ពុកខ្ញុំ
កាលពុកនៅមានកាយមាំមួន ពុករក្សាកូន ថែទឹកដី
ពុកខំមិនឈប់ទោះយប់ថ្ងៃ មិនឱ្យចោរព្រៃចូលឈ្លានពាន។
ឥឡូវពុកធ្លាក់ខ្លួនពិការ សុំទានតាមផ្សារ ក្រពះឃ្លាន
ជើងទោលខំទប់បោះជំហាន សុំទានអ្នកមានចិត្តមេត្តា។
ដៃម្ខាងកាន់មួក មាត់ប្រឹងច្រៀង សំនៀងបទជាតិជនខេមរា
រស់នៅរាល់ថ្ងៃមើលរដ្ឋា ចាំថ្ងៃមួយណាជាតិថ្កើងថ្កាន។
ទោះពុកពិការ ពុកត្រេកអរ កូនអ្នកកូតទ្រក៏សុខសាន្ត
ដើរតាមក្រោយពុក ព្រោះពុកបាន បូជាខ្លួនប្រាណដើម្បីជាតិ៕
រទេះពុក
បានរទេះរុញពុកសប្បាយ ពុកលែងខ្វល់ខ្វាយគេងឈប់គិត
គេបានគិតគូរជួយអាណិត ពេលនេះគឺពិតមិនមែនធ្វេស។
ម្លៃមួយ ធ្នូ ពីរពាន់ដប់ ជនពិការសព្វផ្ទៃប្រទេស
បានមកទទួលយានជំនិះ រទេះប្រាំពីររយហាសិប។
ពុកបាត់ផ្ទះដីដែលរដ្ឋឱ្យ ដីជាអំណោយ ត្រូវគេរឹប
ជើងពីរ ដូរដី មិនកេងកិប ទាហានរាប់សិបច្រើនឆ្នាំប្លាយ។
របបសាធារណរដ្ឋ បួនទសវត្ស៍ត្រូវខ្វល់ខ្វាយ
ច្រើនរបបទារុណកាយ ទាហានអត់បាយយប់ដេកព្រៃ។
ចុងក្រោយត្រូវជាប់កែន.កប្រាំ ជាឆ្នាំដែលត្រូវបាត់សេរី
ពុកបង់ជើងពីរ សង្រ្គាមជ័យ តែបរាជ័យក្នុងជីវិត ៕
ជើងពាន
មានជើងតែពីរ ដើរលើធរណី រកស៊ីអត់ទុន
ចេះតែសំពះ មាត់ជួយបែរបន់ អ្នកឱ្យ បានបុណ្យ
គេកាន់ត្រេកអរ។
យកគូទធ្វើជើង កិលផងរួចឡើង ជើងជ័រជើងត
ពាក់បានតែម្ខាង ព្រោះជើងជ័រក្រ ឈើច្រត់កំដរ
បន្តសុំទាន។
កំសាកដូចទា ម្ល៉េះមិនវេទនា មានឆីតាមឃ្លាន
ធ្វើ«ទា»ក្លាហាន បានត្រឹម«ទាហាន» ចុះក្រោយទើបមាន
ជើងពានជើងជ័រ៕
ស្បែកជើង
ស្បែកជើងកញ្ចាស់ម្ចាស់មិនថែ ពាក់រាប់ឆ្នាំខែមិនដែលរលាង
សុំទានរាល់ថ្ងៃមួយចំហៀង សឹកកែងមើលមៀងមិនដែលដោះ។
ទ្រាំទៅស្បែកជើងម្ចាស់ពិការ ទ្រជើងមួយណា គួរស្រណោះ
ម្ខាងចូលបម្រើជាតិខ្លួនសោះ បាត់ជើងឈាមស្រស់សល់ជើងជ័រ៕
រក្សាសិទ្ធិ
ខ្ញុំពិតជាសូមសរសើរចំពោះកំណាព្យទាំងនេះណាស់។