Category Archives: រៀនតែងនិពន្ធ

វិធីសាស្ត្រនៃការនិពន្ធរឿងខ្លី ដោយ​ប៉ិច ​សង្វាវ៉ាន

វិធីសាស្ត្រនៃការនិពន្ធរឿងខ្លី

ដោយ​ប៉ិច ​សង្វាវ៉ាន

COMMENT ECRIRE LA NOUVELLE

Par PECH  SANGWAWANN

ខ្ញុំនិងស្វាមីឯកឧត្តមប៉ិចឈុនថតឆ្នាំ២០០៨នៅភ្នំពេញ

យើង​ហៅ​ប្រលោមលោក​ខ្នាត​ខ្លី ថា​«រឿងខ្លី»​។ បារាំង​ហៅ​ថា​«NOUVELLE»ពាក្យ​អង់​គ្លេស​ថា «SHORT STORY»។

រឿង​ខ្លី​ពុំ​មែន​ជា​កូន​ប្រលោមលោក​តូច​ៗ​ និង​ពុំ​មែន​ជា​រឿង​ប្រលោមលោក​វែងដែល​យក​មក​សង្ខេប​ឬ​បង្រួញ​ឲ្យ​ខ្លីឡើយ​។

សូម​បញ្ជាក់​ថា យើង​មិន​ត្រូវស្រង់​យក​វគ្គ​ណា​មួយ​ពី​ក្នុង​ប្រលោមលោក​ខ្នាត​វែង​មក​ធ្វើ​ជា​រឿង​ខ្លី​ទេ​ ទោះ​បីជា​វគ្គ​នោះ​មាន​ខ្លឹមសារ

យ៉ាង​ណា​ក្តី​ក៏​វា​នៅ​ខ្វះ​លក្ខណៈ​នៃ​វិធីសាស្រ្ត​និពន្ឋ​រឿងខ្លី មិន​ខុស​ពី​មនុស្ស​ដែល​មិន​គ្រប់​លក្ខណៈ​ដូច្នោះ​ដែរ​។

តាម​ការ​សង្កេត​ចំណាំ គេ​អាច​សរសេរ​រឿង​ខ្លី​ពី​១​ទំព័រ​ទៅ​ដល់​៧​ទំព័រ​។ ​បើ​វែងក៏​មិន​ត្រូវ​សរសេរ​ឲ្យ​លើស​ពី​១៥​ទំព័រ​ឡើយ​។

វិធីសាស្ត្រ​នៃ​ការ​និពន្ឋ​រឿង​ខ្លី

ការ​សរសេរ​រឿង​ខ្លី​និង​ការ​សរសេរ​ប្រលោមលោក​វែង​មាន​គោលការណ៍​ជា​គ្រឹះចំនួន​៣​ដូច​គ្នា​គឺ៖​អត្ថរស អត្ថរូប​ និង ​អត្ថន័យ​ឬខ្លឹមសារ

(សូម​អាន​វិធីសាស្រ្តនៃ​ការ​និពន្ឋ​ប្រលោមលោក​ដែលខ្ញុំបានប្រកាសហើយ)។

ស្តី​ពី​ការ​ដំណាល​រឿង​នៅ​ក្នុង​ប្រលោមលោក​ទាំង​ពីរ​ខ្នាត អ្នក​និពន្ឋ​អាច​ប្រើមនុស្ស​ទី១​(ឬ​បុរស​ទី១​)​ថា​«ខ្ញុំ» និង​អាច​ប្រើ​មនុស្ស​ទី៣​ឬ

បុរស​ទី៣​ថា​«នាង អ្នក​ស្រី លោក លោកស្រី ឯក​ឧត្តម​ លោកជំទាវ ។ល។ ទៅ​តាមថានៈ​វណ្ណៈ​តួអង្គ​ក្នុង​សាច់​រឿងដូច​គ្នា

ប៉ុន្តែ​របៀប​គ្រោង​រឿង​ប្រលោមលោកទាំង​ពីរ​ប្រភេទ​(វែង​និង​ខ្លី​)​មាន​លក្ខណៈ​ខុស​គ្នា​។​តើ​ខុស​ត្រង់​ណា​ខ្លះ​ ?

ការសរសេររឿង​ខ្លី​ខុស​ពីការនិពន្ឋ​ប្រលោមលោក​ខ្នាត​វែង​នៅ​ត្រង់​ការ​កម្រិតដូចតទៅ​៖

– ចំនួន​ទំព័រ

– ចំនួន​តួ​អង្គ

– ទង្វើ​និង​សកម្មភាព​តួ​អង្គ

– បញ្ហា​និង​ដំណោះ​ស្រាយ​ក្នុង​រឿង​មាន​តិច​ឬ​មាន​តែ​១​គត់

– របៀប​ពិព៌ណនា​ដែល​យើង​ហៅ​ថា​ការ​ដំណាល​រឿង​ក៏​មិន​ត្រូវ​អូស​បន្លាយទេ​។ សូម​សរសេរ​សង្ខេប​យក​តែ​ចំណុច​សំខាន់​ឲ្យ​អ្នក​អាន​យល់​រឿង​ច្បាស់​តែប៉ុណ្ណោះ​ល្អ​គ្រប់​គ្រាន់​ហើយ​។

– ដំណើរ​រឿង​ទាំង​មូល​ទៀត​សោត​ក៏​ត្រូវ​កាត់​ឲ្យ​ខ្លីដែរ​ ប៉ុន្តែ​សូម​គោរព​គោល​វិធី​គ្រឹះទាំង៣ជាដាច់ខាត គឺ អត្ថរស អត្ថរូប ​និង​អត្ថន័យ។

អាស្រ័យ​ហេតុ​នេះ ​ខ្ញុំ​សូម​គូស​បញ្ជាក់​ដែរ ​បើ​អ្នក​សរសេរ​រឿង​ខ្លី អ្នក​ត្រូវ​គិត​អំពី​របៀប​សរសេរ​រឿង​ខ្លី ដើម្បី​សម្រប​ទៅ​តាម​វិធីសាស្រ្តនៃ​ការ​និពន្ឋ​រឿង​ខ្លី​។

គន្លឹះ​សំខាន់​ទាំង​១០​នៃ​វិធីសាស្ត្រ​និពន្ឋ​រឿង​ខ្លី

ដើម្បី​បញ្ចៀស​ការ​ស្មុគ​ស្មាញ​ដែល​អាច​កើត​មាន​ឡើង​នៅ​ក្នុង​ការនិពន្ឋ​រឿង​ខ្លី ខ្ញុំ​សូម​ជូន​គន្លឹះ​សំខាន់​ៗ​ដូច​ត​ទៅ​នេះ​៖

១-តួ​អង្គ ៖ ក្នុង​រឿង​ខ្លី តួ​អង្គ​មាន​ចំនួន​តិច​គឺ​ពី​ម្នាក់​ទៅ​៣​នាក់​យ៉ាងច្រើនបំផុត។​ អ្នក​និពន្ឋ​អាចបង្កើត​តួ​អង្គ​តែ​ម្នាក់​ក៏​បាន​ដែរ​។​ ក្នុង​ករណី​តួអង្គ​តែ​ម្នាក់​គត់​នេះ សាច់​រឿង​បាត់​បង់សម្ភស្ស​និង​មិន​សូវ​មាន​សភាព​រស់​រវើក​ទេ​។ ជា​ពិសេស​ បើ​សាច់​រឿង​គ្មានពាក្យ​សន្ទនា​នោះ​ ការនិពន្ឋរឿងខ្លីមិនត្រឹមតែប្រាសចាកវិធីសាស្ត្រជាគោលនោះទេ វាអាចធ្វើឲ្យអ្នកអាន​គិតថាជាអត្ថបទរៀបរាប់ពីព្រឹត្តការណ៍អ្វីមួយទៅវិញ។

ដូច្នេះ​ អ្នក​អាច​ធ្វើ​ឲ្យ​តួអង្គ​ទោល​នេះ​ឆ្លើយ​ឆ្លង​ជា​មួយ​សម្លេង​សម្បជញ្ញៈ​ខ្លូន​ឯង​ឬ​អាច​ប្រើ​បច្ចេកទេសម៉្យាង​ គឺ​លើក​យក​វាចា​របស់​តួអង្គ​ណា​ម្នាក់​ដែល​អ្នក​និពន្ឋ​មិន​បាន​បង្កើត​ឡើងឲ្យ​មាន​សកម្មភាព​ទេ​ដែលជាតួអង្គស្រមោល។

ឧទាហរណ៍៖ រឿង​«ខ្យល់​សមុទ្រ»ក្នុង​សៀវភៅ​រឿង​«ស្រមោល​ស្នេហ៍»​របស់​ខ្ញុំ (សូម​អាន​វិធីសាស្រ្ត​នៃ​ការ​និពន្ឋ​ប្រលោមលោក​ទំព័រ​៧៣​៖​ ខ្ញុំ​បាន​សរសេរ​ឲ្យឧត្តម​នឹក​ឃើញ​វាចា​របស់​ម្តាយ​របស់​ខ្លួន។)

២- សកម្មភាព​និង​ទង្វើ​តួ​អង្គ ក្នុង​រឿង​ខ្លី​មិន​ដូចនៅ​ក្នុង​ប្រលោមលោក​វែងទេ គឺអ្នក​មិន​ត្រូវ​បង្កើត​សកម្មភាព​និង​ទង្វើ​តួអង្គ​ច្រើន​នាំ​ឲ្យ​ស្មុគស្មាញ និង​លើសខ្នាត​រឿង​ខ្លី​ឡើយ​។

៣​-បញ្ហា​រឿង​និង​ការ​ដោះ​ស្រាយ​រឿង ក្នុង​រឿង​ខ្លី​ក៏​មាន​បញ្ហាតែ​១​ឬ​ចំនួន​តិចតួច​បំផុត​ (​សូម​អាន​រឿង​«បាច់​ផ្កា» ក្នុង​សៀវភៅ​រឿង​«ម្តាយ​ក្មេក​ទំនើប​»​របស់ខ្ញុំ​។ យ៉ាង​ណា​មិញ​ ការ​ដោះ​ស្រាយ​បញ្ហា​ក៏​មាន​តែ​បន្តិច​បន្តួច​ទៅ​តាម​បញ្ហាដែល​តិច​នោះ​ដែរ​។ បើ​អ្នក​បង្កើត​បញ្ហា​ច្រើន ​អ្នក​មិន​ត្រឹម​តែ​ប្រាស​ចាក​ការនិពន្ឋ​រឿង​ខ្លី​ទេ អ្នក​ត្រូវ​ខាត​ចង់​ពេល​វេលា​គិត​និង​សរសេរ​ឡើង​វិញ។​ មិន​ត្រឹម​តែប៉ុណ្ណោះ អ្នក​ប្រាកដ​ជា​វិល​ក្បុង​ហើយ​ជួប​ប្រទះ​និង​ការ​ពិបាក​ដោះស្រាយ​បញ្ហា​ដែលអ្នក​បាន​បង្កើត​យ៉ាង​ច្រើន​នោះព្រោះ​តែ​មិន​បាន​ប្រមាណ​ទៅ​តាម​ខ្នាត​រឿង​ខ្លី​និងចំនួន​ទំព័រ ជា​ពិសេស​គឺ​ពិបាក​បញ្ចប់​ឬ​បញ្ចប់​មិន​ល្អ​ដូច​ការ​គ្រោង​ទុក​។

សិក្ខាកាមក្នុងការិយាល័យសមាគមអក្សរសិល្ប៍នូហាចនៅពុទ្ឋសាសនបណ្ធិត្យភ្នំពេញ(ធ្នូ២០១០)

៤-​ការ​រៀប​ឆាក​ឬ​វគ្គ​៖ សូម ​គិត​ថា​វគ្គ​នេះ​សម្រាប់​តួ​អង្គ​ណា​មួយ? ជាអ្វីដូចម្តេច? ពេល​ណា?​នៅ​កន្លែង​ណា​?។​ ការ​សរសេរ​ឆាក​ឬ​វគ្គ​នៅ​ក្នុង​រឿង​ខ្លី​តម្រូវ​ឲ្យ​ អ្នក​សរសេរ​ត្រួស​ៗយ៉ាងខ្លី​ៗ តែ​ច្បាស់​ដើម្បី​ជួយ​អ្នក​អាន​ឲ្យ​ងាយ​យល់​ដំណើរ​រឿង​ពី​វគ្គ​មួយ​ទៅ​វគ្គមួយទៀត​។​ ដូច្នេះ​ អ្នក​មិន​ត្រូវ​សរសេរ​វែង​អន្លាយ​ឆ្ងាយ​ហួស​ពី​ការ​ចង់​ដឹង​របស់ អ្នកអាន​ឡើយ កុំ​ឲ្យ​គេ​ធុញទ្រាន់និងទ្រលាន់​។

៥-ការ​ពិព៌ណនា​ឬ​ការ​ដំណាល​រឿង​៖ ក៏​ដូច​គ្នា​និង​ការ​រៀប​ចំ​ឆាក​ឬ​វគ្គ​ដែរ បើសរសេរកាន់តែ​ខ្លី​ កាន់​តែ​ច្បាស់​ កាន់​តែ​ល្អ​។​ សូម​សម្រិត​សម្រាំង​ពាក្យ​ពេចន៍ឃ្លា​ប្រយោគ​និង​គុណភាព​រឿង ដើម្បី​បង្ក​អារម្មណ៍​អ្នក​អាន​ឲ្យឆាប់​ញោច​ទៅ​តាមដំណើរ​សាច់​រឿង​ ទើបសិល្ប៍វិធី​និពន្ឋ​មាន​ប្រសិទ្ឋភាព​។ យ៉ាង​ណា​មិញ​ នៅក្នុង​សិល្ប៍វិធី​នៃ​ការ​និពន្ឋ​រឿង​ខ្លី ការប្រើមធុរស​ភាសា​និង​គុណភាព​អក្សរសិល្ប៍​សុទ្ឋសឹង​ជា​ធន​ធាន​និង​ជា​មធ្យោបាយ អន្ទង​ចិត្ត​អ្នក​អាន​ឲ្យ​អាន​រឿង​បន្តទៅ​មុខ​ជា​និច្ច​ និង​ឲ្យ អ្នក​អាន​ស្លុង​ចូល​ក្នុង​សាច់​រឿង​និង​ចូល​តួ​។​​ រឿង​ខ្លះ យើងអានចប់​ហើយ​មិន​ចង់​ឲ្យ​ចប់សោះ​។

៦-ភាព ចាំ បាច់ នៅក្នុង​រឿង​ខ្លី​គឺ​ការ​រក្សា​ចម្ងល់​និង​អាថ៌កំបាំង ដើម្បី​ធ្វើ​ឲ្យ​អ្នក​ អានតាម​ដាន​ចង់​ដឹង​ជា​ហូរហែ​មួយ​ចប់​សាច់​រឿង​ទាំង​មូល​។​ អ្នក​អាច​បង្វែង​អ្នក​អានដែលកំពុងតាម​ដាន​ដើម្បីកុំ​ឲ្យ​គេ​គិត​ឃើញ​ដំណោះ​ស្រាយ របស់​អ្នក​ត្រូវ​ឲ្យសោះនៅ​មុនដល់ការ​បញ្ចប់​សាច់​រឿង​។​ ចំណុច​ត្រង់​នេះ​សំខាន់​ណាស់ ទោះ​បី​ជា​នៅ​ក្នុង​ការសរសេរ​រឿង​ខ្លី​ក៏​ដូច​ជា​ការ​និពន្ឋ​ប្រលោមលោក​វែងដែរ​។

៧-ចំណង​ជើង៖ បើ​អាច​ធ្វើ​បាន​ គួរ​តែ​រក​ចំណងជើង​ណា​ដែល​អាច​បង្កប់​ល្បិច​។ សូម​កុំ​ដាក់​ចំណងជើង​ណា​ដែល​សសៀរ​ទៅ​ក្បែរ​គំនួច​បញ្ហា​ឲ្យ​សោះដើម្បី​លាក់​អាថ៌កំបាំង​ទុក​ឲ្យ​អ្នក​អាន​ឆ្ងល់​(suspens)​ រហូត​ដល់​ចុង​បញ្ចប់សាច់​រឿង​តែ​ម្តង​(ឧទាហរណ៍៖សូមអានរឿង«បាច់ផ្កា»នៅក្នុងសៀវភៅ«ម្តាយក្មេកទំនើប»របស់ខ្ញុំ)។

សិក្ខាកាមកំពុងអាន«រឿងបាច់ផ្កា»ក្នុងពេលសិក្សាវគ្គបណ្ណុះបណ្តាលអ្នកនិពន្ឋនៅសមាគមអក្សរសិល្ប៍នូហាច

៨-ចិត្តសាស្រ្ត​និង​ទស្សនវិជ្ជា​ក្នុង​រឿង​ខ្លី ៖​  សូម​លះ​បង់​ការ​រៀប​រាប់​បែបចិត្តសាស្ត្រ ​និង​ទស្សនវិជ្ជា​ព្រោះ​រឿង​ខ្លី​ត្រូវ​ដើរ​ត្រង់​ភ្លឹង​សំដៅ​ឆ្ពោះ​ទៅ​រកគោលដៅ​តាម​រយៈ​អំពើ និង​ទង្វើ​ACTION​របស់​តួអង្គ​។

៩- ឃ្លា​ប្រយោគ ៖ សូម​សរសេរ​ឃ្លា​ប្រយោគ​ដំបូង​ឲ្យ​មាន​ធ្នាក់​ទាក់​ចិត្ត​អ្នកអាន​។ បន្ទាប់មក ទង្វើ​និង​សកម្មភាព​របស់​តួ​អង្គ​ត្រូវ​ចាប់​ផ្តើម​ប្រព្រឹត្តកុំបង្អង់​។  ការ​ប្រព្រឹត្ត​អំពើ​របស់​តួ​អង្គ នៅ​ក្នុង​ដំណើរ​រឿង​ជា​ហូរហែ អាច​គ្រប់​គ្រងចិត្តសាស្រ្ត​តួ​អង្គ និង​លាត​ត្រដាង​បង្ហាញឲ្យ​អ្នក​អាន​​ដឹង​ច្បាស់​ដោយ​មិន​ចាំបាច់​ឲ្យ​អ្នកនិពន្ឋ​ធ្វើ​អត្ថាធិប្បាយ​បែប​ចិត្ត​សាស្ត្រ​និង​ទស្សនវិជ្ជា​ទេ​។

ឧទាហរណ៍ ៖ រឿង​«ព្រោះ​តែ​អ្នក»សូម​អាន​ទំព័រ​៣៦​ដល់​៤៣​ក្នុង​សៀវភៅរឿង​«ម្តាយ​ក្មេកទំនើប​»។ ខ្ញុំ​មិន​ចាំបាច់​សរសេរ​ពិពណ៌នា​បែប​ចិត្តសាស្រ្ត​ទេទុក​ឲ្យ​តួអង្គ ប្រព្រឹត្តអំពើ​របស់ខ្លួនវិញ​។​ ការ​ប្រើ​សិល្ប៍វិធី​បែប​នេះ​អាច​ធ្វើ​ឲ្យអ្នក​អាន​រំជួល​ចិត្ត​ជាង​ និង​មាន​ប្រសិទ្ឋភាព​លើ​អារម្មណ៍​អ្នក​អាន​ជាង​ការពិពណ៌នា​របស់​ខ្ញុំ​ត្រង់​ៗ​។ នេះ​ជា​ការពិសោធន៍​មួយ​របស់​ខ្ញុំ​។

១០ – ប្រលោមលោក​ខ្លី ឬ​រឿង​ខ្លី មិន​មែន​ជា​រឿង​ដែល​លាត​ត្រដាងរឿង​មួយ​ជីវិតមនុស្សឡើយ​ហើយ​ក៏​មិន​មែន​ជា​រឿង​ដែល​មាន​រយៈ​កាល​យូរ​ដែរ​។​ រយៈពេលនៅ​ក្នុង​រឿង​ខ្លី ​ជា​រយៈ​ពេល​ដែល​កន្លង​ទៅ​យ៉ាង​ខ្លី​ ៖ ចាប់ពីបី​បួន​ប្រាំ​នាទី ឬ១​ម៉ោង​ឬ ១​ថ្ងៃឬ ២​ថ្ងៃ ​កម្រ​មាន​រយៈ​ពេល​យូរ​ណាស់​។ ​លើក​លែង​តែ​សរសេរ​បែប​រចនាបទ ឬ​ស្ទីល​flash back​ដែល​ផ្តេក​ផ្តួលនិង​ផ្អែក​​ទៅ​រក​អតីតកាល​៕ចប់៕

សិក្ខាកាមនិងខ្ញុំថ្ងៃបញ្ចប់វគ្គបណ្តុះបណ្តាលការនិពន្ឋ១៩ធ្ន្នូ២០១០ជាមួយសមាជិកសមាគមអក្សរសិល្ប៍នូហាច

 

បច្ឆាលិខិត​​:PS: ខ្ញុំសរសើរសិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលការនិពន្ឋ

ដែលសមាគមនូហាចបានរៀបចំឡើងកាលពីថ្ងៃអាទិត្យទី៥ធ្នូ ទី១២ធ្នូ​ និង​១៩ធ្នូ២០១០នៅវិទ្យាស្ថាន

ពុទ្ឋសាសនបណ្ឌិត្យក្រុងភ្នំពេញហើយដែលខ្ញុំមានចិត្តសោនមស្សបានចែករំលែកឥតលាក់លៀម។

សិក្ខាកាមណាដែលមិនទាន់បានផ្តល់រឿងដែលបានតែងក្រោយពីការបញ្ចប់វគ្គបណ្តុះបណ្តាល

ការនិពន្ឋ សូមផ្តល់រឿងនិពន្ឋរបស់អ្នកទៅជូនសមាគមកុំខានឡើយ។ សូមកុំភ្លេចចម្លងផ្ញើមកខ្ញុំ

មួយច្បាប់ដែរជាវឺតwordតួអក្សរយូនីកូតUnicodeតាមEmail :aeke.sp@gmail.com

រឿងណាមានខ្លឹមសារ ខ្ញុំនិងប្រកាសជូនក្នុងប្លក់របស់ខ្ញុំដោយរីករាយក្នុងប្លករបស់ខ្ញុំ។


វិធី​សាស្ត្រ​នៃ​​ការ​និពន្ឋ​ប្រលោមលោកដោយ ​ប៉ិច​ សង្វាវ៉ាន

វិធី​សាស្ត្រ​នៃ​​ការ​និពន្ឋ​ប្រលោមលោក

ដោយ ​ប៉ិច​ សង្វាវ៉ាន

កាលពីចុង​ឆ្នាំ២០១០ ខ្ញុំមានសេចក្តីរីករាយចែករំលែកបទពិសោធន៍នៃការនិពន្ឋប្រលោមលោក

តាមការស្នើសុំពីសមាគមអក្សរសិល្ប៍​នូហាចដែលមានលោក​ឃឹម ​ច័ន្ទសុខអហំប្រធានសមាគមនេះ។

វគ្គនេះបាន​ប្រព្រឹត្តទៅនៅ​ថ្ងៃអាទិត្យទី​៥​ធ្នូ​​ ទី១២​ធ្នូ​ និងទី១៩ធ្នូនៅវិទ្យាស្ថានពុទ្ឋសាសនបណ្ឌិត្យនា

ទីក្រុង​ភ្នំពេញ

ដើម្បីទុក​ជា​អនុស្សាវរីយ៍ចំពោះសិក្ខាកាមទាំងអស់​និង​ចំពោះក្មួយៗដែលមានបំណងចង់យល់ដឹង

អំពីវិធីសាស្ត្រនៃការនិពន្ឋប្រលោមលោក ខ្ញុំមានចិត្តសោមនស្សចុះផ្សាយអត្ថបទនេះទាំងស្រុងដូចខាងក្រោម។


ខ្ញុំនិងសិក្ខាកាមថតថ្ងៃ១២ធ្នូ២០១០នៅវិទ្យាស្ថានពុទ្ឋសាសនបណ្ឌិត្យភ្នំពេញ

វិជ្ជា​និពន្ឋគ្មានក្បួនច្បាស់លាស់​អាច​យកមក​បង្រៀន​ដូច​មុខ​វិជ្ជា​ដទៃ​ឡើយ ។ យ៉ាង​ណា​មិញ សិល្ប៍វិធី​នៃ​ការ​តែង​និពន្ឋ​ក៏​យ៉ាង​នោះ​ដែរ។​ បើអ្នក​និពន្ឋ​មានចំនួន​ច្រើន​យ៉ាង​ណា​ វិធី​សាស្រ្ត​នៃ​ការ​សរសេរប្រលោមលោក​ក៏​មាន​ច្រើនសម្បូណ៌​បែប​ដែរ។​គឺបាន​សេចក្តី​ថាគ្មាន វិធីសាស្រ្ត​និង​ក្បួន​ខ្នាតណា​មួយ បញ្ជាក់ឲ្យជាក់​ច្បាស់​ថា​យើង​អ្នក​និពន្ឋ​ត្រូវ​តែ​សរសេរ​របៀប​នេះល្អឬក៏​រ​បៀប​នោះ​ប្រសើរ​ទេ​។

ខ្ញុំ​សូម​បង្ហាញ​ចំណុច​សំខាន់​ៗ​និង​ជូន​អនុសាសន៍​ខ្លះ​ៗ​ដើម្បីទុក​ជា​គតិ​សម្រាប់​អ្នក​ដែល​ចង់​សាង​ឈ្មោះ​ជា​អ្នក​និពន្ឋ​ដូច​ត​ទៅ​នេះ ៖គុណភាព​ចំបង​នៃ​ការ​សរសេរ​ប្រលោមលោក គឺ​ការ​ព្យាយាម​របស់​អ្នកនិពន្ឋ​។ ​អ្នកនិពន្ឋ​មិន​ត្រូវ​បណ្តោយ​ឲ្យ​ខ្លួន​ធ្លាក់​ក្នុង​ក្តី​អស់​សង្ឃឹម​នៅ​ពេល​ទទួល​បរាជ័យ​ និង​ពេល​ទទួល​ការ​ទិតៀន​ឡើយ​។​   គួរ​គិត​ថា ​ស​រសេរ​បាន​មួយ​ទំព័រ​ថ្មី​បាន​បទ​ពិសោធន៍​មួយ​ថ្មី​។ចូរ​ហាត់​សរសេរ​ហើយ​សរសេរ​ទៀត​ លុះតា្រ​តែ​អាច​សរសេរ​ងាយ​និង​រអិល​រលូន​ ដោយ​មិន​ចាំ​បាច់​ប្រឹង​គិត​យូរ​ទម្រាំ​សរសេរចេញ​មួយ​ឃ្លា​និង​មួយ​ប្រយោគ​នោះ​ទេ​។

អត្ថរូប អត្ថរស​និង​ អត្ថន័យ

ការ​សរសេរ​ប្រលោមលោក​ឈរ​លើ​វិធី​ជា​គ្រឹះ​ទាំង​៣​គឺ៖

– អត្ថរូប

– អត្ថរស​និង

– អត្ថន័យ​នៅ​ក្នុង​នេះ​និយាយ​ឲ្យ​ស្រួល​ស្តាប់​គឺ​ខ្លឹមសារ​។

១-​ អត្ថរូប សំដៅ​លើ​ដំណើរ​សាច់​រឿង​ទាំង​មូល​។

២-​អត្ថរស ជាសោភ័ណ​នៃ​អក្សរសិល្ប៍​និង​ជា​បច្ច័យ​ចំបង​នៃ​ការ​តែង​និពន្ឋ​នៅ​ក្នុង​អង្គ​រឿង​ទាំង​ស្រុង​។ អត្ថរស​មាន​គ្រប់​កម្រិត​គឺ​៖

– កម្រិត​នៃ​ការ​ប្រើ​ពាក្យ​ពេចន៍​និង​ឃ្លា​ប្រយោគ​ឲ្យ​ពីរោះ​រណ្តំ

– កម្រិត​ទឹក​ដៃ​ឬ​ទេពកោសល្ល

– កម្រិត​ខ្លឹមសារ​រឿង​ប្រលោមលោក​។ល។

ទាំង​អស់​នេះ សុទ្ឋ​សឹង​ជា​សិល្ប៍វិធី​ដែល​អ្នក​និពន្ឋ​គួរ​តែ​សម្រិត​សម្រាំងឲ្យ​បាន

ទៅដល់​កម្រិត​មួយ មិន​ខុស​គ្នាពី​អ្នក​និទាន​រឿង​ដែល​បាន​វោហារ និង ​ប៉ិន​ប្រសប់និយាយ​រៀប​រាប់​ក្បោះក្បាយ​យ៉ាង​ពីរោះ​ឥត​អាក់​ធ្វើ​ឲ្យ​អ្នក​ស្តាប់​ចាប់អារម្មណ៍​ចង់​ស្តាប់​មិន​ជិន​ណាយ​នោះ​ទេ​។ យ៉ាង​ណា​មិញ​ អ្នក​និពន្ឋ​ក៏​ត្រូវ​តែ​ចេះ​ប្រើ​សិល្ប៍វិធី​ដើម្បី​ទាក់​ទាញ​អ្នក​អាន​ឲ្យ​ស្លុង​ចូលទៅ​ក្នុង​សាច់​រឿង​យ៉ាង​ជក់​ចិត្ត​ដិត​អារម្មណ៍​ហើយ​ចង់​អាន​ពី​ទំព័រ​មួយ​ទៅ​ទំព័រ​មួយ​ទៀត​ ពី​វគ្គ​មួយ​ទៅ​វគ្គ​មួយ​ទៀត​មិន​ធុញ​ទា្រន់​។

អ្នក​និពន្ឋ​ខ្លះ​ដែល​មាន​ទេព​កោសល្ល​ដុះ​ពី​កំណើតមក ​ពូកែ​រៀប​ចំ​ដំណើរ​សាច់រឿង​ណាស់​។ ប៉ុន្តែ ​អ្នក​និពន្ឋ​មួយ​ចំនួន​ត្រូវ​ចំណាយ​ពេល​យូរ​ទើបអាច​រៀប​ចំ​ប្លង់រឿងបាន​គឺ​យូរ​ជាង​សរសេរ​រឿង​។  ឯ​អ្នក​និពន្ឋ​ខ្លះ​ទៀត​ចាប់​សរសេរ​តែ​ម្តងមិន​ចាំ​បាច់​ធ្វើ​ប្លង់​មុន​ទេ​តែ​គេ​តែង​រឿង​បាន​ល្អ​ទៀត​ផង​។

៣-អត្ថន័យ​ ឬ ខ្លឹមសារ

អត្ថន័យ​នៃ​រឿង​ប្រលោមលោក​សំដៅជា​ពិសេស​លើ​ខ្លឹម​សាររបស់​រឿង​។​ អ្នកអាន​ឃើញច្បាស់​នៅ​ចុង​បញ្ចប់​រឿង​ប្រលោម​លោក​និមួយ​ៗ​។ដោយ​សារ​ខ្លឹម​សារ​នៃ​រឿង​ទើប​អ្នក​អាន​អាច​វាយ​តម្លៃ​ថា​ប្រលោមលោក​មានឧត្តមគតិ​ឬ​គ្មាន​។ អ្នក​និពន្ឋ​គួរ​តែ​យល់​ដឹង​អំពី​តួ​នាទី​របស់​ខ្លួន​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​បុគ្គល​ដែល​ជា​កោសិកា​របស់​សង្គម​។  អ្នក​និពន្ឋ​ក៏​មិន​គួរ​ភ្លេច​ដែរអំពី​តួ​នាទី​របស់​អក្សរសិល្ប៍​គឺ​អប់រំ​។

កាល​ណា​អ្នក​និពន្ឋ​យល់​ច្បាស់​អំពី​តួ​នាទី​របស់​ខ្លួន​ហើយ​គេ​មុខ​ជា​ដឹង​ច្បាស់​ថា តើ​គេ​គួរ​ជ្រើស​រើស​យក​ប្រធាន​បទ​ណា​មក​សរសេរ​ដើម្បី​ឲ្យទទួល​បានការ​គាំទ្រ​និង​ការ​វាយ​តម្លៃ​ខ្ពស់​ពី​​អ្នក​អាន​របស់​ខ្លួន​ដែល​មាន​ឧត្តមគតិ​។ ​អ្នក​និពន្ឋ​មិន​គួរ​គិត​ថាខ្លួន​សរសេរ​ប្រលោមលោក​ដើម្បី​គ្រាន់​តែ​ជួយ​កំសាន្ត​ចិត្ត​បន្ឋូរ​អារម្មណ៍​អ្នក​អាន​នោះ​ទេ​ ទោះបី​ជា​មនុស្សមួយ​ចំនួន​នៅ​តែ​មានគំនិត​គិតថា ​ប្រលោមលោក​មិន​បាន​ការ​គ្រាន់តែ​គ្រឿង​កំសាន្ត​ចិត្ត​មួយ​តែ​ប៉ុណ្ណោះ​ក៏ដោយ​។

 

ចំណង​ជើងរឿង​ប្រលោម​លោក

ថ្វី​ត្បិត​តែ​ការ​រក​ចំណង​ជើង​ដាក់​ឲ្យ​រឿង​ប្រលោមលោកងាយ​ជាងតែង​រឿងក៏​ពិត​មែន ​តែ​យើង​ជា​អ្នក​និពន្ឋ​មិន​ត្រូវ​មើល​ស្រាល​ទេ ព្រោះ​ថាចំណងជើងអាចចាត់ទុកជា​ធ្នាក់​ទាក់​ទាញ​ចិត្ត​អ្នក​អាន​ឲ្យ​ចង់​អាន​សៀវភៅ​របស់​យើង​។ចំពោះ​ខ្ញុំ ការ​ដាក់​ចំណង​ជើងនៅ​មុន​ពេល​តែង​រឿងវា​ងាយ​ស្រួល​សរសេរ​និងមិន​ឲ្យប្រាស​ចាក​ប្រធាន​បទ​និង​ខ្លឹមសារ​នៃ​រឿង​នីមួយ​ៗ​។បើ​កាល​ណា​សរសេរ​រឿង​ចប់​ទើប​រក​ចំណងជើង​ដាក់​តាម​ក្រោយនោះ ​វា​នាំ​ឲ្យពិបាក​ទៅ​វិញ​ ពីព្រោះ នៅ​ក្នុង​ផ្ទៃ​រឿង​នីមួយ​ៗ​តែង​តែ​មាន​បញ្ហា​ស្មុគ​ស្មាញជំពាក់​វាក់​វិន​​សាំញ៉ាំ​ណាស់​ដែល​ធ្វើ​ឲ្យ​អ្នក​និពន្ឋ​រារែក​មិន​អស់​មិន​ហើយ​។នៅ​ពេល​នោះ​ អ្នកនិពន្ឋ​​មិន​ដឹង​ដាក់​ចំណងជើង​អី្វ​ឲ្យ​សម​ស្របទៅ​សាច់​រឿង​ទៅ​វិញ​។​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ  សូម​កុំ​ភ្លេច​ថា   ចំណង​ជើងរឿង​ប្រលោម​លោកនិមួយ​ៗ​ក៏​សំខាន់​ណាស់​ដែរ ដោយ​ហេតុ​ថា​ ​បើ​សាច់​រឿង​មាន​ឧត្តម​គតិ​ មាន​ខ្លឹម​សារ​ស៊ី​ជម្រៅ  ​តែ​ផ្ទុយ​ទៅ​វិញ​​ចំណង​ជើង​បែរ​ជា​ស្រាល​រាក់​កំផែល​មិន​ឆក់ទាញ​ចំណាប់​អារម្មណ៍ ឬ​មិន​ធ្វើ​ឲ្យ​គេ​ឆ្ងល់​ចង់​ដឹង​បន្តិច​សោះ ​គេ​ក៏​មិន​សូវចង់​ទិញ​សៀវភៅ​របស់​យើង​ប៉ុន្មាន​ដែរ​ ព្រោះ​គេ​មិន​ទាន់​បាន​អានបាន​ដឹង​សាច់​រឿង​ខាង​ក្នុង​នៅ​ឡើយ​។ ម៉្យាង​ទៀត នៅ​បណ្ណាគារ​មាន​សៀវ​ភៅ​តាំង​លក់​ជា​ច្រើន​ដែលធ្វើឲ្យ​អ្នក​អាន​រារែក​ក្នុង​ការ​សម្រេច​ចិត្ត​ទិញ​សៀវភៅ​។​​ ដូច្នេះ​ ខ្ញុំ​សូម​គូសបញ្ជាក់​ថា ចំណង​ជើង​ប្រលោមលោក​និមួយ​អាច​ចាត់​ទុក​ជា​ដែក​ឆក់​ទាក់ទាញ​ចិត្ត​អ្នក​អាន​បាន ​ប្រសិន​បើ​យើង​ជា​អ្នក​និពន្ឋ​ថ្មី​ដែល​ទើប​នឹង​ចេញ​ផ្សាយ​ប្រលោមលោកជាលើកដំបូង​។​ នេះ​ជា​ការពិសោធន៍​ផ្ទាល់​របស់ខ្ញុំ​ក្នុង​ការ​រក​ចំណងជើង ​នៅ​ពេល​ខ្ញុំ​និពន្ឋ​រឿង «​នេះ​ឬ​ចិត្ត​ប្រុស​?»​ ឆ្នាំ១៩៦៨​។

តួអង្គ

អ្នក​និពន្ឋ​ជា​អ្នក​ផ្តល់​កំណើត​ឲ្យ​តួ​អង្គ​ក្នុង​រឿង​ប្រលោមលោក​របស់​ខ្លួន​។ ​តួអង្គ​ទាំង​អស់​ដែល​អ្នក​និពន្ឋ​បាន​បង្កើត​ឡើងទោះ​បី​ជា​មាន​ចំនួន​តិច​ឬ​ច្រើន​ក៏ដោយ​ក៏​សុទ្ឋ​តែ​ជា​កម្លាំង​យន្តការ​របស់​រឿង​ប្រលោមលោក​និមួយ​ៗ​ដែរ​។ បើ​សិន​ជា​តួ​អង្គ​មាន​លក្ខណៈ​ស៊ី​ជម្រៅ​តួ​អង្គ​នោះ​ឯង​អាច​ធ្វើ​ឲ្យ​អ្នក​អាន​ជឿ​ស្លុង​ហើយ​ជាប់​ចិត្ត​ដិត​អារម្មណ៍​ជា​មួយ​ជា​និច្ច​។ ​អ្នក​អាន​ហាក់​ដូច​ជា​មើល​ឃើញ​តួ​អង្គ​ទាំង​ប៉ុន្មានក្នុងសៀវភៅប្រលោមលោក​ ជា​មនុស្ស​មាន​ជីវិត​រស់​រវើក​ស្រស់​ៗពិត​ៗ​នៅ​លើ​ទំព័រសៀវភៅ​ដែល​គេ​កំពុង​តែ​កាន់​អាន​ដូច​គេ​កំពុងតែ​ទស្សនា​ភាពយន្ត​អ៊ីចឹង​។ លក្ខណៈ​ត្រង់​នេះ​បង្ហាញឲ្យ​ឃើញ​ថា អ្នក​និពន្ឋ​សៀវ​ភៅ​នោះ​ពិត​ជា​មាន​ទឹក​ដៃ ​ប្រកប​ដោយទេព​កោសល្យ​ខ្ពស់​មែន​។ ​សៀវ​ភៅ​របស់​គេ​និង​បាន​ទទួល​ជោគជ័យ​មិន​ខាន​ឡើយ​។

ចំពោះ​អ្នក​និពន្ឋ​ដែល​ទើប​នឹង​ចាប់​ផ្តើម​សរសេរ​លើក​ដំបូង​ បើ​សិន​ជា​ជួប​ប្រទះ​ការ​ពិបាក​ឬ​ទាក់​ទើ​ត្រង់កន្លែង​ណា​មួយព្រោះខ្លួន​មិន​ទាន់​ពូកែ​ប្រឌិត​រឿង​នៅ​ឡើយ​  សូម​កុំរា​រែក​សរសេរ​យក​តាម​លំនាំ​រឿង​ពិត​និង​រូប​សម្បត្តិ​ឬចរិយាសម្បត្តិ​របស់​អ្នកណា​ម្នាក់​ដែល​ខ្លួន​ស្គាល់​មក​ដាក់​នៅ​ក្នុង​តួ​អង្គ​ក្នុង​រឿងប្រលោមលោក​របស់​ខ្លួន​។ ប៉ុន្តែ ​ត្រូវ​តែ​ចៀស​វាង​ដាច់​ខាត​កុំ​ដាក់​ឈ្មោះ​ពិត អាស័យដ្ឋានពិត ​កន្លែង​រស់​នៅពិត ​ផ្ទះ​សម្បែង និង​រថយន្ត​ពិត​។ល។​របស់​ជន​ណា​នោះ​ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់កិត្តិយស​របស់​គេ ​និងដើម្បី​ចៀស​វាង​ការ​ប្តឹង​ផ្តល់​អំពី​បទ​បរិហារ​កេរ្តិ៍​។ ​​នេះ​ក៏​ដូច​គ្នា​ដែរ ក្នុង​ករណី​អ្នក​និពន្ឋ​ដែល​សរសេរ​រឿង​ពិត​។

ចំពោះអ្នក​និពន្ឋ​ដែល​សរសេរ​រឿង​ប្រឌិតវិញ​ គេ​អាច​ចម្លង​យក​ឧត្តមគតិ​​និង​អត្តចរិត​របស់ខ្លួ​នផ្ទាល់​មក​ដាក់​ក្នុង​តួអង្គ​សំខាន់​ៗ​ឬ​តួ​អង្គ​ឯក ​ដូច​ជា​ក្នុង​ករណី​របស់​ខ្ញុំ​។ឧ​ទាហរណ៍​៖  ក្នុង​រឿង​«ខ្យល់​សមុទ្រ» ខ្ញុំ​បាន​ច្បិច​យក​សកម្មភាព​ខ្ញុំ​ក្នុង​ការលើក​ស្ទួយ និង​បម្រើ​អក្សរសាស្ត្រ​ជាតិ ដោយ​បាន​ចម្លង​បុគ្គលិក​លក្ខណៈ ចិត្ត​គំនិត​និង​ឩត្តមគតិ​របស់​ខ្ញុំ​មក​ផ្តិត​ដាក់​លើ​តួអង្គ​ឈ្មោះ​ឩត្តមតួ​នាង​ទេវីវណ្ណ​ និង តួ​អង្គ​អ្នក​ស្រី​កល្យាណី    ​​(សូម​អាន​រឿង​«ខ្យល់​សមុទ្រ»នេះ​នៅ​ក្នុងសៀវភៅ​ប្រលោមលោក​ដែល​មាន​ចំណងជើង​ថា​«ស្រមោល​ស្នេហ៍»

ឈ្មោះ​តួ​អង្គ

ការ​ជ្រើស​រើស​ឈ្មោះ​តួ​អង្គ​ជា​សេរីភាព​ដ៏​ទូលំ​ទូលាយមួយ​របស់​អ្នក​និពន្ឋ​រាល់​រូប។​ អ្នក​និពន្ឋ​អាច​ដាក់​ឈ្មោះ​អាក្រក់ ​ឈ្មោះ​ល្អ ​ឈ្មោះ​វែង​ ឈ្មោះ​ខ្លី ឈ្មោះ​ខ្មែរ ឈ្មោះ​បរទេសទៅ​តាម​ចំណូល​ចិត្តរបស់​ខ្លួន ​និងសម្រប​ទៅ​តាម​សកម្ម​ភាព​ ស្ថាន​ភាព​គ្រួសារ តួ​នាទីក្នុងសង្គម​ និង​ទី​កន្លែង​រស់​នៅរ​បស់​តួ​អង្គ​នីមួយ​ៗ​ក្នុង​សាច់​រឿង។ ​នេះ​ក៏​ជា​ករណី​របស់​ខ្ញុំ​ដែរ តែ​នេះ​ក៏​ពុំ​មែន​ជា​ក្បួនដែរ។គួរ​តែ​បង្កើត​តួ​អង្គ​និង​ដាក់​ឈ្មោះ​តួ​អង្គ​មុន​នឹង​ចាប់​ផ្តើម​សរសេរ​រឿង។ ម្យ៉ាងទៀត ដើម្បី​កុំ​ឲ្យ​ភ្លេច ព្រោះ​មិន​បាន​សរសេរ​រាល់​ថ្ងៃ ឬ​ក៏​រវល់​អាក់​ខាន​ជាប់​ភារៈ​កិច្ច​ផ្សេង​ៗ​យូរ​ថ្ងៃ​ខែ​ឆ្នាំ គួរ​តែ​ធ្វើ​បញ្ជី​រាយ​ឈ្មោះ​តួ​អង្គ​ទាំង​អស់​    និង​ដាក់សកម្មភាព​តួ​អង្គ​និមួយ​ៗ​យ៉ាង​សង្ខេប​ពីរ​បី​ម៉ាត់​ឬ មួយ​ឃ្លា​យ៉ាង​ខ្លី​ជា​ការ​ល្អ​។

ទិដ្ឋភាពក្នុងបន្ទប់សិក្សានៅក្នុងការិយាល័យសមាគមអក្សរសិល្ប៍នូហាច

ការ​ពិពណ៌នា​ដែល​មិន​គួរ​ធ្វេស​ប្រហែស

ក្នុង​ការ​សរសេរ​ប្រលោមលោក​ ការ​ពិពណ៌នា​ជា​បញ្ហា​មួយ​ដ៏​ពិបាក​សម្រាប់អ្នក​និពន្ឋ​មួយ​ចំនួន​។​ ជួន​កាល​ ការ​ពិព៌ណនា​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​អាន​ខ្លះ​ធុញទ្រាន់​ដែរ​ ប្រសិន​បើ​ការ​ពិពណ៌នា​នោះ​វែង​អន្លាយ​ពេក   ​ពីព្រោះ​អ្នក​អាន​កំពុងតែ​ជក់​ចង់​ដឹង​រឿង​បន្ត​ទៅ​មុខ​។ ប៉ុន្តែ ការ​ពិពណ៌នា​អំពី​ពិភព​ដែល​ជា​ដំណើរ​វិវតិ្តន៍​នៃ​តួ​អង្គ​​ពិត​ជា​មាន​សារៈ​សំខាន់​​ណាស់។​ ដូច្នេះ​​អ្នក​និពន្ឋ​មិន​គួរ​ប្រហែសឡើយ​។ អ្នក​និពន្ឋ​ក៏​មិន​ត្រូវ​ស្ទាក់​ស្ទើរ​ក្នុង​ការ​បង្កើត ​និង​បង្ហាញ​ទី​តាំង​ឆាក​និមួយ​ៗ​ដែរ ​ត្រូវ​ចេះ​ដាក់​ពណ៌ ​ដាក់​សម្លេង ដាក់​ពន្លឺ ដាក់​ក្លិន​ពោល​គឺ ផ្តល់​ជីវិត​ឲ្យ​តួ​អង្គ​តាម​ការ​ស្រមៃរ​បស់​ខ្លួន​ និង​ចេះ​ឆ្នៃ​ប្រឌិត​រូប​ភាពឲ្យ​សម​ស្រប​ទៅ​តាម​សកម្មភាព ​និង​ទី​កន្លែង​ដែល​តួ​អង្គ​នីមួយ​ៗ​កំពុង​ស្ថិត​នៅ បី​ដូច​ជា​រៀប​ចំ​ឆាក​ថត​ភាពយន្ត​អ៊ី​ចឹង​។ដូច​គ្នា​ដែរ  ចូរ​កុំ​ស្ទាក់​ស្ទើរ​កាត់​ពាក្យ​សន្ទនា​ហើយ​ជំនួស​ដោយ​ការ​ពិពណ៌នាខ្លីៗ​ដើម្បី​ធ្វើ​ឲ្យ​តួអង្គ​របស់​អ្នក​មាន​ចលនា​។​ ត្រូវ​តែ​ធ្វើ​ឲ្យ​តួ​អង្គ​មាន​សកម្មភាព​ខ្លះ​នៅ​ពេល​កំពុង​និយាយ ​ឧទាហរណ៍ ​ក្រោក​ឈរ​ឡើង ​ដើរ​ទៅ​កាន់​បង្អួច ​ ផ្តេក​ខ្លួន​លើ​កៅអី​ពូក លើក​កែវ​ផឹក​ទឹក ជក់​បារី…​ជា​ដើម​។ល។ទៅ​តាម​ដំណើរ​សាច់​រឿង​នៅ​ក្នុង​វគ្គ​និមួយ​ៗ​​គឺ​ធ្វើ​យ៉ាង​ណាឲ្យ​តួ​អង្គ​របស់​យើងដែល​ជា​តួ​អក្សរ​ក្លាយ​ទៅ​ជា​មនុស្ស​ពិត​ៗ​មាន​វិញ្ញាណនិង​មាន​ចលនា​រស់​រវើក​។​រី​ឯ​ការ​ពិព៌ណនា​អំពី​រូប​សម្បត្តិ​ក្តី​ ​ចរិយា​សម្បត្តិ​ក្តី​ ​សម្លៀក​បំពាក់​របស់​តួ​អង្គ​ក្តី​ក្នុង​ដំណើរ​រឿង​ក៏​ជា​ការ​ចាំបាច់​មួយ​ដែរ​ដើម្បី​ជូន​ព័ត៌មាន​ដល់​អ្នក​អាន​។

ឧទាហរណ៍​៖ក្នុង​រឿង​ខ្យល់​សមុទ្រ​ត្រង់​ទំព័រ​ទី​៧៣  ខ្ញុំ​មិន​ទាន់​បាន​បង្កើត​តួ​អង្គឈ្មោះ«កល្យាណី»​ភ្លាមទេ។ ​ខ្ញុំ​គ្រាន់​តែ​ពិពណ៌នា​តួ​អង្គ​នេះ​តាម​រយៈ​អារម្មណ៍​របស់ឧត្តម​នៅ​ពេល​ដែល​គេ​បាន​ឮ​សំឡេង​ម្តាយ​លើក​ឈ្មោះ​កល្យាណី​មក​ផ្គូរផ្គង​ជា​មួយ​គេ​។ ​អ្នក​អាន​បាន​ស្គាល់​តួអង្គ​នេះ​តាមរយៈ​ការ​រៀប​រាប់​របស់​ឧត្តម​ថា៖ ​ <តាម​ពិត​ អ្នក​ស្រី​កល្យាណី​មាន​គ្រួសារ​ថែមទាំង​មាន​កូន​ធំៗ​ទៀត​ផង។​  ខ្ញុំ​ទុក​គាត់​ដូច​ជា​បង​ស្រី​បង្កើត​​របស់​ខ្ញុំ​ដូច្នោះ​។​ គាត់​ជា​មិត្ត​នារី​ល្អ​ម្មាក់​ដែលមាន​គ្រប់​គុណ​សម្បត្តិ​គួរ​ឲ្យ​សង្ឃឹម​និង​ទុក​ចិត្ត​បាន។​ គាត់​ជា​មនុស្ស​ត្រឹម​ត្រូវ​មិន​យក​គុណជា​ទោស​មិន​យក​ស​ជា​ខ្មៅ​​ ខុស​ហើយ​និង​ត្រូវ​គាត់​ចែក​គ្នា​ដាច់​ស្រឡះ។​ មិន​តែ​ប៉ុ​ណ្ណោះ អ្នក​ស្រី​កល្យាណី​ជា​មនុស្ស​សាច់​ការ​មាន​ប្រសិទ្ឋភាព​ក្នុង​ការងារ​និង​ក្នុង​ទំនាក់ទំនង​ផ្សេងៗ…………………………………..កណ្តាល​ទី​ឡើយ > ។

បញ្ហា​នៅ​ក្នុង​រឿង​ប្រលោមលោក

អ្នក​និពន្ឋជា​អ្នក​បង្កើត​បញ្ហា​ផង ចង​បញ្ហា​ផង និង​ដោះ​ស្រាយ​បញ្ហា​ផង​។​ បញ្ហា​ទាំង​នោះ​ ជួន​តឹង​ក៏​មាន ​ជួន​ធូរ​ក៏​មាន​។​ វិបត្តិ​ខ្លះ​ជំពាក់​វាក់​វិន​ខ្លាំង​ពេក​និង​តឹង​ឡើង​ៗ​រហូត​ដល់​ចំណុច​កំពូល​ ជួន​កាល​ក៏​ធូរ​ស្រាល​ទៅ​វិញ​។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ  ​អ្នក​និពន្ឋ​ត្រូវ​ចេះ​លាក់​អាថ៌​កំបាំងទុក​ឲ្យ​អ្នក​អាន​ឆ្ងល់​ជា​និច្ចដើម្បី​ឲ្យ​អ្នក​អាន​ចង់​ដឹង​តាម​ដាន​រហូត  និង​កុំ​ឲ្យ​អ្នក​អាន​ទាយ​ត្រូវ​មុនអ្នក​និពន្ឋ​ដោះ​ស្រាយ​បញ្ហា​។ ​ប៉ុន្តែ​អ្នក​និពន្ឋ​មិន​ត្រូវ​ទុក​សភាព​តាន​តឹង​នេះ​រហូត​ទាល់​តែ​ធ្វើឲ្យ​​អ្នក​អានទ្រំា​លែង​បាន​ រួច​ទម្លាក់​សៀវភៅ​លែង​មើល​ត​ទៅ​ទៀតនោះ​ទេ​។​ ដូច្នេះ គួរ​តែ​បន្ឋូរ​បញ្ហា​ខ្លះ​ ដើម្បី​ឲ្យ​អ្នក​អាន​បាន​ធូរស្រាល​អារម្មណ៍​។ ទាំង​នេះ​ជា​បច្ចេក​ទេស​និង​ជា​ទេពកោសល្លរបស់​អ្នក​និពន្ឋ​រាល់​រូប​ពុំ​មាន​ក្បួន​ណា​បង្ហាញ​ទេ​។

ខ្ញុំនិងលោក ឃឹម ច័ន្ទសុអហំជាមួយសិក្ខាកាមថតនៅថ្ងៃ១២ធ្នូ២០១០នៅវិទ្យាស្ថានពុទ្ឋសាសនបណ្ឌិត្យ

លក្ខណៈ​អ្នក​និពន្ឋ

អ្នក​និពន្ឋ​មាន​លក្ខណៈ​ប្លែក​ច្រើន​ឬ​តិច​ពី​មនុស្ស​ដទៃ​។ ​ជួន​កាល មនុស្ស​ទូទៅ មើល​មិន​ឃើញសោះ តែ​អ្នក​និពន្ឋ​មើល​ឃើញលំ​អិត​គ្រប់​ជ្រុង  ព្រោះអ្នក​និពន្ឋមាន​ឧបនិស្ស័យ​ជា​អ្នក​ចូល​ចិត្ត​សង្កេត​និងចូលចិត្ត​វិភាគ​បញ្ហា​ផ្សេង​ៗដែល​គេបាន​ប្រទះ​ឃើញ​ម្តង​ៗ​។ ​គេ​ក៏​ប៉ិន​ស្រមៃ​និង​ចេះ​ឆ្នៃ​ប្រឌិត​រឿង​ពិត​ខ្លះ​ឲ្យ​ទៅ​ជា​មិន​ពិត​បាន​ដែរ​ បើ​កាល​ណាគេ​យក​រឿង​ពិត​របស់​នរណា​ម្នាក់​មក​សរសេរ​។

ឧត្តមគតិ​អ្នកនិពន្ឋ

គេ​ចាត់​ទុក​និពន្ឋ​ជា​វិស្វករ​នៃ​គំនិត ឬ​វិស្វករ​នៃ​ព្រលឹង។ គេ​ក៏​អាច​ចាត់​ទុក​អ្នក​និពន្ឋ​ជា​អ្នក​អប់រំ​ និង​ជា​មនុស្ស​ដែល​មាន​ឧត្តម​គតិមួយ​រូប​ដែល​មាន​ភារៈ​រួម​ចំណែក​ជួយ​កែ​ឆ្នៃ​និង​ពត់​ហាត់​តម្រែ​តម្រង់​និស្ស័យ​មនុស្ស​និង​សង្គម​។ ​យ៉ាង​ណា​មិញ អ្នក​និពន្ឋក៏​ជា​សិល្បករ​មួយ​រូប​ដែរ​។ បើ​អ្នក​និពន្ឋ​ចេះ​បង្កើត​តួ​អង្គ​គ្រប់​ប្រភេទ​គ្រប់​ស្រទាប់​វណ្ណៈ​ថានៈ​ក្នុង​សង្គម​បាន ​គេ​ក៏​អាច​សម្តែង​គ្រប់​តួ​​ទាំង​អស់​បាន​ដូច​គ្នា​​ដែរ​។ ក្នុង​ពេល​សរសេរ គេ​ដាក់​ចិត្ត​គំ​និតនិង​ព្រលឹងរ​បស់​គេ​ទៅ​ក្នុង​តួ​អង្គ​និមួយៗ​បាន​តាម​រយៈ​ទឹក​ប៉ាកកា​  និង​ការ​ស្រមើ​ស្រមៃ​របស់​គេ​យ៉ាងងាយ​។​ ខ្ញុំ​ចង់​បញ្ជាក់​ថា ​មិន​មែន​ទាល់​តែ​ខ្លួន​ធ្លាប់​បាន​ហែល​ឆ្លង​រឿង​រ៉ាវ​វិបត្តិ​ក្នុង​ជីវិត​ជោគ​ជាំ​ទើប​អាច​សរសេរ​បាន​ល្អ​នោះ​ឡើយ​។

បើ​និយាយ​ពី​​អ្នក​​និពន្ឋ​ដែល​សរសេរ​រឿង​ពិត​របស់​ខ្លួន​វិញ អ្នក​និពន្ឋ​ប្រភេទ​នេះ​​មិន​ត្រូវ​ការ​ប្រើ​ការ​ស្រមៃច្រើន​ទេ។ ​​​គេ​ត្រូវ​ការ​ប្រើ​ពាក្យ​ពេចន៍​ឲ្យ​ពីរោះ​និង​រៀប​ឃ្លា​ប្រយោគ​ឲ្យ​ល្អ​ៗ​និង​ច្បាស់ៗ​តែ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​អ្នក​អាន​ងាយ​យល់​និង​ងាយ​អាន​ ជា​ពិសេស  គេ​ត្រូវ​តែ​ដឹង​ច្បាស់​ថា​តើ​ដំណាក់​កាល​ត្រង់​ណា​មួយ​នៅ​ក្នុ​ង​ជីវិតរបស់​គេ​ដែល​គេ​គួរ​លើក​យក​មក​សរសេរ​មុន​ដំបូង និង​សរសេរ​ជា​បន្ត​បន្ទាប់​មក​ទៀត​។​ សម្រាប់​អ្នក​និពន្ឋ​ទូទៅ ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​និង​ការរៀប​ចំឃ្លា​ប្រយោគ​ឲ្យ​ពីរោះ​រណ្តំ​សុទ្ឋ​សឹង​ជា​ឧបករណ៍​សំខាន់ និង​ជា​សិល្ប៍​វិធីនៃ​ការ​និពន្ឋ​រឿង ​។

ចំណុច​សំខាន់​មួយ​ទៀត​ គឺ​ការ​ជ្រើស​រើស​ប្រធាន​បទ​ដែល​មាន​ខ្លឹម​សារ ឬ​ជា​ឧត្តម​គតិ​របស់​រឿង​និមួយ​ៗ​។​ អ្នក​និពន្ឋ​ត្រូវ​ដឹង​ថា​ ​បើ​ខ្លួន​សរសេរ​រឿង​អ្វី​មួយ​ ​ខ្លួន​ច្បាស់ជាដឹង​ថាខ្លួន​​ចង់​ផ្តល់​អ្វី​ម៉្យាង​ទុក​ជា​គតិ  និង​ជា​មេរៀន​ដ៏​ល្អ​ប្រពៃ​មួយ​​ដ៏មាន​សារៈ​ប្រយោជន៍​ដល់​អ្នក​អាន​របស់​ខ្លួន ជា​ជាង​នាំ​អ្នក​អាន​ឲ្យ​អណ្តែត​អណ្តូង​ធ្លាក់​ទៅ​ក្នុង​អន្លុង​កាម​គុណ និង​អំពើ​អបាយមុខ​ពាលា​អាវ៉ាសែដែល​បណ្តាល​ឲ្យ​ខូច​សតិ​អារម្មណ៍ខូច​អនាគត​យុវវ័យ​ឥត​បាន​ការ​។ ​យើង​ដឹងហើយ​ថា អ្នក​និពន្ឋ​មាន​សិទ្ឋិ​សេរីភាព​ទូលំ​ទូលាយ​ពិត​មែន តែ​គេ​មិន​ត្រូវ​ប្រើ​ប៉ាកកា​របស់​ខ្លួន​ធ្វើ​ជា​អាវុធ​សម្រាប់​ប្រហារ​ឬ​ជេរ​ប្រមាថ​បំបាក់​មុខ​មាត់​បង្អាប់​បង្អោន​កេរិ៍្ត​ឈ្មោះ​ជន​ណា​ម្នាក់​ឲ្យ​កើត​ក្តី​អម៉ាស់​បាត់​បង់​កិត្តិយស ព្រោះ​តែ​ប៉ាកកា​និង​ទឹក​ខ្មៅ​របស់​ខ្លួន​សោះ​ឡើយ​។ គួរ​គប្បី​ធ្វើ​ឲ្យ​ដង​ប៉ាកកា​ឬ​ទឹក​ប៊ិច​របស់​ខ្លួន​ឲ្យ​មានប្រយោជន៍​សម្រាប់​បុគ្គល​និង​សង្គម​ជាងសរសេរតិះដៀលគេឥតបានការ។​ ដរាប​ណា​អ្នក​និពន្ឋ​ម្នាក់ៗ​យល់​តួ​នាទី​របស់​ខ្លួន​ច្បាស់​ដូច​បាន​លើក​ឡើង​នៅ​ខាង​ដើម​វគ្គ ដរាប​នោះ​អ្នក​និពន្ឋ​នោះ​ឯង ​និង​ក្លាយ​ជា​មនុស្ស​ដ៏​ជា​ទី​ស្រឡាញ់​គាប់​ចិត្ត ជា​ទី​គោរព​និង​បានទទួលការកោត​សរសើរ​ពី​អ្នក​អាន​គ្រប់​ជាន់​ថ្នាក់ ​និង​គ្រប់​កាល​សម័យ​។​ យ៉ាង​ណា​មិញ​ ស្នាដៃ​ ​របស់​គេ​ក៏​នៅតែរស់​រវើក​ឥត​ស្រក​ស្រុត​និងឥត​សាប​រលាបឡើយ​។ អ្នក​អាន​ជំនាន់​ណា​ក៏នៅ​តែ​ចាត់​ទុក​ស្នាដៃ​របស់​គេ​មាន​ខ្លឹម​សារ​ជា​និច្ច​ជា​កាល​។​នេះ​ជា​សោភ័ណ​អមតៈនៃ​អក្សរសិល្ប៍​ប្រភេទ​នោះ​។យើងដឹងហើយថាអ្នក​និពន្ឋ​ប្រលោមលោកជា​សាក្សី​ម្នាក់​របស់​សង្គម​ដែល​ខ្លួនកំពុង​រស់​នៅ​។ដូច្នេះ​​ស្នាដៃ​អក្សរ​សិល្ប៍​របស់​គេ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​សង្គម​នោះឯង។ ​អាស្រ័យហេតុនេះ អ្នក​និពន្ឋ​ត្រូវ​ហ៊ាន​លើក​យក​បញ្ហា​គ្រប់​យ៉ាង​នៅ​ក្នុង​សង្គម​ជាតិ​មកពិចារណា​ និង​រិះ​គន់ ​ព្រម​ទាំង​ដោះ​ស្រាយ​ក្នុង​សំណេរ​របស់​ខ្លួន។​ ទម្លាប់​ចាស់​គំរិល​ណា​មួយ​ឥត​បាន​ការ អ្នក​និពន្ឋ​គួរ​តែ​ហ៊ាន​ជម្រុះ​ចោលដើម្បី​អភិវឌ្ឍ​ចិត្ត​គំនិត​និង​ស្មារតី​អ្នក​អាន​ផង​និង​ដើម្បី​កុំ​ឲ្យ​ស្នាដៃ​អក្សរសិល្ប៍​សម័យ​បច្ចុប្បន្ន​នេះ​និង​សាច់​រឿង​ប្រលោមលោក​កាល​ពី​ជំនាន់​៣​ឬ​៤​ទសវត្សរ៍​មុន​ស្ថិត​នៅ​ក្នុង​ពុម្ព​តែ​មួយ​គ្មាន​ការ​វិវត្តន៍គ្មាន​គំនិត​ថ្មី​គ្មាន​ទស្សនៈ​ប្លែក​សម្រាប់​អ្នក​អាន​។

ឩទា​ហរណ៍​ ៖ «ទ្រឹស្តី​នំ​មិន​ធំ​ជាង​នាឡិ៍» និង«ការ​ប្រកាន់​វណ្ណៈ»ក្នុង​ការ​ទុកកូន​ចៅ​ឲ្យ​មាន​គូ​ស្រករ​​ នៅ​តែជា​បញ្ហា​ចំបង​មួយ​ដិត​ជាប់​ក្នុង​ផ្នត់​គំនិត​របស់​មាតា​បិតា​មួយ​ចំនួន​តាំងពី​ច្រើន​ទសវត្ស​មុន​។ គោល​គំនិត​ដុះ​ស្លែ​នេះ​នៅ​តែ​កើតមាន​ក្នុង​បច្ចុប្បន្នកាល​នេះ​ដដែល​។ក្នុង​សង្គម​ខ្មែរ​យើង មាតា​បិតា​មួយ​ចំនួន​នៅ​តែ​ប្រកាន់​ខ្ជាប់​និង​អនុវត្តិ​ទ្រឹស្តី​ចាស់​គំរិល​នេះ​។

នៅ​មាន​បញ្ហា​ធំៗ​ជា​ច្រើន​ទៀត​នៅ​ក្នុង​សង្គម ​ដែល​យើង​ជា​អ្នក​និពន្ឋ​បាន​ដឹង​បាន​ឮ​បាន​ឃើញ  និង ​មាន​ភារៈ​ជួយ​គិត​គូរ​ជួយ​ដោះ​ស្រាយ​ទៅ​តាម​ទស្សនៈរៀងៗ​ខ្លួន​ដើម្បី​រួម​ចំណែក​ជួយ​អភិវឌ្ឍ​ចិត្ត​និង​ស្មារតី​ដើម្បី​ជួយ​រក​សេចក្តី​សុខ​ជូន​សង្គម​មនុស្ស និង​ជួយ​ទប់​ស្កាត់​អ្វី​ៗ​ដែល​ជាពិស​ពុល​ដល់​សង្គម​ឲ្យ​បានទាន់​ពេល​វេលាៗ​តាម​រយៈ​ស្នាដៃអក្សរសិល្ប៍។​ ប្រលោមលោក​ដែល​ជា​វណ្ណកម្ម​អក្សរសិល្ប៍​អាច​ជះ​ឥទ្ឋិពល​តិច​ឬ​ច្រើន​ទៅ​លើ​បុគ្គល​ម្នាក់​ៗ​៕

សរសេរ​ចប់​នៅ​ភ្នំពេញ​ថ្ងៃ​៣០​វិច្ឆិកា​២០១០

ខ្ញុំនិងសិក្ខាកាមថតថ្ងៃបញ្ចប់វគ្គ១៩ធ្នូ២០១០នៅវិទ្យាស្ថានពុទ្ឋសាសនបណ្ឌិត្យភ្នំពេញ

ថតនៅថ្ងៃបញ្ចប់វគ្គ១៩ ធ្នូ២០១០

អត្តសញ្ញាណអ្នកនិពន្ឋ​ប៉ិច​សង្វាវ៉ាន

សិក្ខាសិលាស្តីពី អត្តសញ្ញាណកវី និពន្ឋ ឆ្នាំ ២០០៧ នៅ ភ្នំពេញ

អត្តសញ្ញាណអ្នកនិពន្ធប៉ិចសង្វាវ៉ាន

អត្ថបទ​នេះ​បាន​ចុះផ្សាយក្នុងសមូ​ហកម្មអក្សរលិល្ប៍​ នូ​ហាចលេខ៤​ឆ្នាំ​២០០៧

កែ​សម្រួលនៅភ្នំពេញ​ថ្ងៃ១៣​វិច្ឆិកា២០១០

ខ្ញុំជា វាគ្មិនក្នុង សិក្ខាសាលាឆ្នាំ២០០៧

ខ្ញុំមានថ្ងៃនេះពុំមែនដោយការចៃដន្យ

និងដោយគ្មានបំណងប៉ងប្រាថ្នាពីមុនមកទេ។

មុននឹងនិយាយពីអត្តសញ្ញាណរបស់ខ្ញុំ ខ្ញុំសូមរម្លឹកពីអតីតកាលរបស់​ខ្ញុំមួយ​ជ្រុងតូច ដែលជា បុព្វហេតុជំរុញឲ្យខ្ញុំស្រលាញ់ដងប៉ាកកា បញ្ចេញ​ឧត្តម​គតិ បម្រើ​ប្រយោជន៍​​ទូទៅ។ តាំងពីនៅ មានវ័យក្មេងខ្ចីម្ល៉េះ ខ្ញុំដឹង និងស្គាល់ខ្លួនឯង​ ថាជាមនុស្ស​ឆ្ងល់​ច្រើន ចូលចិត្តអាន និង​សរសេរ​។

នៅក្នុងផ្ទះ អត្ថបទអ្វីក៏ដោយ ឲ្យតែខ្ញុំបានប្រទះឃើញ ខ្ញុំរើសយកមកអាន​ទាំង​អស់​​មុន​​​​​នឹងបោះ​ចោល។ ខ្ញុំមិនដែលគិតថា ការអានអត្ថបទកំប៉ិកកំប៉ុកខ្លះ ធ្វើ​ឲ្យខ្ញុំ​ខាត​​បង់​ពេល​​​​​វេលាម្ដងណា​ឡើយ ​ផ្ទុយទៅវិញ កាន់តែធ្វើឲ្យខ្ញុំយល់ដឹងថែម​ទៀត។

ខ្ញុំមានជំនឿលើហោរាសាស្ត្រ។ ថ្ងៃមួយ នៅពេលដែលខ្ញុំមានវ័យ១៤ឆ្នាំ ខ្ញុំបាន​ប្រទះ​​ឃើញ​​សៀវ​ភៅទស្សន៍ទាយមួយ ឈ្មោះព្រហ្មជាតិ នៅលើតុសរសេររបស់​លោកប៉ា។​ ពេល​នោះ ស្រាប់​​តែខ្ញុំនឹកភ្នកចង់ដឹងពី​ជោគជតារាសី និងអនាគតរបស់ខ្ញុំ ថា​តើ​ខ្ញុំ​នឹង​​​​ក្លាយទៅជាមនុស្សមាន​ភ័ព្វ​សំណាង​ឬទេ? ជាពិសេស តើខ្ញុំនឹង​ក្លាយ​ទៅ​ជា​មនុស្ស​​​ ​មាន​ខ្លឹមសារក្នុងសង្គមជាតិ​ដែរឬទេ?

ចម្ងល់នេះ បានបញ្ជាម្រាមដៃស្ដាំរបស់ខ្ញុំ ឲ្យបើកទំព័រសៀវភៅហោរាសាស្ត្រព្រហ្ម​ជាតិ​​​​​មើល។ ទំនាយឆ្នាំកំណើតថា “ខ្ញុំជាមនុស្សមានឈ្មោះល្បី” ពាក្យ​ថា “ឈ្មោះ​​​ល្បី” ពីរ​​​ម៉ាត់​​នេះ បាន ដិតជាប់​ក្នុងខួរក្បាលខ្ញុំជានិច្ច។ ខ្ញុំចាប់​ពិចារណា និង​​ចោទ​សួរ​ខ្លួន​ឯង​ថា “តើខ្ញុំ​ត្រូវធ្វើយ៉ាងណា​ ដើម្បីឲ្យ​ខ្ញុំមានឈ្មោះល្បី​ ដូចទំនាយ​ក្នុង​​​ក្បួន​ហោរា​​សាស្ត្រ?”

ខួរក្បាលដ៏ក្មេងខ្ចីរបស់ខ្ញុំ ដិតជាប់ពាក្យថា“ល្បី”នេះ ប្រៀបបីដូចគេឆ្លាក់ជាប់ ឬ​ដូច​ជា​សំឡេង​ជួងដ៏ពីរោះមួយ ទូងឡើងដាស់អារម្មណ៍ខ្ញុំជារឿយៗ។

ពេលវេលាចេះតែកន្លងទៅមុខ ពីរដូវមួយទៅរដូវមួយ។ ការសិក្សារបស់ខ្ញុំក៏ចេះ​តែ​ចម្រើន ទៅ​មុខប្រកបដោយជោគជ័យ សមតាមបំណងរបស់អ្នកមានគុណ។

ក្រោយពីបានជាប់ឌីប្លូម ថ្ងៃមួយ ខ្ញុំបានឮវិទ្យុជាតិកម្ពុជា ផ្សាយព្រះរាជបន្ទូល​របស់​ព្រះមហាវរៈ​ក្សត្រ ព្រះបាទនរោត្តមសីហនុ ចៃដន្យ ស្រាប់តែ​ព្រះអង្គ​បាន​មាន​ព្រះបន្ទូល កោត សរសើរដល់​ស្ត្រី​អ្នកនិពន្ធចិន កូនកាត់​បែល​ហ្សិកម្នាក់ថា ​“អ្នក​ស្រី​ហ៊ាន់ ស៊ូយិន តូចមែនពិត តែដូចពេជ្រ​ពណ្ណរាយ”។ កាលនោះ ខ្ញុំ​មិន​ទាន់​ស្គាល់​ឈ្មោះ​អ្នក​​និពន្ធចិន​នេះ​នៅឡើយទេ ​ហើយ​ក៏​មិន​ទាន់​បានអានសៀវ​ភៅរបស់​គាត់​នៅ​ឡើយ តែខ្ញុំ​ចាប់អារម្មណ៍និងចាំ​ឈ្មោះ​អ្នក​ស្រី​ហ៊ាន់ ស៊ូយិននេះ​ជាប់​រហូត​មក។

ពាក្យ “តូច និងពេជ្រពណ្ណរាយ”នេះ  កន្ត្រាក់អារម្មណ៍ខ្ញុំ ព្រោះខ្ញុំជាមនុស្សមាឌ​តូច។

ចាប់​​តាំងពីពេលនោះមក  ខ្ញុំមានសន្ទុះចិត្តចង់ដើរតាមគំរូរបស់អ្នកស្រីហ៊ាន់ ស៊ូ​យិន។

“តូច” និង“ពណ្ណរាយ” ពាក្យដ៏ខ្លីទាំងពីរនេះ ជាកត្តាថ្មីមួយទៀតបន្ថែមលើ​ពាក្យ​ “ល្បី​​​​ឈ្មោះ”។ ខ្ញុំ​ចាត់ទុកពាក្យទាំងបីនេះ ជាពាក្យខ្លឹម និងជាគោលដៅ ដើម្បី​សាង​ខ្លួន​ជា​អ្នក​និពន្ធ​មួយរូបទៅ​អនាគត​កាល។ សេចក្ដីប៉ងប្រាថ្នា បាននាំ​ដំណើរ​​ជីវិត​ខ្ញុំ​ឲ្យ​​ក្លាយ​ទៅ​ជាអ្នកនិពន្ធខ្មែរ មួយរូប​នៅ​ឆ្នាំ១៩៦៨។ នេះជាក្ដីស្រមៃ និងជាបំណងដ៏ធំធេងបំផុត​របស់​ខ្ញុំ នៅក្នុងជាតិនេះ។

ព្រហ្មលិខិត បានគូសវាសនាខ្ញុំឲ្យដើរលើមាគ៌ានេះ សម្លឹងជានិច្ចឆ្ពោះទៅរក​គោល​ដៅ​ខ្សែ ជីវិត​របស់ខ្ញុំ តាំងពីមានវ័យក្មេងខ្ចីមក រមែងជួបប្រទះមនុស្សជាច្រើន ​ ដែល​ចូលចិត្ត​នាំរឿង មក រំខាន និង​មក​គរលើទ្រូងខ្ញុំ ធ្វើឲ្យខ្ញុំក្តៅក្រហាយ។ សូម្បីតែ​មិត្ត​នារី​រួមថ្នាក់​ដែលរាប់អានស្រឡាញ់គ្នា ហើយដែលខ្ញុំជឿថាគេជា​មិត្តនារីល្អនោះ ក៏​មាន​គំនិត​​ឈ្នានីស​​ច្រណែននិន្ទាខ្ញុំហ៊ានរំខានអារម្មណ៍ខ្ញុំ និង​បង្ខាត​​ពេលវេលាដ៏មាន​តម្លៃ​របស់​ខ្ញុំដែរ។ រឿងរ៉ាវ​ជីវិតខ្លះ ដែលខ្ញុំធ្លាប់បានស្ដាប់គេ​និយាយ​ទៀត​សោត ក៏ខ្ញុំបានឮតែពី​ជីវិត​សោកសៅ​របស់​​​ទុរគតជនក្រីក្រ តោកយ៉ាក លំបាកវេទនានៅក្នុង​សង្គម​​។ នេះជា​មូលហេតុ​ធ្វើឲ្យខ្ញុំ​ក្លាយទៅជាមនុស្ស​ទុទ្ទិដ្ឋិនិយមម្នាក់​តាំង​ពី​នៅ​យុវវ័យ។ ខ្ញុំមើល​ឃើញ​​ជីវិត​មនុស្ស​​យើង មាន​ពណ៌ខ្មៅងងឹត  ​ទោះ​​បីជាខ្ញុំពុំធ្លាប់បានទទួលសេចក្ដី​ទុក្ខ​លំបាក​របៀបនេះ​ក៏​ដោយ។

តាំងពីចេះគិតពិចារណារាក់ជ្រៅវេលាណា ខ្ញុំចូលចិត្តវិភាគទឹកចិត្តមនុស្ស វិភាគបញ្ហា​គ្រួសារ បញ្ហាសង្គម។ ភ្នែកដែលបានឃើញ ត្រចៀកដែលបានឮ ពុំអាចធ្វើឲ្យខ្ញុំ​សំងំ​ស្ងៀម​បាន​ឡើយ ហើយ​ខ្ញុំក៏បានចាប់យកប៉ាកកា មកធ្វើជាមិត្តដ៏ពិសេស​របស់​​​ខ្ញុំ។ ប៉ាកកា និង​ទឹក​ខ្មៅ​ជាទូតដ៏ឆ្នើម ជា​អ្នក​នាំ​សារឧត្តមគតិរបស់ខ្ញុំ តាម​រយៈ​ការ​និពន្ធ​ប្រលោមលោក។

នៅក្នុងប្រលោមលោករបស់ខ្ញុំ ទាំងខ្នាតខ្លី និងខ្នាតវែង ខ្ញុំតែងបង្កប់ជានិច្ចនូវ​គំនិត​​​អប់រំ​ រម្លឹក ដាស់​តឿនតាមបែបចិត្តសាស្ត្រដើម្បី នាំមកនូវសេចក្ដីសុខ និង​សន្តិភាព។

ម្យ៉ាងទៀត និស្ស័យរបស់ខ្ញុំ្ញ ខ្ញុំមិនចូល​ចិត្តអ្នកណាដែលប្រព្រឹត្ត​អំពើ​អាក្រក់នាំទុក្ខទោសធ្វើ​ឲ្យ​អ្នកដទៃឈឺចាប់ខ្លោចផ្សា ដូចជា៖

• ការប្រើអំណាច បុណ្យសក្តិ  និងទឹកប្រាក់ គាបសង្កត់ទៅលើវណ្ណៈតូចទាប ទន់​ខ្សោយ។

• ការកេងប្រវ័ញ្ចដោយប្រការណាមួយ ឬការដើរខ្សែលើគេ។

• ការមួលបង្កាច់ឈ្នានីស បង្កាច់បង្ខូចបង្ករឿងហេតុ និងការបំភ្លើសបំភ័ន្ត​ការ​​ពិត និង​អំពើ    អ​យុត្តិធម៌។ មិនតែប៉ុណ្ណោះខ្ញុំមិនចូលចិត្ត៖

• ការសម្លឹងមើលមនុស្សតែសម្បកក្រៅ ដូច​ជាសម្ភារៈ  ទ្រព្យ​សម្បត្តិបុណ្យសក្តិ ឬពូជ​ពង្ស​​វង្ស​ត្រកូល​ខ្ពង់​ខ្ពស់។

• ការយកប្រាក់ជាត្រីមុខ ដែលធ្វើឲ្យប្រាសចាកសីលធម៌ និងបាត់បង់​កិត្តិយស។

ទាំងអស់នេះ ជាចំណុចសំខាន់ៗ នៃទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ។

ខ្ញុំតែងតែនិពន្ធសាច់រឿង​នីមួយៗ ចូលទៅក្នុងគោលគំនិតទាំងនេះជានិច្ច។ ម្យ៉ាង​ទៀត ខ្ញុំ​បាន​​សម្រេច​ចិត្ត តាំងពីថ្ងៃផ្ដើមការនិពន្ធ​ដំបូងម្ល៉េះ គឺខ្ញុំបានជ្រើសរើស​ និង​កំណត់​ច្បាស់​​​​​លាស់​ថា​“ខ្ញុំជា​អ្នក​និពន្ធផ្នែកមនោសញ្ចេតនា”។ ខ្ញុំ​និពន្ធអំពីបញ្ហា​គ្រួសារ ព្រោះ​ខ្ញុំ​​យល់​​ថា គ្រួសារជាកោសិកា​មួយរបស់សង្គម បើគ្រួសារ​ណា​ល្អ គ្រួសារនោះ​​នឹង​​ក្លាយទៅជាគំរូល្អ សម្រាប់់គ្រួសារដទៃ​ ឯសង្គមជាតិ ក៏​បាន​​ល្អទៅតាម​នោះ​ដែរ។

ជារួម អត្តសញ្ញាណផ្ទាល់ខ្លួនរបស់ខ្ញុំជាអ្នកនិពន្ធមាន១០​ចំណុច​គឺ៖

១. ខ្ញុំមិនអាច និងមិននិពន្ធរឿងណាមួយ ដែលចាកឆ្ងាយពីឧត្តមគតិរបស់ខ្ញុំទេ។

២. ខ្ញុំមិនអាច សរសេររឿងតាមការបញ្ជារបស់អ្នកណាម្នាក់ឡើយ។

៣. ខ្ញុំជាអ្នកនិពន្ធម្នាក់ ដែលចូលចិត្តសរសេរពីតថភាព និងសច្ចភាពសង្គម​ជំនាន់​​​ខ្ញុំ។ ការ​ច្នៃប្រឌិត ជាលក្ខណៈរបស់អ្នកនិពន្ធខ្ញុំដែរ។ វណ្ណកម្មរបស់ខ្ញុំ ដែលខ្ញុំបាននិពន្ធ​​ក្រោយ​​​ឆ្នាំ​១៩៨៣ ជា​វណ្ណកម្មដែលឆ្លុះបញ្ចាំងជីវភាពសហគមន៍ខ្មែរ​នៅ​ប្រទេស​បារាំង។

៤.​ ខ្ញុំចូលចិត្តនិពន្ធរឿងអំពីគ្រួសារ មិននិយមសរសេរពីនយោបាយ ​​មិនលើក​តម្កើងអ្នក​នយោបាយ​ណាម្នាក់ ដើម្បីរក្សាអព្យាក្រឹតភាព និង​ឯករាជ្យ​​ភាព​ជាអ្នកនិពន្ធ​គ្រប់សម័យកាល។

៥. ខ្ញុំចូលចិត្តលាតត្រដាង ពីវីរភាពរបស់បុគ្គល តួអង្គសំខាន់ ដែលគួរទុកជា​គំរូ។

៦.​ ខ្ញុំនិយមវិធីសាស្ត្រ ដែលប្រើពាក្យ “ខ្ញុំ” ជាស្ទីលមួយ នៃរឿងប្រលោមលោក​ខ្លីៗ របស់អ្នកនិពន្ធ​វង់ ផឿង។

៧. ដើម្បីរក្សាបុគ្គលិកលក្ខណៈរបស់ខ្ញុំ ខ្ញុំប្រើភាសាផ្ទាល់របស់ខ្ញុំ ខ្ញុំនិយម​សរសេរ និង​ប្រើ​ពាក្យ​ពេចន៍សាមញ្ញៗ ងាយយល់ងាយ​អាន។ ខ្ញុំជៀសវាង មិន​ប្រើ​​​ពាក្យ​​​វប្បធម៌​​​ខ្ពង់ខ្ពស់ ដែលធ្វើឲ្យអ្នក​អាន​មិនយល់ និងពិបាករិះគិត ឬពិបាក​បើក​វចនា​នុ​ក្រមពេល​អាន ដែលធ្វើឲ្យដាច់អារម្មណ៍ជក់​ជាប់​ចិត្ត។ ពីព្រោះ​ខ្ញុំ​យល់ថា រឿង​ប្រលោមលោក​នីមួយៗ ស្ថិតនៅលើ​ខ្លឹមសារ ពុំមែនស្ថិតនៅ​លើ​​ការ​​ប្រើ​​​ពាក្យ​វប្បធម៌​​ខ្ពង់ខ្ពស់(បាលី ឬ​សំស្រ្កឹត)ទេ។   សោភ័ណនៃរឿងប្រលោមលោក​ ស្ថិត​លើ​វិធី​សាស្ត្រ និង​សិល្ប៍វិធីរបស់​អ្នកនិពន្ធម្នាក់​ៗ ទៅ​​តាមទេពកោសល្ល​ពីធម្មជាតិ។ តាម​ពិត​ ខ្ញុំ​និយមប្រើចំណុច​លាក់គំនួច ធ្វើ​ឲ្យឆ្ងល់ និង​ទាក់​ទាញ​អ្នកអាន ឲ្យតាមដាន​ចង់ដឹង​ទៅ​មុខ។

៨. ខ្ញុំជាអ្នកនិពន្ធ ដែលចង់រកសេចក្ដីសុខជូនមនុស្សទូទៅ តាមរយៈវណ្ណកម្ម​របស់​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​អានសៀវភៅខ្ញុំ ជៀសការជំពប់ ដួលឬធ្លាក់រណ្ដៅ…

៩. ខ្ញុំប្ដេជ្ញាចិត្តថា មិនបង្ខាតពេលនិពន្ធរឿងណាមួយ ដែលពុំបានបង្កប់ការអប់រំ​នោះ​​​​​ឡើយ ហើយ​នេះពុំបានសេចក្ដីថា ខ្ញុំជាមនុស្សប្រសើរជាងគេ ឬក៏តាំងខ្លួនជា​អ្នកប្រដៅគេទេ។ ប៉ុន្តែខ្ញុំ​យល់​ថា សៀវភៅល្អ ជាមេរៀនជីវិតដ៏ល្អមួយ។ មនុស្ស​យើង​​គ្រប់​រូប ពុំ​មែន​ល្អឥតខ្ចោះនោះទេ​តែង​តែ​មាន​ចំណុច​ខ្លាំង ចំណុច​ខ្សោយគ្រប់​គ្នា។​  ចំណេះ​វិជ្ជា ឬសញ្ញាបត្រខ្ពង់ខ្ពស់ ក៏​មិន​មែន​ជាកត្តា​ធ្វើឲ្យ​មនុស្ស​​ល្អ និងគិតត្រូវជានិច្ចដែរ។ មនុស្ស​រាល់រូប មានខ្ញុំជាដើម គប្បី​បើក​ចំហ​ចិត្ត​គំនិត ទទួលយកវិធីអប់រំផ្លូវចិត្ត ផ្លូវអារម្មណ៍​គ្រប់​កាលៈ​ទេសៈ និងពេល​វេលា​។ យ៉ាង​ណា​មិញ អក្សរសិល្ប៍​មាន​តួនាទី “អប់រំ” ​កែច្នៃ​ចិត្ត​គំនិត​មនុស្ស និងរួមចំណែក​កែ​លម្អ​សង្គមជាតិ។

១០. នៅចុងបញ្ចប់ ដោយខ្លួនខ្ញុំជាអ្នកនិពន្ធរស់នៅក្រៅមាតុភូមិកម្ពុជា ខ្ញុំចង់​នាំ​​អ្វីៗ​​ដែល​​​​ប្លែក ដែលជាពុទ្ធិថ្មី រាប់តាំងពីរបៀបរស់នៅ សុជីវធម៌ វប្បធម៌ ​របៀប​អប់រំ​កូន​​​ចៅ ចិត្តគំនិត។ល។ ដើម្បី​ឲ្យអ្នកអានរបស់ខ្ញុំ យល់ដឹងអំពីជីវភាព​របស់ជនជាតិ​ខ្មែរ ដែល​រស់នៅលើទឹកដី​ប្រទេស​បារាំង យល់ដឹងពីវប្បធម៌ និងពីរបៀបរស់នៅក្នុង​ប្រទេស​នេះ ដើម្បីអាចធ្វើការប្រៀបធៀប ឬ​ទទួល​យកចំណុច​ល្អៗ និងបោះបង់​ចោល​​​​ចំណុចមិនល្អ​នៃវប្បធម៌ខ្មែរ និងវប្បធម៌អឺរ៉ុបនៅក្នុង​សម័យ​សាកល​ភាវូបនីយកម្ម​​នេះ​ ។ម្យ៉ាងទៀត ក្នុង​នាមជាអ្នកនិពន្ធ ទោះរស់នៅលើ​ទឹក​ដី​​មាតុភូមិ​កំណើត “កម្ពុជា”​ ក្ដី ឬ​រស់​នៅលើទឹកដី​ប្រទេសបារាំង ឬប្រទេសណាមួយ​ក៏ដោយ ខ្ញុំមាន​ភារកិច្ច ករណីយ​កិច្ច និង​​កាតព្វកិច្ច​មួយ ឈរនៅលើមនសិការ  និង​គោលគំនិត​ជាក់​លាក់ ប្រាកដនិយមគឺ​មិន​នាំអ្នក​អាន​វណ្ណ​កម្ម​របស់ខ្ញុំ ឲ្យវង្វេងទៅរកផ្លូវ​អាក្រក់​ឡើយ។ អាស្រ័យហេតុនេះ ប្រលោម​​​​​លោក​របស់​ខ្ញុំទាំង​ខ្លី ទាំង​វែង ដែលខ្ញុំ​បាន​និពន្ធ​ពី​មុន​មក និងតទៅអនាគត​ មិន​អាចប្រាស​ចាក​​ពី​ឧត្តមគតិ​របស់​ខ្ញុំ​​ឡើយ។ គេមិន​គួរ​ភ្លេច​​​​​ថា ប្រលោមលោកនីមួយៗ​មាន​ឥទ្ធិពល​តិច ឬ​ច្រើន​​ទៅលើ​អ្នក​អាន។ សៀវភៅ​ល្អ ​មិន​មែនត្រឹមតែ​ជាមេរៀនជីវិតដ៏​ល្អ​ប៉ុណ្ណោះ​ទេ តែ​ជា​​ឃ្លាំងនៃ​ចំណេះ​ដឹង។ យ៉ាង​ណា​មិញ ខ្ញុំ​ជា​អ្នក​និពន្ធ ដែល​ស្គាល់ខ្លួន​ឯង​ជាក់​ច្បាស់​​ជាង​​នរណា​ទាំងអស់ បាន​កំណត់ ទិសដៅ​របស់​​​ខ្ញុំរួចស្រេច​ទៅហើយ មុន​នឹង​ចាប់​ដង​ប៉ាកកា​និពន្ធ​រឿង។

អ្នកអានទៀតសោត នៅពេលគេបានអានស្នាដៃរបស់អ្នកនិពន្ធណាម្នាក់ គេមុខ​ជា​យល់​​​ថា តើ​អ្នក​និពន្ធនេះចង់នាំគេទៅរកផ្លូវណា ពីព្រោះពាក្យពេចន៍ ដែលអ្នក​និពន្ធ​ចង​ក្រង​ក្នុងសាច់​រឿង​នីមួយៗ​ជាឃ្លាបង្កប់ “សេចក្ដី​សារ” និង“ខ្លឹមសារ” ដែលអ្នកនិពន្ធ​ចង់ ​ថ្លែង​​​ជម្រាប​​​អ្នកអាន​របស់គេ​ជានិច្ច។ អ្នកនិពន្ធជាវិស្វករ​នៃព្រលឹង ជាសិល្បករមួយរូបដែរ​​ និ​ងជា​អ្នក​អប់រំ​ម្នាក់ក្នុង​ចំណោម​អ្នក​អប់រំ​សំខាន់ៗ​ទាំង​ឡាយ​។

អ្នកអានជាFanរបស់អ្នកនិពន្ធ។គេនឹងអាចរកអ្នកនិពន្ធណាម្នាក់ដែល​គេ​ចូល​ចិត្តសម្រាប់គេ​​ ពី​ព្រោះ​​អ្នកអានក៏ដូចជាអ្នកនិពន្ធដែរ ម្នាក់ៗមានអត្តសញ្ញាណរៀងៗខ្លួន។​ស្នាដៃ​នីមួយៗរបស់​​​​​អ្នកនិពន្ធ បញ្ជាក់​ពីអត្តសញ្ញាណរបស់អ្នកនិពន្ធនោះ។​ លើក​លែង​តែ​អ្នក​និពន្ឋ​នោះសរសេរ​តាម​បញ្ជា​ឬតម្រូវ​តាម​ទី​ផ្សារ ក៏​ប៉ុន្តែ​ ទោះជា​យ៉ាង​ណា​ក៏​ដោយក៏​អ្នក​និពន្ឋ​ប្រភេទនោះនៅ​តែ​រក្សា​ឧត្តមគតិ​របស់​គេ​ដែរ។

ចំពោះរូបខ្ញុំ សិក្ខាសាលារៀបចំដោយសមាគមអក្សរសិល្ប៍នូហាច និង​សមាគម​​អ្នក​និពន្ធ​ខ្មែរ​នៅ​ប​រទេស នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៧ ជាថ្ងៃដ៏ពិសេស​​មួយ ដែល​អ្នក​និពន្ធមកពីជើង​មេឃ​ម្ខាងក្នុងពិភពលោក ជា​អាទិ៍​ មកពី​ប្រទេស​​បារាំង សហរដ្ឋ​អាមេរិក ជប៉ុន ថៃ និងនៅលើ​ទឹក​ដី​ប្រទេស​​កម្ពុជា​ផ្ទាល់ ជួប​ជុំ​គ្នាដើម្បី​បញ្ចេញ​ទស្សនៈផ្ទាល់ខ្លួន និង​បង្ហាញពី​អត្ត​សញ្ញាណ​ផ្ទាល់​ខ្លួន​ ក្នុង​នាមជា​អ្នក​និពន្ធ ដើម្បី​​​​មូលហេតុតែមួយ គឺ​លើក​​ស្ទួយ​បំផុស​បំផុល​អក្សរសាស្ត្រ អក្សរ​សិល្ប៍​ខ្មែរ ឲ្យ​កាន់​​តែលេចត្រដែត​ឡើង​ទន្ទឹម​​នឹង​អក្សរ​សាស្ត្រ អក្សរសិល្ប៍​​អារ្យ​​ប្រទេសនានា។

 

ទិដ្ឋភាពសិក្ខាសិលាថ្ងៃ៣០មិថុនា២០០៧ នៅ ពុទ្ឋសាសនបណ្ឌិត្យនា ទី ក្រុង ភ្នំពេញ

ប្រទេសនីមួយៗ អាចមានបក្សនយោបាយជាច្រើន តែអក្សរសាស្ត្រ អក្សរសិល្ប៍ ដែល​​​​​ជា​មែក​ធាង​នៃវប្បធម៌ខ្មែរ មានតែមួយគត់ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

 

 

បទពិសោធន៍នៃការនិពន្ធប្រលោមលោក

ថតនៅ STRASBOURG ឆ្នាំ១៩៨១

បទពិសោធន៍របស់ខ្ញុំក្នុងការនិពន្ធប្រលោមលោក

My Experiences in Writing Novels

ដោយប៉ិច​ សង្វាវ៉ាន

អត្ថបទ​នេះ​ចុះផ្សាយក្នុងសមូហកម្មអក្សរសិល្ប៍នូហាច​លេខ៣​ឆ្នាំ២០០៦

កែសម្រួលនៅ​ភ្នំពេញថ្ងៃ១៣​វិច្ឆិកា២០១០


យើង​មិន​អាច​ក្លាយ​ទៅ​ជា​អ្នក​និពន្ធ​បាន​ទេ បើ​យើង​មិន​ចូល​ចិត្ត​សរសេរ

តែ​បើ​ចូល​ចិត្ត​សរសេរ ហើយ​បែរ​ជា​គ្មាន​ទេពកោសល្យ

ក៏​ពិបាក​នឹង​សាង​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​និពន្ធ​បាន​ដែរ

មាន​មូល​ហេតុ​ជា​ច្រើន​ ដែល​ជំរុញ​ឲ្យ​យើង​ក្លាយ​ទៅ​អ្នក​និពន្ធ​បាន​។ ក្នុង​ការ​តែង​និពន្ធ​ទៀត​សោត​ អ្នក​និពន្ធ​ម្នាក់​ៗ ពិត​ជា​បាន​ឆ្លង​កាត់​ការ​ពិសោធន៍​ផ្សេង​ៗ​គ្នា​។

ខ្ញុំ​ផ្ទាល់​ខ្ញុំ​បាន​សរសេរ​រឿង​ដំបូង​នៅ​ឆ្នាំ​១៩៦៦​។ រឿង​នោះ ​ត្រូវ​បាន​គេ​យក​ទៅ​បញ្ចូល​ក្នុង​សាច់​រឿង​របស់​គេ​ផ្សាយ​តាម​វិទ្យុជាតិ​ ដែល​មិន​មាន​ដាក់​ឈ្មោះ​ខ្ញុំ​ទេ​។ ដូច្នេះ កាល​នោះ​ខ្ញុំ​មិន​ទាន់​មាន​ឈ្មោះ​ជា​អ្នក​និពន្ធ​នៅ​ឡើយ​ទេ​។

ខ្ញុំ​ទទួល​ឈ្មោះ​ជា​អ្នកនិពន្ធ​នៅ​ពេល​ដែល​ខ្ញុំ​សរសេរ​រឿង ​“នេះ​ឬ​ចិត្ត​ប្រុស​?”​ផ្សាយ​តាម សារព័ត៌មាន​កោះសន្តិភាព​ឆ្នាំ​១៩៦៦-១៩៦៧។​ បន្ទាប់​មក​រឿង​នេះ ត្រូវ​បាន​លោក​​ម៉ៅ ប៊ុនថន​ស្នើ​សុំ​យក​ទៅ​ផ្សាយ​ក្នុង​វិទ្យុជាតិ​ភ្នំពេញ​នៅ​ឆ្នាំ​១៩៦៨​។

ខ្ញុំ​បាន​ទទួល​លិខិត​សរសើរ​លើក​ទឹក​ចិត្ត​ជា​ច្រើន​ពី​គ្រប់​មជ្ឈដ្ឋាន​អ្នក​ស្តាប់ ​​ទូទាំង ប្រទេស កម្ពុជា។​គេ​យល់​ថា​ជា​រឿង​ដែល​មាន​ឧត្តមគតិ​និង​មាន​ការ​អប់រំ​។ប្រតិកម្ម​ គួរ​ឲ្យ​កត់​សម្គាល់​មាន​ដែរ​ដូច​ជា​សំណូមពរ​សុំ​ឲ្យ​ខ្ញុំ​និពន្ឋ​រឿង​នេះ​ឬ​ចិត្ត​ស្រី​? ម្តង​ដោយ​ ហេតុ​ថា​ស្រី​ខ្លះ​ក៏​មាន​ចិត្ត​ទុរយ៌ស​ដូច​បុរស​ឬ​ជាង​បុរស​ខ្លះ​ផង​។ លិខិត​មួយ​ទៀត​ទិតៀន​ ខ្ញុំ​ថា​ ខ្ញុំ​អាច​សរសេរ​រឿង នេះ​ឬ​ចិត្ត​ប្រុស​?បានច្បាស់ជា​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់វិបត្តិ​ទាំង​នេះហើយ​។ ​ពាក្យ​ទិតៀន​នេះ​ធ្វើ​ឲ្យ ខ្ញុំ​ពិបាក​ទ្រាំ​ទ្រ​ណាស់​ ព្រោះវា​​ប្រាស​ចាក​ពី​ការ​ពិត​ទាំង​ស្រុង​។ ខ្ញុំ​បាន​ឆ្លើយ​តប​ទៅ​ម្ចាស់​លិខិត​ ដែល​ជា​សិស្ស​វិទ្យាល័យ​មួយ​ នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ថា៖​ អ្នក​និពន្ធ​ជំនាន់​ដើម ​អាច​ប្រឌិត​រឿង​យក្ស​ ​រឿង​សត្វ​ចេះ​និយាយ​ បាន​សេចក្តី​ថា ​អ្នក​និពន្ធ​អាច​ប្រឌិត​រឿង​ទៅ​តាម​ការ​ស្រមៃ​សព្វ​បែប​យ៉ាងរបស់​ខ្លួន​ ដោយ​ពុំ​ចាំ​បាច់​ឃើញ​យក្ស​ ឬ​​ឃើញ សត្វ​ចេះ​និយាយ​ភាសា​មនុស្ស​ ទើប​អាច​សរសេរ​បាន​ឡើយ​។ ក្នុង​នាម​ជា អ្នក​និពន្ធ​ក្រមុំ​ ដែល​ទើប​តែ​ឈាន​ជើង​បាន​មួយ​ជំហាន​ក្នុង​ឆាក​អក្សរសិល្ប៍​ជាតិ​ លិខិត​ទិតៀន​មួយ​ ឬ​ពីរ​នេះ​ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត​និង​តូច​ចិត្ត​ខ្លាំង​ណាស់  ​ប៉ុន្តែវាមិន​មេន​ជា​ឧបសគ្គ​រារាំង​បន្ទុច​បង្អាក់​ខ្ញុំ​មិន​ឲ្យ​និពន្ធ​ត​ទៅ​ទៀត​ទេ​។

លោក​ម៉ៅ​ ប៊ុន​ថន​ ដែល​ជា​អ្នក​ចាត់​ចែង​ផ្សាយ​រឿង​ នេះ​ឬ​ចិត្ត​ប្រុស​? បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ថា​៖​គប្បី​ខ្លួន​ខ្ញុំ តាំង​ចិត្ត​ជា​អ្នក​កីឡា​។

ពាក្យ​ទូន្មាន​នេះ​ជា​មេរៀន​ដ៏​ល្អ​បំផុត​សម្រាប់​រូប​ខ្ញុំ​ដែល​ចង់​សាង​កិត្តិនាម​ជា​អ្នក​និពន្ធ​មួយ​រូប ​ក្នុង​អនាគតកាល​។​ខ្ញុំ​សូម​បញ្ជាក់​ដែរ​ថា​ កាលណោះ ​ក្នុង​ការ​និពន្ធ​រឿង​ខ្ញុំ​មិន​ហ៊ាន​ប្រើ​ឈ្មោះ​ពិត​របស់​ខ្ញុំ​ទេ ​ព្រោះ​ខ្ញុំ​ខ្លាច​លោក​ប៉ា​របស់​ខ្ញុំ​ជ្រាប​ដឹង​និង​ស្តី​បន្ទោស​។ ​លោក​ប៉ា​ពុំ​ចង់​ឲ្យ​ខ្ញុំ​បែក​គំនិត​ធ្វើ​អ្វី​ផ្សេង​ក្រៅ​ពី​ផ្តុំ​គំនិត​ខិត​ខំ​សិក្សា​ដើម្បី​ក្រេប​យក​ចំណេះ​វិជ្ជា​ឲ្យ​បាន​ខ្ពង់​ខ្ពស់​។ ​ម្យ៉ាង​ទៀត​ នៅជំនាន់​នោះ​ខ្មែរ​យើង​មិន​សូវ​ផ្តល់​តម្លៃ​ឲ្យ​អក្សរសាស្រ្ត​ឬ​អ្នកនិពន្ធ​អ្វី​ប៉ុន្មាន​ឡើយ​ ​ជា​ពិសេស​អ្នក​និពន្ធនារី​នេះ​តែ​ម្តង​។

ហេតុនេះ​ដើម្បី​ចៀស​វាង​ការ​ស្តី​បន្ទោស​ពី​លោកប៉ា​ខ្ញុំ​បាន​សម្រេច​ចិត្ត​ប្រើ​រហស្សនាម​ថា​ព្រហ្ម​ សុទ្ធធីតា​ដោយ​រក្សា​ទុក​ត្រឹម​តែ​នាម​ត្រកូល​របស់ខ្ញុំ​តែ​ប៉ុណ្ណោះ​។​ ជោគ​ជ័យ​លើកទី​មួយ​ក្នុង​ការ​និពន្ធ​រឿង​ “នេះ​ឬ​ចិត្ត​ប្រុស​?”​ ជា​ឱសថ​ទិព្វ និង​ជា​កម្លាំង​ពិសេសមួយ​ជំរុញ​ខ្ញុំឲ្យ​មានថាមពលឈានឡើង​មួយ​ជំហាន​ទៀត​នៅ​លើ​មាគ៌ា​អក្សរសិល្ប៍ដែល​ខ្ញុំ​សែន​ស្រឡាញ់​ ដើម្បី​សាង​ឈ្មោះ​ជា​អ្នក​និពន្ធ​ និង​ជា​សមាជិក​សមាគម​អ្នក​និពន្ធ​ខ្មែរ​ លុះ​ត្រា​តែ​បាន​សម្រេច​ដូច​បំណង​។

ក្នុង​ពេល​វិស្សមកាល​ឆ្នាំ​១៩៦៧​ ខ្ញុំ​បាន​និពន្ធ​ប្រលោមលោក​ខ្នាត​វែង​មួយ​រឿង​ មាន​ចំណង​ ជើ​ងថា​ ថ្ងៃ​៤​កក្កដា ។ រឿង​នេះ​បាន​ផ្សាយ​ក្នុង​សារព័ត៌មាន​ដំណឹង​ចុង​ក្រោយ​ ដែល​មាន​លោក​ ជុំ​ កែម​ ជា​ចាង​ហ្វាង​។​ បន្ទាប់​ពី​រឿង​នេះ​ផ្សាយ​ចប់​ ខ្ញុំ​ទទួល​បាន​ការ​សរសើរ​ពី​លោក​ ជុំ​ កែម​ ហើយ​បាន​ទទួល​កម្រៃ​មួយ​ពាន់​រៀល​(ស្មើ​នឹង​១/៣ នៃ​តម្លៃ​មាស​មួយ​តម្លឹង​)​។​លោក​មាន​ប្រសាសន៍​លើក​ទឹក​ចិត្ត​ខ្ញុំ​ថា៖​ ប្រាក់​បន្តិច​បន្តួច​នេះ​ ពុំ​ស័ក្តិ​សម​នឹង​ការ​ខិត​ខំ​តែង​និពន្ធ​រឿង​នេះ​ឡើយ ​ហើយ​ថា​ លោក​ប៉ា​របស់​ខ្ញុំ​ ប្រហែល​ជា​មាន​មោទនភាព​ដោយ​សារ​ខ្ញុំ​មិន​ខាន​។

រឿង​ ថ្ងៃ​៤​កក្កដា ផ្សាយ​មួយ​ ឬ​ពីរ​វគ្គ​ ស្រាប់​តែ​មាន​លោក​ម្នាក់​ នៅ​ខេត្ត​ព្រៃវែង​ មក​ជួប​ ខ្ញុំ​ដល់​ផ្ទះ​។​ លោក​ប្រាប់​ខ្ញុំ​ថា​ គាត់​មក​នេះ​ មាន​មូល​ហេតុ​ពីរ​យ៉ាង​គឺ​៖

ទី១- គាត់​មិន​សប្បាយ​ចិត្តព្រោះថា​ខ្ញុំ​សរសេរ​រឿង​ចំអក​ឲ្យ​គាត់​។

ទី២-​គាត់​ថា​តាំង​ពី​បាន​ស្តាប់​រឿង​នេះ​ឬ​ចិត្ត​ប្រុស​?​ផ្សាយ​តាម​វិទ្យុ​ជាតិ ​ គាត់​បាន​ស៊ើប​សួរ​រក​ខ្ញុំ​ និង​ផ្ទះ​ខ្ញុំ​។ ​គាត់​បាន​ទូរស័ព្ទ​ទៅ​វិទ្យុជាតិ​គេ​មិន​ព្រម​ប្រាប់​។ ​គាត់​ទើប​តែ​រក​ខ្ញុំ​ឃើញ​តាម​រយៈ​សារព័ត៌មាន​ដំណឹង​ចុង​ក្រោយ​នេះ​ទើប​បាន​ជា​គាត់​ មក​រក​ខ្ញុំ​ភ្លាម​។ គាត់​ត្រូវ​តែ​មក​ជួប​ខ្ញុំ​ដើម្បី​សរសើរ​ផង​ និង​ដើម្បី​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ខ្លួន​ផង​ថា ​គាត់​ខឹង​ខ្ញុំ​ណាស់​ ដែល​បាន​យក​រឿង​គាត់​មក​សរសេរ​រឿង​ នេះ​ឬ​ចិត្ត​ប្រុស​?​។ ខ្ញុំ បាន​ឆ្លើយ​ថា៖ ​ លោក និង​ខ្ញុំ​ពុំ​ដែល​ស្គាល់​គ្នា ធ្វើ​ដូច​ម្តេច​ខ្ញុំ​អាច​លើក​យក​រឿង​លោក​មក​សរសេរ​កើត។លុះបាន​ឮ​ហេតុ​ផល​និង​ការ​បក​ស្រាយ​របស់​ខ្ញុំ​សព្វ​គ្រប់  គាត់​ស្តាប់​បាន​  ក៏​ត្រលប់​ទៅ​វិញ​។

ខ្ញុំ​លើក​យក​បញ្ហា​នេះ​ឡើង​ គ្រាន់​តែ​ចង់​បង្ហាញ​ថា​ ជីវិត​អ្នកនិពន្ធ​ពុំ​មែន​បាន​ទទួល​តែ​ការ​សរសើរ​ ឬ​ការ​គាំ​ទ្រ​ប៉ុណ្ណោះ​ទេ​។ ​ប៉ុន្តែ​ ក៏​បាន​ជួប​ប្រទះ​រឿង​ប្លែក​ៗ​ ដែល​គេ​ពុំ​ធ្លាប់​គិត ឬ​នឹក​ឃើញ​ម្តង​ណា​ផង​។​ បញ្ហា​ម្តង​ម្កាល​ ឬ​ញឹក​ញាប់​នេះ​ ជា​រឿង​ធម្មតា​ក្នុង​ជីវិត​ជា​អ្នកនិពន្ធ ប៉ុន្តែ​ខ្ញុំ​ ត្រូវ​ខំ​ជម្នះ​បញ្ហា​និង​ឧប្បតិ្តហេតុ​ទាំង​ពួង​ឲ្យ​ទាល់​តែ​បាន​ទើប​ខ្ញុំ​អាច​បន្ត​ការ​និពន្ធ​ត​ទៅ​ទៀត​បាន។ខ្ញុំ​មិន​​ត្រូវ​ឲ្យ​បញ្ហា​មិន​ល្អ​ទាំង​នោះ​ជិះ​ជាន់​ចិត្ត​ខ្ញុំ​រហូត​ដល់​ទម្លាក់​ប៉ាកា​ចោល​ទេ​។ ​ខ្ញុំ​គិត​ថា បើ​មិន​ជួប​ប្រទះ​បញ្ហា​ខ្លះ​នៅ​ក្នុង​ជីវិត​​ ប្រហែល​ជា​ខ្ញុំ​ពុំ​ងាយ​សាង​កិត្តិនាម​ ជា​អ្នក​និពន្ធ​បាន​ងាយ​ៗ​ឡើយ​។​ ម្យ៉ាង​ទៀត​ បើ​ខ្ញុំ​ពុំ​មែន​ជា​អ្នក​ចូល​ចិត្ត​សង្កេត ខ្ញុំ​ក៏​ពុំ​សម្បូណ៌​គំនិត​សរសេរ​រឿង​ដែរ​។

ខ្ញុំ​ជា​មនុស្ស​ម្នាក់​ចូល​ចិត្ត​និយាយ​ ចូល​ចិត្ត​ស្តាប់​ ចូល​ចិត្ត​ដោះ​ស្រាយ​ និង​វិភាគ​បញ្ហា ​វិភាគ​ចិត្ត​មនុស្ស​ ជា​ពិសេសខ្ញុំ​ចូល​ចិត្ត​សរសេរ​ និង​អាន​សៀវភៅ​ណាស់។ខ្ញុំ​ពុំ​ដែល​បាន​សិក្សា​អំពី​វិធីសាស្រ្ត​តែង​និពន្ធ​ម្តង​ណា​សោះ​។ ប៉ុន្តែ​ ការ​ចូល​ចិត្ត​អាន​រឿង ប្រលោមលោក​ច្រើន​ធ្វើ​ឲ្យ​​ខ្ញុំ​បាន​ជ្រួត​ជ្រាប​សិល្ប៍វិធី​នៃ​ការ​តែង​និពន្ធ​ដោយ​មិន​ដឹង​ខ្លួន​។ វណ្ណកម្ម​ របស់​អ្នក​និពន្ធ​រៀម​ច្បង​ទាំង​ឡាយ​ ដែល​ខ្ញុំ​បាន​អាន​ ជា​គ្រូ​បាធ្យាយ​ បណ្តុះ​បណ្តាល​ខ្ញុំ​ឲ្យ​ចេះ​ សរសេរ​រហូត​ដល់​បច្ចុប្បន្ន​នេះ​។ ពាក្យ​ពេចន៍​ក្តី ឃ្លា​ប្រយោគ​ល្អ​ៗ​និង​ពីរោះៗ​ក្តី​ក្នុង​រឿង​ទាំង​ប៉ុន្មាន​ ដែល​ខ្ញុំ​បាន​អាន​ជា​មេរៀន​ដ៏​សំខាន់ ប្រៀប​បី​ដូច​ជា​សាស្រ្តាចារ្យ​ដ៏​ចំណាន​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​ចាំ សម្បូណ៌​វាក្យស័ព្ទ អាច​ធ្វើ​ឲ្យ​ខ្ញុំ​សរសេរ​បានងាយ រអិល​រលូន មិន​បាច់​គិត​ច្រើន​ ឬ​មិន​បាច់​ធ្វើ​គម្រោង​ជា​មុន​ក៏​មាន​។​ ចំពោះ​ខ្ញុំ​ចំណងជើង​រឿង​ប្រលោមលោក​នីមួយ​ៗ ជា​សេចក្តី​សង្ខេប​នៃ​សាច់​រឿងនិង​ជា​ខ្លឹម​សារ​នៃ​រឿង​។ចំណង​ជើង​រឿង​សំខាន់​ណាស់​សម្រាប់​ខ្ញុំព្រោះ​ទាញ​ខ្ញុំ​មិន​ឲ្យ​សរសេរ​ប្រាស​ចាក​ខ្លឹមសារ ដែល​ខ្ញុំ​ចង់​បញ្ចេញ​ឲ្យ​អ្នក​អាន​យល់ពី​ទស្សនៈ​និងគោលគំនិត​របស់​ខ្ញុំ​។ ចំនួន​តួអង្គ​ពី​ដំបូង ជួន​កាល​មាន​តែ​បួន​ប្រាំ​នាក់ ជួន​កាល​អាច​បំបែក​បន្ថែម​ច្រើន​ទៀត​ក៏​មាន​។ ​អ្វី​ដែល​សំខាន់​សម្រាប់​ខ្ញុំ​គឺ​ឃ្លា​ទី​មួយ​។ ​បើ​ខ្ញុំសរសេរ​ឃ្លា​ទី​មួយ​ចេញ​ហើយ​ គំនិត​ដ៏​ច្រើន លេច​ហូរ​ចេញ​មក​ទប់​មិន​ឈ្នះ ឬ​ដូច​ទឹក​ហូរ​ពី​លើ​ទី​ខ្ពស់​អ៊ី​ចឹង។

រឿង​ដែល​ខ្ញុំ​បាន​សរសេរ​ទាំង​ប៉ុន្មាន ​ជា​ប្រលោមលោក​ផ្នែក​មនោសញ្ចេតនា​។ ​សាច់​រឿង នីមួយៗ ​សុទ្ធ​តែ​បង្កប់​ការ​អប់រំ​។ ​ខ្ញុំ​ចង់​បញ្ចេញ​ និង​បង្ហាញ​គំនិត​ខ្ញុំ ឲ្យ​អ្នក​អាន​ដឹង​ដោយ​មាន​ជំនឿ​ថា គោល​គំនិត និង​ឧត្តមគតិ​របស់​ខ្ញុំ នឹងអាច​មាន​អ្នក​យល់​ស្រប​តាម​មិន​ខាន​។ ខ្ញុំ​ដឹង​ខ្លួន​ឯង​ច្បាស់​ថា ខ្ញុំ​ពុំ​អាច​សរសេរ​រឿង​ណា​មួយ ដែល​គ្មាន​ការ​អប់រំ​ឡើយ ពីព្រោះ​ខ្ញុំ​យល់​ថា​អក្សរសិល្ប៍​បម្រើ​មនុស្ស បម្រើ​សង្គម និង​រួម​ចំណែក​ជួយ​កែ​ច្នៃ​សង្គម​ ឬ​ជួយ​រំលឹក​ដាស់​តឿន​ កែ​ប្រែ​ចិត្ត​មនុស្ស​ទៅ​រក​ផ្លូវ​ល្អ​និង​ផ្លូវ​ត្រូវ​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ប្រលោមលោក​ដែល​ជា​មែក​ធាង​នៃ​អក្សរសិល្ប៍ តែង​តែ​មាន ឥទ្ធិពល​តិច​ឬ​ច្រើន​លើ​ចិត្ត​មនុស្ស​និង​សង្គម​មនុស្ស​។ ការ​អប់រំ​ក្នុង​ប្រលោម​លោក​មាន លក្ខណៈ​សោភ័ណ​ ដែល​ប្រលោមចិត្ត និងអារម្មណ៍​មនុស្ស​ឲ្យ​ងាយ​ទទួល​យក​បាន ជាង​ការអប់រំ​ដោយ​សម្តី ឬ​វាចា​ត្រង់ៗ​។

តាំង​ពី​នៅ​ក្នុង​ស្រុក​ខ្មែរ​ រហូត​ដល់​ខ្ញុំ​រស់​នៅ​ប្រទេស​បារាំង ប្រលោមលោក​ទាំង​ខ្លី​ ទាំង​វែង របស់​ខ្ញុំ ពុំ​ដែល​ប្រាស​ចាក​ការ​អប់រំ​ទេ បើ​មាន​ប្លែក​គ្នា​ខ្លះ គឺ​ប្លែក​នៅ​ត្រង់​សង្គម​បរិយាកាស និង​កាលៈទេសៈ​ប្រទេស។ រឿង​ដែល​ខ្ញុំ​តែង​និង​ផ្សាយ​រួច​មក​មាន​៖ រឿងនេះឬចិត្តប្រុស?, ថ្ងៃ៤កក្កដា, រឿងជើងមេឃថ្មី, រឿងស្រមោលស្នេហ៍, រឿងខ្យល់សមុទ្រ, រឿងព្រោះតែអ្នក, រឿងថ្ងៃណា? ថ្ងៃណា?, រឿងម្តាយ ក្មេកទំនើប, រឿងបាច់ផ្កា ,រឿងកម្មករសេរី…។ល។ក្នុង​ចំណោម​នេះ​មាន រឿង​មួយ​ចំនួន​ធំ​ដែល ខ្ញុំ​បាន​និពន្ធ នៅ​ក្នុង​ប្រទេស បារាំង​។

រឿង​ដែល​ខ្ញុំ​បាន​និពន្ធ​នៅ​ក្នុង​ប្រទេស​បារាំង​ តួ​អង្គ​ខ្លះ​នៅ​ក្នុង​រឿង​ មាន​ទឹក​ចិត្ត​ ឬ​ពុទ្ធិ​ប្រភាព​ទៅ​តាម​វប្បធម៌​អឺរ៉ុប​ដែល ខុសប្លែក​ពី​វប្បធម៌​ ទំនៀម​ទម្លាប់​ខ្មែរ​យើង ខ្ញុំ​ដោះស្រាយ​បញ្ហា​ក្នុង​រឿង​ក៏​ប្លែក​ខ្លះដែរ ពុំមែន​ដូច​កាល​ដែល​ខ្ញុំ​រស់​នៅ​ក្នុង​មាតុប្រទេស​ទេ​។ ម្យ៉ាង​ទៀត ពេល​វេលា និង​សម័យកាល ក៏​បាន​ប្តូរ​ផ្លាស់​ច្រើនណាស់ របប​នយោបាយ​ក៏​ដូច​គ្នាដែរ  អ្វី​ៗ​ក្នុងលោក​ក៏​មាន​ការ​វិវឌ្ឍ​។ យ៉ាង​ណា​មិញ ចិត្ត​គំនិត​របស់​មនុស្ស ក៏​រមែង​តែង​មាន​ការ​ផ្លាស់​ប្តូរ​ទៅ​តាម​ពេល​វេលា​និង​បរិយាកាស​សង្កម​ដែល​ខ្លួន​រស់​នៅ​យ៉ាង​នោះ​ដែរ​។

អាស្រ័យ​ហេតុ​នេះ ប្រលោមលោក ដែល​ឆ្លុះ​បញ្ចាំង​ពី​សម័យកាល​នីមួយ​ៗ ​ដែល​រូប​ខ្ញុំ​ធ្លាប់​បាន​រស់​នៅ និង​ឆ្លង​កាត់​នោះ ខ្ញុំ​ពិត​ជា​ពុំ​អាច​បំភ្លៃ ឬ​ភូតភរ​បាន​ឡើយ​។

នៅ​ប្រទេស​បារាំង​ ខ្ញុំ​តែង​តែ​ប្រទះ​ឃើញ ពាក្យ​មួយ​ឃ្លា​ថា បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​និពន្ធ អ្នក​ត្រូវ​អាន​វណ្ណកម្ម ឬ​ស្នាដៃ​របស់​គេ​សិន ខ្ញុំ​យល់​ថា​ពាក្ស​នេះ​ត្រូវណាស់។

ការ​អាន​ស្នាដៃ​របស់​គេ ដោយ​ស្រឡាញ់​ជក់​ចិត្ត ពិត​ជា​កត្តា​សំខាន់​បណ្តុះ​រូប​ខ្ញុំ ដោយ​មិន​ដឹង​ខ្លួន ឲ្យ​ចេះ​វិជ្ជា​សរសេរ​ប្រលោមលោក​។ ​ខ្ញុំ​ក៏​មាន​ឈ្មោះ​ជា​អ្នក​និពន្ធ​មួយ​រូប​ចាប់​ពី​ឆ្នាំ​១៩៦៨ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។

ខ្ញុំនិង សិក្ខាកាមក្នុង វគ្គ ចែក រំលែកបទ ពិសោធន៍ នៃ ការ និពន្ឋនៅ សមាគម អក្សរ សិល្ប៍ នូ ហាចឆ្នាំ២០០៦ ភ្នំពេញ