Category Archives: រូបថតអនុស្សាវរីយ៍

លោកគ្រូ ប៊ុន ថាន់​ និងភរិយាសក់ អៀងព្រមទាំងកូន ប្រុសម៉ុង ហ្វី អនុស្សាវរីយ៍១ក្នុងពេលភៀសខ្លួន ដែល មិនអាចបំភ្លេចបានឡើយនៅភូមិនួនញ៉ាងប្រទេសលាវ

ខាងក្រោមនេះជាទំព័រដួងចិត្តដែលភរិយារបស់លោកគ្រូប៊ុន​ថាន់បានសរសេរទុក

ឱ្យខ្ញុំជាអនុស្សាវរីយ៍នៅក្នុងពេលដែលយើងបានស្គាល់គ្នានិងបានរស់នៅជាមួួយគ្នា

ក្នុងសាលាឆាន់ដ៏កញ្ចាស់មួយដែលគេបោះបង់ចោលក្នុងឃុុំ«នួនញ៉ាង»ប្រទេសលាវ។

សាលានោះគ្មានជញ្ជាំងទេ ជាសាលាក្នុងវាលរហោដ្ឋានមួួយដែលហ៊ុំព័ទ្ធដោយដើម

ឈើធំៗប្រៀបដូចជានៅក្នុងព្រៃស្រ្មសាន។  ក្នុងពេលយប់ម្តងៗ សម្លេងចចកវយំគួរឱ្យ

ភ័យខ្លាចខ្លាចណាស់ មិនត្រឹមតែប៉ុណ្ណោះមានទីនេះក៏បិសាចលងបន្លាចទៀតផង។

ប្រុសធំដែលកូនប្រុសខ្ញុំឈឺគ្រុនក្តៅស្រែករវើរវាយថា «យក្សធំណាស់ម៉ាម៉ង់»។

(MAMANគឺជាពាក្យហៅមាតាដែលគ្រួសារខ្ញុុុំមានទម្លាប់ហៅដូច្នេះតរៀងៗមកតាំង

ពីដើម​ ដែលប្រែជាខ្មែរថា« លោកម៉ាក់ ឬអ្នកម៉ាក់​ ឬម៉ាក់ ​ឬម៉ែទៅតាមទម្លាប់​នៃការ

និយមនិងថាន:វណ្ណះនៃគ្រួសារនិមួយៗក្នុងសង្គមខ្មែរយើង)។

នៅនោះមានបីសាចលងបន្លាច។ ចំណែកឯប្អូនប្រុសខ្ញុំម្នាក់ដែលឈឺគ្រុនក្តៅដែរបាន

ឃើញមនុស្សមាឌធំៗខ្ពស់កាប់ដើមចេកពន្លំលើក្បាលរបស់គេ។

ក្នុងពេលអាសន្ននោះ លោកគ្រូ ប៊ុនថាន់ដែលជាគ្រូកីឡាម្នាក់ធំខ្ពស់និងមានមនុស្សធម៌

ពេញបេះដូងបានអៀវស្វាមីខ្ញុុំដែលកំពុុងតែឈឺធ្ងន់ដើរមិនរួចពីភូមិមឿងភីនទៅភូមនួនញ៉ាង

ដែលមានចម្ងាយ១០គីឡូម៉ែត្រ ព្រោះ ​នៅទីនោះមានផ្ទះពេទ្យ។ សមាជិកគ្រួសារខ្ញុុំដែលមាន

ចំនួន១៨នាក់ត្រូវជំងឺគ្រុនចាញ់នៅតែខ្ញុំម្នាក់គត់។

ក្រុមគ្រួសារខ្ញុុំទាំងមូលមិនអាចបំភ្លេចគុណបំណាច់របស់លោកគ្រូប៊ុនថាន់ក្នុងគ្រាដ៏កំសត់

វេទនានេះបានឡើយ។ យើងតែងតែនឹកនិងស្វែងរកចង់ជួបលោកគ្រូនិងភរិយាព្រមទាំងម៉ុង

ហ្វីដែលជាកូនប្រុសរបស់លោកគ្រួនិងភរិយាឈ្មោះសក់ អៀងជានិច្ច​ ប្រសិនបើលោកគ្រូនិង

គ្រួសារនៅមានរស់រានមានជីវិតក្នុងប្រទេសណាក៏ដោយ។

សូមទាក់ទងតាមសារអេឡិចត្រូនិចនេះ​ aeke.sp@gmail.comនិងតាមគេហទំព័រនេះ៕

 

មិត្តភាពរវាងអ្នកបងស៊ិម ចាន់យ៉ា​និងខ្ញុំកើតឡើងដោយនិស្ស័យពីរចំណុច គឺកិច្ចការវិទ្យុ និង កិច្ចការនិពន្ធ

ថតក្នុងពេលអ្នកបងលាខ្ញំទៅវិញ

ថតក្នុងពេលអ្នកបងលាខ្ញំទៅវិញ

wpad5bd31d_0f

 គឺកិច្ចការវិទ្យុ និង កិច្ចការនិពន្ធ

អ្នកបងស៊ិម ចាន់យ៉ា​បានបម្រើវិទ្យុសម្លេងស្រ្តី ក្នុងប្រទេសកម្ពុជា
ខ្ញុំ​ប៉ិច ​សង្វាវ៉ានបានបម្រើវិទ្យុម្រើវិទ្យុបារាំងអន្តរជាតិRFI ក្នុងប្រទេសបារាំង

140927

 

រំដួលបុប្ផាអត្តសញ្ញាណជាតិខ្មែរ ដោយ ឡឹក ជំនោរ

hhhhhh

បណ្ណដែលបានរៀបចំដ៏ល្អប្រណិតនេះជាស្នាដៃដែលកើតចេញពីដួង

ចិត្តរបស់បញ្ញាវន្ត អ្នកនិពន្ធខ្មែរយើងឡឹក ជំនោរ។

សូមឱ្យសេចក្តីស្រឡាញ់នៅលើបណ្ណនេះ និង ក្លិនក្រអូបនៃបុប្ផា

រំដួលសាយភាយជានិច្ចក្នុងដួងចិត្តមនុស្សលោកទាំងអស់នៅក្នុង

ពិភពលោក ជាពិសេសប្រិយមិត្តទាំងអស់ដែលបានចូលអាននិង

ចូលទស្សនាគេហទំព័រខ្ញុំនេះ។ 

សូមឱ្យសេចក្តីស្រឡាញ់ និង សន្តិភាពគ្របដណ្តប់លើដួងចិត្ត

មនុស្សជាតិក្នុងទិវានេះ និង គ្រប់ទិវារាត្រី៕

វិស្សមកាលនៅប្រទេសកាណាដា​ ដោយប៉ិច សង្វាវ៉ាន

វិស្សមកាល២០១២នេះ ជាឱកាសនាំជំហានយើងឲ្យទៅមើលទីតាំងលំនៅរបស់

កូនពីរនាក់ក្នុងប្រទេសកាណាដា។​     ពួកគេស្រឡាញ់ប្រទេសកាណាដា ហើយ

សម្រេចចិត្តចាកចេញពីប្រទេសបារាំង   ទៅរស់នៅក្នុងប្រទេសដ៏ធំទូលំទូលាយ

នេះ។

កាលដែលខ្ញុំនៅបម្រើការងារជាអ្នកសារព័ត៌មាននៃវិទ្យុបារាំងអន្តជាតិក្នុងរយៈ

១៨ឆ្នាំ   ខ្ញុំមិនដែលបានទទួលព័ត៌មានអំពីប្រទេសកាណាដាដូចជាប្រទេសឯ

ទៀតសោះ។  ប៉ុន្តែ  ខ្ញុំបានទទួលសារអេឡិចត្រូនិចពីអ្នកស្តាប់ដ៏មានភក្តីភាព

មួយរូបដែលរស់នៅក្នុងក្រុង«ម៉ុងរ៉េអាល់​ គឺ​ លោក​អ៊ុន ឃ្លី។​  លោកតែងតែផ្ញើ

សារមកខ្ញុំជារឿយៗ កាលណាលោកពេញចិត្ត  «នាទីជួបជាមួយអ្នកចម្រៀង

ក្នុងប្រទេសកម្ពុជា»​ និង «នាទីអក្សរសិល្ប៍ខ្មែរ»របស់ខ្ញុំ។

នៅមធ្យមសិក្សា តាមរយៈមេរៀនបារាំងមួយក្នុងសៀវភៅ «COURS DE

LANGUES ET CIVILISATION FRANCAISE » ដែលនិពន្ធដោយ  G.

MAUGER  ខ្ញុំបានស្គាល់ឈ្មោះទីក្រុង«ម៉ុងរ៉េអាល់»ជាលើកដំបូងក្នុងជីវិត។  

លោកគ្រូបង្រៀនផ្នែកអក្សរសាស្ត្របារាំងបានពន្យល់ប្រាប់សិស្សទាំងអស់

ថាឈ្មោះក្រុង«ម៉ុងរ៉េអាល់»នេះ គេសរសេរថា«ម៉ុងត្រេអាល់» «MONTREAL»

តែគេអានថា «ម៉ុងរ៉េអាល់»។

​ប្រសិនជាកូនខ្ញុំពីរនាក់មិនទៅរស់នៅទីនេះទេ​ ប្រហែលជាខ្ញុំមិននឹកនាចង់មក

ទស្សនាទីក្រុងនេះទេមើលទៅ?  ក្នុងពេលដើរទស្សនាក្រុង   «ម៉ុងរ៉េអាល់»  ខ្ញុំ

មានអារម្មណ៍ថា មិនពិបាកប្រាស្រ័យទាក់ទងដូចជាដើរនៅប្រទេសចិន  វៀត

ណាម  ថៃ  លាវ  ម៉ាឡេស៊ី  សាំងហ្គាពួរ សហរដ្ឋអាមេរិកទេ      ព្រោះនៅក្រុង

«ម៉ុងរ៉េអាល់»នេះតែម្តង គេប្រើភាសានិងអក្សរបារាំងសឹងតែទូទៅ។ មកដល់

ទីនេះ ខ្ញុំនឹកឃើញនៅពេលឈរចាំឡើងយន្តហោឆ្ពោះទៅប្រទេសកាណាដា

ខ្ញុំបានជួបស្វាមីភរិយាខ្មែរមួយគូរដែលជួបស្គាល់លោក​អ៊ុន ឃ្លី អ្នកស្តាប់ដ៏មាន

ភក្តីភាពរបស់ខ្ញុំដែរ។    លោកនោះបានប្រាប់ខ្ញុំថា ឆ្នាំ២០១២ នេះ កូនខ្មែរនៅ

ប្រទេសបារាំងប្រមាណ៣០០នាក់បានចេញទៅសិក្សាក្នុងប្រទេសកាណាដា។

នេះជាដំណឹងមួយគួរឲ្យភ្ញាក់ផ្អើល ព្រោះខ្ញុំមិនដែលនឹកគិតថា យុវជនខ្មែរដែល

កើតនិងរស់នៅក្នុងប្រទេសបារាំង និងដែលមានប្រព័ន្ធសង្គមកិច្ច​ល្អជាងគេ នាំ

គ្នាចាប់ចិត្ត និងចូលចិត្តប្រទេសកាណាដានេះសោះ។   ដំណឹងនេះហាក់ដូចជា

ជួយសម្រាលគំនិតខ្ញុំដែលតែងតែសួរថា ​ហេតុអ្វីបានជាកូនជាទីស្រឡាញ់របស់

ខ្ញុំទៅរស់នៅឆ្ងាយពីយើង។ ដល់បានស្គាល់ និង  ឃើញមហាប្រទេសដ៏ល្អនេះ

ផ្ទាល់ភ្នែក   ខ្ញុំហាក់ដូចជាមានការកក់ក្តៅ​លែងគិត លែងសូវបារម្ភច្រើន លែង

សួរ ​លែងឆ្ងល់ច្រើន  ដូចពីពេលមុនទៀតហើយ។​

ថ្ងៃ២៧​សីហា២០១២ ​ក្នុងទិក្រុង ម៉ុងរ៉េអាល់
ថ្ងៃនោះ ខ្យល់ខ្លាំងណាស់ ឡើងប៉ើងសក់អស់ (រូបថត៖ ប៉ិច សង្វាវ៉ាន)

ក្នុងក្រុងម៉ុងរ៉េអាល់ នៅខាងក្រោយខ្នងយើង ជាកន្លែងចុះទៅជិះមេត្រូរថភ្លើងក្រោមដី។
ស្មានតែនៅរដ្ឋធានីប៉ារីសទេតើ ព្រោះដូចគ្នាបេះបិទ  (រូបថត៖ ប៉ិច សង្វាវ៉ាន)

ទីក្រុងអូតាវ៉ា OTTAWA រដ្ឋធានីនៃប្រទេសកាណាដា​

ខ្ញុំចាប់អារម្មណ៍ទីក្រុង«អូតាវ៉ា» កាលពីសាមសិបឆ្នាំមុន   តាមរយៈខ្សែអាត់

ចម្រៀងខ្មែរដែលផលិតនៅក្រុងនេះ។  ប៉ុន្តែ ខ្ញុំមិនធ្លាប់បានស្រមៃទីក្រុងនេះទេ។

ទីក្រុង «អូតាវ៉ា»មានទំហ៊ំតូច និងហាក់ដូចជាមានសម្រស់ចាញ់ទីក្រុង«ម៉ុងរ៉េ

អាល់»មែន តែបើគេដើរកំសាន្តក្នុងសង្កាត់ហិរញ្ញវត្ថុ និង សង្កាត់រដ្ឋសភាជាតិ

នោះ គេច្បាស់ជាគិតថា រដ្ឋធានីនៃប្រទេសកាណាដានេះល្អស្អាត និងទំនើប

មិនចាញ់ទីក្រុង«ម៉ុងរ៉េអាល់»ទេ។

ក្នុងទីក្រុង «អូតាវ៉ា» ខ្ញុំកត់សំគាល់ឃើញគេដាក់ឈ្មោះដងវិថីតូចធំទាំងអស់

ជាអក្សរបារាំងផង អក្សរអង់គ្លេសផង។​ នៅទីនេះ គេតម្រូវឲ្យបុគ្គលិករដ្ឋការ

ចេះភាសាពីរ(bilingue) គឺ បារាំង និងអង់គ្លេស។ ប៉ុន្តែ ប្រជាជននៅរដ្ឋធានី

«អូតាវ៉ា»និយមនិយាយភាសាអង់គ្លេសមិនដូចនៅ «ម៉ុងរេអាល់»ទេ។

ចំពោះខ្ញុំ ជនជាតិកាណាដានិយាយអង់គ្លេស ស្រួលស្តាប់  ស្រួលយល់

ជាងជនជាតិអាមេរិកាំង។

​ថតខែកញ្ញាឆ្នាំ២០១២ ៖ភោជនីយដ្ឋាននេះស្ថិតនៅទីក្រុង «អូតាវ៉ា»។
លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិកបានចូលពិសារ។
(រូបថត៖​ប៉ិច​សង្វាវ៉ាន)

ហាងខ្មែរនៅទីរដ្ឋធានី«អូតាវ៉ា»

ថ្ងៃ៣០ ខែសីហា ឆ្នាំ២០១២
នៅមុខហាងខ្មែរ GRACE OTTAWA ក្នុងទីក្រុង អូតាវ៉ា
(រូបថត៖ ប៉ិច សង្វាវ៉ាន)

នៅ «អូតាវ៉ា» យើងបានស្គាល់ហាងខ្មែរបី គឺហាងលក់គ្រឿងទេស «GRACE

OTTAWA»មួយ។ យើងបានទិញ អង្ករ១បាវក្នុងហាងនេះ ។ អ្នកកាន់ហិបប្រាក់

គិតលុយ​ ក្រោយពីបានដឹងថាយើងនៅប្រទេសបារាំង គាត់ក៏បានដំណាលប្រាប់

យើងថា ម្ចាស់ហាងនេះក៏ជាអ្នកមកពីប្រទេសបារាំងដែរ។ ​មុននឹងចូលហាងនេះ

​កូនប្រសារខ្ញុំបាននាំយើងចូលទៅយកស្បែកជើងដែលដាក់ក្នុងហាងខ្មែរមួយទៀត

ឲ្យជួសជុល គឺ ​«CAPITAL SHOE CLINIC» ។ ហាងនេះមិនត្រឹមតែជួសជុលស្បែក

ជើងទេ តែមានលក់វត្ថុផ្សេងៗសម្រាប់ស្បែកជើង។ ហាងនេះស្អាតបង្គួរ មានដាក់កៅ

អីសាឡុងពីរសម្រាប់ភ្ញៀវអង្គុយចាំ។  ម្ចាស់ហាងឈ្មោះ លោក សុគន្ធ ។​ លោក សុគន្ធ

មានវ័យចំណាស់បន្តិចមែន  តែមានភក្ត្រស្រស់ស្អាត ទឹកមុខញញឹមរាក់ទាក់រួសរាយ

ណាស់។ ដឹងថាយើងជាខ្មែរ​   លោកលើកដៃសំពះសួរយើង  ហើយនិយាយប្រាប់យើង

ថា មុនពេលសេដ្ឋកិច្ចធ្លាក់ចុះ ហាងលោកមានបុគ្គលិកដល់ទៅជាងម្ភៃនាក់។ ប៉ុណ្ណឹង

ហើយ​ធ្វើការសឹងមិនចង់ទាន់។ ឥឡូវនេះ នៅសល់បុគ្គលិកតែ៤នាក់ប៉ុណ្ណោះ។

ឆ្លើយសំណួរខ្ញុំ ដែលសួរថា តើហាងដូចនេះមានតែមួយទេ ឬ បានជាហាងលោក

មានភ្ញៀវច្រើនម្លឹង? ។​ លោក​សុគន្ធឆ្លើយថា ៖ មានហាងច្រើន តែ​គេធ្វើមិនបាន

រហ័ស​និងមិនសូវល្អដូចហាងលោក។ នៅខាងក្នុងហាង មានបុរសខ្មែរមុខស្រស់

ម្នាក់ទៀតកំពុងបំពេញកិច្ចការ តែភ្នែកសម្លឹងមកយើង ហើយលើកដៃជម្រាបសួរ

យើងពីចម្ងាយ។ពេលយើងលាចេញពីហាង លោកសុគន្ធលើកដៃប្រណម្យ។​ នេះ

ជាកាយវិការដ៏ល្អមួយដែលខ្ញុំលួចសរសើរក្នុងចិត្ត ពីព្រោះខ្ញុំមិនដែលប្រទះទាល់

តែសោះនៅប្រទេសបារាំង ក៏ដូចជានៅឯប្រទេសខ្មែរយើងដែរ។

មុននឹងចេញពីរដ្ឋធានី«អូតាវ៉ា»​ដើម្បីត្រឡប់ទៅស្នាក់នៅផ្ទះកូនប្រុសពៅនៅឯ

ក្រុង «ម៉ុងរ៉េអាល់» ជាទីដែលយើងត្រូវឡើងយន្តហោះត្រឡប់មកប្រទេសបារាំង

វិញ យើងបានទៅសង្កាត់ចិន CHINATOWN នៅ«អូតាវ៉ា» ដើម្បីរកទិញឆ្នាំងដាំ

បាយអគ្គីសនីផ្ញើកូនដែលទើបនឹងចូលផ្ទះថ្មី។ យើងបានចូលហាងមួយលក់ទំនិញ

អាស៊ីដែលមានយីហោថា«BANGKOK»។ មុននឹងចូលហាងនេះ យើងយើងគិតថា

ម្ចាស់ហាងប្រាកដជាជនជាតិថៃ។ តាមពិត គាត់ជាកូនចៅចិនទេតើ។ គាត់ជាអ្នក

ស្រុកសិរីសោភ័ណ ប្រទេសយើងសោះ។ ខ្ញុំចេះតែឆ្ងល់ ហេតុអ្វីបានជាគាត់ដាក់

យីហោហាងគាត់ថា« BANGKOK »មិនដាក់ថា«សិរីសោភ័ណ»បែរជាដាក់ឈ្មោះ

ក្រុងគេទៅវិញ។ ម្ចាស់ហាងនេះអាយុប្រហែលចិតសឹបឆ្នាំ ​តែគាត់នៅធ្វើការក្នុង

ហាងគាត់ ​ព្រោះកាត់ថាបើជួលគេ​ត្រូវចំណាយប្រាក់ខែបុគ្គលិក១ម៉ោង​១០ទៅ១៤

ដុល្លារកាណាដា។ គាត់និយាយថា កូនគាត់ពីរនាក់ក៏បើកហាងដូចគ្នាដែរនៅក្នុង

សង្កាត់នេះ។ ឲ្យតែជួបខ្មែរយើងម្តងៗយើងតែងតែឆ្លៀតសំណេះសំណាលពីនេះ

ពីនោះមិនខានឡើយ។ ស្វាមីខ្ញុំ បានសួរពីសុវត្ថិភាពក្នុងមុខរបរនេះ ថា «ធ្លាប់មាន

គេប្លន់ឬទេ?»។ ម្ចាស់ហាងឆ្លើយថា «មិនដែលមានទេ»។ បើសិនជាមាន គ្រាន់តែ

ចុចតែកណ្តឹងនេះភ្លាម(គាត់ចង្អុលទៅកន្លែងដាក់កណ្តឹងអាសន្ន) ប៉ូលីសមកដល់

ភ្លែត។ គួរឲ្យកក់ក្តៅណាស់។    ស្វាមីខ្ញុំសួរទៀតថា  «​តើមានឲ្យលុយប៉ូលីសទេ?​

គាត់ថា «អត់ទេ»។ ម្ចាស់ហាងបញ្ជាក់បន្ថែមថា៖ « ​នៅទីនេះស្រួលណាស់ដើរ

ដល់យប់ជ្រៅដល់ណាណី ក៏មិនដែលមានរឿងអីដែរ »​ ។

ទឹកជ្រោះ NIAGARA FALLS

ទឹកជ្រោះNiagara ហូរទម្លាក់ខ្លួនជារាងក្រចកសេះ
មើលពី Skylon Tower​​” 3 RET
(រូបថត៖ វិរៈសិទ្ធ ប៉ិច)

មុននឹងទៅដល់ទីនេះ យើងបានជិះរថយន្តក្រុងរយៈពេលប្រាំម៉ោងកន្លះពីរដ្ឋធានី

«អូតាវ៉ា» ទៅទស្សនាទីក្រុងសេដ្ឋកិច្ច«TORONTO តូរុងតូ»សិន។ ក្រុងដ៏ធំនេះ

មានសភាពអ៊ូអរជាងក្រុង«ម៉ុងរេអាល់»និងក្រុង«អូតាវ៉ា»ដែលយើងបានទស្សនា

រួចហើយ។       យើងដើរទស្សនាក្រុងនេះ ​ហើយជិះតាក់ស៊ីត្រឡប់មកសណ្ឋាគារ

«SUPER 8​»ដែលស្ថិតនៅក្នុងសង្កាត់ចិនCHINATOWN វិញ។ យើងចូលចិត្តនៅ

សង្កាត់ចិន ព្រោះមានគុយទាវ និងម្ហូបចិនបរិភោគ។ សង្កាត់ចិននេះធំ តែដូចជាមិន

សូវអ៊ូអរដើរប្រជ្រៀតគ្នាដូចនៅសង្កាត់ CHINATOWN នាទីក្រុង ញ៉ូវយ៉ក នៃសហ

រដ្ឋអាមេរិកទេ។ ជាហូរហែ នៅលើចិញ្ចើមថ្នល់ធំទូលាយខាងមុខហាងលក់ទំនិញ

អាស៊ីនិមួយៗ  គេឃើញរានលក់បន្លែផ្លែឈើគ្រប់មុខ ហាងលក់សម្លៀកបំពាក់ លក់

ទំនិញប្រើប្រាស់ ហាងលក់វត្ថុសម្រាប់ធ្វើអំណោយតូចៗដែលមានតម្លៃថោកៗ។   

 នៅក្នុងភោជនីយដ្ឋាននិមួយៗ គេឃើញតែជនជាតិចិនចូលមកបរិភោគពេញ។

 នៅយប់ចុងក្រោយក្នុងទីក្រុង «តូរង់តូ» យើងបានចូលភោជនីយដ្ឋានមួយដែល

មានព្យួរទាខ្វៃក្នុងទូកញ្ចក់រណេងរណោងគួរឲ្យស្រក់ទឹកមាត់។ យើងបរិភោគមីរ

សាច់ទាយ៉ាងឆ្ងាញ់។ ទាខ្វៃនៅក្រុង «តូរ៉ង់តូ»​ មានរសជាតិឆ្ងាញ់ណាស់ឆ្ងាញ់ដូច

ទាខ្វៃនៅរដ្ឋធានី «ប៉ារីស» ប្រទេសបារាំងដែរ  គឺមិនដូចទាខ្វៃនៅទីក្រុង«ប៉េកាំង»

​ប្រទេសចិនដែលគ្មានរស់ជាតិនោះទេ។ 

សណ្ឋាគារ SUPER 8 នៅCHINATOWN ក្រុងTORONTO
រូបថត៖​ប៉ិច​ សង្វាវ៉ាន

នៅខាងក្រោមសណ្ឋាគារនេះមានហាងជាច្រើនលក់វត្ថុគ្រប់បែបយ៉ាង។ អាវ

យឺតគ្រប់ពណ៌ដាក់អក្សរ   និងរូបសំគាល់ប្រទេសកាណាដាមិនសូវថ្លៃទេ​ បើ

ប្រៀបនឹងអាវប្រភេទនេះនៅប្រទេសបារាំង​កន្លែងទេសចរណ៍។  តែសូម

ប្រយ័ត្ន ការទិញទំនិញសព្វសារពើ និង ការបរិភោគក្នុងភោជនីយដ្ឋាន គេ

ត្រូវគិតតាក់សេវ៉ាបន្ថែម១៥%លើថ្លៃទំនិញនិងថ្លៃអាហារលើគួរឲ្យភ្ញាក់ផ្អើល

ដែរ។ មិនដូចនៅប្រទេសបារាំងទេ បរិភោគរួច យើងចង់ឲ្យឬមិនឲ្យថ្លៃសេវា

បម្រើតាមចិត្តសទ្ធានិងសប្បុរសរបស់យើង​ ដូចគ្នាដែរ ការទិញទំនិញនៅ

ក្នុងប្រទេសបារាំង   ហាងគិតបន្ថែមតាក់ជាស្រេចនៅលើតម្លៃវត្ថុនិមួយៗ។  

យើងឃើញតម្លៃវត្ថុណាមួយប៉ុន្មាន គឺប៉ុណ្ណឹងហើយ។ ស្រួលចិត្តឥតភ្ញាក់ផ្អើល

ដូចនៅកាណាដា និង ​សហរដ្ឋអាមេរិកទេ។

នៅថ្ងៃចេញដំណើរទៅទស្សនាទឹកជ្រោះ« នីញ៉ាហ្គារា»យើងចេញដំណើរពី

សណ្ឋាគារ តាមយានមួយដូចយានឡំប្រឺតានៅភ្នំពេញ មុនសម័យកម្ពុជាប្រជា

ធិបតេយ្យ។ អ្នកបើកយាននេះរាងកន្ធាត់ និយាយឡូឡាដូចមនុស្សស្រវឹងខួប។ 

យើងចេះតែនឹកថា​ហេតុអីក៏សណ្ឋាគារដែលយើងបង់ថ្លៃដំណើរទេសចរណ៍ទៅ

មើលទឹកជ្រោះនេះជួលយានកញ្ចាស់ដឹកជនទេសចរដូច្នេះ  ជាពិសេសនៅក្នុង

ប្រទេសកាណាដាមួយទាំងមូល។ តាមពិតមិនមែនដូច្នោះឯណា ។  យាននេះ

គ្រាន់តែបើកប្រមូលមនុស្សដើម្បីដឹកយកទៅផ្ទេរដាក់រថយន្តទេសចរណ៍ធំនៅ

ត្រង់កន្លែងមួយទៀតប៉ុណ្ណោះ។ ពេលឆែកសំបុត្រឡើងរថយន្ត យើងបង្ហាញ

លិខិតឆ្លងដែន។ ដឹងថាយើង​កាន់លិខិតឆ្លងដែនបារាំង សូហ្វ័រនិយាយភាសា

បារាំងជាមួយយើង។ យើងអរ ព្រោះទើបតែបានឮគេនិយាយបារាំងលើកទី

មួយនៅក្រុង​«តូរុងតូ»។  សូហ្វ័រនេះប្រាប់យើងថា គាត់រស់នៅ«QUEBEC

កេបេច» ​Québecois។​  ក្នុងដំណើរឆ្ពោះទៅទស្សនាទឹកជ្រោះ «NIAGARA

FALLS»​  ​ខ្ញុំឮគេនិយាយពន្យល់ពីកន្លែងសំខាន់រូឥតអាក់ជាភាសាអង់គ្លេស។

ខ្ញុំមិនឃើញមានមគ្គុទេសន៍ម្នាក់ទៀត ដូចដំណើរទៅប្រទេសចិននិងប្រទេស

មួយចំនួនផ្សេងៗដែលក្រុមហ៊ុនទេសចរណ៍នៅភ្នំពេញបានរៀបចំនោះទេ។​

ខ្ញុំយល់ថា​   អ្នកបើករថយន្តទេសចរណ៍ត្រូវចេះប្រវត្តិកន្លែងសំខាន់ៗផងដែរ

ដើម្បពិពណ៌នាឲ្យភ្ញៀវស្តាប់ មិនមែនត្រឹមតែដឹកទេសចរប៉ុណ្ណោះទេ។ ប្រសិន

បើស្តាប់ភាសាអង់គ្លេសយល់ខ្ទេចអស់ដូចភាសាបារាំង ម្ល៉េះសមដំណើរកំសាន្ត

នេះនឹងផ្តល់ចំណេះដឹងបន្ថែមដល់ខ្ញុំ លើការមើលឃើញច្បាស់ផ្ទាល់ភ្នែកនូវទី

កន្លែងល្អនៅក្នុងប្រទេសកាណាដា។​ ខ្ញុំមិនបានដឹងថា ការធ្វើដំណើរឆ្ពោះទៅ

«NIAGARA FALLS»មានរយៈពេលប៉ុន្មានទេ ស្រាប់តែដល់គោលដៅ។ គិត

ទៅ ចូលដល់ខែកញ្ញាទៅហើយ នៅមានទេសចរជាច្រើនរថយន្តទៅទស្សនា

ទីនោះទៀត។ ធាតុអាកាសល្មម គួរឲ្យរីករាយដើរទស្សនានិងថតរូប។  ​ជាអ្នក

ស្រឡាញ់ចូលចិត្តថតរូបដូចខ្ញុំ    បើនៅពីក្មេងវិញ ពុំដឹងជាថតច្រើនទុកជាអនុ

ស្សាវរីយ៍យ៉ាងណាទេ       កាលបើបានទៅដល់ទីមួយ ដែលមានទេសភាពល្អ

ប្រណិតយ៉ាងនេះ។ ណ្ហើយ កុំខ្ចីសូញសាញ បំណាច់ទៅដល់ហើយ ត្រូវតែថត

រូបទុកមើលលេង ដើម្បីឲ្យខ្លួនឯង និងកូនចៅឃើញដំណាក់កាលនៃជីវិតដែល

ចេះតែបន្តទៅមុខឥតថយក្រោយបានទេ។ កូនខ្ញុំទាំងពីរ រូបខ្ញុំ និងស្វាមីខ្ញុំបាន

ឃើញទឹកជ្រោះ«នីយ៉ាហ្ការ៉ា»ហើយក្នុងខែកញ្ញាឆ្នាំ២០១២នេះ។មកដល់ទីនេះ

នឹកឃើញដល់លោក អ៊ុន ឃ្លី   អ្នកស្តាប់ដ៏មានភក្តីភាពរបស់ខ្ញុំ   ដែលធ្លាប់បាន

អញ្ជើញ និងធានាជូនខ្ញុំទស្សនាទីនេះកាលពីប៉ុន្មានឆ្នាំមុន។​ យើងមកដល់ហើយ

មិនបាច់នរណាជូនទេ ។​   អ្នកស្តាប់វិទ្យុបារាំងមួយរូបនេះមិនបានដឹងទេ     ព្រោះ

លោកទៅរស់នៅធ្វើការស្រុកខ្មែរឯណោះ។ ពេលឈរមើលនៅលើផ្លូវពីខាងលើ

ខ្ញុំមានអារម្មណ៍ថា​ ដំណក់ទឹកសាចខ្ទាតមកលើខ្ញុំ។

យើងឈរពីចម្ងាយនៅលើផ្លូវ​ មើលទឹកជ្រោះនៅពីក្រោយខ្នងមិនសូវឃើញច្បាស់ទេ
(រូបថត៖ប៉ិច សង្វាវ៉ាន)

ឱ!  ព្រះជាម្ចាស់! លោកបានបង្កើតធម្មជាតិល្អចម្លែកអ្វីម្ល៉េះសម្រាប់រាល់ប្រទេស

ក្នុងពិភពលោក។  គ្រាន់តែទឹកជ្រោះនេះ  ប្រទេសកាណាដាទាញបានកម្រៃមិន

តិចទេពីជនទេសចរដែលមកពីគ្រប់ជ្រុងជ្រោយក្នុងលោក។ នៅត្រង់នេះ  យើង

ឃើញសណ្ឋាគារល្អស្អាតខ្ពស់ៗឈរជ្រងោរង់ចាំទទួលភ្ញៀវពីគ្រប់ទិសទី។

ក្រោយពីការស្រស់ស្រូបបន្តិចបន្តួច យើងនិងទេសចរច្រើនសាសន៍បានឈរ

បន្តគ្នាចាំចុះជិះនាវាទៅមើលទឹកជ្រោះឲ្យបានជិត។ ម្នាក់បានទទួលអាវភ្លៀង

សម្រាប់ពាក់ការពារកុំឲ្យទទឹក។

ថតមុនចុះជិះនាវាមើលទឹកជ្រោះ
(រូបថត៖ប៉ិច សង្វាវ៉ាន)

នាវា Maid of the Mist នៅខាងមុខ American Falls de Niagara 3 RET
(រូបថត៖វិរៈសិទ្ធ ប៉ិច)

ឃើញកម្លាំងទឹកហូរកួចខ្លាំងយ៉ាងនេះ ខ្ញុំជាមនុស្សខ្លាចទឹកចេះតែគិតផ្តេសផ្តាស

និងភ័យប៉ផ្អុកតែម្នាក់ឯង  នឹកថា​ បើសិនជាធ្លាក់ចូលទឹកជ្រៅដែលហូរធ្លាក់ទម្លាក់

បោកខ្លួនឈូឆរយ៉ាងខ្លាំងម៉្លឹងៗ មុខជាត្រូវទឹកគួចរសាត់វិលវល់គ្មានសង្ឃឹមរស់ទេ។

ម៉្លោះហើយ ខ្ញុំអធិស្ឋានសុំឲ្យសុខសប្បាយទាំងអស់គ្នា។ ពេលនាវាបើកកាត់ចំពីមុខ

ទឹកធ្លាក់ ហើយជះសាចទទឹកមុខ ជនទេសចរទាំងអស់នាំគ្នាស្រែកឡើងព្រមគ្នា។

ខ្ញុំញញើតដកខ្លួនមកអង្គុយជិតលោកយាយម្នាក់សាសន៍ឥណ្ឌៀនៅលើហឹបធំមួយ។

យើងមើលមុខគ្នាបញ្ជាក់ពីការភិតភ័យក្នុងរយៈពេលមួយភ្លែតនោះ។ នាវាបកត្រឡប់

ចូលច្រាំងវិញ។​ យើងនាំគ្នាដោះអាវភ្លៀងពណ៌ខៀវដាក់ចោលក្នុងធុងសម្រាម  ហើយ

ដើរឡើងគោកទាំងអស់គ្នាប្រកបដោយសុវត្ថិភាព។ យើងនៅសល់ពេលមានពេល

ទម្រាំដល់ម៉ោងណាត់ ដើម្បីជិះរថយន្តទស្សនាបន្តក្នុងភូមិដ៏ល្អមួយដែលមានការ

រៀបចំយ៉ាងល្អប្រណិតលំអដោយបុប្ផាចំរុះពណ៌ទម្លាក់ខ្លួនពីលើសរសរដងគោម

តាមមែកយារថ្លាក់សំយ៉ុងចុះមកក្រោមគួរឲ្យទាក់នេត្រា។ ​នេះជាសិល្បៈលំអផ្កា

នៃប្រទេសកាណាដាក្នុងទីសារធារណៈដែលខ្ញុំមិនធ្លាប់ប្រទះក្នុងប្រទេសបារាំង

និងប្រទេសមួយចំនួនដែលខ្ញុំបានធ្វើទស្សនកិច្ចកន្លងមក។    នេះប្រហែលជាខ្ញុំ

ស្រឡាញ់ផ្កាបានជាសង្កេតឃើញនិងបរិយាយពីផ្កា ព្រោះខ្ញុំគ្មានគំនិតចេះដាំផ្កា

ល្អប្លែកដូច្នេះ។ ចេញពីភូមិដ៏ស្អាតនេះ អ្នកបើករថយន្តបាននាំយើងទាំងអស់គ្នា

ទៅមើលកន្លែងធ្វើនិងសុរាដែលស្ថិតនៅតាមផ្លូវត្រឡប់ទៅទីក្រុង«តូរុងតូ»វិញ។

យើងបានភ្លក់ស្រាដែលគេចាក់ជូនភ្ញៀវទេសចរ។ ខ្ញុំមិនទម្លាប់ញ៉ាំស្រាទេ តែបាន

ភ្លក្សស្រាក្រហមមួយស្វាមីខ្ញុំ ម្នាក់មួយកូនកែវដែរ ព្រោះចង់ដឹងជាតិស្រាដែលគេ

ផលិតក្នុងប្រទេសកាណាដា។​ ប៉ុន្តែខ្ញុំមិនបានទិញស្រានៅទីនោះ  ដោយហេតុថា

ប្រទេសបារាំងជាប្រទេសដែលល្បីខាងធ្វើសុរាឆ្ងាញ់ទៅហើយ។យើងត្រឡប់

ទៅដល់ទីក្រុង«តូរុងតូ» វិញនៅវេលាម៉ោង៧យប់។ ដល់ពេលបាយល្ងាចល្មម

តែយើងមិនបានបរិភោគបាយទេ​ គឺចង់ភ្លក្សមីរសាច់ទាខ្វៃដូចបានសរសេររៀប

រាប់ខាងលើ។ កុំឲ្យពិបាកធ្វើម្ហូប នៅពេលទៅដល់ទីក្រុង «អូតាវ៉ា» វិញ យើង

បានទិញទាខ្វៃធំមួយថ្លៃតែ២០ដុល្លារកាណាដាប៉ុណ្ណោះ គឺប្រហែលជា២០ដុល្លារ

អាមេរិកដែរ ​

 

ជំនួបមិត្តនារីកាលនៅរៀនបឋមសិក្សា ដោយ ប៉ិច​ សង្វាវ៉ាន

គ្មានអ្វីដែលរំភើប និងសប្បាយ

ដូចពេលបានជួបមិត្តនារីរួមថ្នាក់ក្នុងកុមារភាពទេ។

យើងទាំងបីនាក់ធ្លាប់បានរៀនជាមួយគ្នានៅសាលា

«បូទុមរាជា»ក្រុងភ្នំពេញ​។

សាលានេះ ក្រោយមក ខ្ញុំឮគេហៅថា​«សាលាកុមារី»

ប្អូនធម៌របស់ខ្ញុំ អ្នកគ្រូ ប៉ែន​សេដ្ឋារិន បានឲ្យដឹងថា

បច្ចុប្បន្នកាលនេះ​ «សាលា បូទុមរាជា»របស់យើងក្លាយជា

«វិទ្យាល័យចតុមុខ» ស្ថិតនៅលើមហាវិថីព្រះនរោត្តមដដែល

ពីក្រោយព្រះបរមរាជវាំង។


ពីឆ្វេងទៅស្តាំ៖ សង្វាវ៉ាន ណារិន ដាឡាត់
ថតនៅប្រទេសបារាំង កាលពីថ្ងៃ ៣១​ មីនា ២០១២
(រូបថត៖ប៉ិច សង្វាវ៉ាន)

​ប្រលោមលោក និង ភាពយន្តរឿង ជើងមេឃថ្មី និពន្ធដោយ ប៉ិច​ សង្វាវ៉ាន ដឹកនាំដោយ ផលិតករ ឡុង តារា

ក្របប្រលោមលោក ចេញផ្សាយនៅប្រទេសបារាំង ឆ្នាំ១៩៨៩ (រូបថត ៖ ប៉ិច សង្វាវ៉ាន)

គ្មានគ្រួសារ គ្មានមិត្តភក្តិ គ្មានបង្អែកនៅក្នុងលោកដ៏ធំធេងអយុត្តិធម៌នេះ នាងសូភាព

ត្រូវតែខំបង្អោនខ្លួនគោរពតាមបញ្ជាដ៏តឹងរ៉ឹងរបស់លោកស្រីផានី ញ៉ាំងឲ្យសង្វាក់ជីវិត

ឯកោរបស់នាងជួបប្រទះតែការលំបាកយ៉ាងក្រៃលែង។

បើទោះបីជាមានបុរសម្នាក់ឈ្មោះ «ជំនោរ» ដែលជាជនកំព្រាដូចនាងដែរ ខំតាម

ស្រឡាញ់ និងតាមស្តីដណ្តឹងនាងយ៉ាងណាក្តី ក៏លោកស្រីផានីនារីដែលមានចិត្តមារ

ធ្លាប់តែកេងប្រវ័ញ្ញលើជីវិតអភ័ព្វរបស់នាងនោះបានប្រើគ្រប់ស្នៀតមធ្យោបាយ កម្ចាត់

កម្ចាយសេចក្តីសេ្នហានេះឲ្យប្រេះឆា លុះត្រាតែបានឈ្នះទៅតាមឧបាយកលដ៏ខ្មៅ

ងងឹតរបស់ខ្លួន។

ចុះបើដល់ម្លឹងទៅហើយ តើនាងសូភាពស៊ូទ្រាំរស់នៅក្នុងជីវិតគ្រោតគ្រាតគ្មានច្រក

ចេញ គ្មានន័យនេះតទៅទៀតឬទេ? ខំគេចពីជង់ ចូលទ្រុងអន្ទាក់ គេចពីឧបសគ្គមក

ជួបឧបសគ្គ…  តើការស្រេកឃ្លានចង់ស្គាល់សេរីភាពរបស់នារីខ្មែរម្នាក់ ដូចយ៉ាងនាង

សូភាពដែលធ្លាប់តែស្គាល់ និង ទទួលការអប់រំតាមលក្ខណៈប្រពៃណីខ្មែរ និងជានារី

អវិជ្ជាឆោតល្ងង់ស្លូតត្រង់នោះ អាចឲ្យនាងរកឃើញដំណោះស្រាយថ្មីណាមួយដែល

ប្រសើរ សម្រាប់ប្រឈមមុខតទល់ នឹងជីវភាពថ្មីនៅលើទឹកដីប្រទេសបារាំងដែរឬទេ?

តើព្រហ្មលិខិតបានអូសទាញនិងជំរុញនាងឲ្យខំតស៊ូក្រោមផ្ទៃមេឃថ្មីឆ្ពោះទៅរកជើង

មេឃថ្មី ដែលពោរពេញដោយសុភមង្គលដូចជាការស្រមៃចង់បានរបស់នាងដែរឬទេ?

នេះជាខ្សែជីវិត របស់នារីខ្មែរភៀសខ្លួនមួយរូប នៅលើទឹកដីថ្មី ក្រោមមេឃថ្មី ។

២៣ឆ្នាំ ក្រោយពីរឿងនេះបានផ្សាយ

ខ្ញុំមានចិត្តរីករាយជូនបទយកការណ៍រូបថត។

ព្រហ្ម ដួង អារមនី ជាអតីតបវរកញ្ញានៃសារព៏ត៌មាន<នគរធំ>ដែលផ្សាយនៅសរអា ។ នាងជា តារាឯកនៃខ្សែភាពយន្តរឿង <ជើងមេឃថ្មី> ដែលថតនៅប្រទេសបារាំងឆ្នាំ១៩៨៩ (រូបថត ៖ ប៉ិច សង្វាវ៉ាន)

ឆាកផ្សេងៗក្នុងខ្សែភាពយន្តរឿង <ជើងមេឃថ្មី>របស់ផលិតករ ឡុង តារា

ជីវ័ន សម្តែងដោយលោក ប៉ិច ឈុន * នាងសុភាព សម្តែងដោយ ដួង អារមនី (រុបថត៖ ប៉ិច សង្វាវ៉ាន)

សិសិររដូវកន្លងផុតទៅហើយ និទាឃៈរដូវក៏មកដល់។ ដួងចិត្តដ៏ក្រៀមក្រោះស្វិត

ស្រពោន… ជីវិតដែលធ្លាប់តែអណ្តែតត្រសែតគ្មានគោលដៅ អ្វីៗដែលខ្មៅងងឹត

ដិតដាមជាប់ក្នុងបេះដូងកំព្រារបស់សូភាពក៏ប្រែក្លាយទៅជាពណ៌ស៊ីជម្ពូ រីកស្រស់

ថ្លាបីដូចជាស្លឹករុក្ខជាតិនានាដែលខំលូតលាស់បញ្ចេញត្រួយខ្ចីល្វក់ ឬបីដូចជា

បុប្ផាគ្រប់បែបដែល កំពុងរីកបញ្ចេញលម្អបង្អួតគ្នាពេញសួនច្បារ និងនៅក្នុងស្មៅ

ភ្នំនានាទាំងឡាយដែរ។

លោកជីវ័នបាននាំនាងសូភាពនិងរតនៈទៅដើរកម្សាន្តនៅលើភ្នំមួយដែលមាន

រុក្ខជាតិធំៗចោលម្លប់ត្រឈឹងត្រឈៃ។

ជីវិតទាំងបីដកដង្ហើមស្រូបយកខ្យល់ល្អបរិសុទ្ធដាក់ពេញសួត។ ទឹកមុខនាងសូភាព

ស្រស់ថ្លាខុសពីធម្មតា។ សប្បាយរីករាយជាងគេបង្អស់ដោយសារតែនាងទើបនឹង

រកបង្អែកជីវិតបាន។ នាងនឹកឃើញ«បទបូរីជូឡុង»ដែលច្រៀងដោយនាង ហួយ

មាស ត្រង់ឃ្លាទីពីរ ដែលមានសេចក្តីថា «ស្នេហ៍វ័យចំណាស់ចេះថ្នាក់ថ្នមចិត្ត

ជួបម្ចាស់ជីវិតអាណិតដល់ខ្ញុំ ក្រោមផ្ទៃមេឃា នាពេលស្រទុំម្លប់ឈើធំៗ ស្លុតស្លុង

កាមា»  ហើយនាងក៏ច្រៀងលេងរហ៊ឺមៗយ៉ាងសប្បាយរកអ្វីប្រដូចមិនបាន ប្រៀប

បីដូចជាកំពុងតែស្ថិតក្នុងសុបិននៅសួគ៌ាល័យ។

រតនៈរត់ទៅលេងឆ្ងាយពីបិតានាងសូភាព ដូចជាទុកឱកាសនេះឲ្យអ្នកទាំងពីរឲ្យឱប

រឹតប្រកៀកប្រកើយគ្នាទៅតាមចំណង់តណ្ហានៃសត្វលោក។ សេចក្តីស្នេហានា

កណ្តាលធម្មជាតិដ៏ស្រស់បំព្រង់នេះញ៉ាំងឲ្យចិត្តលោកជីវ័ន និងនាងសូភាពភ្លើត

ភ្លើនឥតព្រំដែន។ លោកគេងកើយភ្លៅនាង ស្តាប់នាងនិយាយរៀបរាប់ពីខ្សែជីវិត

ផ្សងព្រេងរបស់នាងឲ្យស្តាប់។ លោកទាញដៃសង្សារមកដាក់លើទ្រូង ហើយ

អង្អែលថើៗដោយក្តីស្រឡាញ់ និងក្តីករុណាឥតព្រំដែន។

រតនៈបេះបានផ្កាព្រៃមួយបាច់ធំ ហើយរត់មករកជីវិតទាំងពីរដោយអំណរ។ គេស្ទុះ

ងើបឡើងអង្គុយទន្ទឹមគ្នាទាំងទឹកមុខញញឹមពព្រាយ។

-ប៉ា! ម៉ាក់! នេះផ្កាដែលរតនៈបេះពីក្នុងស្មៅមកជូន។

-និយាយរួច រតនៈហុចផ្កាទៅ។ លោកជីវ័នលូកដៃស្តាំ នាងសូភាពលូកដៃឆ្វេងទៅ

ទទួលបាច់ផ្កាព្រមគ្នា ធ្វើឲ្យរតនៈសប្បាយរីករាយលោតទះដៃប្រាវៗ រួចអង្គុយ

ចុះឱបអ្នកទាំងពីរទាំងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ។ យល់ចិត្តបិតារបស់គេៗក៏រត់

ទៅលេងឆ្ងាយពីទីនោះទៀតទៅ។

សូភាពសែនរំភើបជាពន្លឹក កាលបើបានឮរតនៈហៅនាងថា «ម៉ាក់!»។ នាងក៏សួរ

លោកជីវ័នដោយងឿងឆ្ងល់។

-បងបង្គាប់រតនៈឲ្យហៅខ្ញុំថា «ម៉ាក់»មែនទេ?

-ទេ! បងមិនបានបង្គាប់វាទេ។ រតនៈស្រឡាញ់ចូលចិត្តអូនតាំងពីឃើញអូន ប្រហែល

មកពីសេចក្តីស្រឡាញ់នេះហើយដែលបណ្តាលឲ្យវាហៅអូនថា«ម៉ាក់»ដោយ

ចិត្តវាណ៎ា។ កូននេះចេះណាស់! និស្ស័យជាមួយរតនៈនេះហើយដែលបានផ្សារ

ភ្ជាប់វាសនាអូន និងបងណ៎ា។

-ឱ! សូភាពមាសបងអើយ! បងអរគុណវាសនាណាស់ដែលនាំឲ្យយើងបានជួបគ្នា។

-បងសម្លាញ់! គឺអូនទេដែលត្រូវអរគុណព្រហ្មលិខិតដែលបានកម្រិតវាសនាអូនឲ្យ

មកជួបបង ហើយបានរូបបងអាណិតដល់ជីវិតឥតខ្លឹមសាររបស់អូននោះណ៎ា…

-ម្ចាស់ចិត្តបងអើយ!

-បងជីវ័នម្ចាស់ចិត្តអូនអើយ! សូមបងអាណិតអូនឲ្យច្រើន ហើយសូមបងជួយ

បណ្តុះបណ្តាល រូបអូនឲ្យបានក្លាយជាមនុស្សគ្រាន់បើម្នាក់នឹងគេផងណ៎ាបង។

-កុំព្រួយឲ្យសោះអូនសម្លាញ់! បងនឹងខិតខំយ៉ាងណាឲ្យសូភាពរបស់បងក្លាយ

ជាស្ត្រីខ្មែរម្នាក់ដ៏មានខ្លឹមសារក្នុងសង្គម…

-អរគុណបងណាស់! អូនស្តាយណាស់ ព្រោះតែឪពុកម្តាយអូនក្រីក្របានជាអូន

មិនបានរៀនសូត្រនឹងគេ។ អូនល្ងង់ណាស់បង។ អូនឥតចេះអ្វីទេ។

-មិនទាន់ហួសពេលទេអូន។ កាលណាបើយើងមានបំណងអ្វីមួយច្បាស់លាស់

យើងនឹងបានសម្រេចជាមិនខានដូចសុភាសិតបារាំងមួយបានចែងថា៖ បើយើងចង់

គឺយើងអាចធ្វើបាន

-អូនគ្មានប្រាថ្នាអ្វីក្រៅពីចង់ចេះអាន ចង់ចេះសរសេរអក្សរជាតិយើងឲ្យបានឆ្អិន

ឲ្យសក្តិសមជាកូនខ្មែរម្នាក់ កុំឲ្យគេដៀលថា អូនជាខ្មែរមិនចេះអក្សរសាស្ត្រឯង។

-ប្រសើរណាស់អូន គួរណាស់តែយើងនាំគ្នាលើកស្ទួយភាសាជាតិយើង ដោយខិត

ខំសម្រួចរៀងរាល់ថ្ងៃ។ ភាសាដែលយើងទាំងអស់គ្នាចេះស្រាប់ពីកំណើតមក មិន

គួរយើងនាំគ្នាលប់បំបាត់ចោល ហើយបំភ្លេចនោះទេ។ យើងត្រូវតែដឹងថាភាសា

រលត់ ជាតិរលាយ។ បើសិនជាខ្មែរនាំគ្នាព្រងើយកន្តើយប្រមាថមាក់ងាយភាសាជាតិ

យើង តើបរទេសឯណា គេមកជួយឈឺឆ្អាលជំនួសយើងនោះណ៎ាអូន!

-ច៎ាះបង!

-រឿងនេះបងបានគិតជាយូរមកហើយ។ មុនជួបអូន រតនៈរបស់បងមិនសូវចូលចិត្ត

និយាយភាសាខ្មែរទេ។ នេះមកពីបងបានដាក់រតនៈឲ្យស្រីបារាំងបីបាច់រក្សា។ ដល់

ត្រឡប់មកផ្ទះវិញ វាមិនព្រមនិយាយខ្មែរទាល់តែសោះ។ បងក៏ចេះតែបណ្តោយតាម

កូនទៅ។ សំណាងល្អ បានជួបអូន ស្រាប់តែរតនៈចូលចិត្តនិយាយភាសាយើងវិញ។

-រតនៈនិយាយខ្មែរជាមួយអូនតាំងពីជួបអូនថ្ងៃដំបូងម្ល៉េះ!

-នេះជាការចម្លែកមួយចំពោះរូបវាណ៎ាអូន! បងគិតថា…

-គិតយ៉ាងម៉េចដែរបង?

-បងគិតថា នាំអូន និងរតនៈទៅចុះឈ្មោះរៀនអក្សរខ្មែរ។

-អូហ៍! មែនឬបង? នៅឯណា?

-មានសមាគមខ្មែរមួយបង្រៀនអក្សរខ្មែរឥតយកកម្រៃអីទេ។ ទីនោះនៅមិនឆ្ងាយពី

ផ្ទះយើងប៉ុន្មានឡើយ។ គេបង្រៀនតែថ្ងៃអាទិត្យ។ អូនព្រមទៅរៀនទេ?

-ច៎ាះ អូនព្រម… អូនព្រមដោយរីករាយណ៎ាបង! អូននឹងខិតខំព្យាយាមរៀនឲ្យឆាប់

ចេះ យ៉ាងហោចណាស់គ្រាន់នឹងអាចមើលសៀវភៅប្រលោមលោកខ្មែរយើងខ្លះ។

បងមានសៀវភៅខ្មែរច្រើនណាស់។ តើបងបានសៀវភៅទាំងនោះពីណា?

-បងបានទិញនៅបារីស។ បងឮថានៅសហរដ្ឋអាមេរិក និងនៅប្រទេសយើង គេ

បោះពុម្ពផ្សាយប្រលោមលោក និងសៀវភៅផ្សេងៗជាភាសាជាតិយើងច្រើនណាស់។

បងសង្ឃឹមថា ពីថ្ងៃនេះទៅអក្សរសាស្ត្រយើងនឹងងើបលូតលាស់បន្តិចម្តងៗឡើងវិញ

មិនខាន។

នាងសុភាព និង លោកជីវ័ន ក្នុងឈុតមួយនៃខ្សែភាពយន្តរឿង ជើងមេឃថ្មី (រូបថត៖ ប៉ិច សង្វាវ៉ាន)

អត្ថបទស្រង់ចេញពីប្រលោមលោកដែលទាក់ទងនឹងឈុតខាងលើនេះ៖

-អូនគ្មានរឿងអ្វីទេ ក្រៅពីចង់ដឹងថា បងស្រឡាញ់អូនឬទេ?

-ពុទ្ធោអើយ! ម៉េចអូនសួរបងអីចឹង? នរណានិយាយដើមបងឬ? (សួររួច គេ

ក៏ថើបកេសាស្រីថើៗ)។

សូភាពខំញញឹម ហើយតបវិញ៖

-បងរអៀសខ្លួនឬ? ហ្នឹងច្បាស់ជាមាននាយ មានអាយឯណាទៀតហើយ?

ជីវ័នប្រវាឱបស្រីយ៉ាងណែន ហើយបង្ហូរវាចាស្មោះអស់ពីដួងចិត្ត។

-ច្រើនឆ្នាំកន្លងមកហើយ បងមិនដែលមានចិត្តប៉ងប្រាថ្នានារីណាម្នាក់សោះ។

ទើបតែពេលថ្មីៗនេះ បេះដូងបងរំភើបញាប់ញ័រស្រឡាញ់ពេញចិត្តអូនភាពរបស់

បងអស់ពីថ្លើមប្រមាត់។ ប៉ុន្តែ បង…

និយាយមកដល់ត្រឹមនេះ លោកជីវ័នហាក់ដូចជានឹកឃើញរឿងអ្វីមួយដែលញ៉ាំង

ឲ្យដួងចិត្តស្រយុត ហើយតានតឹងមួយរំពេច។ លោកងាកមើលឆ្វេងស្តាំ រួចក៏ស្រដី

សួរនាងសុភាព។

-រតនៈទៅណាហើយអូន?

-រតនៈចូលគេងហើយបង។

-គួរឲ្យអាណិតរតនៈណាស់ វាសនាវាពុំដឹងជាត្រូវប្រែទៅជាយ៉ាងណាទេ បើអត់ពី

បងទៅ?

-បងចង់ទៅណាចោលអូន និងរតនៈឬ?

-បើបងនៅរស់ បងសូមស្បថសច្ចាថា បងមិនទៅណាចោលអូនទេ។  ភាព! អូន

ស្រឡាញ់រតនៈទេអូន?

-យី! ម៉េចក៏បងសួរអូនអីចឹង? កូនរបស់បង ក៏ដូចជាកូនរបស់អូនដែរ។ តើអូនមាន

អាកប្បកិរិយាណាមួយដែលបង្ហាញថា អូនមិនស្រឡាញ់រតនៈ?

-ទេអត់ទេ! បងសួរ មកពីបងគិតច្រើនពេក!…

ដើម្បីកុំឲ្យស្រីស្នេហ៍កើតក្តីសង្ស័យ ជីវ័នក៏បន្លប់និយាយរឿងផ្សេងៗ។ ភ្លាមនោះ

ជីវ័នចាប់ក្អកស្ទើរតែស្ទះដង្ហើម។ សូភាពភ័យណាស់ ខំរឹតទ្រូងប្រុសកល្យាណទាំង

ក្តីស្រឡាញ់ លាយនឹងក្តីករុណាឥតព្រំដែន។

រូបថត៖ ប៉ិច សង្វាវ៉ាន

+        +

   +


យើងទុកឲ្យនាងសូភាពកើតទុក្ខខ្លោចផ្សាម្នាក់ឯងមួយរយៈសិនចុះ។ យើងក្រឡេក

ទៅមើលជំនោរម្តង។

 រំលងមកជាងមួយឆ្នាំហើយ គឺតាំងពីសូភាពរត់ចេញពីស្ត្រាស់បួរ យុវកំលោះនេះ

មិនទាន់ដាច់ចិត្តរកភរិយានៅឡើយ។

ថ្ងៃនេះ គេត្រេកអរខ្លាំងណាស់ ក្រោយពីបានទទួលដំណឹងពីឪពុកមាគេថា សូភាព

រស់នៅGolbey អេពីណាល់។ បន្ទាប់ពីបានអាស័យដ្ឋានរបស់នាងសូភាពភ្លាម គេក៏

រូតរះទៅរកនាងដល់ទីលំនៅឯអេពីណាល់ និងនាំដំណឹងល្អមួយទៅប្រាប់សូភាព

ផងដែរ។  សូភាពអង្គុយស្តាប់ជំនោររៀបរាប់យ៉ាងយកចិត្តទុកដាក់។

-ភាព! ដូចខ្ញុំបានស្មានពីមុនមែន ថាភាពគ្មានឈឺអីទេ។ ពាក្យថា ភាពកើតជំងឺ

«មហារីក»នោះ ជាពាក្យប្រឌិតរបស់លោកស្រីផានីតែប៉ុណ្ណោះ។ ខ្ញុំអរណាស់

ដឹងថាភាពនៅទីនេះ។ លោកមាខ្ញុំក៏អរណាស់ដែរ។ គាត់បានតឿនខ្ញុំឲ្យមករកភាព

ភ្លាម។ មិនតែប៉ុណ្ណោះ គាត់ចង់ឲ្យយើងទាំងពីររៀបការផង។ ចំពោះខ្ញុំ ចិត្តខ្ញុំគ្មានប្រែ

ប្រួលបន្តិចសោះ សូមភាពជឿចិត្តខ្ញុំចុះ។

សូភាពហៅជំនោរថា «ពូៗ» ដដែល។ នាងក៏ថ្លែងទាំងសោកស្តាយប្រាប់អ្នកកំលោះ

វិញ។

-សូមពូបំភ្លេចខ្ញុំចុះ។ ខ្ញុំមិនមែននៅក្រមុំដូចពីមុនទេ។ ខ្ញុំជាស្រីមេម៉ាយ មានទាំងកូន

ទៀតផង មិនសក្តិសមនឹងរូបពូដែលនៅកំលោះនោះទេ។ គួរណាស់តែ ពូរកនារីក្រមុំ

វ័យក្មេងខ្ចី ទើបសក្តិសមនឹងពូណ៎ា ពូជំនោរ។

-ទោះក្រមុំ ឬមេម៉ាយ ខ្ញុំនៅតែស្រឡាញ់ភាពគ្មានប្រែប្រួល។ ស្នេហាពិតពុំគិតឋានៈ

វណ្ណៈ ឬគិតដល់វ័យខុសគ្នាទេ។ សូមភាពកុំប្រកាន់ចិត្តរឹងរូសពេក អាណិតខ្ញុំផង។

-ខ្ញុំអាណិតពូជំនោរណាស់។ ធ្វើម៉េចទៅ បើជាតិនេះបានជាហួសទៅហើយ ចាំជាតិ

ក្រោយចុះពូជំនោរ សូមពូកុំអាក់អន់ចិត្តនឹងខ្ញុំអី។ អភ័យទោសឲ្យខ្ញុំផងណ៎ាពូណ៎ា។

-ហ៊ឺ! គួរភាពផ្តល់សេចក្តីសង្ឃឹមឲ្យខ្ញុំខ្លះផង។ មិនគួរ ចិត្តភាពដាច់ដល់ម្លឹងសោះ។

ណ្ហើយចុះ សូមភាពនៅឲ្យបានសុខណ៎ា។ ខ្ញុំសូមលាភាពសិនហើយ…

សូភាពតាមមើលដំណើររបស់ជំនោរទាំងឱរាតានតឹងស្ទើរតែប្រេះធ្លាយ។ បានសេចក្តី

ថា នាងអាណិតជំនោរខ្លោចចិត្ត ដែលខំតស៊ូស្រឡាញ់នាងទេ។ ប៉ុន្តែ នាងបានតាំងចិត្ត

ថា នាងមិនយកប្តីទៀតទេ ទើបនាងត្រូវតែឆ្លើយទៅជំនោរវិញយ៉ាងនេះ…។ នាងនឹក

ថា គ្មានបុរសណាម្នាក់អាចជំនួសរូបបងជីវ័នរបស់នាងបានឡើយ។ ក្រៅពីជីវ័នដែល

ចេះស្រឡាញ់ថ្នាក់ថ្នមចិត្តនាង ចេះយោគយល់ ចេះបំពេញចិត្តនាង ហើយ និងចេះ

តម្កើងនាងនោះ នាងគ្មានទំនុកចិត្តលើបុរសណាទាំងអស់ ទោះជាជំនោរក៏ដោយ។

នាងតែងតែធ្លាប់ឮគេនិយាយច្រើនណាស់អំពីរឿងប្រុសធ្វើឫកធំ។ ប្រុសដែលមិន

ចោលរបៀបជិះជាន់ភរិយាទុកដូចជាទាសី។ ប្រុសខិលខូចដើរចោលផ្ទះសម្បែង

មានស្រីញីតាមទំនើងចិត្តល្មោភស្នេហ៍ ឬក៏ធ្វើបាបប្រពន្ធ ហៅមិត្តភក្តិមកជប់លៀង

ឲ្យប្រពន្ធដុតដៃដុតជើងបម្រើភ្ញៀវមិនឈប់ឈរ… ទើបសូភាពសូមស្មារលា បញ្ចប់

រឿងស្នេហាតែត្រឹមហ្នឹងចុះ។

ជំនោរទៅរកនាងសុភាពដល់ផ្ទះ(ជំនោរ សម្តែងដោយ លោក សុខ កុសល)  (សុភាព សម្តែងដោយ ដួង អារមនី) (រុបថត៖ ប៉ិច សង្វាវ៉ាន)

+        +

   +

ខ្សែភាពយន្ត ជើងមេឃថ្មី បានបញ្ចាំងលើកដំបូងបង្អស់

នៅថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ១៩៨៩

ក្នុងសាល ឡាក្លេហ្វ ក្រុងប៉ារីស សង្កាត់ទី៥។

ខាងក្រោមនេះជាទិដ្ឋភាពក្នុងថ្ងៃបញ្ចាំង។

ទិដ្ឋភាពនៅក្នុងសាលបញ្ចាំងរឿងជើងមេឃថ្មីលើកដំំបូងបង្អស់ (រុបថត ប៉ិចសង្វាវ៉ាន)

អ្នកស្រី វិរៈតារា អតីតតារាភាពយន្តខ្មែពាក់អាវពណ៌ផ្កាម់ោងដប់ (រូបថត ប៉ិច សង្វាវ៉ាន)

ការបង្ហាញតួសំខាន់ៗនៃភាពយន្តរឿង

ជើងមេឃថ្មី

                             

                               សមាសភាពនៃអ្នកសម្តែងតួក្នុងរឿង<ជើងមេឃថ្មី >           

                              *  លោក ឈរ ហ៊រ ឃៀង សម្តែងតួ ស្វាមីអ្នកស្រីផានី

                              *  អ្នកស្រី (ភ្លេចឈ្មោះ)           សម្តែងតួ អ្នកស្រី ផានី

                              *  លោក ម៉ម ណារុំ               សម្តែងតួ ឪពុកមាជំនោរ

                              *  លោក សុខ កុសល                        សម្តែងតួ ជំនោរ

                              * លោក ប៉ិច ឈុន                                សម្តែងតួ ជីវ័ន

                              * កុមារី ណារា ម៉ារីណា                       សម្តែងតួ រតនា 

                              * ព្រហ្ម ដួងអារមនី                    សម្តែងតួ នាងសុភាព

សូមបញ្ជាក់ថា រឿងជើងមេឃថ្មីបានបញ្ចាំងម្តង

ទៀតជាលើកទី២នៅថ្ងៃសៅរ៍ ២៦មករា ១៩៩១

នៅក្រុងវិឡឺប៉ាំងជាយក្រុងប៉ារីស។ ទស្សនិកជន

ខ្មែរបានអញ្ជើញមកទស្សនាកុះករពេញសាល

ពីព្រោះ ក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យ

បំផ្លិចបំផ្លាញវប្បធម៌ នេះជាលើកទីមួយដែល

សហគមន៍ខ្មែរក្នុងប្រទេសបារាំងបានទស្សនា

ខ្សែភាពយន្តខ្មែរដែលថតលើកទីមួយនៅអ៊ឺរ៉ុប

ដែលមានខ្នាត ១៦មីល្លីម៉ែត្រ បញ្ចាំងលើផ្ទាំង

សំពត់សរ។


ក្រោយមកទៀត ក្នុងខែកក្កដា ឆ្នាំ២០០៧ នៅ

ភ្នំពេញ រឿង ជើងមេឃថ្មី ត្រូវបានសហព័ន្ធ

អភិវឌ្ឍន៍សៀវភៅនៅកម្ពុជាជ្រើសរើសយកទៅ

ផ្សាយក្នុងកម្មវិធីសៀវភៅល្អៗតាមទូរទស្សន៍ជាតិ

កម្ពុជា (ទ.ទ.ក.) ដោយមានរូបខ្ញុំចូលរួមធ្វើ

អន្តរាគមន៍ តាមសេចក្តីអញ្ជើញរបស់លោកស្រី

អ្នកនិពន្ធប៉ាល់ វណ្ណារីរក្ស ដើម្បីឆ្លើយសំណួរដេញ

ដោលរបស់និស្សិតមួយក្រុម។

ភ្នំពេញ កក្កដា ២០០៧ (រូបថត ប៉ិចសង្វាវ៉ាន) ៖ លោក ជា សំណាង ជាពិធីករ ក្នុងកម្មវិធីសៀវភៅល្អៗ និង ខ្ញុំ ក្នុងស្ទុយឌីយោទូរទស្សន៍ជាតិកម្ពុជាដែលរៀបចំដោយសហគមន៍អភិវឌ្ឍន៍សៀវភៅនៅកម្ពុជា (រូបថត៖ប៉ិច សង្វាវ៉ាន)

ភ្នំពេញកក្កដា២០០៧៖ ខ្ញុំជាមួយក្រុមការងារនៃសហគមន៍អភិវឌ្ឍន៍សៀវភៅនៅកម្ពុជានិងនិស្សិតក្នុងកម្មវិធីសៀវភៅល្អៗ (រូបថត ប៉ិច សង្វាវ៉ាន)

ភ្នំពេញ កក្កដា ២០០៧ ក្នុងស្ទុយឌីយោទូរទស្សន៍ជាតិកម្ពុជា៖ក្រុមការងារនៃសហគមន៍អភិវឌ្ឍន៍សៀវភៅនៅកម្ពុជានិងខ្ញុំ ក្នុងកម្មវិធីសៀវភៅល្អៗ (រូបថត ប៉ិចសង្វាវ៉ាន)


អនុស្សាវរីយ៍វិទ្យុបារាំងអន្តរជាតិ RFI ភាគទី៥ ដោយ​ប៉ិច​ សង្វាវ៉ាន

ក្រោយពីការផ្សាយរួច ពីឆ្វេងទៅស្តាំ៖ កញ្ញា នុយ ប៊ែរណាដែត-ខ្ញុំប៉ិច សង្វាវ៉ាន- លោក កែវ ឆាយា អ្នកឆ្លើយឆ្លងព័ត៌មានប្រចាំប្រទេសរុស៊្សីអញ្ជើញមកលេងកាលពីឆ្នាំ២០០៥ និង លោក ហ្សង់ ហ្វ្រង់
ស្វ័រ តាន់់ នាយកនៃការផ្សាយផ្នែកខេមរភាសា (រូបថត ៖ប៉ិច សង្វាវ៉ាន)

ក្នុងឆ្នាំ ២០០៥ដដែល ក្នុងការិយាល័យនិពន្ធខេមរភាសានាក្រុងប៉ារីសប្រទេសបារាំង។ពីឆ្វេងទៅស្តាំ ៖ លោក សៀក សារិន-ខ្ញុំប៉ិច សង្វាវ៉ាន- លោកស្រី ស្វាយ កាតឺរីន ដែលកាន់នាទីសុខភាពនិងអានាម័យ-លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់់ និង លោក កែវ ឆាយា (រូបថត ៖ប៉ិច សង្វាវ៉ាន)

ក្រោយពេលខ្ញុំសម្ភាសជាមួយអ្នកចម្រៀង មកពីកម្ពុជា ឯក ស៊ីដេ អង្គុយជិតលោក Jean françois TAN -កែវ ច័ន្ទ សម្ភស្ស និង … (ភ្លេចឈ្មោះ)   លោក ជួន សុខាណាឫទ្ធិឈរខាងឆ្វេងដៃខ្ញុំ (រូបថត ៖ ប៉ិច សង្វាវ៉ាន)

អនុស្សាវរីយ៍វិទ្យុបារាំងអន្តរជាតិ​ RFI ភាគទី៤ ដោយ​ប៉ិច ​សង្វាវ៉ាន

អ្នកស្រី គឹម ឡាផានី ពាក់អាវក្រហម ខ្ញុំពាក់អាវស្លែ និងភ្ញៀវមកពីស្រុកខ្មែរនិងស្រុកបារាំង ( រូបថត៖ ប៉ិច សង្វាវ៉ាន)

 

ខ្ញុំកាន់សំបុត្រដែលភ្ញៀវមកពីស្រុកខ្មែរយកមកឲ្យដល់ការិយាល័យ ( រូបថត៖ ប៉ិច សង្វាវ៉ាន)

ថតនៅពីមុខឡូហ្គូRFI ក្នុងពេលជូនភ្ញៀវលាទៅវិញ( រូបថត៖ ប៉ិច សង្វាវ៉ាន)

អនុស្សាវរីយ៍វិទ្យុបារាំងអន្តរជាតិ RFI ​ភាគទី៣ ដោយ ប៉ិច ​សង្វាវ៉ាន

ស្តីពីជីវិតការងារជាអ្នកសារព័ត៌មានរបស់ខ្ញុំក្នុងប្រទេសបារាំង

ជាអ្នកសារព័ត៌មានវិទ្យុបារាំងអន្តរជាតិRFIចាប់ពី ខែមីនាឆ្នាំ១៩៩៣ ដល់ ខែមីនាឆ្នាំ

២០១០ (ដប់ប្រាំបីឆ្នាំ) ខ្ញុំមានភារៈជាអ្នកសរសេរ និងនិយាយផ្សាយព័ត៌មានដែលខ្ញុំបាន

សរសេរខ្លួនឯង។ ខ្ញុំក៏បានរៀបចំទស្សនាវដ្តីចំនួនពីរដែរ គឺ នាទីអក្សរសិល្ប៍ខ្មែរ

(សម័យបច្ចុប្បន្ន) និង នាទីជួបជាមួយសិល្បករខ្មែរសម្រាប់ថ្ងៃអាទិត្យផងដែរ។កិច្ចការ

រៀបចំធ្វើនាទីទាំងពីរនេះទេ ខ្ញុំត្រូវតែកាត់ត និងតម្លើងទស្សនាវដ្តីទាំងពីរនេះក្នុងកុំព្យូទ័រ

ឬ អ៏រឌីណាទ័រខ្លួនឯង។ ការកាន់នាទីអក្សរសិល្ប៍ខ្មែរ(សម័យបច្ចុប្បន្ន) អនុញាតឲ្យខ្ញុំ

អានសៀវភៅប្រលោមលោកដែលជាចំណូលនិងជំនក់ចិត្តរបស់ខ្ញុំស្រាប់មិនដា់ច់រយៈ។

ខ្ញុំចូលចិត្តស្តាប់ចម្រៀងតាំងពីយុវវ័យ ទោះជាខ្លួនខ្ញុំរស់នៅក្នុងប្រទេសបារាំងតាំងពី

ខែមករាឆ្នាំ១៩៧៧ក្តីក៏ខ្ញុំនៅតែចូលចិត្តស្តាប់ចម្រៀងខ្មែរយើងជានិច្ច។ ខ្ញុំមិននិយម

ស្តាប់ចម្រៀងបារាំងទេ ។ ថ្ងៃណា ខ្ញុំកាន់អង់តែនពេញមួយម៉ោងម្តង ហើយនៅសល់

ពេល ខ្ញុំតែងតែចាក់ចម្រៀងខ្មែរដែលខ្ញុំបានជ្រើសសម្រាំងពីយប់កំដរមួយបទ ឬ កន្លះ

បទទៅតាមពេលដែលនៅសល់។  ថ្ងៃណា ខ្ញុំធ្វើការផ្សាយមិនបានល្អឥតតខ្ចោះដោយ

មានការភ្លាត់ភ្លាំងនិងខុសឆ្គងម្តងៗ ខ្ញុំមានវិប្បដិសារីខាំងណាស់ ។ ខ្ញុំបានស្តីបន្ទាស

ខ្លួនឯង ហើយមិនសប្បាយចិត្តសោះ ។ បើសិនជាការឆ្គាំឆ្គងនោះប៉ះចំថ្ងៃសុក្រ ខ្ញុំនឹង

នាំយកការស្តាយ និងកំហឹងនឹងខ្លួនឯងពេញចុងសប្តាហ៍។ មានថ្ងៃខ្លះ ខ្ញុំមិនសូវស្រួល

ខ្លួន ខ្ញុំនិយាយមិនបានល្អដង្ហើមខ្លីចង់ផុតៗ  ថ្ងៃនោះឯងក៏ខ្ញុំមិនពេញចិត្តនឹងការផ្សាយ

របស់ខ្ញុំឡើយ។ ក៏ដូចគ្នាដែរ ក្នុងការផ្សាយផ្ទាល់ ការភ្លាត់ភ្លាំងផ្នែកបច្ចេកទេសដែល

បណ្តាលមកពីអ្នកកាន់បច្ចេកទេស ក៏តែងតែធ្វើឲ្យខ្ញុំអន់ចិត្តនិងតូចចិត្តណាស់ដែរ។

ខ្ញុំគិតថា ហេតុអីបានជាថ្ងៃនេះ ខ្ញុំស៊យម៉្លេះ! នេះជាចរិតរបស់ខ្ញុំដែលជាអ្នកស្រឡាញ់

សុក្រិតភាព។  កិច្ចការវិទ្យុជាកិច្ចការមួយដែលខ្ញុំស្រឡាញ់ណាស់តាំងពីនៅយុវវ័យម្ល៉េះ

 ខ្ញុំពិតជាមានសំណាងដែលបានប្រឡងជាប់បានចូលធ្វើការរមួយដែលខ្ញុំស្រឡាញ់

ដូចបំណងហើយនៅក្នុងប្រទេសបារាំង។ ចំពោះខ្ញុំៗមានមោទនភាពនឹងខ្លួនឯង

ទោះបីកិច្ចការនេះជាកិច្ចការដែលនំាឲ្យកើតស្ត្រេស និងអស់កម្លាំងហត់នឿយ

បែបនេះក៏ដោយ។ យ៉ាងណាក្តី ខ្ញុំបានចែករំលែកអ្វីដែលខ្ញុំចូលចិត្តហើយបានដឹង

ដល់អ្នកស្តាប់ទាំងឡាយរបស់ខ្ញុំដែលមានចំណង់ចំណូលចិត្តដូចខ្ញុំ៕

 ប៊ុយរ៉ូផ្ទាល់របស់ខ្ញុំក្នុងបន្ទប់ការិយាល័យនិពន្ធផ្នែកការផ្សាយភាសាខ្មែរ។

កុមព្យូទ័រ គឺជាសម្ភារៈប្រើប្រាស់ចាំបាច់ក្នុងការងាររបស់ខ្ញុំ( រូបថត ប៉ិច សង្វាវ៉ាន)។

រូបពីរសន្លឹកខាងលើនេះ ថតដោយ សហការីខ្ញុំ នុយ ប៊ែរណាដែត (រូបថត ប៉ិច សង្វាវ៉ាន)

នៅក្នុងស្ទុយឌីយោ លេខ១៥២។ ខ្ញុំត្រៀមលក្ខណៈផ្សាយព៏ត៌មាន ២ឬ៣នាទីមុនការផ្សាយផ្ទាល់។

(រូបថត៖ប៉ិច សង្វាវ៉ាន – ថតដោយលាង ដឺលុច)

 ខ្ញុំមិនទាន់វាយអក្សរខ្មែរយូនីកូដរហ័សទាន់ចិត្ត ម៉្លោះហើយ ខ្ញុំសរសេរព័ត៌មានជាអក្សរដៃ

ដើម្បីជៀសវាងកុំឲ្យមានស្ត្រេសក្នុងពេលផ្សាយ និង អាចប្របូលផ្តុំស្មារតីឲ្យមូលដោយ

ហេតុថា នាទីព័ត៌មាន ត្រូវផ្សាយផ្ទាល់ មិនអាចថតទុកជាមុនទេ។ ជាទម្លាប់ ខ្ញុំតែងតែ

តម្រៀបអត្ថបទផ្សាយទាំងអស់របៀបនេះដើម្បីជៀសវាងកុំឲ្យឮស្នូរទាញក្រដាសក្នុង

ពេលកំពុងផ្សាយ។ពេលអានចប់មួយទំព័រៗ ខ្ញុំហូតអត្ថបទមួយសន្លឹកម្តងៗយ៉ាងថ្នម។

(រូបថត៖ ប៉ិច សង្វាវ៉ាន – ថតដោយលាង ដឺលុច)

វិទ្យុបារាំងអន្តរជាតិRFI ស្ថិតនៅក្នុងអាគាររាងមូលដ៏ស្កឹមស្កៃនេះ

នៅលើមហាវិថី Avenue du Président Kennedy  Paris សង្កាត់ទី 16

នៅក្នុងសួនច្បារផ្ទះខ្ញុំ ( រូបថត ប៉ិច សង្វាវ៉ាន)

ពីស្តាំទៅឆ្វេង ៖ អ្នកឆ្លើយឆ្លងព័ត៌មានវិទ្យុបារាំងអន្តជាតិRFI  លាង ដឺលុច និង ភរិយា – ខ្ញុំ និងក្មួយស្រីខ្ញុំ

 លក្ខិណាជាភរិយាលាង ដឺលុច និងខ្ញុំប៉ិច សង្វាវ៉ាន ក្នុងផ្ទះខ្ញុំនៅប្រទេសបារាំង

ជូនចំពោះប្រិយមិត្តអ្នកស្តាប់ដ៏មានភក្តីភាពទាំងអស់ជាទីនឹករឮក

ដែលបានស្តាប់កម្មវិធីផ្សាយរបស់ខ្ញុំក្នុងវិទ្យុបារាំងអន្តរជាតិRFI។

បើសិនជាពេលវេលាអនុញាត ខ្ញុំនឹងសរសេរអំពី”ធម្មជាតិខ្ញុំជាអ្នកសារព៏ត៌មាន”
ដែលខ្ញុំបាននិយាយម្តងហើយតែមិនបានក្បោះក្បាយដូចចិត្តខ្ញុំនៅក្នុងឱកាស
សិក្ខាសាលាកាលពីថ្ងៃ៩ ខែកក្កដា ឆ្នាំ២០១១ នារាជធានីភ្នំពេញ។សិក្ខាសាលា
នេះបានរៀបចំដោយសមាគមអក្សរសិល្ប៍នូហាច សមាគមអ្នកនិពន្ធខ្មែរនៅ
បរទេស និងសមាគមអ្នកសាបព្រោះនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។


លិខិតជូនពរ ដោយ​កវី ព្រឿង ប្រណីត

ជូនចំពោះ អ្នកមីងប៉ិច សង្វាវ៉ាន

អ្នកមីងជាទីគោរពដ៏ជ្រាលជ្រៅបំផុត

ក្នុងឱកាសដ៏នក្ខត្តឫក្ស ប្រកបដោយទឹកចិត្តសោមនស្សរីករាយ ចូលឆ្នាំថ្មី ឆ្នាំរោង

ចត្វាស័ក   ពស. ២៥៥៦ ដែលឈានមកដល់ពេលនេះ ខ្ញុំបាទ និងភរិយា  សូម

គោរពសម្ដែងនូវទឹកចិត្តកតញ្ញូ យ៉ាងស្មោះស្ម័គ្របំផុតនិងចងចាំជានិច្ចជូនចំពោះ

អ្នកមីង ប៉ិច សង្វាវ៉ាន ដែលអ្នកមីងបានបណ្តុះគំនិតល្អៗ ដល់យុវអ្នកនិពន្ធ លើកស្ទួយការងារអក្សរសិល្ប៍ខ្មែរ និងបណ្តុះឆន្ទៈស្រឡាញ់ជាតិ មាតុភូមិព្រមទាំងការងារ

មនុស្សធម៌ជាច្រើនទៀតដែលអ្នកមីងបានជួយចំពោះប្រជាជាតិខ្មែរ។

ជាងនេះទៅទៀតគឺអ្នកមីងបានជួយជ្រោមជ្រែងលើកទឹកចិត្ត និងផ្តល់កិត្តិយសដ៏

ថ្លៃថ្លាបំផុតចំពោះខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ ដែលអ្នកមីងបានអនុញ្ញាត និងអញ្ជើញ

រូបខ្ញុំ និង លោក ខូ តារារិទ្ធបានចូលរួមក្នុងកម្មវធីរដូវផ្ការីកនៃអ្នកកវីនិពន្ធខ្មែរ នៅ

ប៉ារីស ប្រទេសបារាំង ចូលរួមក្នុងពិពណ៌ភាសា និងចូលរួមផ្តល់បទសម្ភាសន៍នៅវិទ្យុ

បារាំងអន្តរជាតិ។ 

ឆ្លៀតឱកាសនេះក្មួយក៏សូមសម្ដែងនូវអំណរសាទរឥតឧបមា សូមគោរពជូនពរ

សព្ទសាធុការពរជ័យ សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាងចំពោះ អ្នកមីង

 ប៉ិច សង្វាវ៉ាន និងក្រុមគ្រួសារ សូមបានប្រកបដោយ សុខភាព បរិបូរណ៌ កាយ

ពលរឹងមាំខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាឈ្លាសវៃប្រកបដោយទេពកោសល្យខ្ពស់ និងជួប

ប្រទះតែពរជ័យទាំងឡាយដែលមានលើលោក។

សូមអ្នកមីង មេត្តាទទួលសព្ទសាធុការពរមហាប្រសើរនេះដែលយើងខ្ញុំសូមប្រសិទ្ធពរ គោរពជូនដោយស្មោះអស់ពីដួងចិត្ត និងជាទីគោរពដ៏ជ្រាលជ្រៅបំផុត៕

 

គោរពជូនពរពីឧត្តរមានជ័យអំពីក្មួយ ព្រឿង ប្រណីត និងភរិយា

ខាងក្រោមនេះជារូបថតអនុស្សាវរីយ៍ នៅពេលដំបូង

ដែលខ្ញុំបានស្គាល់រាប់អានលោក ព្រឿង ប្រណីត

កម្មវិធីតុមូលរបស់ខ្ញុំប៉ិច សង្វាវ៉ានស្តីពី អក្សរសិល្ប៍ខ្មែរទំនើប។

នេះជាការផ្សាយផ្ទាល់

នាឱកាស ពិព៌ណភាសាដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០៨

នៅរដ្ឋធានីប៉ារីសប្រទេសបារាំង។

ការផ្សាយនេះមានការចូលរួមពីភ្ញៀវ៣រូប គឺកវី ទូច គឹមសួរនៅប្រទេសបារាំង

និងភ្ញៀវមកពីប្រទេសកម្ពុជា២រូប គឺ

លោក ព្រឿង ប្រណីត និងលោកខូ តារារិទ្ធ

( រូបថត៖ ប៉ិចសង្វាវ៉ាន)

កវី ព្រឿងប្រណីត  លោក ខូ តារារិទ្ធ និង លោកទូច គឹម សួរ

ចូលរួមក្នុងកម្មវិធីតុមូល នៃវិទ្យុបារាំងអន្តរជាតិRFIដែលធ្វើការផ្សាយផ្ទាល់

ក្នុងឱកាសពិពណ៌ភាសា នៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី៧កុម្ភៈ២០០៨

( រូបថត ៖ ប៉ិច សង្វាវ៉ាន )

00700001 STUDIO RFI PECH Sangwawann e tPROENG Pranith Fev2008

  ឆ្នាំ២០០៨ ក្នុងស៊្ទុយឌីយោលេខ១៤៧ នៃវិទ្យុបារាំងអន្តរជាតិRFI នារដ្ឋធានីប៉ារីស

នៅពេលខ្ញុំសម្ភាសកវី ព្រឿង ប្រណីត អំពី សៀវភៅរបស់លោក

ហួសពេលយំហើយ

  (រូបថត ៖ ប៉ិច សង្វាវ៉ាន )