​កាន់​ជើង​ពាន​ពេញ​ជើង​ធូប

នេត្រ​គាត់​ក្រហម ប្រៀប​ដូច​លាប​ឈាម​ហូរ​ចេញ​ពីឱរា

គ្រប់​ពេល​ណា​ខ្ញុំ​ឃើញ​ស្រ្តីចាស់​ណាយំ តើ​ម្ដាយ​ខ្ញុំ​ឬ?

ឧសភា ១៩៨១

រក្សាសិទ្ធិ


បង្គង​ក្អែក ដោយ លោកគ. ខូវនី

បង្គង​ក្អែកចង្កៀង​ចោល​ដុំ​ពន្លឺ​ពណ៌​លឿង​លើ​ផ្លូវ​ស្ងាត់

នាង​ខិត​ជិត​ខ្ញុំ ប្រាណ​នាង​ញ័រ​ តើ​នាង​រងា​ឬ​នាង​យំ

ខ្ញុំ​ទាញ​ភក្រ្ត​នាង​មក​ជិត​ អ្វីៗ​លែង​សំខាន់​ទាំងអស់

ព្រោះ​ខ្ញុំ​ឃើញ​តំណក់​ពេជ្រ​ពីរ​គ្រាប់​ទំ​លើ​បង្គង​នេត្រា​នាង​។

ឱបង្គង​ក្អែក​អើយ!

ហេតុម្តេច​ក៏​នាង​យក​ខ្ញុំ​ជា​សាក្សី​នៃ​ទុក្ខ​នាង

ត្បិត​ជាយូរ​ហើយ នាង​ចាក់​សោទ្វារ​ឱរា​នាង​ជា​ច្រើន​ជាន់

នាង​ខំឡើង​ភ្នំ​កង្វល់​មួយ​កាំ​ហើយ​មួយ​កាំ​ទៀត​តែ​ម្នាក់​ឯង

នាង​យក​វាំង​នន​ខ្មៅ​មក​ចង​ពាំង​លើ​នេត្រា​។

ស្រាប់​តែ​ខ្ញុំ​មក​ដល់​ នាង​តាំង​ខ្លួន​ជា​សីតា

នាង​ទាញ​ខ្ញុំ​ឲ្យ​ឡើង​ជណ្តើរ​កង្វល់​ទៅ​តាម​នាង

លុះ​ដល់​កំពូល​ភ្នំ​ នាង​យក​វាំង​នន​ខ្មៅ​ចេញ​ពី​ភក្រ្តា

ហើយ​នាង​ហៅ​ខ្ញុំមើល​តារា​រាប់​លាន​ពេញ​មេឃា។

នាង​ចាប់​រៀប​រាប់​ពី​ឪពុក​នាង​ដែល​បាត់​ដំណឹង​តាំង​ពី​ឆ្នាំ​៧៥

ព្រម​ទាំង​ប្អូន​ប្រុស​មួយ​វង្វេង​ផ្លូវ នៅ​ពេល​រត់​ចុះពី​ផ្ទះ

ម្ដាយ​នាង​បាន​វិល​ជា​ច្រើន​ដង​ទៅ​ស៊ើប​ដំណឹង​នៅ​ស្រុក​សៀម

តែដំណឹង​ស្លាប់​តាម​ផ្លូវ​ជា​មួយ​រាស្រ្ត​ខ្មែរ​រាប់​លាន​នាក់។

នាង​យក​រូប​ថត​ចាស់​ពណ៌​លឿង​មក​បង្ហាញ​ខ្ញុំ

ខ្ញុំ​ឃើញ​គ្រួសារ​នាង​ជួប​ជុំ​សប្បាយ​ពេលវិស្សមកាល​នៅ​ឆ្នេរ​កែប

នាង​ប្រឡែង​ជាមួយ​បង​ប្រុស​និង​ប្អូន​ប្រុស​នាង​យ៉ាង​ថ្នាក់​ថ្នម

ក្រោម​សំណើច​នៃ​ឪពុក​ម្ដាយ​នាង​កំពុង​សម្រាក​លើ​គ្រែ។

ចុះឥឡូវ! មែន​ហើយ​ឥឡូវ​នៅ​សល់​តែ​បង​ប្រុស​មួយ​ជិត​ឱរា

គ្រាន់​បាន​និយាយ​ ពេល​ល្ងាច​មក​ដល់​ កែ​កង្វល់​នឹង​ទុក្ខា

នឹក​ពីបុណ្យ​កថិន​ដែល​ហែរចូល​វត្ត​កំពង់​សៀម

ឬ​ពេល​ហែល​ទឹក​តោង​ទូក​លេង​ពេល​ទៅភ្ជុំ​វត្ត​គគីរ។

ឱបង្គង​ក្អែក​អើយ!

ម្តេច​ក៏​ក្អែក​ហើរ​ចោល​ទ្រនុំ៕

មេសា ១៩៨៣

គ.ខូវនី

រក្សាសិទ្ធិ

សេចក្តីជូនដំណឹងស្តីពីសិក្ខាសាលា

សមាគមអក្សរសិល្ប៍​នូ ហាច

វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ជាន់​ទី២

Nou Hach Literary Association, Buddhism Institute, 2nd Floor,

www.nouhachjournal.net

E-mail: kliterary@gmail.com

«សមាគមអក្សរសិល្ប៍​នូ ហាច» ដោយ​រួម​សហការ​ជាមួយ «សមាគម​អ្នកនិពន្ធ​ខ្មែរ​នៅ​បរទេស» «សមាគម​អ្នក​សាប​ព្រោះ» «សមាគម​បណ្តុះ​បណ្តាល​កវី​និពន្ធ​ជន​បទ» បាន​រៀប​ចំ​ធ្វើ​សិក្ខាសាលា ដើម្បី​រក​គន្លឹះ​លើក​ស្ទួយ​ក្នុង​ការ​តែង​និពន្ធ​ និង​លើកស្ទួយ​​វិស័យ​អក្សរ​សិល្ប៍ អក្សរសាស្រ្ត​ជាតិ​។

កម្មវិធីនេះ មានការ​​អញ្ជើញ​ចូល​រួម​ពី​សំណាក់​អ្នកនិពន្ធ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ជា​វាគ្មិន ដើម្បីចែក​រំលែកនូវ​​បទពិសោធ ជូនដល់​សិក្ខាកាម។

ប្រធានបទ       :   ធម្មជាតិនៃកវីនិពន្ធ

ទីកន្លែង            :    វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ

កាល​បរិច្ឆេទ    :   ថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០១១

ពេលវេលា       :    ចាប់ពីម៉ោង ៧.៣០ព្រឹក ដល់ ១៦.០០ ល្ងាច

ប្រសិន​បើ​អស់​លោក លោក​ស្រី កវី អ្នកនិពន្ធ នាង​កញ្ញាចាប់​អារម្មណ៍ មាន​បំណង​ចង់​ចូល​រួម សូម​អញ្ជើញ​ចុះ​ឈ្មោះ ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ​ នៅ​ទី​ស្នាក់​ការ​សមាគម​អក្សរ​សិល្ប៍​នូ ហាច ក្នុង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ, ជាន់​ទី​២, ក្រុង​ភ្នំពេញ។

បញ្ជាក់ : សូមអញ្ជើញចូលរួមក្នុងកម្មវិធីនេះដោយសេរី។

ពត៌មាន​បន្ថែម​សូម​ទាក់​ទង​ទូរសព្ទ :

០២៣ ៦៧ ៥៧ ៩៩៧

 ០៩០ ៨១១ ៧៧៧

 ០៩៩ ៩០១ ០០១

សូម​អរគុណ!


នាង​ប៉ាក់​ព្រលឹង​ខ្មែរ​ដោយ​លោក​ គ. ខូវនី

វិចារណកថា

នាង​ប៉ាក់​ព្រលឹង​ខ្មែរ

នារី​ម្នាក់​អង្គុយ​លើ​គ្រែ ភ្នែក​នាង​សម្លឹងទៅ​មាត់​បង្អួច តែ​នាង​គ្មាន​អារម្មណ៍ទៅ​លើ​រស្មី​អស្ដង្គត​ពណ៌​ក្រហម​ព្រឿង​ដែល​ចាំ​ខ្សោយ​លើ​ធម្ម​ជាតិ​ទេ។ ចំពោះ​នាង​ ប្រៀប​ដូច​ជា​មាន​រាត្រី​មួយ​ក្រាស់​ចូល​មក​ហ៊ុំ​ព័ទ្ធ​ប្រាណ​នាង។ នាង​ហាក់​ដូច​ជា​ស្ថិត​នៅ​លើ​កម្រាស់​ពពក​ទន់​ល្មើយ​គ្មាន​មូល​ដ្ឋាន​អ្វី​ហ្នឹង​ថ្កល់​ដើម្បី​ពឹង​ផ្អែក​លើ។ នាង​អណ្តែត​ក្នុង​បរិយា​កាស​ចម្លែក​មួយ នៅពាក់​កណ្តាលការ​ពិត​ និង​ការ​យល់​សប្តិ។ តើ​មាន​ព្រឹត្ដិការណ៍​អ្វី​ចម្លែក​ណា បាន​មក​រុញ​ច្រាន​នាង​ឲ្យ​ធ្លាក់​នៅ​ក្នុង​ពិភព​ក្រឡាប់​ចាក់​យ៉ាង​នេះ?

ឱ! នៅ​ប្រប​ចុង​ជើង​នាង លិខិត​មួយ​របូត​ចេញពីស្រោម រាយ​ក្រដាស​បួន​ទំព័រ​ពេញ​ដោយ​តួ​អក្សរ​ញឹកល្អិត។ នាង​នៅ​ចាំ​ឃ្លា​នីមួយៗ ពាក្យ​មួយ​ម៉ាត់​ៗ ដែល​សុទ្ធ​សឹង​ជា​ព្រួញ​មក​ចាក់​ដោត​ឱរា​នាង​។ ឱ៊ សម្រែក​ឱរា​ដែល​ឈឺចាប់! បំណាច់​រង់​ចាំ​ជា​ច្រើន​ឆ្នាំ​មកស្រាប់​តែ​លិខិត​មួយ​នេះ នាំ​ដំណឹង​អាក្រក់​ពេល​ល្ងាច​មក​ដល់។ បំណាច់​រង់​ចាំ​រាប់​ពាន់​ថ្ងៃ​ដោយ​សង្ឃឹម​ថា ជីវិត​នៅ​ឆ្ងាយ​ឯណោះ​នៅ​មាន​អណ្តាតភ្លើង​ឆេះ​ព្រឹកៗ​ជានិច្ច ស្រាប់​តែ​លិខិត​មួយ​ឃ្លា​មក​ឆូត​លុប​ឥត​មេត្ដា។ ក្នុង​ពេល​ពេញ​ដោយ​មហា​ទុក្ខ​ដូច​ឥឡូវនេះ នាង​ចង់​ស្រែក​ប្រាប់​ការ​អស់​សង្ឃឹម​នាង ឲ្យ​វាយោ​ទាំង​បួន​ទិស​នាំ​យក​ទៅ​ឯឆ្ងាយ។ នាង​ចង់​ប្រកាស​ប្រាប់​អ្នក​ដទៃ​ថា ពី​ពេល​នេះ​ទៅ គ្មាន​អ្វី​មាន​សំខាន់​សម្រាប់​នាង​ទៀត​ទេ ប្រៀប​ដុច​ជា​កំផែង​សង្ឃឹម​របស់​នាង​រលំ​ទៅ​បន្ត​បន្ទាប់​គ្នា ហើយ​ក្លាយ​ជា​ធូលី។ ឥឡូវ​​ប្រាណ​នាង​ស្រាល​ផែល​ផាល​ ឈរ​មិន​នឹង អង្គុយ​មិន​ស្រួល ផ្ដេក​ប្រាណ​ទៅ​មិន​ស្រណុក។ ស្មារ​តី​នាង​រង្វេង​ក្នុង​បរិយា​កាស​ប្រហាក់​ប្រហែល​ ឬ​ការ​យល់​សប្តិ​មួយ ប្រៀ​ប​ដូច​ជា​ប្រាណ​នាង​បែក​ញែក​ជា​ពី​រ​ផ្នែក​ ប្រាណ​នាង​មួយ​នេះ​កំពុង​យំ ហើយ​ប្រាណ​នាង​មួយ​ទៀត​អង្គុយ​មើល​ហើយ​ចង់​លើក​ដៃ​មកលួង​រំសាយ​ទុក្ខ។ តើ​នាង​ប្រាកដ​ជាក់ថា នាង​ស្ថិត​នៅ​ទី​កន្លែង​ណា​ទេ? តើ​នាង​ឬ​អ្នក​ឯណា​ទៀត​ម្នាក់​កំពុង​និយាយ​តែ​ម្នាក់​ឯង? នាង​នឹក​ស្មាន​ថា ទុក្ខ​សោក​ប្រៀប​ដុច​ជា​ព្រាយ​បិសាច​កំពុង​តែ​ជញ្ជក់​លោហិត​ចេញ​អស់​ពី​ប្រាណ​នាង ធ្វើ​ឲ្យ​នាង​ស្តើង​អា​ច​មើល​ធ្លុះ​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត។ មួយ​រំពេច​នេះ​ នាង​ចង់​បាន​កម្តៅ​បាត​ដៃអ្នក​ណា​ម្នាក់​មក​កម្តៅ​ដៃ​នាង​ដែល​កាន់​តែ​ត្រជាក់។ នាង​ចង់​ឮ​សូរ​អ្នក​ណា​ម្នាក់​ទៀតមកយំ​ជាមួយ​នាង ​ដើម្បី​សម្តែង​ថា គេចង់​រំលែក​ទុក្ខ​នាង​ពិត។ នាង​ចង់​ឲ្យ​​មាន​អ្នក​ណា​ម្នាក់​មករំ​លាយ​ប្រាណ​ធ្វើ​ប្រាណ​តែ​មួយ​ជាមួយ​នាង មាន​មាត់​តែ​មួយ មាន​បេះដូង​តែ​មួយ មាន​សំឡេង​តែ​មួយ ដើម្បី​យល់​ច្បាស់​អំពិ​ទម្ងន់​ទុក្ខ​ក្នុង​ជម្រៅ​ចិត្ត​នាង។ ទឹក​ភ្នែក​ដែល​ហូរ​លើ​ភក្រ្ត​នាង​ នាង​ទប់​មិន​ឈ្នះ ប្រៀប​ដូច​ទឹក​ជំនន់​នៃទន្លេ​មេគង្គ គឺ​ហូត​គ្មាន​បង្ខំ​ពី​ដី​ខ្ពស់​មក​ដី​ទំនាប​លិច​ព្រៃ​ព្រឹក្សា លិច​វាល​ស្រែខ្លី លិច​ដួង​ចិត្ត​នាង។ តើ​ទឹក​ភ្នែក​អាច​នឹង​ហូរ​លាង​បទ​ឧក្រិដ្ឋ​នៃ​ឃាត​កម្ម​លើ​គ្រួសារនាង​​ចេញ​ពី​វិញ្ញាណ​នាង​ឬ​ ? ទេ! ទឹក​ភ្នែក​ពុំ​អាច​ហូរ​លុប​រូបភាព​នៃ​ម្ដាយ​ចាស់​ដេល​គេ​បង្ខំ​ឲ្យ​ដើរ​ទៅ​ធ្វើ​ការ​ទាំង​ភ្នែក​ងងឹត​ ទាំង​ជើងពិការ​ស្ពឹក​ខ្វិន ហើយ​បាត់​បង់​ជីវិត​ដោយ​ជំងឺ​និង​ការ​ហត់​នឿយ។ ទេ! ទឹក​ភ្នែក​ពុំ​អាច​សម្អាត​រូបភាព​នៃ​បង​ប្រុស​និង​កូន​ប្រុស​កូន​ស្រី​មួយ​ចង្កោម​​ដួល​លុត​ជង្គង់​ក្រោម​គ្រាប់​កាំ​ភ្លើង​នៃ​អង្គការ​ខ្មែរ​ក្រហម​។ ទេ! ទឹក​ភ្នែក​ពុំ​អាច​ដុស​លាង​រូប​ភាព​នៃ​ក្មួយ​ស្រី​ជា​មួយ​បុត្រា​អាយុ​៦​ឆ្នាំ​ដែល​ត្រុវ​ខ្មែ​រក្រហម​សម្លាប់​ចោល ដោយ​ហេតុ​យំ​ទាម​ទារបាយ​ឲ្យ​កុន​សម្លាញ់។ ទេ! ទឹក​ភ្នែក​ពុំ​អាច​បំភ្លេច​នូវ​រូប​ភាព​ផ្ទះ​កំណើត​ត្រូវ​គេ​រុះ​រើ​ឲ្យ​រាប​ស្មើ​ដល់​ដី​។ គឺ​ពិត​ណាស់​ទឹក​ភ្នែក​ពុំ​អាចលុប​លាង​រូប​ភាពនៃ​ឃាតកម្ម​ចង្រៃ​ទាំង​អស់នេះ​ទេ ហើយ​ក៏​ពុំ​អាច​ដក​បន្លា​អនុស្សាវរីយ៍​ និង​វិប្បដិសារី​គ្រប់​យ៉ាង​ចេញ​ពី​ឱរា​នាង​ដែរ។ រូប​ភាព​នៃ​ឃាតកម្ម​ទាំង​នេះនឹង​ដេញ​តាម​នាង​ជានិច្ច​ ក្នុង​ពេល​បរិភោគ​ម្ហូប​ឆ្ងាញ់​ ឬ​ក្នុង​ពេល​និទ្រា​ដោយ​ដើរ​ចូល​ក្នុង​យល់​សប្តិ​នាង។ នៅ​ថ្ងៃ​មុខ នាង​នឹង​ហាក់​ដូច​ជា​មាន​ស្រ​មោល​ជា​ច្រើន​ដើរ​តាម​ពី​ក្រោយ​នាង មក​អង្អែល​ស្មា​នាង តែ​ដល់នាងងាក​​មើល​មក​ក្រោយ មាន​តែ​វាយោបក់​ទម្លាក់​សក់​នាង ប្រៀប​ដូច​ជា​ម្រាម​ដៃ​ម្តាយ​នាង​ធ្លាប់​អង្អែល​ថ្នាក់​ថ្នម​នាង ហើយឥឡូវ​មក​កេះ​ហៅ​នាង កុំ​ឲ្យ​នាង​ភ្លេច​។ ភ្លេច? មុន​ជា​ពុំ​ភ្លេច​ លុះ​ត្រា​ដល់​ពេល​នាង​នាំ​អនុស្សាវរីយ៍​ និង​វិប្បដិសារី​ទាំង​នោះ​ជាមួយ​នាង ក្នុង​ផ្នូរ​នាង។ តែ​មុ​ន​នឹង​ជីវិត​នាង​ត្រូវ​ចេញ​ដំណើរ​ពី​លោក​នេះទៅ នាង​ត្រូវ​តែ​បង្ហាញ​ដល់​ខ្លួន​នាង​ជាមុន ហើយ​ដល់​អ្នក​ឯទៀត​ជា​បន្ទាប់ ថា​នាង​មិន​ព្រម​ចុះ​ចាញ់​ដោយ​ស្ងាត់​ស្ងៀម​ហើយ​គ្មាន​ទុក​អ្វី​ជា​ភស្តុតាង​ឡើយ។

នាង​តាំង​ចិត្ត​ថា នាង​សន្និដ្ឋាន​យក​កំផែង​ប្រាសាទ​អង្គរ​ធំ​មក​ធ្វើ​ជា​ឈ្នួត​ក្បាល​រុំ​ជុំ​វិញ​ថ្ងាស​នាង ធ្វើ​ឲ្យ​ឆន្ទះ​នាង​មាន​សភាព​រឹង​ដូច​ដុំ​ថ្ម​ភ្នំ​គូលែន​ដែល​គេ​យក​មក​កសាង​ប្រាសាទ​នានា។ មិន​តែ​ប៉ុណ្ណោះ​ នាង​យក​មនោសញ្ចេតនា​ស្មោះ​ស្មគ្រ​របស់​នាង​ចំពោះ​មាតុភូមិ​មក​ធ្វើ​សំពត់​សម្លៀក​បំពាក់​ការ​ពារ​​នាង ពី​គំនិត​ឈ្លាន​ពាន​នៃ​អារ្យ​ធម៌​បរទេស។ តែ​សំខាន់​ទៅ​ទៀត នាងត្រូវ​រក​មធ្យោបាយ​ណាមួយ ដើម្បី​បញ្ជាក់ថា  ក្នុង​ឋានៈ​នាង​ជា​នារីខ្មែរ​ម្នាក់ នាង​អាច​មាន​ប្រយោជន៍ដល់​ជាតិ។ នាង​ត្រូវ​រក​ឃើញ​នូវ​និមិត្ត​រូបណា​មួយ ដែល​កាល​ណា​នាង​លើក​ខ្ពស់​ឡើង អាច​ឲ្យ​មនុស្ស​ម្នាក់​ៗដែល​មាន​ឈាម​ខ្មែរ​ហូរ​ក្នុង​សរសៃ ឈរ​តម្រង់​ប្រាណ ឬ​ក៏​ជង្គង់​លុត​ចុះ ហើយ​ដៃ​លើក​ប្រណម​លើ​សិរសារ។ ឱ! ​នាង​រក​ឃើញ​ប្រស្នានោះ​ហើយ!

នាង​ដើរ​សំដៅ​ទៅ​ទូរ​ដាក់​ខោ​អាវ​មួយ​ក្នុង​បន្ទប់​នាង។ នាង​រើ​គំនរ​សម្លៀក​បំពាក់ ហើយ​នាង​ទាញ​ចេញ​មក​នូវ​សំពត់​ផាមួង​ពីរ​ មួយ​ពណ៌​ខៀវ មួ​យ​ទៀត​​ពណ៌​ក្រហម ដែល​​ជា​កេរមត៌ក​ពី​ម្ដាយ​នាង​មក។ នាង​លា​សំពត់​ទាំងពីរ​លើ​គ្រែ​នាង​ ហើយ​នាង​ចាប់​កាត់​ជា​បន្ទះ ហើយ​ដេរ​ភ្ជាប់​គ្នា ដោយ​មាន​បន្ទះ​ពណ៌​ខៀវ​អម​សង​ខាង​បន្ទះ​ពណ៌​ក្រហម។

រាត្រី​កាន់​តែ​លឿន​ទៅមុខ តែ នាង​គ្មាន​ចាប់​អារម្មណ៍​ពី​ពេល​វេលា​ ព្រោះបេសកម្ម​នាង​មិន​ទាន់​ចប់។ នៅ​លើ​កណ្តាល​ផ្ទៃ​បន្ទះ​សំពត់​ពណ៌​ក្រហម នាង​ចាប់​ប៉ាក់​គំនូរ​ភ្នំ សមុទ្រ ទន្លេ ស្រែ វត្ត​អារាម ព្រៃ​ព្រឹក្សា និង​ឈ្មោះ​ខេត្ត​ខ្មែរ​ទាំងអស់។ នៅ​ក្នុង​ពេល​ដែល​នាង​កំពុង់​ដេរ​ប៉ាក់​ទេសភាព​មាតុភូមិ​ដែល​នាង​ស្រឡាញ់។ នេត្រានាង​ហាក់​ដូច​ជា​មាន​អណ្តាត​ភ្លើង​តណ្ហា​មួយ​ឆេះ​ភ្លឺ​ក្នុង​ប្រស្រី​ភ្នែក​នាង​។

នាឡិការ​វាយ​ម៉ោង​បី​ភ្លឺ ទើប​នាង​​ប៉ាក់​រូប​ទេស​ភាព​ស្រុក​ខ្មែរ​ហើយ។ បន្ទាប់​មក​ នាង​គូស​រូប​ប្រាសាទ​អង្គរ​វត្ត​កំពូល​បី លើ​ផ្នែក​សាច់​អាវ​ខ្នង នៃ​អាវ​ស​ដៃ​ខ្លី​ចម្រុះ​ជរ​ដែល​នាង​មិន​ដែល​ពាក់ ហើយ​រក្សា​សម្រាប់​ថ្ងៃ​បុណ្យ​ពិសេស​ណា​មួយ។ ឥឡូវ​នេះ​ថ្ងៃ​បុណ្យ​ពិសេស​មក​ដល់​ហើយ នាង​គ្មាន​ស្តាយ​ គ្មាន​ញញើត​នឹង​បូជា​អាវ​ល្អ​នាង​តែ​មួយ ដើម្បី​ឆ្លើយ​តម្រូវ​តាម​សំណូម​ពរ​ចិត្ត​នាង​។ រួច​ហើយនាង​យក​គំនូរ​ប្រាសាទ​អង្គរវត្ត​មក​ដេរ​គ្រប​ពី​លើ​គំនូរ​ប៉ាក់​នៃ​ទេស​ភាព​ស្រុក​ខ្មែរ ប្រៀប​ហាក់​ដូច​ជា​នាង​យក​ប្រទេស​កម្ពុជា​ទាំង​មូល​មក​ដាក់​ក្រោម​ការ​រក្សា​ការពារ​នៃកំផែង​ប្រាសាទ​សិលា​បុរាណ ឬ​មួយ​វិញ​ទៀត ប្រៀប​ហាក់​ដូច​ជា​នាង​ចង់​យក​កំផែង​ប្រាសាទ​អង្គរ​វត្ត​លាត​សន្ធឹង​តាម​ព្រំ​ដែនមាតុភូមិ ស្ទើរ​ដូច​មហា​កំផែង​នៅ​ប្រទេស​ចិន​ដូច្នេះឯង។

នៅ​ទី​បញ្ចប់​ការ​ដេរ​ប៉ាក់​របស់​នាង នាង​បាន​ដក​សក់​វែង​នាង​បី​សរសៃ ហើយ​នាង​នឹក​ឧទ្ទិស​ដល់​គុណឪពុក​ម្តាយ​នាង​និង​គ្រួសារ​ទាំង​មូល​ដែល​បាត់​បង់​ជីវិតដោយ​ខ្លោច​ផ្សា​ជាទី​បំផុត ហើយ​នាង​បួង​សួង​ដល់​ព្រះ​នាម​នៃ​ព្រះ​បាទ​សុរិយា​វរ័្មន​ទី​២ ដែល​បាន​កសាង​ប្រាសាទ​អង្គរវត្ត ហើយ​ទុក​ជា​និមិត្ត​រូប​នៃ​មហា​នគរ។ នាង​យក​សក់​នាង​ទាំង​បី​សរសៃ​ត្របាញ់​ចូល​គ្នា​ជា​ធ្លុង​មួយ ហើយ​ប៉ាក់​បញ្ចូល​ត្រង់​រូប​ខ្លោង​ទ្វារ​កណ្តាល​នៃ​ប្រាសាទ​អង្គរ។ នាង​ប្រកាស​ហៅ​ព្រលឹង​យុទ្ធជន​ខ្មែរគ្រប់​ជំនាន់​ដែល​បាន​បូជា​ជីវិត​ក្នុង​ការពារ​ព្រំ​ដែន​មាតុ​ភូមិ​តាំង​ពី​សម័យ​ហ្វូណន់​ ចេនឡា មក​ទល់​គ្រាបច្ចុប្បន្ន ហើយ​និង​ព្រលឹង​ខ្មែរ​ពីរ​លាន​នាក់​ដែល​បាត់​បង់​ជីវិត​លើ​ទីលាន​ឃាតកម្ម​ខ្មែរ​ក្រហម ឲ្យ​ចូល​មក​តាំង​សណ្ឋិត​នៅ​ក្នុង​ទង់​ជាតិ​នេះ​តាម​ខ្លោង​ទ្វារជ័យ។ នេះ​ជា​ព្រលឹង​រួម​នៃ​ជាតិ​ខ្មែរ។ នៅ​ទិស​ខាង​កើត​ ព្រះ​អារុណ​ចាប់​រះហើយ​បញ្ចូន​កាំ​រស្មី​មុន​ដំបូង​មក​លើ​តួ​ប្រាសាទ​នៃទង់​ជ័យ។ ព្រឹក​ថ្មី​មួយ​ចាប់​ផ្តើម​ចំពោះ​នាង។ នាង​សន្មត​ថា នៅថ្ងៃ​ណាមួ​យ នាង​នឹង​យក​ទង់​ជាតិ​នេះ ទៅចងនៅ​ថែវ​ដែល​ខ្ពស់​បំផុត​នៃ​ប្រាសាទ​អង្គរវត្ត៕

មិថុនា ១៩៨៩

គ.ខូវនី

កំណាព្យ៖​គាត់​ចង់​ឃើញ​សមុទ្រដោយ​​លោក​គ. ខូវនី

​កវីនៅប្រទេសបារាំង

រក្សាសិទិ្ធ

សមុទ្ររាម (រូបថត៖ ប៉ិច វិរៈសិទ្ធ វិចទ័រ)

 គាត់​ចង់​ឃើញ​សមុទ្រ​បា​នមួយ​ដង​ក្នុង​ជាតិ​នេះ

…តែ​ថ្ងៃ​មួយ​ គាត់​ឲ្យ​ខ្ញុំ​ជូន​ទៅ​ទស្សនា​ភ្នំឧត្ដុង្គ

គាត់​ខំ​ឡើង​ជណ្តើរ​រាប់​រយ​កាំ​មុន​ទៅ​ដល់​កំពូល​ភ្នំ

គាត់​ចូល​ទៅ​ថ្ងាយ​បង្គំ​ព្រះពុទ្ធ​អង្គ​គង់​ក្នុង​ព្រះ វិហារ

គាត់​ចោល​នេត្រា​ទៅលើ​ធម្មជាតិ​លាត​សន្ធឹង​ក្រោម​មេឃា

គាត់​ឃើញ​សំណាប​បៃ​តង​ខ្លី​យោល​សិរសាក្រោម​វាយោ

គាត់​ពោលថា ៖ «តើ​រលក​ក្នុង​សមុទ្រ​ល្អគយ​គន់​ដូច្នេះ​ទេ?»។

គាត់​ចង់​ឃើញ​សមុទ្របាន​មួយ​ដង មុន​នឹង​ចាស់​ដើរ​មិន​រួច

…តែ​ថ្ងៃ​មួយ គាត់​ឲ្យ​ខ្ញុំ​ជូន​ទៅ​មើ​ល​ប្រសាទ​ទន្លេ​បាទី

គាត់​ឈប់​សម្រាក​ក្រោម​ដើម​ពោធិ៍​ ស្តាប់​ចម្រៀង​វាយោ​ក្នុង​ស្លឹក​ឈើ

គាត់​ឆ្លង​កាត់​កំផែងច្រើន​ជាន់ ហើយ​ចូល​ដល់​កណ្តាល​ធ្លា

គាត់​អុជធូប​ប្រណម្យ​ថ្វាយ​បង្គំ​ព្រះ​បដិមា​ត្រាស់​ញ្ញាណ​ដឹង​

គាត់​មើល​ទឹក​ទន្លេ​បាទី​ចាំង​រស្មី​ព្រះ​សុរិយា​ពេល​ម៉ោង​ដប់​ព្រឹក

គាត់​ពោល​ថា៖ «តើ​សមុទ្រ​ធំជាង​ទន្លេ​បាទី​នេះប៉ុន្មាន​ដង?» ។

គាត់​ចង់​ឃើញ​សមុទ្របាន​មួយ​ដង មុន​នឹង​ស្លាប់

…តែ​ថ្ងៃ​មួយ គាត់​ឲ្យ​ខ្ញុំ​ជូន​ទៅ​មើ​ល​ភូមិ​ដំណើត​ម្តង​ចុងក្រោយ

គាត់​ឈប់គ្រប់​ផ្លូវ​បំបែក​ ហើយ​គាត់​រាប់​ឈ្មោះ​អនុស្សាវរីយ៍

គាត់​ចូល​ទៅ​ក្នុង​វត្ត​ ហើយ​ទៅ​គោរព​ចេតិយ​ដូនតា

គាត់​ឈរ​ស្រមៃ​លើ​ស្ពាន​តូច​ឆ្លង​កាត់​កូន​ស្ទឹង គោក​គ្មាន​ទឹក

គាត់​មើល​អ័ព្ទ​ពេល​ព្រឹក​អណ្តែត​លើ​ស្រែ​និង​ផ្ទះ​ស្លឹក​កសិករ

គាត់​ពោល​ថា៖ «តើ​សមុទ្រ​មាន​សម្រស់​ជាង​ភូមិ​កំណើត​ឬ?» ។           

គាត់​ចង់​ឃើញ​សមុទ្របាន​មួយ​ដងក្នុង​ពេល​ស្រុក​សុខ

…តែ​អនិច្ចារ សង្គ្រាម​ចូល​មក​ដល់ គាប​សង្កត់​រាស្រ្ត​ខ្មែរ​គ្មាន​មេត្តា

រួច​ពី​សង្គ្រាម​មួយ​នៃ​របបមួយ ចូល​ដល់​សង្រ្គាម​មួយ​នៃ​របប​មួយ​ទៀត

គាត់​មិន​បាន​ត្រេច​ទៅរក​សមុទ្រ​ដែល​តែង​យល់​សប្តិ​ឃើញ​តាំង​ពី​ក្មេង

ព្រោះ​ឥឡូវ​សមុទ្រ​រត់​មក​រក​គាត់​វិញ​នាំ​មរណៈ​ជា​បរិវា

រលក​សាហាវ​បោក​បាច​ បំបែក​ខ្ញុំ​ពីឪពុកម្ដាយ​កម្សត់

ខ្ញុំ​ស្រមៃឮគាត់​សួរ​ខ្ញុំ​​ថា៖ «តើ​ជីវិត​យើង​ជា​សមុទ្រទុក្ខ​ឬ​?»

មិនា ១៩៨០

សមុទ្ររាម ( រូបថត៖ ប៉ិច វិ់រៈសិទ្ធ វិចទ័រ)

កំណាព្យ ៖​ ណាគ្រី​នៃ​រាន​ហាល ដោយ​លោក គ.ខូវនី

កវីនៅប្រទេសបារាំង

រក្សាសិទ្ធិ


ពពក​ខ្មៅ​ដាន​ជាយ​មាស​ប្រទាក់​គ្នា​អមដំណើរព្រះ​សុរិយា

រស្មី​ចុង​ក្រោយ​អស្តង្គត​ឆ្លុះ​ស្រមោល​ភ្នំទិស​ខាង​លិច

សត្វ​រៃ​ចាប់​ច្រៀង​កំដរ​ក្លិន​រំដួល​ផាត់​តាម​វាយោ

ព្រះ​ចន្ទ្រា​បណ្តែត​ខ្លួ​ន​ជា​កង់​ៗលើ​រលក​រត់​បោក​ច្រាំង។

ណាគ្រី​ក្បែរ​កៀន​ជណ្តើរ​បង្អួតគន្ធា​រំហើយ​ប្រាណ​ពេល​រាត្រី

ធូប​បី​សរសៃ​បង្ហុយ​ផ្សែង​នៅ​ពីមុខ​រាន​ទេវតា

តារា​ដាំ​ដែក​គោល​ពេជ្រពាសពេញ​ក្នុង​មេឃា។

ខ្ញុំ​ស្តាប់​ឪពុក​ខ្ញុំ​និទាន​រឿង​ជីតា​ខ្ញុំ​នៅ​តា​កែវ

ពីជីវិត​លំបាក​នៃ​គ្រួសារ​កសិករ​ដែល​មានដី​ស្រែ​តូច

តាំង​ពីដក​ស្ទូង​រហូត​ច្រូត​កាត់​បាន​ផល​ត្រូវ​ឈ្មួញ​បង្អាប់​ថ្លៃ​

ដើម្បី​បង្គ្រប់​ចំណាយ​ ខំ​ត្បាញ​សំពត់​ហូល​មក​លក់​នៅ​ភ្នំពេញ។

ម្ដាយ​ខ្ញុំ​ស្តាប់ផង​ ដេរ​ផង សួរ​បញ្ជាក់​ឪពុក​ខ្ញុំ​ម្តងៗ

បង​ប្រុស​ខ្ញុំ​ បើក​សៀវភៅ​រៀន​មេទន្ទេញ​សំឡេង​តិចៗ

ខ្ញុំ​នៅ​តូ​ច​ពួនក្រោយ​ខ្នង​ម្ដាយ​ខ្ញុំ ប្រឡែង​ជាមួយ​ឆ្មា

បង​ប្អូន​ជីដូន​មួយ​ខ្ញុំ មុជ​ទឹក​ច្រៀង​សប្បាយ​​ក្បែរ​អណ្តូង។

… តែ​ក្នុង​យល់​សប្តិ​ខ្ញុំ ខ្ញុំ​ឃើញ​គ្រួសារ​ផ្សេង​ខ្ញុំ​មិន​ស្គាល់

មក​លុក​លុយ​រាត​ត្បាត​ទី​លំនៅ​ជម្រៅ​ចិត្ត​ខ្ញុំ

គេ​ដេក​លើ​គ្រែ​ឪពុក​ម្តាយ​ខ្ញុំ គេ​អង្គុយ​លើ​កៅ​អីខ្ញុំ        

គេ​ហែក​រូប​ថត​ជា​សាវតា​នៃគ្រួសារ​ខ្ញុំ​ព្យួរ​នៅលើ​ជញ្ជាំង។

ខ្ញុំ​ឃ្លាត​ស្រុក​ទៅហើយ នៅសល់​តែ​អនុស្សាវរីយ៍

ឥឡូវ​គេ​មក​សួរ​លួច​អនុស្សាវរីយ៍​ខ្ញុំ គេ​លួច​ក្លិន​ណា​គ្រី​នៅរាន​ហាល៕

កុម្ភៈ ១៩៨០

​រាប់​ពាន់​ពេល ដោយ​លោក​គ.ខូវនី

កវីនៅ​ប្រទេសបារាំង

រក្សាសិទ្ធិ

ខ្ញុំ​រត់​ចុះ​ទៅ​មាត់​ទន្លេ ខ្ញុំ​ស្រែក​ហៅ«កម្ពុជា»

តែ​សំឡេង​ខ្ញុំ​រអិល​លើ​គង្គា លោត​ផ្លោះ​លេង​លើ​រលក

ទៅ​ប៉ះ​នឹង​មាត់​ច្រាំង ហើយ​ពួន​បាត់​ក្នុងគុម្ព​ត្រែង

ខ្ញុំ​រង់​ចាំ រង់​ចាំ​ ឮតែរលក​ខ្សឹប​គ្នា​សើច​ចំអក។

ខ្ញុំចូល​ដល់​កណ្ដាល​ព្រៃ ខ្ញុំ​ស្រែក​ហៅ«កម្ពុជា»

តែ​សំឡេង​ខ្ញុំ រត់​ចាប់​រស្មី​ព្រះ​សុរិយា​ពួន​ក្រោម​ស្លឹក​ព្រឹក្សា

ទៅ​ប៉ះ​នឹង​គល់​ឈើ​ដុះ​ស្លែ ហើយ​នឹង​ប្រទាល​ប្រទាក់​គ្នា

ខ្ញុំ​រង់​ចាំ រង់ចាំ ឮតែ​​បក្សី​ច្រៀង​ស្នេហា​នឹងគូ​វា។

ខ្ញុំដើរ​ដល់​កណ្តាល​ក្រុង ខ្ញុំ​ស្រែក​ហៅ«កម្ពុជា»

តែ​សំឡេង​ខ្ញុំ រត់​ឆ្វាត់​ឆ្វែង​តាម​វិថី​ភ្លឺ​ព្រោង​ព្រាត

ទៅ​ប៉ះ​នឹង​ជញ្ជាំង​ផ្ទះ​ថ្ម ហើយ​រហូត​បាត់​តាម​លូទឹក

ខ្ញុំ​រង់​ចាំ រង់ចាំ ឮតែសំឡេង​រថយន្ត​ស្នូរ​សន្ធឹង​ព្រឺ​ប្រថពី។

 ខ្ញុំឡើងដល់កំពូលភ្នំ ខ្ញុំស្រែកហៅ«កម្ពុជា»

តែ​សំឡេង​ខ្ញុំ ទៅ​យោល​ទោង​ជា​មួយ​ពពក​បន្ទាប​ខ្លួន​

ទៅ​ប៉ះ​នឹងច្រក​ភ្នំ​ឯឆ្ងាយ ហើយ​ក្លាយ​ខ្លួន​ទៅ​ជា​អ័ព្ទ

ខ្ញុំ​រង់​ចាំ រង់ចាំ ឮតែ​ទឹក​ជ្រោះ​ថ្ងូរ​ ហូរ​គ្មាន​ត្រឡប់។

ខ្ញុំបើក​បង្អួច​ក្នុង​រាត្រី ខ្ញុំ​ស្រែក​ហៅ«កម្ពុជា»

តែ​សំឡេង​ខ្ញុំ រត់​លេង​ពួនក្នុង​សួន​ច្បារ​ជាមួយ​រស្មី​ចន្ទ្រា

ទៅ​ប៉ះ​នឹងកុលាប​ ហើយ​ទៅ​ផឹក​ទឹក​សន្សើម

ខ្ញុំ​រង់​ចាំ រង់ចាំ ឮតែ​ចង្រិត​តាម​គុម្ព​ស្មៅ​ឆ្លើយមក​វិញ។

ខ្ញុំ​បើក​ទ្វារ​ក្នុង​យល់​សប្តិ​ ខ្ញុំ​ស្រែក​ហៅ «កម្ពុជា»

ស្រាប់​តែ​សំឡេង​ខ្ញុំ រត់​ទៅ​ដល់​មាតុភូមិ​កាល​គ្រា​សុខ

ទៅ​គោរព​ម្ដាយ​ឪពុក​ដែ​លខ្ញុំ​រលឹក​រាប់​ពាន់​ពេល​

ខ្ញុំ​រង់​ចាំ​ រង់ចាំ ហើយ​បាន​ជួប​ក្នុង​ចន្លោះពេល​និទ្រា។

កក្កដា ១៩៧៩