Daily Archives: ខែ​ឧសភា 25, 2011

កំណាព្យដោយ​កវី ​ព្រឿង​ ប្រណីត

រូបថត ៖ព្រឿង ​ប្រណីត

      

ប្រចណ្ឌ

The Jealousy

LA JALOUSIE

 រក្សាសិទ្ធិ

 បក្សាស្លាបដែកហោះជ្រែកវេហាស៍                         រំលងព្រឹក្សាចេញពីបុរី

លុះដល់អឺរ៉ុបបន្ទាបចុះដី                                            បារាំងល្បីកវីមានភ័ព្វ ។

បានឃើញបានស្គាល់លំហជើងមេឃ                     យកដៃញីភ្នែកចិត្តទន្ទេញជាប់

នេះជាការពិតមិនមែនយល់សប្តិ៍                              អស្ចារ្យល្អគាប់មិនធ្លាប់ឃើញទេ។

ស្គាល់ហើយឃើញហើយទេសភាពប្រណីត         អនិច្ចា! ឱ!ចិត្តគិតឥតទំនេរ

ឃើញច្រើនស្តាប់ច្រើន ក្រវើនរិះរេ                            យើងល្អដូចគេនៅវេលាណា?

ចិត្តគិតមួយទៀតនៅឆ្លៀតនឹកភ្នក                            រលឹកពន្លកកំពូលស្នហា

ព្រឺព្រួចក្នុងចិត្តឥតស្ងប់ចិន្តា                                        បានត្រឹមផ្ញើសារនឹកអូនពន់ពេក។

ប្រសិនពេលនោះក្បែរបងមានអូន                            ត្រជាក់ក្រោមសូន្យបានអូនរំលែក

ទៅណាមកណាមានគ្នាជជែក                                   អារម្មណ៍ត្រឹបត្រេកក្រោមមេឃស្នេហ៍ស្និទ្ធ។

មួយខែកន្លងបងត្រឡប់វិញ                                        ចូលក្រុងភ្នំពេញហាក់ម្នេញក្នុងចិត្ត

ទូរស័ព្ទច្រើនដងនួងល្អងផ្តាច់បិទ                              ម្តេចអូនលែងស្និទ្ធ ដាច់ចិត្តដល់ម្ល៉ឹង។

អ្វីដែលបងស្តាយឆោមឆាយដឹងទេ                           គឺអូនជឿគេបែរប្រចណ្ឌខឹង

ពាក្យគេញុះញង់ម្តេចក៏អូនខឹង                                   មានៈ ហើយប្រឹងប្រកាន់ទោសា។

តើបងសល់អ្វីដែលជាសង្ឃឹម                                     បើភ្លៀងរលឹមពេញក្នុងចិន្តា

មេឃអើយរាំងទៅកុំអាងចេស្តា                                  បំផ្លាញស្នេហាស្មោះស្ម័គ្រនៃខ្ញុំ។

ខ្យល់អើយសូមអ្នកប្រោសចិត្តមេត្តា                          លោភមោហ៍ទោសាគួរណាអ្នកកុំ

បក់តែខ្យល់ណាអាចដាស់ចិត្តមុំ                            ​​     វិញសាងសុខុមស្នេហ៍ខ្ញុំលែងហ្មង។

វិលវិញមកអូនស្តាប់បងសិនណា                              អូនកុំមុសាចំពោះអ្នកផង

គេល្អយ៉ាងណាគង់ចាញ់នួនល្អង                             កុំប្រចណ្ឌបងមិនសមហេតុផល    ៕

កវីព្រឿង ប្រណីត និង ភរិយា ( រូបថត៖ ព្រឿង ប្រណីត)


  

     

ដែកគោល

The Nail

LE CLOU

 រក្សាសិទ្ធិ

កើត​មក​ជា​ដែក​ទុក្ខ​ច្រើន​បែប​                     គេស្មិតបិត​ថែបដុតលត់ឆ្នៃ
ជា​ឧបករណ៍ប្រើ​រាល់​ថ្ងៃ​​​​​                               ដែក​ខួងដែក​ខៃដែក​កណ្តារ​។
ដែក​គោល​ដែក​គាស់​ដែក​អង្រួស               ដែក​ឆាបដែកឈួសនិងដែក​ចារ
កាំបិតពូថៅចប រណា                         ​          ឆេះ​កាយ​ច្រើន​សារអនិច្ចា​ដែក​។
ទោះ​រូប​ដូច​ម្តេចក៏​សន្តាន ​​​​​​​                            មិនអាច​កាត់​បានរស់​ដោយ​ឡែក
អាស្រ័យ​ពឹង​គ្នាងារ​តាម​ផ្នែក                       ខុស​ម្យ៉ាង​គឺ​ប្លែកភ័ព្វ​វាសនា ។
ដែក​គោល​តែង​រងខ្នង​ពូថៅ                         វាយ​វៀច​ខុស​ដៅ​ម្ចាស់​ផ្តាសា
អន្លូង​រមូលម្តេច​មិន​ថា                                   ដែក​គោល​បានការ​សរសើរ​ឈើ។

ដែក​គោល​ខំ​ប្រឹងដល់​គោល​ដៅ                 ម្តេច​លើក​ពូថៅអួត​ទំយើ ?
តើ​គេ​ដឹង​ដែរឬ​ធ្វើ​ពើ​?                                     ឬ​ពិត​ជា​ល្ងើមិន​យល់​ការណ៍ ?
ម្តេច​ក៏​ដែក​គោលកម្ម​ម្ល៉េះ​ទេ ?                      រង់​ចាំ​គេ​ជេរវាយ​ផ្តាសា
បង្ខំ​ញញឹមទទួល​ការ                                     ទោះ​ប្រាំង​វស្សាមិន​ប្រកែក។
លុះ​អស់​ភារៈគេ​ចាប់​ដក                               ដួង​ចិត្ត​រឹត​ខកដាច់​រហែក
មិត្ត​រួម​ការងារ ត្រូវ​បាក់​បែក                          ជីវិត​អល់​អែកដេក​តាម​ដី ។

ដែក​គោលឯទៀតអួត​សំណាង                   ត្រូវ​គេ​ស្អិត​ស្អាងតម្រង់​ថ្មី
សំពង​ក្បាល​ទៀតធ្មេច​ធ្វើ​ហី                        សំណាង​ដែរ​អី ឬ​វេរា ?
ឯ​មួយ​ពួក​ទៀតចង់​មិន​ចង់                           ត្រូវ​គេ​បោះ​បង់ចោល​តាម​ធ្លា
ធ្លាក់​ខ្លួន​ពិការ រស់​កំព្រា​                                 ថែម​គេ​បំពារ គ្រប់​វិធី ។
ឱ!ដែក​គោល​អើយដែក​គោល​ខ្មោច           ប៉ុន្តែ​ប្រយោជន៍ គេ​បោច​ស៊ី
ខ្លួន​ពិការ​ស្លាប់តែ​បញ្ជី                                    មាន​ឈ្មោះ​មួយ​ពីរគេ​រត់​ការ។

ដែក​គោល​មួយ​ប៉ែកដេក​តាម​ផ្លូវ                  ប្រែ​កាយ​ក្លាយ​ទៅដែក​បន្លា
រំខាន​ដល់​គេច្រើន​ប្រការ                               សួរ​ថា​នរណាអ្នក​ចោល​ដែក​?
អាសូរ​ដែក​គោលដែល​ពិការ              ​          គេ​កាត់គេ​អារគេ​បំបែក
គេ​ច្រិបគេ​ច្នៃទៅ​តាម​ផ្នែក​                             អាសូរ​សម្រែក​គ្មាន​អ្នក​ដឹង​៕

កវី ព្រឿង​ ប្រណីត​និង​គ្រួសារ ​(រូបថត​៖ព្រឿង ​ប្រណីត)

                                                                       

ចម្រៀង៖នេះឬចិត្តប្រុស?ដោយ​លោក​ម៉ា ឡៅពី

ប្រកាសឡើងវិញ

នេះចិត្តប្រុស?

(ប្រកាសក្នុងប្លក់លើកទី១នៅថ្ងៃ១២ វិច្ឆិកា២០១០)

បទ​ភ្លេង​និង​ទំនុក​ច្រៀង​និពន្ឋ​ដោយ​ លោក​ ម៉ា ឡៅ ពីនៅ​ឆ្នាំ​១៩៦៨

ច្រៀង​ដោយ​អ្នក​ស្រី សូ ​សា​វឿន (១)

បទ​នេះ​បាន​ដាក់​អម​ក្នុង​ រឿងនេះឬចិត្តប្រុស? និពន្ឋ​ដោយ​កញ្ញា  ព្រហ្ម សុទ្ឋ​ធីតា (២)

ស្នាដៃ​ទី​១​របស់​ខ្ញុំ​ត្រូវបានលោក​ម៉ៅ ​ប៊ុនថនចាត់​ចែងយ៉ាងយកចិត្តទុកដាក់យកទៅផ្សាយ

ជាភាគៗតាម​វិទ្យុ​ជាតិ​ភ្នំពេញ​​កាល​ពី​ខែ​កក្កដារហូតដល់​ខែ​កញ្ញា​ឆ្នាំ១៩៦៨  (៣)។

ក្របប្រលោមលោករបស់ខ្ញុំ​ (​រូបថត​ ប៉ិច ​សង្វាវ៉ាន)
ក្របប្រលោមលោករបស់ខ្ញុំ​ (​រូបថត ​៖​ ប៉ិច ​សង្វាវ៉ាន)

ខំគេចពីជុងចូលទ្រុងអន្ទាក់

គេចពីច្រវ៉ាក់ធ្លាក់ក្នុងរណ្តៅ

មើលឃើញថាចាប់បានមកខ្មៅ

ត្រជាក់ជាក្តៅសើចក្លាយជាយំ។

ងងឹតថាភ្លឺនេះចិត្តប្រុស?

ហ៊ានលើកកំហុសទម្លាក់លើខ្ញុំ

ភ្លេចសំពះផ្ទឹមលើកម្រាលព្រំ

ចុះចោលទ្រនំទៅដើរផ្ទាល់ដី។

បន្ទរ នេះចិត្តប្រុសកាត់ទោសប្រពន្ឋ?

រករឿងរិះគន់គ្មានចិត្តប្រណី

ជេរថែមទៀតមកកំសាកស្វាមី

ទៅឱបស្រីថ្មីឲ្យអស់ចិត្តទៅ។

ចម្រៀងក្អួតឈាមនាងព្រាហ្មណ៍កេសរ

ប្រពន្ឋចិត្តធម៌ជូនពរប្តីខ្លៅ

អូនរង់ចាំបងឱបក្តីសោកសៅ

អស់កម្មឈាមខ្មៅសឹមបងវិលវិញ។

ក.ក.ន  ៖

(១) :​ អ្នកស្រីរស់នៅសព្វថ្ងៃនេះក្នុងប្រទេសបារាំង។

(២) ព្រហ្ម សុទ្ឋ​ធីតាជានាមប៉ាកកា​របស់ខ្ញុំប៉ិច សង្វាវ៉ាន។

(៣) :អំពីប្រលោមលោក«នេះ​ឬចិត្តប្រុស?» ​ខ្ញុំបានសរសេរក្នុង«​ជីវ​ប្រត្តិ​ពិស្តាររបស់​ខ្ញុំ» ​និង​ ក្នុងអត្ថបទសាកល្បង«បទពិសោធន៍

ក្នុងការនិពន្ឋប្រលោមលោក»ក្នុង​ប្លក់នេះ។

**************

ប្រវត្តិរឿង«នេះចិត្តប្រុស?»

ក្នុងអំឡុងឆ្នាំ១៩៦៧ -​ ១៩៦៨ នារី​បី​រូបបាននិយាយរឿងវិបត្តិផ្ទាល់ខ្លួនប្រាប់ខ្ញុំ ក្រោយ​ពី​ពួក​គេ​បាន​ដឹង​ថាខ្ញុំ​ស្រឡាញ់​អក្សរសាស្ត្រ​ខ្មែរ​និង​ចូល​ចិត្ត​ការ​តែង​និពន្ធ​។កាលនៅពីក្មេង ខ្ញុំ​ចូលចិត្តអាន​ប្រលោមលោក​ណាស់។ ចាស៎ ! លាក់បាំងអ្វី ខ្ញុំតែង​តែ​ស្រមៃ​និង​ប្រាថ្នា​ជា​និច្ចចង់​មាន​ឈ្មោះ​ជា​អ្នក​និពន្ធ​នារីមួយរូប​។​ចំណង់់ដ៏ពុះពោរ​​នេះបានកើត​ឡើង​បន្តិច​ម្តង​ៗហើយ​រីក​សាយ​ពេញ​ក្រអៅ​បេះ​ដូង​ក្រពុំរបស់ខ្ញុំ​។ រឿងពិតរបស់នារីទាំង៣ជា​មេរៀន​ជីវិត​ដ៏​ល្អ​មួយ​សម្រាប់​រូប​ខ្ញុំផ្ទាល់​។ដោយខ្ញុំមានឧបនិស្ស័យ​ចូល​ចិត្ត​ចែក​រំលែក​មេរៀនជីវិតល្អៗ​ខ្ញុំបានចាប់ដងប៉ាកកាសាកល្បងនិពន្ធរឿងប្រលោម​លោក​ទី​មួយ​។

ជា​អ្នក​និពន្ធ​ក្មេងខ្ចី​ហើយ​ថ្មី​និងជា​នារីក្រមុំ នេះ​ហើយជា​បញ្ហា​ធំ​មួយ​សម្រាប់​ខ្ញុំនៅក្នុង​ជំនាន់​នោះ​។ ខ្ញុំគិតថាដើម្បី​ធ្វើ​ឲ្យ​ប្រលោម​លោក​ទី​១​​របស់​ខ្ញុំ​ត្រូវ​គេ​ចាប់​អារម្មណ៍ នេះក៏​មិន​មែន​ងាយ​ប៉ុន្មានដែរ​។ ដូច្នេះ គឺ​មាន​តែ​រក​ចំណង​ជើងណាមួយ​ដែល​អាច​ឆក់​ទាញ​អារម្មណ៍​អ្នក​អាន​ទាំង​ពីរ​ភេទ​ឲ្យ​ឆ្ងល់ចង់់​ដឹងចង់អាន​។ នៅ​ទី​បំផុត​ដើម្បី​​សម្របទៅ​តាម​សាច់​រឿង ខ្ញុំ​ក៏​សម្រេច​ដាក់​ចំណងជើងប្រលោមលោករបស់ខ្ញុំ​ថា «នេះ​ឬ​ចិត្ត​ប្រុស​?​»។​

បញ្ហា​មិន​ទាន់​ចប់​ត្រឹម​នេះនៅឡើយ​ទេ​ ព្រោះកាលណោះ ​ខ្ញុំ​កំពុង​ស្ថិត​ក្នុង​វ័យ​សិក្សា​។ បើ​លោក​ប៉ា​ជ្រាប​ដឹង​នោះ​ប្រាកដ​ជា​មាន​រឿង​រ៉ាវ​ធំ​មិន​ខាន​(​សូម​អាន​ជីវប្រវត្តិ​របស់​ខ្ញុំ​)។​ ដូច្នេះ គឺ​មាន​តែ​លាក់​ឈ្មោះ​ពិត​ ទើប​ខ្ញុំអាច​សម្រេច​បំណង​នៃការ​ផ្តើម​ធ្វើ​ជា​អ្នក​និពន្ធនារី​មួយ​រូប​របស់​កម្ពុជា​។​ខ្ញុំបានប្រើឈ្មោះ«ព្រហ្ម សុទ្ធ​ធីតា​»ជានាមប៉ាកកា​ដែល​ខ្ញុំស្រឡាញ់​ពេញ​ចិត្ត​ណាស់។​ ​ពីព្រោះ​«ព្រហ្ម»​ជា​នាម​ត្រកូល​របស់​ខ្ញុំ​ស្រាប់។​«​សុទ្ធ​»ជា​ឈ្មោះ​ហៅ​នៅ​ផ្ទះ​ថា«​ស្រី​សុទ្ធ​»​។​ «ធីតា»​គឺ​កូន​«​ស្រី​»។ «​ស្រី​» ក៏ជា​ឈ្មោះ​ហៅ​នៅ​ផ្ទះដែរ(សូម​រង់​ចាំ​អាន​«​ខ្ញុំ​ជា​ស្រី​»​)។

ក្របប្រលោមលោករបស់ខ្ញុំដេលនឹងចេញផ្សាយនៅថ្ងៃណាមួយ(រូបថត៖​ប៉ុច ​សង្វាវ៉ានរក្សាសិទ្ធិ)

ក្របប្រលោមលោករបស់ខ្ញុំដែលនឹងចេញផ្សាយនៅថ្ងៃណាមួយ (រូបថត៖ ប៉ិច សង្វាវ៉ាន - រក្សាសិទ្ធិ)