មិត្តអ្នកអានឃើញ មាត់ និងថ្លង់សំឡេងសត្វកង្កែបនេះ ពេលវាយំ ដើម្បីទាមទារឱ្យមេឃបង្អុរភ្លៀងហើយមែនទេ? «អែប! អែប! អែប!» សំឡេងកង្កែបខ្លាំងគួរឱ្យថ្លង់មែនពេលវាស្រែកយំម្ដងៗ។ រូបរាងកង្កែបក៏មិនល្អ ទំហំប៉ុនបាតដៃកូនក្មេងអាយុ ៤ឆ្នាំសោះ តែសំឡេងកង្កែបខ្លាំងឮដល់ព្រះពិរុណហ្ន៎!។ អ្នកអានចំណាំដូចខ្ញុំដែរមែនទេ កាលណាសត្វកង្កែបបបួលគ្នាយំហើយ ព្រះពិរុណលោកមេត្តាតែងតែមេត្តាបង្អុរភ្លៀងមួយមេពីរមេ ស្រោចស្រពលើព្រះធរណីមិនខានឡើយ។ ខ្ញុំនៅចាំកាលខ្ញុំនៅជាកុមារីម្នាក់ មាតាសម្លាញ់ជាទីគោរពរបស់ខ្ញុំ តែងតែមានប្រសាសន៍ជារឿយៗអំពីស្រីៗដែលចូលចិត្តនិយាយដើមគេពីនេះពីនោះ បែកជាអូរហូរជាស្ទឹងថាជាស្រី «មាត់ដាច ឬមាត់កង្កែប»។ ស្រីមាត់ដាច ឬស្រីមាត់កង្កែប… ស្រីប្រភេទនេះមិនដែលបិទមាត់លាក់ការសម្ងាត់ណាមួយដែលមិនគួរនិយាយទេ មិនខុសពីសត្វកង្កែបឡើយ។ ពេលខ្លះវានាំគ្នាស្រែកយំយ៉ាងទ្រហឹងគួរឱ្យថ្លង់មិនចង់ឮទេ។ បើយើងហាមវាក៏វាមិនយល់។ វាមិនចេះស្ដាប់ភាសាមនុស្សដូចឆ្កែនិងឆ្មាទេ។
ខ្ញុំលើកយករឿងមួយដែលខ្ញុំបានឮផ្ទាល់ត្រចៀក តាមទូរសព្ទលើតុក្នុងការិយាល័យរបស់ខ្ញុំ។ ជាសំឡេងបុរសម្នាក់ដែលខ្ញុំមិនស្គាល់មុខ មិនស្គាល់ឈ្មោះ និងមិនស្គាល់សំឡេង គ្រាន់តែដឹងថាជាអ្នកស្ដាប់វិទ្យុម្នាក់ប៉ុណ្ណោះ។
-ម៉ាដាម (Madame អស់លោកប្រុសៗទម្លាប់ហៅស្ត្រីមានស្វាមីថា លោកស្រី-អ្នកស្រី ជាពាក្យបារាំង) ខ្ញុំដឹងថាម៉ាដាមជាអ្នកនាំគាត់មកធ្វើការ គួរតែទទួលស្ដាប់អំពើនេះ តែអ្នកស្រីនោះតែងតែនិយាយដើមម៉ាដាមប្រាប់គេឯង…។
-ចា៎… អរគុណលោក បើទោះជាខ្ញុំមិនអាចប្រព្រឹត្តអំពើនេះដូចសហការីរបស់ខ្ញុំ ក៏ខ្ញុំមិនអាចហាមប្រាម ឬបន្ទោសគាត់ក្នុងនាមជាមិត្តដែលធ្លាប់ស្គាល់គ្នាក្នុងវិទ្យាល័យទេ។ ខ្ញុំក៏មិនខឹងដែរ ព្រោះបើមាត់គាត់ដាច។ បើជារូបខ្ញុំវិញ ខ្ញុំពិតជាមិនអាចដើរនិយាយដើម អ្នកដែលបានធ្វើអំពើល្អ និងមានគុណចំពោះខ្ញុំទេ។
និយាយចប់ខ្ញុំក៏ស្ងប់អារម្មណ៍ មិនអាក់អន់ចិត្ត ហើយថ្វាយបញ្ហានេះទៅព្រះ ហើយនឹកថា ហេតុអ្វីក៏ម្ចាស់វាចានេះ មិនប្រាថ្នាក់កើតជាតិក្រោយឱ្យមានស្អាតល្អសមសួនជាងជាតិនេះ? បើជារូបខ្ញុំវិញ ពេលណាខ្ញុំប្រទះរឿង ឬឮពាក្យនិយាយដើមខ្ញុំម្ដងៗ ខ្ញុំគិតថា «គួរណាស់គេស្គាល់ខ្លួនគេ មើលឃើញខ្លួនឯងក្នុងកញ្ចក់ ហើយខំប្រព្រឹត្តតែអំពើល្អ ក្រែងលោព្រះលោកប្រទានរូបសម្បត្តិ មុខមាត់ភ្នែកច្រមុះ ឱ្យល្អជាងជាតិបច្ចុប្បន្ននេះ ទើបប្រសើរជាង។ ខ្ជិលខឹង ជឿសុភាសិតខ្មែរយើង «ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់»។ គ្មាននរណាម្នាក់អាចខ្ទប់មាត់ជនមាត់ដាចបានឡើយ។ មនុស្សយើងរាល់រូបសុទ្ធតែមានមាតាបិតាអប់រំតាំងពីតូចក្រូចឆ្មារម្ល៉េះ។ កុសលធម៌មិនចាំបាច់យកប្រាក់មួយបាច់ ឬអំណោយមួយការ៉ុងទៅជួយជនខ្វះខាត ឬជនក្រីក្រទេ។ អំពើល្អដោយកាយវាចាចិត្តមិនបាច់ប្រើឬចំណាយប្រាក់កាសឡើយ ហើយទទួលផលល្អក្នុងជាតិនេះតកូនតចៅ…។ ខ្ញុំជឿជាក់ ពីព្រោះអំពើសប្បុរសធម៌របស់មាតាបិតាខ្ញុំគ្រប់យ៉ាង តាំងពីជំនួយប្រាក់កាស ទីកន្លែងក្នុងវីឡា ឬភូមិគ្រឹះឱ្យសាច់ញាតិដែលមកពីខេត្ត ឬជនបទស្នាក់នៅបរិភោគឥតបង់ថ្លៃនោះ បានហុចផលក្នុងជាតិនេះ គឺក្រុមគ្រួសារទាំងមូលរបស់យើង ចំនួន៩៤នាក់ បានគេចផុតពីរបបយង់ឃ្នងខ្មែរក្រហមទាំងអស់គ្នា ហើយបានចេញមកក្នុងនាមជាជនជាតិបារាំងធ្វើមាតុភូមិនិវត្តន៍យ៉ាងងាយ ដោយគ្មានសំបុត្រស្នាមបញ្ជាក់ ព្រោះលិខិតបញ្ជាក់ទាំងអស់ត្រូវបានយើងកម្ទេចចោល គ្មានសល់នៅតាមផ្លូវដើម្បីបំបាត់ដានថាគ្រួសារយើងជាអ្នកអន្ទ្រើស មានឋានៈវណ្ណៈខ្ពស់ និងចេះដឹង ដែលជាទីប្រាថ្នារបស់អង្គការ ដើម្បីសំឡេះចោលឱ្យខ្ទេច។ សូមរង់ចាំអាន «ខ្ញុំជាស្រី» និង «ដំណើរឆ្ពោះទៅរកសន្តិភាពក្នុងដែនឥណ្ឌូចិន» ដែលខ្ញុំនឹងនិពន្ធទុកជូនអ្នកស្នេហាវប្បធម៌ខ្មែរទាំងអស់ដែលចង់ដឹងជីវិតនៃអ្នកស្រឡាញ់អក្សរសាស្ត្រយ៉ាងប្ដូរផ្ដាច់មួយរូប។
សរសេរចប់នៅម៉ុងទីញី ប្រទេសបារាំង
ថ្ងៃទី១០ មេសា ២០១៩