ផ្ការីកហើយ ដោយ​ស្វាយ ​លី​ម៉េង

រក្សាសិទ្ធិ

បទផ្កាឈូករីក

( ពាក្យប្រាំបូន )

 

 

ផ្ការីកហើយបានឃើញទេមិត្តសម្លាញ់  

ផ្ការីកហើយសែនស្រលាញ់ពេញបេះដូង

ផ្ការីកហើយសូមជូនម្តាយនិងបងប្អូន          

ផ្ការីកហើយក៏ជូនអូនបានទស្សនា ។

ផ្ការីកហើយរីកស្គុសស្គាយរាយស្រទាប់     

ផ្ការីកហើយជាទ្រនាប់ទ្រមនុស្សា

ផ្ការីកហើយសស្វាយខៀវស្រស់ម្ល៉េះណា៎  

ផ្ការីកហើយតើស្នេហាឫអត់ហ្នឹង?

ផ្ការីកហើយពិដោរឈ្ងុយដល់នាសា         

ផ្ការីកហើយគាប់នេត្រាស្រស់ព្រលឹង

ផ្ការីកហើយទាញអារម្មណ៍កាយសន្ឋឹង     

ផ្ការីកហើយបេះដូងនឹងបានស្រស់ស្រាយ  ។

ផ្ការីកហើយវារេរាំតាមចង្វាក់              

ផ្ការីកហើយចង់សំណាក់មិនជិនណាយ

ផ្ការីកហើយសូមផ្ញើចិត្តនិងរូបកាយ        

ផ្ការីកហើយគ្មានចិត្តស្តាយពេលស្នេហា ។

ផ្ការីកហើយរីកលម្អដងវិថី               

ផ្ការីកហើយដូចសក្ខីដែលទេវតា

ផ្ការីកហើយភ្នំពេញយើងស្រស់អស្ចារ្យ           

ផ្ការីកហើយដៃបាចផ្កាពេញសកល  ៕

 


បញ្ចេញមតិ