បណ្ឌិតច្បាប់​ ឌុក​ រ៉ាស៊ី​ អ្នក​នយោបាយ​ខ្មែរជើងចាស់​ ទទួល​អនិច្ចកម្ម​ នៅប៉ារីស

បណ្ឌិត ឌុក រ៉ាស៊ី (រូបភាព​ថតនៅឆ្នាំ​២០១៧ ដោយ ហេង ឧត្តម)

ខ្ញុំ​ ប៉ិច សង្វាវ៉ាន និងស្វាមី ប៉ិច ឈុន មាន​សេចក្តី​សោកស្តាយ​ជាពន់ពេល​ ដែល​បាន​ទទួល​ដំណឹង​មរណភាព​របស់​លោកពូ ឌុក រ៉ាស៊ី។ លោក​ជាអតីតសាស្ត្រាចារ្យ​ច្បាប់របស់​ស្វាមីខ្ញុំ។ គ្រួសារយើងទាំងពីរ​រាប់​អាន​គ្នា​យ៉ាង​ជិត​ស្និត និងស្រឡាញ់គ្នា​ដោយ​ក្តីគោរព​យ៉ាង​ស្មោះស្មើ​។ ខ្ញុំ​​រន្ធត់ និង​សោកស្តាយ ដែល​ខ្មែរ​យើង បាន​បាត់​បង់​ បណ្ឌិត​ច្បាប់​និងអ្នកនយោបាយ ដ៏ក្លាហាន​រូប​ទៀត​ដូចលោកពូ ឌុក រ៉ាស៊ី។ ខ្ញុំ​និងស្វាមី សូមសម្តែង​ក្តី​គោរព​ចំពោះ​វិញ្ញាណក្ខន្ធលោកពូ និង​សូម​សម្តែង​ក្តីក្រៀមក្រំ ​ព្រមទាំងចូលរួម​ចំណែក​រំលែក​ទុក្ខ​ព្រួយ​ជាមួយ​ក្រុមគ្រួសារ និង​លោកជំទាវ​បង ឌុក សេដ្ឋា (បណ្ឌិត មាស សេដ្ឋា) ពី​ចម្ងាយ​ផង។ សូម​វិញ្ញាណក្ខន្ធ​របស់លោកពូ សោយសុខ​គតិភព​នៅ​ឋានសួគ៌នៃបរលោក កុំបីឃ្លាងឃ្លាតឡើយ។​

ខាងក្រោមនេះ ជាអត្ថបទរបស់ វិទ្យុ​បារាំង​អន្តរជាតិ RFI ផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២០។​ គួរ​បញ្ជាក់ថា សពរបស់​លោក ឌុក រ៉ាស៊ី បាន​បូជា​នៅ​ថ្ងៃ​ចន្ទ ទី​៣០ មីនា ២០២០។​

បណ្ឌិត ឌុក រ៉ាស៊ី នៅថ្ងៃទី​៨មីនា២០២០ ទិវារម្លឹក​ខួបកំណើត គម្រប់​៩៥ឆ្នាំ។ (រូបភាព​ថតនៅឆ្នាំ​២០១៧ ដោយ ហេង ឧត្តម)

បណ្ឌិត ឌុក​ រ៉ាស៊ី​ អ្នក​នយោបាយ​ខ្មែរជើងចាស់​ ទទួល​មរណភាព​ នៅជន្មាយុ​ ៩៥ឆ្នាំ

ដោយ ហេង ឧត្តម​

បណ្ឌិតច្បាប់ លោក ឌុក​ រ៉ាស៊ី​ អតីត​ឯកអគ្គរដ្ឋទូតខ្មែរ​ប្រចាំទីក្រុងឡុងដ៍  បាន​ទទួល​មរណភាព​  ដោយជរាពាធ នៅថ្ងៃពុធ ទី​២៥មីនា នៅរដ្ឋធានីប៉ារីស។  លោកគឺជា​អ្នកនយោបាយជើងចាស់ មាន​កិត្តិនាម​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ នៅក្នុង​​សម័យសង្គមរាស្ត្រនិយម​ ​និងសម័យសាធារណរដ្ឋខ្មែរ។ ជំនាន់នោះ ​លោក​មាន​តួនាទី​ជាអ្នកតំណាងរាស្ត្រ​ មណ្ឌលកំពង់ឆ្នាំងនិងជាព្រឹទ្ធបុរសមហាវិទ្យាល័យច្បាប់នៅភ្នំពេញ។  តើ​ព្រឹទ្ធាចារ្យ​បណ្ឌិត​នីតិសាស្ត្រ​រូបនេះ មាន​ជីវប្រវត្តិ​ យ៉ាង​ដូច​ម្តេច​ខ្លះ?

«ចេះច្បាប់  គេបោកមិនបាន ធ្វើអ្វីត្រឹមត្រូវ និងដឹងខុសដឹងត្រូវ​» នេះជា​គំនិត​ដែល​លោក ឌុក រ៉ាស៊ី យល់ឃើញ​តាំងតែ​ពីក្មេងវ័យ​ម្ល៉េះ។ ឈរ​លើ​ទស្សនៈ​​នេះហើយ ដែលលោក​បាន​ប្រឹង​ប្រែង​បន្តវិជ្ជាវិស័យច្បាប់​ រហូត​បញ្ចប់​ថ្នាក់​បណ្ឌិត​នីតិសាស្ត្រ​សាធារណៈ ពី​ប្រទេស​បារាំង នៅឆ្នាំ​១៩៥៧។ បណ្ឌិត​រូប​នេះ ចូល​​​បំពេញការងារ​ នៅ​​អង្គការ​សហប្រជាជាតិ ចំនួន២ឆ្នាំ​ ក្នុង​គណៈកម្មការនីតិកម្ម​ នៅ​បុរី​ញូវយក សហរដ្ឋអាមេរិក​ ហើយ​បន្ទាប់មកទៀត​ បម្រើ​ការងារ​​​នៅស្ថានទូតខ្មែរ​នៅ​ប្រទេស​ថៃ​ ចំនួន​១ឆ្នាំ រួចត្រឡប់ មកធ្វើការនៅក្រសួងការបរទេសវិញ ដល់១៩៦២។

ក្រោយជម្លោះរឿង​ប្រាសាទ​ព្រះវិហារ លោក ឌុក រ៉ាស៊ី ចាក​ចេញ​ពី​ក្រសួងការបរទេស និង​ផ្តើម​ប្រលូក​​ជីវិត​នយោបាយ ហើយ​ក្លាយ​ជាអ្នក​តំណាងរាស្ត្រ។ លោកយល់ថា «ធ្វើ​ជាអ្នក​នយោបាយនិង​​សមាជិកសភា​ មានសិទ្ធនិយាយស្តី​បានច្រើន ទាក់ទងជិតស្និទ្ធជាមួយប្រជា​​ពលរដ្ឋ  និងអាច​បង្រៀនបុរីជន​​​ឱ្យក្លាហាន ​យល់ចេះដឹង​ពីសិទ្ធ​របស់ខ្លួន​។» ក្នុង​ពេល​ដំណាលគ្នា អ្នកតំណាងរាស្ត្ររូបនេះបាន​បង្កើត​កាសែត​ជា​ភាសា​បារាំង​ ឈ្មោះថា Phnom Penh Presse។ នៅ​លើ​សង្វៀន​នយោបាយ លោក​មាន​ការ​ខ្វែង​គំនិត​ទស្សនៈ​នយោបាយ​មួយ​ចំនួន ជាមួយ​សម្តេច​ នរោត្តម សីហនុ រហូត​ដល់​ព្រះអង្គ​​បិទកាសែតភាសាបរទេស​ទាំងអស់ ​នៅ​ឆ្នាំ​១៩៦៧។ សម្តេច សីហនុ ក៏ធ្លាប់​​មាន​បន្ទូល​គំរាម ​តាម​វិទ្យុ​ជាតិទៀតផង​ថា«ចង់​​បញ្ជូន ឌុក រ៉ាស៊ី ទៅបរលោក»។

នៅ​សម័យ​សាធារណរដ្ឋខ្មែរ ដោយ​ឈរលើគោលការណ៍​ប្រជាធិបតេយ្យ​និង​យុត្តិធម៌​សង្គម​​ បណ្ឌិត​ ឌុក រ៉ាស៊ី បាន សរសេរ​រិះគន់ស្ថាបនា​​របប​ លន់ នល់ ជា​រៀងរាល់ថ្ងៃ តាម​ទំព័រសារព័ត៌មាន​។ អត្ថបទ​វិចារណកថាទាំង​នោះ បាន​ធ្វើ​ឱ្យ​របបថ្មី ក្តៅ​ស្លឹកត្រចៀក​មិនតិចទេ​​។

មុនពេល​ ​ខ្មែរក្រហម លេបត្របាក់​រដ្ឋធានីភ្នំពេញ លោក ឌុក រ៉ាស៊ី បានត្រូវ​តែង​តាំង​ជា​​ឯកអគ្គរដ្ឋទូត វិសាមញ្ញ​និងពេញសមត្ថភាព​​ ប្រចាំ​ចក្រភព​អង់គ្លេស បែលហ្សិក ដាណឺម៉ាក និងហូឡង់ដ៍។ ចាប់ពីឆ្នាំ​១៩៧៥ លោក​ជា​សាស្ត្រាចារ្យ​នីតិសាស្ត្រ​ បង្រៀន​នៅ​សកលវិទ្យាល័យ Amiens ប្រទេសបារាំង​។  ​​ពេល​ចូលនិវត្តន៍ លោកបង្កើត​ព្រឹត្តិបត្រ​ Le Salut Khmer និង ​បង្កើត​សមាគមសិទ្ធមនុស្ស​ឈ្មោះថា «សម្ព័ន្ធខ្មែរការពារ​សិទ្ធមនុស្ស​និង​សិទ្ធបុរីជន»។ ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីសរួចមក លោក​ ឌុក រ៉ាស៊ី​ បាន​រៀបចំ​សន្និសីទ​និងសិក្ខាសាសា​​ជាច្រើន​ដែល​ទាក់ទង​នឹង​សិទ្ធ សេរីភាព និង​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា។ ពេញ​មួយ​ជីវិតនេះ លោក​បាន​និពន្ធសៀវភៅ ​អត្ថបទវិភាគ​ច្បាប់​ ​និង​វិចារណកថា​ជាច្រើន ជាភាសា​ខ្មែរ​និង​បារាំង។

ជីវិត​របស់​លោក ឌុក រ៉ាស៊ី ហាក់​ជាប់ប្រទាក់​ក្រឡារដឹក​ទៅនឹង​នៅ​ស្ថានការណ៍​ប្រទេស​កម្ពុជា​។​ ក្នុង​មជ្ឈិមវ័យនិងជរា​ភាព​ លោក ឌុក រ៉ាស៊ី តែងតែរញ្ជួល​​ចិត្ត និងបង្ហូរទឹកភ្នែក​ជាញឹកញយ​ ​កាលណា​គេ​និយាយ​លើកឡើងពីរឿង​ខ្មែរ លោក​ស្រណោះស្រុកទេស​ ដែលមិន​គួរ​ធ្លាក់គ្រោះថ្នាក់​​លំបាក​វេទនា ដូច​សម័យ​ខ្មែរក្រហម​សោះ​។​

សព្វថ្ងៃ ភរិយានិង​បុត្រាបុត្រីរបស់លោក ​ចំនួន​៥នាក់ រស់​នៅប្រទេស​បារាំង​។ ភរិយារបស់លោក ឌុក រ៉ាស៊ី គឺ​លោកស្រី​បណ្ឌិត មាស សេដ្ឋា សោកស្តាយ​ និងរន្ធត់ជាពន់ពេក​​ចំពោះការ​បាត់បង់​ស្វាមី ដែលជា​ឥស្សរជន​មួយ​រូប​របស់ខ្មែរ។ លោកស្រីបានរម្លឹកប្រាប់វិទ្យុបារាំង​អន្តរជាតិ​ RFI ពីពាក្យសម្តី​របស់​ស្វាមី ដែល​តែងតែពោល​ និងសរសេរថ្លែងជាញឹកញយ គឺ ៖ «Une paix juste et durable ne peut être fondée que sur les Droits, l’Education et la Morale» (សន្តិភាពសង្គម ពិតប្រាកដនិងគង់វង្ស តែងសំអាងទៅលើច្បាប់, ការអប់រំ និងសីលធម៌)៕​

វណ្ណកម្ម​មួយចំនួន​របស់​អ្នក​និពន្ធ ឌុក រ៉ាស៊ី

-«វិចារណកថា ឌុក រ៉ាស៊ី» បោះពុម្ពឆ្នាំ​២០១៨ ដោយ​ គ្រឹះស្ថាន​បោះពុម្ពឯកសារខ្មែរ នៅភ្នំពេញ​

-«វាសនាខេមរៈបុត្រ» បោះពុម្ពឆ្នាំ​២០១២ ដោយ​បណ្ណាគារអង្គរ នៅភ្នំពេញ​

-«វាសនាប្រទេសជាតិ » បោះពុម្ពឆ្នាំ​២០១២ ដោយ​បណ្ណាគារអង្គរ នៅភ្នំពេញ​

-«Cambodge, Déclin et résurrection», 2012, Société des Ecrivains, Paris

-«La Question de la Représentation khmère à l’ONU, Droit ou Politique», 1974, ed. PEDONE, Paris

-«Les Frontière de la faute personnelle et de la faute de service dans le droit administratif français», 1963, collection Bibliothèque de droit public, Tome XLIII, Paris

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s