អក្សរសិល្ប៍សន្តិភាព រៀបចំ​ដោយ​ សមាគមអ្នកនិពន្ធខ្មែរនៅបរទេស ប្រចាំប្រទេសបារាំង

ក្របសៀវភៅខាងមុខ។ រចនាដោយ អ៊ុំ សុផានី និង ឡឹក ជំនោរ។

សៀវភៅ“អក្សរសិល្ប៍សន្តិភាព” ​មាន​ការ​ចូលរួម​យ៉ាង​សកម្ម​ពី ​កវី អ្នក​និពន្ធ អ្នក​កាសែត និង អ្ន​ក​ស្រាវជ្រាវ​ខ្មែរ ទាំង​នៅ​ក្នុងនិងក្រៅប្រទេស​ ជាច្រើន​រូប​។ សមុច្ច័យនេះ​ផ្សំ​ផ្គុំផ្តុំដោយអត្ថបទ​សិក្សា​ស្រាវ​ជ្រាវ ប្រលោមលោកខ្នាតខ្លីរឿងខ្លី អត្ថបទ​កំណាព្យ និងកាព្យ​​បែប​ទំនើប ព្រមទាំងអម​ដោយ​​​ទំនុកច្រៀង ដែល​ស្តែង​ឱ្យ​ឃើញថា កម្រង​វណ្ណកម្ម​នេះ មានចម្រុះ​​រស​ជាតិ។ ទន្ទឹម​​នឹង​គ្នា​នោះ ​ម្ចាស់​វណ្ណកម្ម​នីមួយៗ ​មាន​សេរីភាពពេញទី​ប្រើប្រាស់​មនោគតិ​ និង​​ប្រឌិតញ្ញាណ​យ៉ាងទូលំទូលាយ​ ដោយ​មិន​ចង​ភ្ជាប់​ត្រឹម​ដែន​កំណត់​នៃអត្ថិភាព​របស់​ម្ចាស់​ស្នាដៃ​នោះ​ឡើយ។ ​ អ្នកអាន​វិញ ក៏​មាន​សេរីភាព​ពេញ​ទី ​ពិចារណា​វែកញែក​ ឆ្លុះបញ្ចាំង​ ដោយ​មិន​កម្រិត​ព្រំដែន​នៃគំនិត ​ត្រឹមតែ​ស្នាដៃជា​​សំណេរ​នោះដែរ។ កម្រងវណ្ណកម្ម “អក្សរសិល្ប៍សន្តិភាព” រៀបចំបោះពុម្ពផ្សាយក្រោម​សុច្ឆន្ទៈ​​ផ្តួច​ផ្តើម​​​​របស់លោកស្រី ប៉ិច សង្វាវ៉ាន ប្រធានស្ថាបនិកសមាគមអ្នកនិពន្ធខ្មែរនៅ​បរទេស​ប្រចាំ ប្រទេសបារាំង។ ដំណើរអាច​​ប្រព្រឹត្តទៅ​រលូន ដោយ​មាន កិច្ច​សហការ​​យ៉ាងជិតស្និទ្ធ​ជាមួយនឹង សមាគមអ្នកនិពន្ធខ្មែរនៅកម្ពុជា មាន​កវី ព្រឿង  ប្រណីត ជា​ប្រធាន និង​គាំទ្រ​សហការ​​ចូលរួម​ដ៏​កក់ក្តៅ​ពី​​សមាគមប៊ិកកម្ពុជា (Pen Cambodia) ក្នុង​អាណត្តិ​ដឹកនាំរបស់កវី យឹង យន សិល្ប​ករខ្មែរ និង មូលនិធិ កវី យិន លួត ដឹកនាំដោយលោក ឃឹម ច័ន្ទសុអហំ អនុប្រធាន​ សមាគមអ្នកនិពន្ធខ្មែរ​​​។

អារម្ភកថា​

លោកស្រី ប៉ិច សង្វាវ៉ាន

ប្រធានស្ថាបនិកសមាគមអ្នកនិពន្ធខ្មែរនៅបរទេស

ប្រចាំប្រទេសបារាំង

ក្រោយពីបានផ្សាយរឿង “នេះឬចិត្តប្រុស?” ប្រលោមលោកទី១របស់ខ្ញុំតាមខ្ទង់ទំព័រសារព័ត៌មាន “កោះសន្តិភាព” និងតាមវិទ្យុជាតិកម្ពុជា បន្ទាប់មកបានផ្សាយ​​​រឿង “ថ្ងៃ៤កក្កដា” ប្រលោមលោកទី២ ក្នុងទំព័រសារព័ត៌​មាន “ដំណឹងចុងក្រោយ” ដែល​មានលោក ជុំ កែម ជាចាងហ្វាង ខ្ញុំក៏បានសម្រេចបំណង និងក្លាយទៅជាសមាជិកាមួយ​រូប មានលេខ​រៀងទី១៩៣ នៃសមាគមអ្នកនិពន្ធខ្មែរ នៅរាជ​ធានីភ្នំពេញ ​គឺក្នុងជំនាន់អាណត្តិ​លោក ​លាង ហាប់អាន      ជាប្រធាន និង​លោក លី ធាមតេង ជាអនុប្រធាន។ ខ្ញុំ​ស្រឡាញ់នាម​​ជា        អ្នក​និពន្ធ និង​ស្រឡាញ់​សមា​គម​​អ្នកនិពន្ធខ្មែរណាស់ ប៉ុន្តែ​​របបកុម្មុយនីស្ត     ផ្តាច់​ការ នៅថ្ងៃទី​១៧ ខែមេសា ឆ្នាំ១៩៧៥ បានផ្តាច់សេចក្តី​សង្ឃឹម​របស់ខ្ញុំ​អស់​រលីង​​គ្មាន​សល់​​។

លុះបានមករស់នៅបារាំង ខ្ញុំបន្តការនិពន្ធផ្សាយ​រឿងខ្លី​ៗ និងកំណាព្យនៅ​​តាម​ព្រឹត្តប័ត្រ​ខ្មែរ នៃ​​សមាគម​ខ្មែរ​នៅអឺរ៉ុប​ និងនៅសហរដ្ឋអាម៉េរិក។ ជាក់ស្តែងពេលមកដល់បារាំងភ្លាមៗ ខ្ញុំរស់​នៅខេត្តស្រ្តាស់បួរ និង​បានសរសេរ​ផ្សាយរឿងក្នុង“ព្រឹត្តប័ត្រ​សេរីកា” ដែលគេយកមកចែកជូនជនភៀសខ្លួនអាន។ បន្ទាប់មក ពេលនៅប៉ារីស ខ្ញុំសរសេរផ្សាយក្នុង “ព្រឹត្តប័ត្រកូនខ្មែរ” របស់មជ្ឈមណ្ឌល   ឯកសារ ​និងស្រាវជ្រាវអារ្យធម៌ខ្មែរ ដែលដឹកនាំដោយលោក  នុត ណារ៉ាង និងបានសរសេរកំណាព្យក្នុង “ព្រឹត្តប័ត្រខ្មែរសាមគ្គី” នៅក្រុងឡុងនៃចក្រភពអង់គ្លេស និងព្រឹត្តប័ត្រ​មួយទៀត នៅប្រទេសអាល្លឺម៉ង់។ ទន្ទឹមគ្នា ខ្ញុំក៏និពន្ធ​ប្រលោមលោកខ្លីៗផ្សាយក្នុងសារព័ត៌មាន “នគរធំ” ក្នុងក្រុងឡុងប៊ិច នៃសហរដ្ឋ​​អាម៉េរិក។ បន្ទាប់មកបានស្ម័គ្រចិត្តជាមួយស្វាមីគឺ លោក ប៉ិច ឈុន ដើម្បីបម្រើនាទី​អក្សរសិល្ប៍ និងសិល្បៈខ្មែររាល់រាត្រីថ្ងៃព្រហស្បតិ៍ ឥតកម្រៃរយៈ​ពេល៤ឆ្នាំ ក្នុង “វិទ្យុអាស៊ីសំឡេងខ្មែរ” ក្នុង​ក្រុងប៉ារីស មុននឹងប្រឡងជាប់ចូលធ្វើការជាអ្នកសារព័ត៌មាន នៃវិទ្យុបារាំងអន្តរជាតិ ក្នុងរដ្ឋធានីប៉ារីសអស់រយៈពេល១៨ឆ្នាំ និង៦ខែ។ នៅក្នុង​​វិទ្យុ​បារាំង RFI នេះ ខ្ញុំ​ក៏​នៅតែបន្ត​កាន់ការ​ងារ​ក្នុង​នាទី​ខាង​វប្បធម៌​ សិល្បៈ អក្សរសាស្ត្រ អក្សរសិល្ប៍​ និងកិច្ចការ​ទាក់ទង​នឹង​អ្នកនិពន្ធ​​ជាប់ជានិច្ច​ដោយ​ក្តីស្រឡាញ់​​រហូត​ដល់​ចូល​និវត្តន៍​។

ចំពោះសកម្ម​ភាព​លម្អិតរបស់ខ្ញុំ​ពី​វិស័យ​អក្សរសាស្ត្រ​ជាតិ​នេះ សូមអញ្ជើញ​អាននៅក្នុងគេហទំព័រផ្ទាល់ខ្លួនរបស់ខ្ញុំ pechsangwawann.wordpress.com។ ខ្ញុំនឹងសរសេរចងក្រង​អំពីជីវប្រវត្តិពិត ដែលមានចំណងជើងថា “ខ្ញុំជាស្រី” និង អព្ភូតហេតុនៃស្ថានសួគ៌ និងសៀវភៅមួយចំនួនទៀត។ល។

ចិត្តស្រឡាញ់​អក្សរសាស្ត្រ អក្សរ​សិល្ប៍ ពេញ​ក្រឳបេះដូង ទោះជារស់​​នៅទីណាក្តី ក៏ខ្ញុំមិនចោល​ការ​និពន្ធ​ឡើយ​។ ខ្ញុំសម្រេចចិត្តចេញផ្សាយ​សៀវ​ភៅប្រលោម​លោក​ពីរ​​បីរឿង។ ការយកសៀវភៅទៅផ្ញើហាងលក់ ក៏​មិន​មែន​ជាការងាយឡើយ ហើយសូម​បញ្ជាក់ថា មិនមែនផ្សាយលក់សៀវភៅដើម្បីរកប្រាក់ចិញ្ចឹមជីវិតទេ ព្រោះ​ខ្ញុំមានការងារបានប្រាក់ខែសម្រាប់​រស់ហើយ។ ប៉ុន្តែ    គោល​ដៅ​ចម្បង ក្នុងនាម​ជាអ្នកស្រឡាញ់ការតែងនិពន្ធមួយរូប​ គឺខ្ញុំចង់ឱ្យគេដឹងថា​ មានអ្នក​និពន្ធខ្មែរ​ដែលរួច​ពីស្លាប់​នៃរបបខ្មែរក្រហម និងរស់នៅក្រៅស្រុក បាន​រួម​​គ្នា​​ចេញផ្សាយស្នាដៃឱ្យសហ​គមន៍ខ្មែរ ដែល​និរាសស្រុក មានសៀវភៅខ្មែរអាន ​ដូចសាសន៍ដទៃ ក្នុងទឹកដី​បរទេស​។​

ដោយ​សេចក្តី​ស្រឡាញ់​អក្សរសាស្ត្រ​ អក្សរ​សិល្ប៍​ជាតិ ពិសេស​​ស្រឡាញ់​ឈ្មោះ​សមាគមអ្នកនិពន្ធ ដូចដែល​ខ្ញុំ​ជម្រាប​មក​មុននេះ គឺ​ខ្ញុំបាន​សម្រេចចិត្តបង្កើត​​សមាគមអ្នកនិពន្ធខ្មែរនៅបរទេស​ ​ប្រចាំប្រទេស​បារាំង នៅឆ្នាំ​១៩៨៩​។ កន្លងមក គឺបានតែ​ផ្សាយរឿងសៀវភៅរបស់ខ្ញុំ ដោយចេញប្រាក់ផ្ទាល់ខ្លួនគ្រាន់តែដាក់ថា​ចេញផ្សាយពី​សមាគម ដើម្បីឱ្យគេបានស្គាល់សមាគមនេះ។ ក្រោយមក​ ខ្ញុំ​បាន​ទទួល​​ព្រះរាជូបត្ថម្ភ​​ប្រាក់មួយ​​ចំនួនពីអតីតព្រះមហាក្សត្រ នរោត្តម​​ សីហនុ​​ ហើយ​ខ្ញុំក៏រៀប​ចំការ​ប្រកួតការ​តែងនិពន្ធប្រលោម​លោក រង្វាន់សន្តិភាព។

ក្រោយពីខ្ញុំបានប្រឡងជាប់​ចូលធ្វើការ​ជាអ្នក​សារព័ត៌មាន ​ក្នុងវិទ្យុបារាំង​អន្តរជាតិនៅរដ្ឋធានី​ប៉ារីស ខ្ញុំ​​កាន់នាទីអក្សរសិល្ប៍ខ្មែរ​ ដែលជាឱកាសបានជួបសម្ភាស​អ្នកនិពន្ធ កវី​ នៅប្រទេសបារាំង និង​នៅ​ស្រុក​ខ្មែរ​។ ខ្ញុំបានបង្កើតនាទីជួបជាមួយសិល្បករខ្មែរនៅបារាំង ​​អាម៉េរិក និងកម្ពុជា ជាដើម។ល។ ក្រៅពីការងារ​វិទ្យុ ខ្ញុំឆ្លៀតរៀបចំ​រាត្រីជប់លៀងរាំ​កម្សាន្ត គឺ​តាម​សេចក្តីអញ្ជើញ​របស់​សមាគម​គ្រូពេទ្យ​ខ្មែរ ហើយ​ក៏បែកគំនិតធ្វើត្រាប់តាម​សមាគមខ្មែរនានានៅ     ទីនេះ ដើម្បីប្រមូលកម្រៃដែលសល់ពីការចំណាយក្នុង​រាត្រីនោះ​ ទុកសម្រាប់ប្រើការប្រកួតស្នាដៃរង្វាន់សន្តិភាព លើកទី១ ទី២ ​និងទី៣។

លុះដល់ឆ្នាំ២០០៤ ខ្ញុំបានទៅវិស្សមកាលក្នុងប្រទេសយើង ជាលើកដំបូង ក៏ជួបស្គាល់​សមាគម​អក្សរ​សិល្ប៍ នូ ហាច តាមរយៈលោក ខូ តារាឫទ្ធិ លោក ព្រឿង ប្រណីត ដែលខ្ញុំ​បាន​ធានា​មកទស្សនាប្រទេសបារាំង។ កាលនោះសមាគមអក្សរសិល្ប៍ នូ ហាច សុំឱ្យខ្ញុំចែករំលែកបទពិសោធ​​នៃការតែងនិពន្ធ ហើយក្នុងឱកាសនោះ ខ្ញុំក៏ស្គាល់លោកគ្រូ ឃឹម ច័ន្ទសុអហំ, អ្នកនិពន្ធ      សុខ​ ចាន់ផល,​ អ្នកនិពន្ធ សួង ម៉ាក់ ហៅ អាចម៍​ផ្កាយ​។​ ក្រោយមកទៀត ខ្ញុំបានស្គាល់​លោកស្រី​អ្នកនិពន្ធ ប៉ាល់ វណ្ណារីរក្ស ក៏អញ្ជើញខ្ញុំចូល​រួមក្នុងកម្មវិធី​សៀវភៅ​ល្អៗ​ ផ្សាយ​តាម​កញ្ចក់​ទូរ​ទស្សន៍​ជាតិ (ទទក)…។

ឆ្នាំក្រោយៗមកទៀត ខ្ញុំចូលរួមក្នុងសិក្ខាសាលាដែលអាចផ្តល់ពេលឱ្យខ្ញុំបានស្គាល់កវីអ្នកនិពន្ធ​មួយ​​ចំនួន​​ទៀត​ដូចជាលោកគ្រូ យូ សុភា, អ្នកនិពន្ធ    កៅ សីហា, អ្នកនិពន្ធ ណេង កន្និដ្ឋា និងអ្នកនិពន្ធ កវី មួយ​ចំនួន​ជាបន្ត​បន្ទាប់​ដែលខ្ញុំមិនបានរៀបរាប់​អស់ ​សូមអធ្យាស្រ័យ។

តាំងពីពេលនោះមក ខ្ញុំរក្សាទំនាក់ទំនងជាមួយអ្នក​និពន្ធក្នុងប្រទេសតាម​រយៈ​ការ​ងារ​វិទ្យុបា​រាំង​អន្តរ​ជាតិ ហើយ​រហូតមកទល់ពេលនេះ ខ្ញុំនៅតែ រក្សាទំនាក់ទំនងជាមួយបណ្ឌិត ឃីង ហុកឌី, កវីបណ្ឌិត យឹម កិច្ចសែ, អ្នកគ្រូ​   ស៊ិម ចាន់យ៉ា, អ្នកនិពន្ធ ទីង សុខា និង អ្នកនិពន្ធ​ អ៊ុំ​ សុផានី។ អ៊ុំ សុផានី​        ជា​​អតីត​ជ័យលាភី​មួយ​រូប នៃ​រង្វាន់​អក្សរសិល្ប៍​សន្តិភាព តាម​រយៈ​វណ្ណកម្ម         “​លោហិត​​តែមួយ” និង “អ្នកណា​ជា​ម្តាយ​ខ្ញុំ?” នៅឆ្នាំ១៩៩៧ និង​ឆ្នាំ​២០០០។ មិត្ត​នារី​ដ៏​ស្និទ្ធស្នាល​របស់​ខ្ញុំ​​​ម្នាក់នេះ ​​លា​ចាក​ឋាន ក្នុង​ឆ្នាំ​២០១៨​។  ការ​រៀបចំបោះពុម្ពសៀវភៅ​នេះឡើយ ក៏​ដើម្បី​ជាការ​ឧទ្ទិស​ចំពោះ​មិត្ត​សម្លាញ់​​​​ដែរ។​ ខ្ញុំ​បួងសួង​សូមឱ្យវិញ្ញាណក្ខន្ធមិត្ត​សោយសុគតិភព​។

ឆ្លៀត​វេលា​នេះ ខ្ញុំ​សូមជម្រាបថា​​ សមាគមអ្នកនិពន្ធខ្មែរនៅបរទេស បានបោះពុម្ព​សៀវ​ភៅ​ជ័យ​លាភី​​​ពីរបីរឿង មិនសូវបានបោះពុម្ពស្នាដៃច្រើនទេ ដោយហេតុថា​ បញ្ហា​ថវិកាជាចំណោទធំណាស់។ ខ្ញុំអំពាវនាវសូមឱ្យអ្នកនិពន្ធក្នុងស្រុក និងក្រៅស្រុកយើងទាំងអស់ក្នុងពិភពលោកយើងនេះ រួប​រួមគ្នា​ជាធ្លុងមួយ ពួតដៃគ្នាបង្កើតចរន្តចលនាអព្យាក្រឹត​ និងមូលនិធិ បើអាចធ្វើបាន​ ដោយ​ហ៊ានបរិច្ចាគ​ប្រាក់​កាស​ផ្ទាល់​ខ្លួន ដើម្បីជួយបោះពុម្ពស្នាដៃជាប់រង្វាន់​ដើម្បី​ទុកឱ្យអនុជន​ជំនាន់ក្រោយ និងដើម្បីផ្តល់សន្ទុះការតែងនិពន្ធ​​ និ​ងការអានឱ្យដូចជាប្រជាជនបរទេស។

លើសពីនេះ ខ្ញុំសូមអ្នកកវីនិពន្ធចូលជា​សមាជិក​សមាគម​ទាំងក្នុង​ទាំង​ក្រៅ ​​ដោយជួយបង់វិភាគ​ទាន​ប្រចាំ​ឆ្នាំ​ ពី​ព្រោះ​បើ​​សមាគមមិនបាន​ទទួលប្រាក់វិភាគ​ទាន​​របស់​សមាជិក​ទេ សមាគម​ក៏​មិន​អាច​ដំណើរការ និង​មាន​ជីវិត​​យូរ​   អ​ង្វែង និងមិនអាច​ចេញផ្សាយ​សៀវភៅថ្មីឡើយ។

ខ្ញុំ​មាន​សំណូមពរ​ពិសេសមួយទៀត សូមកវីអ្នកនិពន្ធបរិច្ចាគសៀវភៅរបស់ខ្លួនមួយចំនួន ធ្វើ​អំណោយ​​ដល់​សមាគម​អ្នកនិពន្ធ​ខ្មែរទាំងពីរ ហើយអនុញ្ញាតឱ្យសមាគម​លក់សៀវភៅ​នោះ ដើម្បីបានកម្រៃយកមកប្រើការ​រៀបចំ​ការប្រកួតរឿងខ្លី និងរឿងប្រលោមលោក ព្រមទាំងកំណាព្យ និងអាចជួយ   បោះពុម្ពចេញផ្សាយសៀវភៅដែល​ជាប់​រង្វាន់​អក្សរសិល្ប៍រាល់ឆ្នាំផង៕

ជយោមហាគ្រួសារអ្នកនិពន្ធខ្មែរ!

ជយោអក្សរសាស្ត្រអក្សរសិល្ប៍ខ្មែរ!

ម៉ុងទីញី ឡេ គ័រម៉ៃយ៍ ប្រទេសបារាំង ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០                                                              

   ​     ប៉ិច សង្វាវ៉ាន នាមដើម ព្រហ្ម សង្វាវ៉ាន ហៅ ព្រហ្ម សុទ្ធធីតា

   អតីតអ្នកសារព័ត៌មាននៃវិទ្យុបារាំងអន្តរជាតិផ្នែកការផ្សាយភាសាខ្មែរ

 ប្រធានស្ថាបនិកសមាគមអ្នកនិពន្ធខ្មែរនៅបរទេស ប្រចាំប្រទេសបារាំង

សេចក្តីថ្លែងអំណរគុណ
ពីប្រធាន​ស្ថាបនិក​សមាគមអ្នកនិពន្ធខ្មែរ នៅបរទេសប្រចាំប្រទេសបារាំង (AEKE)
 

នៅឆ្នាំ​២០១៧-២០១៨ សមាគមអ្នកនិពន្ធខ្មែរ នៅបរទេសប្រចាំប្រទេសបារាំង (AEKE) រៀបចំការប្រកួតពានរង្វាន់ “អក្សរសិល្ប៍សន្តិភាព លើកទី៣”​ មានគោលបំណងចូលរួមចំណែកលើកស្ទួយការអាន, បង្កើនទំនើបភាពនៃអក្សរសិល្ប៍ជាតិយើង និងលើកកម្ពស់ការប្រកួតប្រជែងស្នាដៃថ្មីៗ ជាពិសេស ផ្តល់ឱកាស​សម្រាប់ កវី និង អ្នកនិពន្ធវ័យក្មេង ដែលចង់បញ្ចេញ   វណ្ណកម្មរបស់ខ្លួន។​ បេក្ខជនដែលឈ្នះរង្វាន់ជ័យលាភី និងទទួល​រង្វាន់លើកទឹកចិត្ត នៅក្នុងការប្រកួតស្នាដៃមានរាយនាម៖ ស្វាយ លីម៉េង, ប៊ុន ពិសី,​ ឈាវ សំណាង, ហ៊ួន សាវង, ហូវ លីឃាង, ប៉េង សំរិទ្ធ, ជឿន គឹម​ហេង​។

ឆ្លៀតវេលាគ្រានេះខ្ញុំ ប៉ិច សង្វាវ៉ាន ជា​ប្រធានស្ថាបនិកសមាគមអ្នកនិពន្ធ​ ​ខ្មែរនៅបរទេសប្រចាំប្រទេសបារាំង (AEKE) សូមអរគុណជា​អនេក​ចំពោះ លោកស្រីបណ្ឌិត ប៉ែន​ សេដ្ឋារិន, អ្នកនិពន្ធ ​ប៉ាល់ វណ្ណា​រីរក្ស, អ្នកនិពន្ធ អ៊ុំ​ សុផានី​ អ្នកនិពន្ធ ស៊ិម ចាន់យ៉ា, អ្នកនិពន្ធ ទឹង ​សុខា,​ អ្នកនិពន្ធ ប៉ុល ពិសី, ឯកឧត្តមកវី ជ័យ ចាប, កវីនិពន្ធ វ៉ែន សុន, លោក គឹម ចាន់ណា, ​កវី​បណ្ឌិត យឹម កិច្ច​សែ,  កវី យិន លួត, កវី អ៊ីវ ហួត​​, អ្នកនិពន្ធ​ ទឹម​ ម៉ានី, ក្មួយ ព្រឿង ប្រណី​ត​, លោក   អ៊ូច ភីរម្យ, លោក សំ វិជ្ជា, កវីនិពន្ធ ស៊ូ ខេមរិន្ទ, លោក កែវ ឈុន,​ អ្នកនិពន្ធ​​    លឹម សន្តិភាព​​​ និង ក្មួយៗ​កូនធម៌ទាំងអស់មាន,​​​​ឃឹម ច័ន្ទ​សុអហំ, កៅ សីហា​​​, ណេង កន្និដ្ឋា​​, យូ​ សុភា, សុខ ចាន់ផល​​, ឡឹក ជំនោរ, ហេង ឧត្តម​ ព្រមទាំង ម៉ា​ ច័ន្ទបញ្ញា ជាមេ​ប្រយោគ​ទាំង​អស់​ដែល​បា​ន​ចំណាយពេលដ៏មានតម្លៃដើម្បីជួយជ្រោមជ្រែង ហើយ​នឹងដែល​បាន​ចូលរួម​ធ្វើ​ជា​វាគ្មិនកិត្តិយស ​នៅថ្ងៃប្រកាសលទ្ធផល រឿងខ្លីនិងកំណាព្យ ពានរង្វាន់សន្តិភាព លើកទី៤ នៃសមាគមអ្នកនិពន្ធ​ខ្មែរនៅបរទេសប្រចាំ ឆ្នាំ២០១៧-២០១៨។ សូមអរគុណជាពិសេសម្តងទៀត ចំពោះការដែលជួយជ្រោមជ្រែងអស់ពីចិត្តពីថ្លើមរបស់​អស់លោក​លោកស្រី​និងកូន​ក្មួយ​គ្រប់គ្នា​។ នេះអំណោយដ៏មានតម្លៃឥតកាត់ថ្លៃពុំ​បាន សម្រាប់ខួបកំណើត​គម្រប់​៧០ឆ្នាំរបស់​ខ្ញុំ។

នឹកដល់​ក្នុងទិវា​​ប្រកាស​រង្វាន់​ជ័យ​លាភីនោះ ​ខ្ញុំ​សូមថ្លែងអំណរ​គុណ​ជាថ្មីម្តងទៀត​ ចំពោះអ្នក​ដែល​ជំនួស​ដៃ​ខ្ញុំ​យ៉ាង​ច្រើន។ កញ្ញា អ៊ឹម រចនា ជាអ្នកសម្រប​​សម្រួល​ក្នុងការ​ជជែក​ពិភាក្សា។ ឯកញ្ញា គឹម ឌីណា ​ជួយ​​ធ្វើជា​ពិធីការិនី​​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់នេះ​ ហើយសិល្បករ​កវី​ យឹង យន ​​ជួយ​ស្មូត្រ​កំណាព្យ នៅពេល​​ប្រកាស​​លទ្ធផល​ផង។ នៅមាន​អ្នក​ជួយ​ចាត់ចែង​ផ្សេងៗ​ជាច្រើន​រូប​​ទៀត​ ដែល​​ខ្ញុំ​សូម​ក្តីមេត្តាអធ្យាស្រ័យ ដោយ​ពុំ​អាច​រាយនាម​អស់​នៅទីនោះ។​​​ សូមលោកនិងនាងកញ្ញាទទួលការដឹងគុណដ៏ជាលជ្រៅ និងគោរព​កោត​សរសើរ​ក្រៃលែងអស់​ពីដួង​ចិត្ត​របស់​​ខ្ញុំ។

ក្នុង​ការ​បោះពុម្ព​កម្រង​វណ្ណកម្ម​ជាប់​​ជ័យលាភី​​នេះ គឺមាន​កវីអ្នក​និពន្ធដែល​បាន​រាយ​នាម​​រួច​​ហើយ​ គឺលោក លោកស្រី​​មួយ​ចំនួនបាន​បន្ត​ចូលរួមផ្តល់​ស្នាដៃ​ខ្លះ​សម្រាប់ការ​​​បោះពុម្ពផ្សាយ​ថែមទៀត​។ ខ្ញុំ​សូម​ថ្លែងអំណរគុណចំពោះ​លោកលោកស្រីជាថ្មីម្តង​ទៀតដែរ​។

​ខ្ញុំ​សូម​​​គោរព​អរគុណ​ដល់​លោកគ្រូ គឹម ខូវនី ដែល​ខ្ញុំ​និងស្វាមី​​គោរព​យ៉ាង​ជ្រាលជ្រៅ​បំផុត​។​ បន្ថែមពីនេះ​ ​ក៏​មាន​កវីអ្នក​និពន្ធនិងអ្នក​ស្រាវជ្រាវ​ថ្មីថែមទៀត បាន​ចូលរួម​ផ្តល់​វណ្ណកម្ម​​បន្ថែម​ដែរ​។

ឆ្លៀត​វេលា​នេះ ខ្ញុំ​ក៏​សូម​អរគុណចំពោះលោក​ តៃ សុវណ្ណារុណ ដែល​​ជូន​អត្ថបទ​ស្រាវជ្រាវ​មួយ ​និង​កំណាព្យ​មួយសម្រាប់​ការ​បោះពុម្ព។

សូម​អរគុណកវីនិពន្ធខ្មែរ ស៊ូ ខេមរិន្ទ ដែល​ផ្តល់​កំណាព្យ​ដ៏​មានន័យ​និង​ចម្រៀង​មួយ​បទ​យ៉ាង​ពីរោះ​ជាប់​ចិត្ត​។​

ជាងនេះទៅទៀត ខ្ញុំក៏សូមអរគុណ កវី ព្រឿង ប្រណីត ប្រធានសមាគម​អ្នកនិពន្ធខ្មែរ​ដែលបានសហការ និង​ផ្ដល់ជូនកំណាព្យ​ចូលរួមបោះ​ពុម្ពជា​មួយ​សៀវភៅ អក្សរសិល្ប៍សន្តិភាព នេះប្រកដោយខ្លឹមសារជ្រាលជ្រៅ។ 

បេក្ខជន​​បណ្ឌិត កែវ ភីរិទ្ធ ​ប្រឹង​ប្រែង​​ស្រាវជ្រាវ​ពី​អក្សរ​សិល្ប៍បារាំងនៅ​ឥណ្ឌូ​ចិន ហើយ​បាន​ផ្តល់​ស្នាដៃ​សិក្សា​ស្រាវជ្រាវ​សម្រាប់​ការ​បោះពុម្ព​សៀវភៅ​នេះដែរ​។ សូម​ឱ្យ​លោកក្មួយ​​ឆាប់​សម្រេច​​ជោគជ័យ​​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត និងឆាប់​បាន​ត្រឡប់​ចូល​បម្រើមាតុប្រទេស​​។​

​លោកបណ្ឌិតរដ្ឋ​សភាចារ្យ​ ឃីង ហុកឌី ជា​សមាជិក​សមាគមអ្នក​និពន្ធ​ខ្មែរ​នៅ​បរទេស​ប្រចាំ​ប្រទេស​បារាំងស្រាប់ ​ក៏​ផ្តល់​អត្ថបទ​​ស្រាវជ្រាវ​អក្សរ​សិល្ប៍​និង​ការ​បោះពុម្ពផ្សាយ ជាភាសាបារាំង​ ដើម្បីឱ្យ​ក្រុម​ការងារ​បោះពុម្ព​ចាត់ចែងបកប្រែដែរ។​ ​ខ្ញុំ​សូមថ្លែងក្តីដឹងគុណ​យ៉ា​ងច្រើន​ចំពោះ​លោក​​បណ្ឌិត និង​ជូនពរ​ សូម​ឱ្យ​លោក​មាន​សុខភាព​ល្អ​ប្រពៃ​។​

​ខ្ញុំសូម​កត់ត្រាទុកនូវ​កាយវិការខ្ពង់ខ្ពស់ ប្រកបដោយវី​រិយ​ភាពទាំ​ង​ឡាយ​​នេះ ក្នុងប្រអប់​ដួងចិត្តខ្ញុំ លុះថ្ងៃអវសាន៕​

បញ្ចេញមតិ