Daily Archives: ខែ​មីនា 12, 2012

ផ្ការីកហើយ ដោយ​ស្វាយ ​លី​ម៉េង

រក្សាសិទ្ធិ

បទផ្កាឈូករីក

( ពាក្យប្រាំបូន )

 

 

ផ្ការីកហើយបានឃើញទេមិត្តសម្លាញ់  

ផ្ការីកហើយសែនស្រលាញ់ពេញបេះដូង

ផ្ការីកហើយសូមជូនម្តាយនិងបងប្អូន          

ផ្ការីកហើយក៏ជូនអូនបានទស្សនា ។

ផ្ការីកហើយរីកស្គុសស្គាយរាយស្រទាប់     

ផ្ការីកហើយជាទ្រនាប់ទ្រមនុស្សា

ផ្ការីកហើយសស្វាយខៀវស្រស់ម្ល៉េះណា៎  

ផ្ការីកហើយតើស្នេហាឫអត់ហ្នឹង?

ផ្ការីកហើយពិដោរឈ្ងុយដល់នាសា         

ផ្ការីកហើយគាប់នេត្រាស្រស់ព្រលឹង

ផ្ការីកហើយទាញអារម្មណ៍កាយសន្ឋឹង     

ផ្ការីកហើយបេះដូងនឹងបានស្រស់ស្រាយ  ។

ផ្ការីកហើយវារេរាំតាមចង្វាក់              

ផ្ការីកហើយចង់សំណាក់មិនជិនណាយ

ផ្ការីកហើយសូមផ្ញើចិត្តនិងរូបកាយ        

ផ្ការីកហើយគ្មានចិត្តស្តាយពេលស្នេហា ។

ផ្ការីកហើយរីកលម្អដងវិថី               

ផ្ការីកហើយដូចសក្ខីដែលទេវតា

ផ្ការីកហើយភ្នំពេញយើងស្រស់អស្ចារ្យ           

ផ្ការីកហើយដៃបាចផ្កាពេញសកល  ៕

 


ទៅលេងស្រុកខ្មែរ ​ដោយ​លោក ឈរ ហ៊រឃៀង

រក្សាសិទ្ធិ

ទៅលេងស្រុកខ្មែរ

ខ្លួនខ្ញុំជាខ្មែរ   

មកនៅស្រុកគេ  

ចាយលុយដុល្លារ

នឹកចង់ដើរលេង

ចង់បរិភោគក្តា    

និយាយភាសា  

របស់ផងខ្លួន។

 

ទៅលេងស្រុកខ្មែរ

ស្រួលអ្វីម៉្លេះទេ

កន្លែងដេកពួន 

គេងផ្ទះសំណាក់

តម្លៃសមសួន 

ទឹកគ្រឿងត្រកួន 

បីបួនដុល្លារ។

 

ទិញម្ហូបតាមផ្លូវ  

ហុចលុយឱ្យទៅ 

ធ្វើឫកសង្ហា 

អ្នកលក់ឃើញភ្លាម

បះជើងដួលផ្ងារ 

ឃើញប្រាក់ដុល្លារ   

ស្រែកថាអៃយ៉ូយ ។

 

ដើរលេងផ្សារថ្មី  

ជួបពួកស្រីៗ  

ពីមុខពីក្រោយ

ញញឹមដាក់ខ្ញុំ

ខ្លះញាក់គូថឱ្យ

ស្រែកហៅខ្ញុំញយ

ឱ្យជួយទិញមាស ។

 

 

ទៅលេងគៀនស្វាយ 

ឃើញស្រីលក់បាយ 

ម្ហូបម្ហាពេញពាស

មេម៉ាយកូនមួយ

ក្រមុំសុំខ្មាស

ហៅអូនឆ្លើយចា៎ស 

លលេងតាមចិត្ត ។

 

ខ្ញុំស្លៀកខោខ្លី    

ពាក់អាវយឺតថ្មី

ខើចឃើញរន្ធផ្ចិត

ច្រៀងយោលអង្រឹង

ដៃម្ខាងកាន់ខ្វិត

ញាំចេកមួយស្និត

កោរដប់ដុល្លារ ។

 

នៅផ្ទះមិនសុខ

ឡើងជិះតុកតុក  

ឆ្វែលជុំវិញផ្សារ

ចង់ញាំស្វាយខ្ចី

ត្រីរស់ត្រីប្រា  

ញាំត្រីប្រម៉ា 

នឹងបបរស។

 

លេងកំពង់សោម  

ស្រីយួនតាមចោម 

សុំខ្លួនកំដរ 

សុំធ្វើសរសៃ

ចាប់ដៃសួររក

ប្រពន្ធមានមក 

ជាមួយទេបង?។

 

 

ខ្ញុំឱ្យដុល្លារ 

ហើយប្រាប់នាងថា 

ខ្ញុំរមាស់ខ្នង

ពឹងឱ្យនាងអេះ

នាងបែរជាប៉ង 

ស្រីមានបំណង

ចង់ចាប់ខ្ញុំជិះ។

 

ត្រឡប់មកវិញ  

ចូលក្រុងភ្នំពេញ

ជួបក្រុមប៉ូលិស 

ហៅស្ទាក់ឡានខ្ញុំ

បក់ដៃមកនេះ   

តែខ្ញុំមិនចេះ

ភាសាបក់ដៃ។

 

នឹកថារឿងធំ

ដល់ឃើញពោះខ្ញុំ

ធំប៉ោងប៉ុនល្អី 

ចុះពីលើឡាន

 ស្មានថាសេដ្ឋី

សុំបួនដប់ម្ភៃ

គ្រាន់ថ្លៃកាហ្វេ។

 

ចម្លែកខ្លាំងណាស់   

ទាំងក្មេងទាំងចាស់

ទៅលេងស្រុកខ្មែរ 

អ្នកខ្លះរាគរូស

ខ្លះលួចមានស្នេហ៍

ខ្លះទៀតពូកែ

អត់កើតអីសោះ៕

 

និពន្ធដោយ     Chhor H.Khieng (Michel Chhor)

Maryland-USA  March 10  2012

លិខិតដែលបានទទួល

លិខិតជូនពរ

 

នៅក្នុងឱកាសអបអរសាទរខួបលើកទី១០១

នៃទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១២នេះ

តាងនាមឱ្យសិស្សនិពន្ធ អ្នកកវីនិពន្ធខ្មែរ

ទាំងក្នុង-ក្រៅប្រទេស

និងបងប្អូនអ្នកសេ្នហាភាសាអក្សរសាស្ត្រខ្មែរ

សូមគោរពអនុញ្ញាតដ៏ខ្ពង់ខ្ពស់លំឱនកាយវាចាចិត្ត

សម្តែងនូវកត្តញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅ

បំផុតចំពោះសកម្មភាពជួយលើកស្ទួយ

ចែករំលែកលើវិជ្ជាតែងនិពន្ធនិងវិជ្ជាអក្សរសាស្ត្រ

ពីសំណាក់លោកអ៊ំកន្លងមក

ព្រមទាំងការលះបង់ទ្រព្យសម្បត្តិ

និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត

គ្មាននឿយហត់ក្នុងន័យជម្រុញបងប្អូនអ្នកនិពន្ធ

ទាំងអស់ ឱ្យឈានទៅរកភាពរីកចម្រើន។

      ឆ្លៀតក្នុង ឱកាសដ៏មហាថ្លៃថ្លានេះ

ខ្ញុំបាទយើងខ្ញុំ

សូមគោរពអនុញ្ញាតលើកហត្ថបួងសួងវត្ថុសក្តិសិទ្ធ

ទាំងឡាយក្នុងលោក បុណ្យបារមីទេវតាថែរក្សា

ប្រទេសកម្ពុជា ព្រមទាំងវិញ្ញាណខ័ន្ធអស់លោក

អ្នកប្រាជ្ញរាជបណ្ឌិត កវីនិពន្ធខ្មែរទាំងអស់

សូមជួយបីបាច់ថែរក្សានិងប្រោះព្រំ

សព្វសាធុការពរជ័យសេរីបវរមហាប្រសើរ

គ្រប់ប្រការជូន

លោកអ៊ំ ប៉ិច សង្វាវ៉ាននិងក្រុមគ្រួសារចៅប្រុសស្រី

សូមលោកអ៊ំប្រកបដោយ

សុខភាពបរិបូរណ៍ កម្លាំងរឹងមាំ បញ្ញាញាណភ្លឺថ្លា

ជន្មាយុយឺនយូរដើម្បីជាម្លប់ដល់កូនក្មួយកវីនិពន្ធ

អ្នកអក្សរសាស្ត្រខ្មែរជំនាន់ក្រោយ

និងសូមឱ្យលោកអ៊ំប្រកបនូវពុទ្ធពរទាំងបួនប្រការ

គឺ

អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

 សូមលោកអ៊ំមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់

អំពីយើងខ្ញុំ។

      សេចក្តីគួរពុំគួរសូមសូមមេត្តាខន្តីអភ័យទោស៕

         គោរជូនពរពីរាជាណាចក្រថៃ

         ០៧ មីនា ឆ្នាំ២០១២

         តំណាងអ្នកកវីនិពន្ធ

          ឡឹក ជំនោរ

                LEK Chumnor

 http://khmerpen.blogspot.com