អនុស្សាវរីយ៍​ក្នុង​យុវវ័យ​របស់​ខ្ញុំ​

ពេល​ដែល​ខ្ញុំ​ស្តាប់​ចម្រៀង​ សម្រស់​ឆ្នេរកែប (បុប្ផា​ឆ្នេរកែប) ម្តងៗ អនុស្សាវរីយ៍​នៃ​យុវវ័យ​របស់​ខ្ញុំ​លេច​ធ្លោ​រស់​រវើក​ឡើងវិញ ក្នុង​ដួង​អារម្មណ៍​របស់ខ្ញុំ​ជានិច្ច។

តាម​ពិត ខ្ញុំ​គ្មាន​រឿង “ស្នេហា” ទាក់​ទង​នឹង​ឆ្នេរ​កែប​ដូច​ទំនុក​ច្រៀង​នេះទេ ប៉ុន្តែ ខ្ញុំ​មាន​អនុស្សាវរីយ៍​ក្នុង​គ្រួសារ​ខ្ញុំ​ទាំង​មូល។ រូប​ភាព​ទាំង​អស់​ដែល​កប់​បាត់​ក្នុង​ពេល​កន្លលង​ទៅ​៤៤ឆ្នាំ​រស់​រវើក​ ជាថ្មី​ឡើងវិញ ដូច​ខ្សែ​ភាព​យន្ត​បណ្តាល​ឲ្យ​ចិត្ត​ខ្ញុំ​សប្បាយ​រីករាយ​ក្នុង​បេះ​ដូង​ដែល​មិន​ធ្លាប់​មាន​វិបត្តិ​ស្នេហា​សោះឡើយ។

ស្ទើរ​តែរាល​ចុង​សប្តាហ៍ លោក​ប៉ា​តែង​តែ​នាំ​អ្នក​ម្តាយ​ខ្ញុំ​និង​បុត្រីបុត្រា​ទាំង​១២នាក់​ទៅ​កម្សាន្ត​នៅក្រុង​កែប​ និង​មុជ​ទឹក​សមុទ្រ​ក្តៅ​ឧណ្ហៗ​។ ឆ្ន​១៩៦៤ ខ្ញុំ​មាន​ន័យ​១៧ឆ្នា​រៀន​ថ្នាក់​ទី​៣ទំនើប​ជជាតិ​ (Classe de 3ème) នៃ​វិទ្យាល័យ​ប្រះ​យុគន្ធរ​។

  1. ពេល​លោក​ប៉ា​ខ្ញុំ​មាន​ប្រសាសន៍​ប្រាប់​កូនៗ​ថា “ស្អែក​ទៅ​កែប” ខ្ញុំ​រំភើប​រីករយ​ក្រៃលែង។ រាត្រី​នោះ ខ្ញុំ​គេង​មិន​លក់​ទល់ភ្លឺ ពីព្រោះខ្ញុំ​សប្បាយនិងរំភឺប​ចិត្ត​ពេក​។ ពេល​ធ្វើ​ដំណើរ​ចេញ​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​ក្រុង​កែប ទោះបី​ក្នុង​រថយន្ត​ម៉ាក់​ម៊ែរសឺដេសធុន​១៨០ (Mercedès 180) ពណ៌​ទឹក​ប្រាក់​របស់​យើង​ ដែលច​​ង្អៀត​ណែន​ពិតមែន តែ​អំណរ​រីករាយ​​បាន​ធ្វើ​ឲ្យ​យើង​ភ្លេច​គិត​ពីការ​ចង្អៀត​ និង​ភ្លេចការ​ចុកចាប់​ភ្លៅ​ដែល​ឱ្យប្អូន​ស្រី​ប្រុស​តូច​ៗ​អង្គុយ​ពី​លើ។ សូម​បញ្ជាក់​ថា ក្នុង​រថយន្តរបស់​យើង​មាន​១៤នាក់ គឺ​លោក​ប៉ាលោកស្រីមាតាដែលពួកខ្ញុំជាបុត្រីបុត្រា​ហៅតាមបារាំងថា​ម៉ាម៉ង់ (maman) ដែលខ្មែរយើងតែងតែហៅថា«​ម៉ាក់​ ខ្ញុំ​និង​ប្អូន​ទាំងអស់​គ្នា​ចំនួន​១២នាក់។​
  • មួយ​ថ្ងៃ​ដល់​ល្ងាច​ ពួក​យើង​អង្គុយ​ត្រាំ​ទឹក​សមុទ្រ​ក្តៅ​ឧណ្ហៗ​ជិត​ឆ្នេរ​ និង​កាយ​ខ្សាច់​រើស​សំបក​គ្រំ​ និង​លៀ​ស។ ទឹក​សមុទ្រ​បោកបក់​មក​ប៉ះ​ប្រាណខ្ញុំដែលអង្គុយត្រាំទឹក​មួយ​កំណាត់​ខ្លួន​ គួរ​ឲ្យ​សប្បាយ​ពន់​ពេក។ ពេលវេលា​៤៤ឆ្នាំបាន​កន្លងទៅ​យូរយារ​ណាស់​មកហើយ ប៉ុន្តែ​អនុស្សាវរីយ៍នៃក្រុម​គ្រួសាររបស់យើង​នៅ​ទី«ក្រុង​កែបនិងកំពង់សោម»​នៅ​តែ​រស់​រវើកជានិច្ចក្នុងដួងអារម្មណ៍​។ ក្នុងឆ្នាំ​២០០៨ ក្រុមគ្រួសារ​ខ្ញុំ​ទាំងមូល​ បាន​ត្រឡប់​ទៅ​កម្សាន្នៅទី​ក្រុង​កែប​ជា​ថ្មី ប៉ុន្តែ​ទិដ្នភាព​ទី​នោះបាន​ប្រែ​ផ្លាស់ខុស​ពី​មុន​ស្រឡះ ការ​រៀប​ចំ​ក្រុង​កែប​តាមបែប​ទំនើប​និយមប្រៀបបីដូចជា​ខ្សាច់​សមុទ្រ​ដែលរលក​ទឹក​ជះ​មក​កប់​ពន្លិច​អនុស្សាវរីយ៍​ដ៏​ត្រកាល​នៃក្រុម​គ្រួសារយើង​ គ្មាន​សល់​អ្វី​បន្តិច​សោះឡើយ។ នៅ សល់​តែ​រូប​ភាព​អនុស្សាវរីយ៍​ចាស់​ក្នុង​ខួរ​ក្បាល​ និង​អារម្មណ៍របស់​ខ្ញុំ​តែប៉ុណ្ណោះ។
  • ខ្ញុំ​សូម​អញ្ជើញ​ប្រិយ​មិត្ត​អ្នក​អាន​របស់​ខ្ញុំ​បណ្តែត​អារម្មណ៍​តាមចម្រៀង១បទដែលមានចំណងជើងថា​ “សម្រស់​ឆ្នេរកែប»​ ប្រិយមិត្ត ប្រិយមិត្ត​នារី ដែ​ល​មាន​អនុវស្សារីយ៍​ដូច​ទំនុក​ច្រៀង​នេះ សូមឱ្យ​អនុស្សាវរីយ៍ទាំង​ប៉ុន្មាន​រស់​រវើកឡើងវិញ​តាមរយះទំនុកច្រៀងខាងក្រោមនេះ។
  • សូមជ្រាបថា ចម្រៀងនេះបកស្រាយដោយតារាចម្រៀងឯកសម្លេងមាសគ្មានពីរគឺលោក«ស៊ីន ស់ីសាមុត»ដែលជា
  • បិតារបស់លោក ស៊ីន ច័ន្ទឆាយា៕

រូបថតយកពី៖construction-property.com

បុប្ផា​ឆ្នេរកែប

ច្រៀងដោយលោក ស៊ីន ស៊ីសាមុត

១ – ទឹកកែបហែបហែលដោយហ្វូងសារាយ
សម្លឹងពីឆ្ងាយគួរឲ្យស្រណោះ
ជាប់នេត្រសង្កេតយល់នូវសម្រស់
ទេសភាពនាឆ្នេរកែបនោះ
សែនល្អស្រស់ចំណាន ។
២ – ល្អដោយបុប្ផាផ្កាស្រស់ចម្លែក
លាស់ចេញចាកពីមែកនៅក្នុងឧទ្យាន
ក្លិនដ៏ក្រអូបជាប់ក្នុងប្រាណ
នឹកមមៃរំពៃចង់បានកល្យាណមករួមវាសនា ។
បន្ទរ – លម្អ​នៃឆ្នេរកែបសមដោយចុងស្រល់
លម្អ​និមលសមដោយកេសា
បបោសអង្អែលប្រឡែងនឹងស្មា
នៅពេលរៀមបិទនេត្រានិទ្រាតែងស្រមៃ។
៣ – ឃើញតែសម្រស់នៃផ្កាត្រកួន
រៀមបានក្លិនខ្លួនស្ងួនចរណៃ
ធ្វើម្ដេចរៀមនឹងដាច់អាល័យ
តើធ្វើម្ដេចរៀមនឹងបានថ្លៃ
ចរណៃជាគូគាប់អើយ ៕

បទភ្លេង និង​ទំនុកច្រៀង​ ដោយ ពៅ ស៊ីផូ
ច្រៀង​ដោយ​ ស៊ិន ស៊ី​សាមុត​
ឆ្នាំ​១៩៥៦

***

ខ្ញុំ​សូម​បញ្ជាក់ថា ចម្រៀង​ “សម្រស់​ឆ្នេរកែប​” បាន​ដាស់​អនុស្សាវរីយ៍​រវាង​មិត្ត​នារី​រួម​ថ្នាក់​របស់​ខ្ញុំ​នាម ឡេង រិទ្ធី​ (LENG Rithy) នៃ​ថ្នាក់​ទី​១ទំនើប (Classe de 1ème F) នៃ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្តិ (Lycée Preah Sisowath) ឲ្យ​ផុស​ឡើង​ហាក់​ដូច​ជា​នៅ​ថ្មី​ស្រស់ៗ។ រិទ្ធី​បាន​បបួល​ខ្ញុំ​និង​ស្វាមី​ខ្ញុំ​ទៅ​លេង​កែប​ជាមួយ​គេ​ម្តង​ដែរ ក្នុង​១៩៦៩។ ខ្ញុំ​មាន​សង្ឃឹម​ថា​ ឡេង រិទ្ធី នៅ​រស់​រាន​មាន​ជីវិត​។ សូម រិទ្ធី ដឹង​ថា ព្រហ្ម​ សង្វាវ៉ាន នៅរស់​នៅ​ក្នុង​ប្រទេស​បារាំង។ សង្វាវ៉ាន នឹក​ រិទ្ធី ខ្លាំង​ណាស់។ ខ្ញុំ​មិន​ភ្លេច​ទេ រិទ្ធី បាន​បេះ​ផ្លែ​ទឹក​ដោះនៅ​ផ្ទះ​រិទ្ធី​យក​មកឲ្យ​ខ្ញុំ​ជា​ច្រើន​។ ពាក្យ​ដែ​ល​រិទ្ធី​សរសើរខ្ញុំ​ទាំង​ប៉ុន្មាន​ ខ្ញុំ​នៅ​ចាំ។ ខ្ញុំ​ក៏​នៅ​ចាំ​ពាក្យ​ដែល​មិត្ត​នារី​រួម​ថ្នាក់​យើង​ឈ្មោះ TING ING សរសើរ​ដែរ។ សង្ឃឹមថា មិត្តនារី​ខ្ញុំ​ទាំង​ពីរ​រូប​នេះទាក់​ទង​ខ្ញុំ​នៅ​កន្លែង​នេះ។

ប៉ិច​ សង្វាវ៉ាន (PECH Sangwawann)

នាមដើម ព្រហ្ម​ សង្វាវ៉ាន (PROM Sangwawann)

1 responses to “អនុស្សាវរីយ៍​ក្នុង​យុវវ័យ​របស់​ខ្ញុំ​

  1. 👍✌️✌️✌️👍

    Sent from my iPad

    >

បញ្ចេញមតិ