Category Archives: ទិវាបុណ្យបិតា

១៦មិថុនា៖ទិវាបុណ្យបិតា ដោយ​ប៉ិច​ សង្វាវ៉ាន

រីករាយទិវាបុណ្យបិតា

BONNE FETE PAPA

HAPPY FATHER’S DAY

​ក្នុងប្រទេសបារាំ​ង ​និង​ ក្នុង​កេបេច​ QUEBEC នៃប្រទេស កាណាដា គ្មានបិតាណាម្នាក់ត្រូវបំភ្លេចទេ

នៅថ្ងៃអាទិត្យ ១៦ មិថុនា នេះ។ ប៉ុន្តែ បិតាដែលសក្តិសមនឹងទទួលការគោរព និងការកោតសរសើរ

បំផុត  គឺបិតាមួយរូបដែលខ្លាំងក្លា ដែលផ្តល់នូវទំនុកទុកចិត្ត ដែលមានស្មារតីទទួលខុសត្រូវខ្ពស់និង

និង ដែលស្រទន់លើសបិតាទាំងឡាយនៅក្នុងលោក។ បិតានោះគឺបិតារបស់ខ្ញុំ។  កូនសូមឱបថើប

លោកប៉ា ​និង សូមជម្រាបលោកប៉ាថា កូនមានសំណាងខ្ពង់ខ្ពស់ណាស់កូនស្រឡាញ់លោកប៉ា

សូមលោកប៉ារីករាយក្នុងទិវាបុណ្យរបស់លោកប៉ា ជាពិសេសសូមលោកប៉ាមានសុខភាពល្អមាំមួន

មានអាយុយ៉ឺនយូរ មានស្មារតីចងចាំដើម្បីជាម្លប់ដ៏ត្រជាក់របស់កូនៗ៕

១៧ មិថុនា ទិវាបុណ្យបិតា​ ដោយ​ ប៉ិច​ សង្វាវ៉ាន

រីករាយទិវាបុណ្យបិតា

JOYEUSE FETE DES PERES

HAPPY FATHER’S DAY

រូបថត ៖ ប៉ិច សង្វាវ៉ាន

បទយកការណ៍រូបថត

ខ្ញុំឈ្មោះ ប៉ាស់ស្កាល់ វណ្ណៈ ព្រហ្ម អាយុ ៦ឆ្នាំ ថតនៅក្មុងផ្ទះម៉ាក់អ៊ំ ប៉ាអ៊ំ នៅក្រុងម៉ុងទីញី ឡេគ័រម៉េយប្រទេសបារាំង ១ថ្ងៃមុន <ទិវាបុណ្យបិតា>
(រូបថត ៖ ប៉ិច សង្វាវ៉ាន)

លោកប៉ា

ទឹកចិត្តលោកប៉ា

ដែលមានវិសាលភាពធំធេងយ៉ាងនេះ

ជាជម្រកដ៏កក់ក្តៅសម្រាប់កូន។

  លោកប៉ានៅជិតកូនជានិច្ច ពេលកូនត្រូវការលោកប៉ា។

លោកប៉ា ជាបិតាពិសេសមួយរូប។

ទិវាបុណ្យបិតា

ជាឱកាសឆ្លៀតជួបជុំគ្នាគ្រួសារ

ក្នុង

បរិយាកាសរីករាយនិងកក់ក្តៅ។

លោកប៉ាទទួលអំណោយពីបុត្រដែលរស់នៅក្នុងផ្ទះជាមួយនិងដែលដំណាងបងប្អូនបីនាក់ដែលបែកទៅឆ្ងាយ (រូបថត ប៉ិច សង្វាវ៉ាន)

ក្នុងថ្ងៃនេះ កូនស្រីធម៌មិនភ្លេចលោកប៉ាធម៌ទេ ទោះបីជាកូនគ្មានជាប់សាច់ឈាមជាមួយមាតាបិតាធម៌ក្តី (រូបថត ប៉ិច សង្វាវ៉ាន)

បុត្រីទោលជូនអំណោយបិតា (រូបថត ប៉ិច សង្វាវ៉ាន)

មោទនភាពនៃបិតាបារាំងមួយរូបដែលបានរៀបការជាមួយនារីខ្មែរត្រកូល ព្រហ្ម និងបានទទួលចំណងដៃបុត្រីបុត្រាពីររូប។ ថតពេលទទួលអំណោយពីបុត្រីបុត្រាក្នុងថ្ងៃ១៧ មិថុនា ២០១២ (រូបថត ប៉ិច សង្វាវ៉ាន)

គ្មានអ្វីដែលរំភើបជាងការទទួលការយកចិត្តទុកដាក់ពីបុត្រាបុត្រីនោះទេ។ អំណោយតូចមែន តែមានតម្លៃទឹកចិត្តខ្ពស់ឥតកាត់ថ្លៃបាន (រូបថត ប៉ិច សង្វាវ៉ាន)

បុត្រតូចជាងគេបន្តត្រកូល<ព្រហ្ម>ទ្រអំណោយជូនបិតា (រូបថត ប៉ិច សង្វាវ៉ាន)

តាមការសំគាល់ នៅប្រទេសបារាំង ទិវាបុណ្យមាតា និងបុណ្យបិតាបានកំណត់ទុក

ក្នុងប្រក្រតីទិន ។  ផ្ទុយទៅវិញ  បុណ្យដែលខ្មែរយើងហៅថា បុណ្យសង្សារ ឬបុណ្យ

នៃសេចក្តីស្រឡាញ់ មិនបានត្រូវគេកំណត់ និងចាត់ទុកជាបុណ្យទេនៅលើប្រក្រតី

ទិនបារំាងទេ។  ត្រង់នេះហើយ បងប្អូនខ្មែរយើង ដែលរស់នៅក្នុងប្រទេសគេមិន

នឹកភ្នក និង គិតដល់ថ្ងៃសាំងវ៉ាឡង់តាំង ឬវ៉ាលីនថាញជាទិវាបុណ្យឡើយ។ ក្នុងការ

សម្របខ្លួនរស់នៅក្នុងប្រទេសនេះ ពួកយើងទទួលយកតែអ្វីដែលអាចទទួលបាននិង

ដែលល្អសម្រាប់គ្រួសារ។

គុណលោកឪពុក ដោយ​ឡឹក ជំនោរ

រក្សាសិទ្ធិ

– ម្ភៃមួយមីនា                កូនឃើញវេហាស៍              បច្ចូសកាលថ្មី

   កំណើតកូនប្រុស      ល្អល្អះឥតបី                         សម្បត្តិប្រពៃ

                                       ប្រសើរថ្លៃថ្លា។

– ឃើញពុកញញឹម       ដួងចិត្តសង្ឃឹម                    ដោយក្តីករុណា

លើកថ្នមបុត្រថ្លៃ           នៅក្នុងហត្ថា                        អង្អែលកាយា

                                       មរតកជីវិត។

– ពុកទាញខ្មៅដៃ          សៀវភៅតូចថ្មី                    ចាររឿងរ៉ាវពិត

រាប់លេខអត្ត                 ខ្នើតសូរ្យសែងសិទ្ធ             រំលេចការគិត

                                       ចេញជាអក្ខរា។

– ពុកចាប់សរសេរ        សំណារសំណេរ                   ឆ្លាក់ពីវាចា

“ថ្ងៃនេះរំភើប                ចិត្តឥតឧបមា                        ជីវិតភស្តា

                                       ត្រេកអរពេកក្រៃ។

– ដួងជីវិតបង                ល្អពេកកន្លង                         ឆ្លងផុតទុក្ខភ័យ

ប្រសូតបុត្រា                 ៥កើតខែបី                            ប្រសើរថ្លាថ្លៃ

                                       វកមុនចូលឆ្នាំ។

– ពុកនឹងដាក់ឈ្មោះ    កូនឱ្យពិរោះ                          ដូចជីដូនផ្តាំ

ជំនោរ ត្រជាក់             មិនលំបាកចាំ                        ច្រើនខែច្រើនឆ្នាំ

                                     កូនត្រូវខំរៀន។”

– រៀមច្បងគ្រួសារ      កូនត្រូវប្តេជ្ញា                           កុំបីវៀចវៀន

តស៊ូជីវិត                     ដោយបថសីលទាន               ស្គាល់ញាតិព្រៀងលាន

                                    ទើបបានសុខសាន្ត។

– គ្រានេះកូនធំ           កម្លោះក្រមុំ                               ហើយណាភូមិផាន

ចេះស្រឡាញ់គ្នា       កុំបីឱ្យល្អាន                              ជីវិតនឹងបាន

                                    ដល់ឋានត្រឹមត្រូវ។

– សូមស្លេសវាចា        រៀបរាប់អក្ខរា                           ពុកសរសេរនូវ

កំណត់តូចនោះ         សិនកុំហ្មងសៅ                       ពេលនេះកូនពៅ

                                    រៀបរាប់គុណពុក។

– គុណពុកធំក្រៃ        ធំលើសផែនដី                          ជ្រៅជាងសមុទ្រ

ធំនេះសែនធំ             មនុស្សទៅមិនផុត                   ស្រយ៉ង់ស្រយុត

                                    ស្លុតអស់ង្ខារ។

– លើកហត្ថប្រណម្យ នឹកគុណចំៗ                            គុណលើលោកា

ដូចគុណអ្នកម្តាយ     ផែនដីព្រឹក្សា                            គុណស្មើអក្ខរា

                                    ទាំងសាមសិបបី។

– គុណម្តាយដប់ពីរ     ឆ្ងន់លើសគីរី                             ទឹកឈាមខួរខ្ចី

គុណលោកឪពុក      លោកទុកប្រពៃ                        គុណនោះថ្លាថ្លៃ

                                    ម្ភៃមួយប្រការ។

– បង្កើតរូបកាយ         ថែទាំអ្នកម្តាយ                        បីបាច់រក្សា

បង្ហាត់បង្រៀន           សន្តោសករុណា                     ដួងចិត្តមេត្តា

                                    ដល់កូនគ្រប់គា្រ។

– ពុកតែងញញឹម       ផ្តល់ក្តីសង្ឃឹម                          កូនគ្រប់ទិវា

ផ្តល់កម្លាំងចិត្ត           មិនដែលរុញរា                        ទឹកចិត្តរម្យនា

                                    ដល់ជីវិតកូន។

– គំរូឪពុក                   កូនៗចាំទុក                              មិនឱ្យសាបសូន្យ

រក្សាជាទ្រព្យ              ភ្ជាប់នៅនឹងខ្លួន                       ទេវៈនៃកូន

                                    គឺលោកឪពុក។

– សរសេរត្រឹមនេះ      សូមលើកតម្រិះ                      ដែលធ្លាប់គិតទុក 

ទឹកចិត្តករុណា           នៅចំពោះមុខ                         ទឹកចិត្តឪពុក

                                     កូននឹកស្រម៉ៃ។

– កូនសូមលើកហត្ថ  ចារចែងសារស័ព្ទ                    លោកប៉ាថ្លាថ្លៃ

១៧ មិថុនា                 នក្ខត្តឫក្សថ្មី                             សូមសុខសេរី

                                    ជូនដល់លោកប៉ា។

– ពុកប៉ានៅឆ្ងាយ       ប៉ុន្តែរូបកាយ                            ហាក់ដិតស្នេហា

រលឹកនឹកដល់             សម្ផស្សវាចា                            បន្ទាបហត្ថា

                                     ទទួលរូបកូន។

– ដួងចិត្តត្រេកអរ        បួងសួងជូនពរ                        លោកប៉ាម៉ាក់ស្ងួន

ទាំងចិត្តទាំងកាយ      បូជាដល់កូន                           ស្រឡាញ់នឹមនួន

                                    ដូចកូនក្នុងផ្ទៃ។

– គោរពជូនពរ            ទេវតាសាទរ                            អំណរពរជ័យ

ដល់ពុកនិងប៉ា           ករុណាខន្តី                               ព្រះអង្គម្ចាស់ថ្លៃ

                                    ប្រោសព្រំសាធុ។

– សូមប៉ាសុខជា        មាំមួនគ្រប់គ្រា                         កុំបីមានទុក្ខ

រសាយផុតភ័យ         រោគរៃខាងមុខ                        ម៉ាក់ម្តាយប៉ាពុក

                                    សុខគ្រប់ទិវា៕

“ពេលខ្លះ យើងគ្មានពុកម្តាយ/ប៉ាម៉ាក់ ដែលយើងស្រឡាញ់ទេ

ប៉ុន្តែយើងក៏នៅមានឪពុកម្តាយ/ប៉ាម៉ាក់ដែលស្រឡាញ់យើងដែរ! 

សេចក្តីស្រឡាញ់របស់លោកចំពោះ កូនៗជាសេចក្តីស្រឡាញ់ដែល

គ្មានថ្ងៃចុងក្រោយ…

សូមផ្ញើសេចក្តីស្រឡាញ់

ទៅឪពុកម្តាយ/ប៉ាម៉ាក់របស់អ្នកនៅពេលនេះ…”

                              គោរពជូនពរលោកឪពុកអ្នកម្តាយ និង លោកប៉ាអ្នកម៉ាក់

                                    ថៃឡងដ៏, ថ្ងៃទី១២ មិថុនា ឆ្នាំ២០១២

                                    ឡឹក ជំនោរ

រូបថតឡឹក ជំនោរ

កំណាព្យ ៖ ពុក​ខ្ញុំ ​រទេះពុក ជើងពាន និង ស្បែកជើង ដោយ​ ហេង​ ឧត្តម

ពុកខ្ញុំ

កាលពុកនៅមានកាយមាំមួន                  ពុករក្សាកូន ថែទឹកដី

ពុកខំមិនឈប់ទោះយប់ថ្ងៃ                      មិនឱ្យចោរព្រៃចូលឈ្លានពាន។

ឥឡូវពុកធ្លាក់ខ្លួនពិការ                             សុំទានតាមផ្សារ ក្រពះឃ្លាន

ជើងទោលខំទប់បោះជំហាន                   សុំទានអ្នកមានចិត្តមេត្តា។

ដៃម្ខាងកាន់មួក មាត់ប្រឹងច្រៀង              សំនៀងបទជាតិជនខេមរា

រស់នៅរាល់ថ្ងៃមើលរដ្ឋា                            ចាំថ្ងៃមួយណាជាតិថ្កើងថ្កាន។

ទោះពុកពិការ ពុកត្រេកអរ                     កូនអ្នកកូតទ្រក៏សុខសាន្ត

ដើរតាមក្រោយពុក ព្រោះពុកបាន            បូជាខ្លួនប្រាណដើម្បីជាតិ៕


រទេះពុក

បានរទេះរុញពុកសប្បាយ                  ពុកលែងខ្វល់ខ្វាយគេងឈប់គិត

គេបានគិតគូរជួយអាណិត                 ពេលនេះគឺពិតមិនមែនធ្វេស។

ម្លៃមួយ ធ្នូ ពីរពាន់ដប់                          ជនពិការសព្វផ្ទៃប្រទេស

បានមកទទួលយានជំនិះ                    រទេះប្រាំពីររយហាសិប។

ពុកបាត់ផ្ទះដីដែលរដ្ឋឱ្យ                      ដីជាអំណោយ ត្រូវគេរឹប

ជើងពីរ ដូរដី មិនកេងកិប                     ទាហានរាប់សិបច្រើនឆ្នាំប្លាយ។

របបសាធារណរដ្ឋ                                 បួនទសវត្ស៍ត្រូវខ្វល់ខ្វាយ

ច្រើនរបបទារុណកាយ                        ទាហានអត់បាយយប់ដេកព្រៃ។

ចុងក្រោយត្រូវជាប់កែន.កប្រាំ              ជាឆ្នាំដែលត្រូវបាត់សេរី

ពុកបង់ជើងពីរ សង្រ្គាមជ័យ                 តែបរាជ័យក្នុងជីវិត ៕


ជើងពាន

មានជើងតែពីរ        ដើរលើធរណី          រកស៊ីអត់ទុន

ចេះតែសំពះ           មាត់ជួយបែរបន់      អ្នកឱ្យ បានបុណ្យ

គេកាន់ត្រេកអរ។

យកគូទធ្វើជើង       កិលផងរួចឡើង      ជើងជ័រជើងត

ពាក់បានតែម្ខាង      ព្រោះជើងជ័រក្រ       ឈើច្រត់កំដរ

បន្តសុំទាន។

កំសាកដូចទា          ម្ល៉េះមិនវេទនា           មានឆីតាមឃ្លាន

ធ្វើ«ទា»ក្លាហាន     បានត្រឹម«ទាហាន»  ចុះក្រោយទើបមាន

ជើងពានជើងជ័រ៕


ស្បែកជើង

ស្បែកជើងកញ្ចាស់ម្ចាស់មិនថែ           ពាក់រាប់ឆ្នាំខែមិនដែលរលាង

សុំទានរាល់ថ្ងៃមួយចំហៀង                 សឹកកែងមើលមៀងមិនដែលដោះ។

ទ្រាំទៅស្បែកជើងម្ចាស់ពិការ              ទ្រជើងមួយណា គួរស្រណោះ

ម្ខាងចូលបម្រើជាតិខ្លួនសោះ                បាត់ជើងឈាមស្រស់សល់ជើងជ័រ៕

រក្សាសិទ្ធិ