តើស្នេហាមានន័យ
យ៉ាងណាចំពោះអ្នក?
រក្សាសិទ្ធិ
ដោយហេង ឧត្តម
អត្ថបទនេះចុះផ្សាយ នៅថ្ងៃ៣ខែមេសា ឆ្នាំ២០១១
http://oudomheng.wordpress.com/
«តើស្នេហាមានន័យយ៉ាងណាចំពោះអ្នក? ស្នេហាមានច្រើន ស្នេហាជាតិ ស្នេហាឪពុកម្តាយ ស្នេហាបងប្អូន… តែក្នុងទីនេះ យើងសូមលើកយកតែស្នេហា ដែលគេកត់សម្គាល់ក្នុងជម្រៅបេះដូងយុវវ័យចំពោះគ្នា យកមកសិក្សាតែប៉ុណ្ណោះ។ ស្នេហាប្រភេទនេះ នៅក្នុងជីវិតលោកិយ៍យើង មានទាំងសប្បាយរីករាយ ត្រេកត្រអាល មានទាំងកម្សត់កម្រស្រក់ទឹកភ្នែក ជួបជុំ ព្រាត់ប្រាស់ ផ្អែមល្អែម ល្អូកល្អើន ស្អិតរមួតជាងទឹកឃ្មុំ មានប្រៃល្វីងជូរចត់… មានគ្រប់រសជាតិ ។ A.Lunasarki បានសន្និដ្ឋានថា ៖ សេចក្តីស្នេហាជាការតែងលម្អដ៏មហិមា។ សេចក្តីស្នេហាធ្វើឲ្យធម្មជាតិរីកស្រស់បំព្រង…។
ទាក់ទិននឹងរឿងរ៉ាវស្នេហានេះ មានមតិជាច្រើនត្រូវបានលើកឡើង។
អ្នកប្រាជ្ញល្បីល្បាញ Oliver Wendell Holmes ធា្លប់ចាត់ទុកថា៖ «សេចក្តីស្នេហា ជាកូនសោមានតួនាទីចម្រុះ បើកបានគ្រប់ទ្វារទាំងអស់ នាំយើងទៅដល់សុភមង្គល។»
អ្នកប្រាកដនិយមចូលចិត្តប្រៀបធៀប ស្នេហាទៅនឹងដួងព្រះចន្ទ។ គេនិយាយយ៉ាងនេះថា៖ «សេចក្តីស្នេហាដូចជារូបព្រះចន្ទ បើសិនជាវាមិនធំឡើងទេនោះ វានឹងតូចទៅ។»
ការលួចស្រឡាញ់ប្រតិព័ទ្ធនរណាម្នាក់ក៏ជាស្នេហាដែរ គឺជាស្នេហាសម្ងាត់។ ស្នេហាសម្ងាត់នេះ ចេញពីក្រអៅបេះដូងសម្ងាត់ ដែលលបលួចគេងគិតផ្សងតែម្នាក់ឯង។ ជាការពិតអ្នកលួចស្រឡាញ់នរណាម្នាក់ តែងតែគិតគូរខ្វល់ខ្វាយចំពោះមនុស្ស ដែលខ្លួនស្រឡាញ់ស្ទើរតែគ្រប់ដង្ហើមចេញចូល ហើយអារម្មណ៍របស់គេជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះម្ចាស់ស្នេហ៍របស់ខ្លួនគ្រប់វេលា។ លោកសម្បត្តិ និស្សិតខ្មែរនៅប្រទេសកាណាដាបានសរសេរប្លក់ផ្ទាល់ខ្លួនរបស់លោកថា៖ «…ជាធម្មតា អ្នកស្រលាញ់ មានបេះដូងលោតខុសចង្វាក់ច្រើនជាង អ្នកដែលត្រូវបានគេ ស្រលាញ់់។ …»
មែន… រាល់លើកដែលខ្ញុំគិតទៅរាជិនីគឺអ៊ីចឹង! ខ្ញុំតែងតែគិតដល់នាងគ្រប់ពេល ខ្ញុំបារម្ភចំពោះនាងគ្រប់វេលា… នេះជាអារម្មណ៍របស់អ្នក ដែលមានស្នេហាមែនទេ? រហូតមកដល់ពេលនេះ ខ្ញុំមិនដឹងថា ខ្ញុំចាប់ផ្តើមបាក់ចិត្តស្រឡាញ់នាងតាំងតែពីពេលណាមកនោះទេ ដូចជាពិបាកយល់ចិត្តខ្លួនឯងដែរ… អានតវិញប្រសើរជាង។
លោកបានបន្តទៀតថា«ស្នេហាមានឥទ្ធិពលខ្លាំងណាស់ លើជីវិតមនុស្សម្នាក់ៗ ដោយម្យ៉ាងក៏មកពីយើងមិន អាចរស់ឬមិនចង់់រស់់នៅម្នាក់់ឯង ហើយម្យ៉ាងទៀត វាទាក់ទងនឹងតណ្ហាកាមទេព ដែលនំាឲ្យមនុស្សគ្រប់វ័យត្រូវការគូ ស្នេហ៏ប្រចាំជីវិតនោះ។»
ពាក្យថា «ស្នេហា» អ្នកនិពន្ធ កវីបណ្ឌិត អ្នកប្រាជ្ញ ខិតខំស្រាវជ្រាវរុករក និងសរសេរចងក្រងរាប់ម៉ឺនទំព័រសៀវភៅ នៅតែទាន់ស្វែងរកឃើញមិនចេះចប់មិនចេះហើយ… ដរាបណាជីវិតនៅតែមាន ពិភពលោកមិនទាន់រលាយ សេចក្តីស្នេហា នៅតែមានពន្លកឥទ្ធិពលក្នុងនៅដួងចិត្តមនុស្សលោក ។
បើស្នេហាមានឥទ្ធិពលខ្លាំងក្លាយ៉ាងនេះ គេគួរប្រយ័ត្នប្រយែង មិនត្រូវបណ្តោយឲ្យមានការភ័ន្តច្រឡំចំពោះសេចក្តីសង្ឃឹមបណ្តោះអាសន្ន ដែលកើតឡើងតែមួយរយៈខ្លីក្នុងពេលវេលារបស់អ្នកនោះទេ។ សេចក្តីស្នេហា មិនមែនគ្រាន់តែជា«ផ្លេកបន្ទោរ»ឆ្វាចឡើង ហើយក៏រួចស្រេចនោះទេ។ នៅពេលដែលអ្នកពិតជាស្រឡាញ់មនុស្សម្នាក់ ក្រៅពីការស្រឡាញ់រូបរាង អ្នកថែមទាំងត្រូវពិនិត្យមើលសតិអារម្មណ៍ អាកប្បកិរិយា និងមនោសញ្ចេតនារបស់មនុស្សដែលយើងស្រឡាញ់នោះផង។ សេចក្តីស្នេហាមិនអាចកំណត់ឡើង ដោយសារការរំភើបមួយរំពេចនោះទេ ប៉ុន្តែត្រូវការពេលវេលា ដើម្បីសាកល្បង។ សេចក្តីស្នេហាស្មោះត្រង់ និងធំធាត់ឡើងជាបណ្តើរៗតាមពេលវេលា ផ្ទុយទៅវិញ បើសិនជាគ្រាន់តែកម្រិតចំពោះតែត្រឹមអារម្មណ៍រំភើបតែមួយមុខនោះ មិនយូរប៉ុន្មានសេចក្តីស្នេហានោះនឹងរុះរោយ ហើយស្លាប់ដោយក្រៀមក្រោះជាក់ច្បាស់បំផុត។ […] ទំ.១៩ «ក្បួនសេពគប់មិត្ត១០០ឆ្នាំ» ដោយទៀ-ថេន។
Paul Staroul មានប្រសាសន៍ថា៖ «សេចក្តីស្នេហា គឺជាជំងឺមួយដ៏ធ្ងន់នៅពេលចុងបញ្ចប់នៃយុវវ័យ។»
អ្នកប្រាជ្ញបារាំងដ៏ល្បី លោក Victor Hugo និយាយថា «ជីវិតដូចជាផ្កា ស្នេហាដូចជាទឹកឃ្មុំ។
ពេលខ្លះ ស្នេហា គ្រាន់តែជាល្បែងលេងសើចសប្បាយ… ស្នេហាគឺជាការបោកប្រាស! ពាក្យផ្អែមពីរោះលន្លង់លន្លោចរកគ្នា… គឺជាពាក្យលួងលោមភូតកុហកទាំងអស់។ ស្នេហាបរិសុទ្ធ គ្មានទេ! គឺជា កិលេសអពង្គល ដែលធ្វើឲ្យយើងឈ្លក់វង្វេងស្មារតី តែក្នុងរយៈដ៏ខ្លី… សែនខ្លី…។
អ្នកនិពន្ធសុទ្ធ–ប៉ូលីន បានសរសេរក្នុង«ជីវិតឥតន័យ» យើងសូមដកស្រង់មកបង្ហាញជូនអានដូចតទៅ។ […] «ខ្ញុំជាកំលោះប្រដាប់ដោយបេះដូងដែក។ ចាប់តាំងតែពីថ្ងៃនេះទៅ ខ្ញុំហ៊ានអះអាងថា គ្មានព្រួញរបស់នារីណាមកទម្លុះទម្លាយបេះដូងខ្ញុំបានឡើយ។ ស្នេហាជាវត្ថុអ្វីទៅ? គ្មាននរណាដឹងសោះ! មានតែខ្ញុំម្នាក់ទេ ដែលដឹងថា អ្វីជាស្នេហា… គឺជាសម្បត្តិឥតន័យ… វត្ថុដែលគ្មាន… ដែលជាស្រមោល… ដែលស្ថិតនៅតែក្នុងការស្រមៃ។ ចំណែកស្នេហា ដែលគូសង្សារតែងនិយមប្រាប់គ្នាគឺជារឿងបោកប្រាស។ ឱ! ស្នេហានោះ ដែលគេស្មានតែបរិសុទ្ធ គឺជាល្បែងទេតើ… ពាក្យផ្អែមពីរោះដែលគេផ្តោះផ្គងរកគ្នា… គឺជាពាក្យភូតកុហកទាំងអស់។ ស្នេហាបរិសុទ្ធនោះ… គឺជាក្រសោមកិលេសអពង្គល ដែលធ្វើឲ្យយើងវង្វេងស្មារតីតែក្នុងរយៈដ៏ខ្លី… សែនខ្លី…។
ខ្ញុំជាមនុស្សមិនវង្វេង… ខ្ញុំយល់ច្បាស់… ខ្ញុំជាឥតជឿស្នេហាទេ… ស្នេហាបរិសុទ្ធគ្មានស្ថិតនៅទេ… គឺគ្រាន់តែជាពាក្យប៉ុណ្ណោះ។ ស្នេហាដែលស្ថិតនៅ គឺសុទ្ធតែជាល្បែងទាំងអស់។ អូយ! ខ្ញុំខ្ពើមណាស់ស្នេហា! ខ្ញុំជាមនុស្សគ្មានស្នេហា! ខ្ញុំជាមនុស្សអស់កិលេស!!!…» […] «ជីវិតឥតន័យ» ជំពូក «អតីតកាលរបស់សារ៉ាក់» ត្រង់អត្ថបទ «ខ្ញុំជាមនុស្សគ្មានស្នេហា» ទំព័រ.១៣៤
ប្រិយមិត្តម្នាក់បានមានយោបល់ថា «ស្នេហាគឺដូចថ្នាំពេទ្យ ជាថ្នាំមួយប្រភេទដែលមានមុខពីរស្នេហាជាដើម ហេតុនៃសេចក្តីឈឺចាប់ ស្នេហាជាដើមហេតុនៃសេចក្តីសុខស្នេហាជាសេចក្តីទុក្ខ ស្នេហាជាទឹកឃ្មុំ។ ស្នេហាជាដាវមុខ ស្រួច ដែលអាចចាក់សម្លាប់មនុស្សគ្រប់ពេល តែវាក៏ជាថ្នាំពេទ្យ ដែលល្អបំផុតនៅពេល ដែលត្រូវបានគេចាក់បេះដូង ឲ្យធ្លុះធ្លាយ… អូយស្នេហាអើយស្នេហា អ្នកពិតជាពិបាកស្វែងយល់ណាស់… ម្តងធ្វើអោយខ្ញុំសើច ម្តងធ្វើឲ្យខ្ញុំក្រៀមក្រំ …។» លោកវណ្ណពិសិដ្ឋ ប្រិយមិត្តរបស់លោកសម្បត្តិក្នុងប្លក់វើតប្រេស។
អ្នកនិពន្ធ វង់–ផឿង បានសរសេរថា៖ ស្នេហា គឺការរួមរស់ជាមួយគ្នាយ៉ាងស្មោះអស់មួយជីវិតរវាងបុរសម្នាក់និងនារីម្នាក់។ ការរួមរស់ជាមួយគ្នាយ៉ាងស្មោះនេះ មានគោលបំណងបង្កបង្កើតឡើង នូវលក្ខណៈសម្បតិ្ត (Condition) ងាយស្រួល(Commode) និងមាំទាំ (Solide) ដើម្បីទទួលនូវសុខុមាលភាព និងសុភមង្គលក្នុងផ្លូវសម្ភារៈ មនោសញ្ចេតនា និងចរិត (Sentiment et Caractère) ដែលមនុស្សម្នាក់ៗមិនអាចនឹងស្វែងរកបាន កាលបើខ្លួនរស់នៅតែម្នាក់ឯង (Solitaire)។ រូបភាពស្របច្បាប់និងសាមញ្ញរបស់ស្នេហា គឺពិធីអាពាហ៍ពិពាហ៍។ […] សៀវភៅ«ការជ្រើសរើសសម្លាញ់១០០ឆ្នាំ» ទំ.១២-១៣។
លោកសួនសុបិនបានសរសេរ វាចាអ្នកនិពន្ធ ក្នុងរឿង«ថ្ងៃស្អែក…ព្រោះគ្មានអូន»«Tomorrow without you » ថា «សម្រាប់ពាក្យថា «ស្នេហា» ជួនកាលមិនគ្រាន់តែសម្តែងចេញតាមរយៈការស្រលាញ់តែមួយមុខនោះទេ តែវាទាមទារឲ្យម្នាក់ៗមានការលះបង់ មានការធ្វើពលិកម្មចំពោះគ្នាទៅវិញទៅមកផងដែរ។
«ពលិកម្ម» មាន ន័យធំធេងណាស់សម្រាប់សេចក្តីស្នេហា។ បើពលិកម្មកាន់តែមានវិសាលភាពប៉ុណ្ណា សេចក្តីស្នេហាក៏មានលើសលប់ទៅតាមនោះដែរ។ មានតែសេចក្តីស្រលាញ់តែគ្មានពលិកម្ម មិនអាចហៅថាស្នេហាបានទេ… ស្នេហាគឺជាការលះបង់!
«ស្នេហានិងពលិកម្ម» គឺជាវត្ថុពីរដែលត្រូវដើរទន្ទឹមគ្នាជានិច្ច។ មានស្នេហាមានពលិកម្ម មានស្នេហាមានការលះបង់… ស្រលាញ់ មនុស្សម្នាក់ ត្រូវហ៊ានលះបង់ហ៊ានធ្វើពលិកម្មបូជាសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីមនុស្សម្នាក់ទៀតដែលខ្លួនស្រលាញ់។
«ស្នេហា» មិន បានបង្គាប់ឲ្យមនុស្សធ្វើពលិកម្មនោះទេ តែមនុស្សខ្លួនឯងគួរតែមានសម្បជញ្ញៈនិងស្មារតីភ្ញាក់រឭកមួយ ថាខ្លួនគួរធ្វើពលិកម្មចំពោះមនុស្ស ដែលខ្លួនកំពុងស្រលាញ់ឬអត់?»[…]
តើស្នេហាជាអ្វី? យុវវ័យមួយចំនួនដែលប្រឡូកក្នុងពិភពស្នេហា ហើយទទួលបាននូវការខកចិត្តនោះ តែងស្រែកសួររកន័យឲ្យស្នេហា! តើស្នេហាជាអ្វី?… រហូតមកទល់ពេលនេះ ពុំទាន់មាននរណាម្នាក់ អាចឆ្លើយសំណួរនេះបានពិន្ទុ១០ ហើយក៏គ្មាននរណាម្នាក់ក្នុងលោកយើងនេះ ឆ្លើយខុស រហូតបានពិន្ទុ០នោះដែរ។ ដូច្នេះសំណួរ ដែលពុំទាន់មានចម្លើយប្រាកដនេះ នៅតែចោទសួរដដែល តើស្នេហាជាអ្វី?… តើស្នេហាជាអ្វី? បើស្នេហាជាការសេចក្តីស្រឡាញ់វិញ តើចុះសេចក្តីស្រឡាញ់នោះជាអ្វី? ជាស្នេហាវិញមែនទេ? ពិតជាមិនអាចត្រឡប់ចុះឡើងដោយងាយៗពេកនោះទេ។ អ្នកខ្លះ និយាយឲ្យតែរួចពីមាត់ថា ស្នេហាជាការលះបង់? តើពិតការលះបង់ឬមែន? លះបង់អ្វី? ពេលវេលា និង អាយុជីវិត? សម្បតិ្តទ្រព្យធន?… ឬអ្វីផ្សេងទៀត?… ចំណុចនេះ ត្រូវបានបុគ្គលមានគំនិតមិនល្អមួយចំនួន យកមកធ្វើជាលេស ដើម្បីកេងចំណេញលើនារីភេទ។ នៅថ្ងៃពិសេស ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ (បុណ្យសង្សារ) ចំពោះមុខគូស្នេហ៍របស់ខ្លួន ប្រុសខ្លះលួងលោមថា ស្នេហាជាការលះបង់ណាអូន…។ ប្រការនេះ ធ្វើឲ្យស្រ្តីខ្មែរមិនតិចទេ ដែលត្រូវខាតបង់… គឺបាត់បង់ព្រហ្មចរិយ។
ជាការពិត ស្នេហាជាការលះបង់ តែពុំមែនលះបង់គ្រប់អ្វីៗដោយមិនបានគិតពិចារណានោះដែរ។ លះបង់ក្នុងដំណាក់កាលណាមួយ អាចជាពេលវេលា ក្នុងការជួបសំណេះសំណាលគ្នា លះបង់ក្នុងការចែករំលែកនូវចំណេះដឹង ការពិភក្សា ឬជាធនធានក្នុងគ្រាអាសន្នអន្ធក្រណាមួយ… និយាយមួយលែកទៀត បានជាគេថា ស្នេហាជាការលះបង់នោះ គឺចង់សំដៅដល់ ការហ៊ានលះបង់មនុស្សដែលខ្លួនស្រឡាញ់ទៅបុគ្គលទីបី (ក្នុងករណីដែលគេពុំស្រឡាញ់យើងវិញ) សុខចិត្តលះបង់គេ ឲ្យគេមានសេរីភាព ក្នុងការជ្រើសរើសគូដំណើរជីវិតរបស់គេ។ សេចក្តីស្រឡាញ់ គឺចង់ឃើញមនុស្សដែលខ្លួនស្រឡាញ់ទទួលបាននូវ សេចក្តីសុខ សុភមង្គល ទោះបីជាគេមានក្តីសុខនឹងមនុស្សទីបី ក៏យើងនៅតែស្រឡាញ់គេជានិច្ចដែរ ឥតមានថមថយឡើយ… បើយើងស្រឡាញ់គេពិតប្រាកដមែន យើងគ្មានសិទ្ធិបៀតបៀនគេថែមទៀត… បើមិនដូច្នេះទេ មានន័យថា យើងពុំស្រឡាញ់គេពិតប្រាកដនោះទេ…។ សេចក្តីស្នេហា! ជួនកាលយើងស្រឡាញ់គេ តែគេមិនស្រឡាញ់យើងវិញ ហើយផ្ទុយមកវិញ មានពេលខ្លះទៀត គេស្រឡាញ់យើង ប៉ុន្តែយើងពុំព្រមស្រឡាញ់គេវិញ ក៏សឹងមាន។ ការលើកឡើងមកដ៏គួរឲ្យអស់សំណើចនេះ ក៏គេហៅថា ស្នេហាដែរ […]
ខ្ញុំចាប់អារម្មណ៍ចំពោះសំណេររបស់បងសម្បត្តិថា «…មិនទាន់់ដឹងចិត្តអ្នកដែលសួរថាតើស្នេហាជាអ្វី? មាន ច្រើនគ្នាណាស់នំាគ្នាសួរថាស្នេហាជាអ្វី? ប៉ុន្តែគេគ្រប់គ្នាប្រាកដជាចេះស្នេហា!! ស្នេហា តាមន័យដែលយើងដឹងឮគ្រប់ គ្នា គឺការស្រលាញ់់ស្និទ្ធស្នាលស្រលាញ់ស្អិតរមួតនឹងអ្វីមួយ ឬនរណាម្នាក់។ ដូចគេថាស្នេហាមាសប្រាក់ ស្នេហាបង ស្នេហាអូន ស្នេហាប្រទេសជាតិ… អ៊ីចឹង ពាក្យ «ស្នេហា» មិនមែនប្រើសម្រាប់តែចំពោះបុរសស្រ្តី ដែលស្រលាញ់គ្នាជា គូគ្រង ជាគូស្នេហ៍នោះទេ។ ទោះបីយ៉ាងណា ន័យដែលប្រើទូលំទូលាយ គឺស្នេហារវាងប្រុស និងស្រីក្នុងបំណងកាម គុណ និងចំណងរស់នៅជាមួយគ្នាបេះមិនដាច់់ ដែលហៅថាស្នេហាបរិសុទ្ធ។» ប្រកាសក្នុងប្លក់ ខែសីហា ២០១០ «ស្នេហាកើតចេញពីបេះដូង ឬពីខួរក្បាល»។
Henry Wadsworth Long Fellow បាននិយាយដែរថា៖ នៅពេលដែលស្រឡាញ់ដោយស្មោះអស់ពីដួងចិត្ត មិនគ្រាន់តែនិយាយទេ គេថែមទាំងបញ្ចេញបង្ហាញឲ្យឃើញច្បាស់ទៀតផង។
សេចក្តីស្រឡាញ់ ជាការបូជា លះបង់ឱ្យមនុស្ស ដែលយើងស្រឡាញ់មានការរីកចម្រើនលូតលាស់… ហើយបើទីបំផុត គេទៅមានអ្នកថ្មីទៀត ដែលល្អជាងយើង យើងមិនត្រូវទោមនស្ស កើតទុក្ខឈឺចាប់នោះទេ។ បើយើងកើតទុក្ខឈឺចាប់ ហើយទៅឈ្នានីសបៀតបៀនគេ នោះមានន័យថា យើងមិនស្រឡាញ់គេដោយស្មោះទេ។ វាពុំមែនជាស្នេហាពិតនោះទេ។ យើងមិនចាំបាច់កើតទុក្ខខ្វល់ខ្វាយរីងរៃឡើយ ព្រោះយើងបានបំពេញធ្វើនូវអ្វីៗ ដែលយើងត្រូវធ្វើរួចរាល់ហើយ ដើម្បីមនុស្សដែលយើងស្រឡាញ់នោះ…
«កូលាបតែងមានបន្លា ស្នេហាតែងមានឧបសគ្គ» ស្ទើរតែមិនមាននរណាម្នាក់មិនចាំពាក្យទំនឹមទំនៀមនេះឡើយ រហូតដល់មានអ្នកខ្លះក្រឡៃជា «កូលាបតែងមានបន្លា ការសិក្សាតែងមានឧបសគ្គ» ទៀតផង។
យើងបានយល់យ៉ាងច្បាស់ហើយថា កូលាបតែងមានបន្លា… ហេតុនេះ បើយើងស្រឡាញ់ផ្កាកូលាប យើងត្រូវតែហ៊ានទទួលយកនូវបន្លារបស់កូលាបនោះ។ យើងបង្កើតសេចក្តីស្នេហាមក ក៏យើងត្រូវតែហ៊ានទទួលយកនូវសេចក្តីសប្បាយរីករាយពេលជួបជុំ និងទទួលយកការឈឺចាប់នៅពេលបែកបាក់ព្រាត់ប្រាស់គ្នាផងដែរ ។
ការស្រឡាញ់ងប់ងល់របស់អ្នកមានស្នេហាទាំងឡាយ តែងតែត្រាំខ្លួនក្នុងក្លិនក្រអូប និងរសផ្អែមល្ហែមពោរពេញទៅដោយសភាពអណ្តែតអណ្តូង។ ទោះជាស្រឡាញ់ងប់ងល់យ៉ាងណាក៏ដោយ ក៏ត្រូវពិចារណាឲ្យបានត្រឹមត្រូវផងដែរ។ មិនត្រូវឲ្យមនោសញ្ចេតនា នៃបេះដូងបោកបញ្ឆោត វិចារណញ្ញាណនោះឡើយ។
មនុស្សមានជីវិតរស់នៅរហូតមកដល់ពេលនេះ មិនមាននរណាម្នាក់ ដែលមិនមានបានសាងនូវកំហុសនោះទេ មិនថាដោយចេតនា ឬអចេតនាក្តី បើមិនច្រើនក៏តិចដែរ ដាច់ខាត់មានជានិច្ច ក្នុងផ្នែកណាមួយមិនខាន។ យើងក៏ដឹងផងដែរថា កំហុសជាផ្នែកមួយនៃជីវិត។ បើយើងមិនខុស ក៏មិនអាចរកត្រូវឃើញផងដែរ។ សូម្បីតែសេចក្តីស្រឡាញ់ពេលខ្លះ ក៏មានកំហុសដែរ! គ្រាន់តែស្រឡាញ់ក៏មានខុសដែរ!…
ប្រការនេះ យើងអាចនិយាយជាគតិបានថា គ្រប់អ្វីទាំងអស់របស់មនុស្សដែលយើងស្រឡាញ់ គឺជាទីស្រឡាញ់របស់យើង។ អំពើល្អរបស់គេគួរឱ្យកោតសរសើរ និង គោរពស្រឡាញ់ រីឯអំពើអាក្រក់ កំហុសរបស់គេវិញនោះ គឺគួរឱ្យអាណិតអាសូរ ព្រមទាំងចង់ជួយកែប្រែ។ ចិត្តវិទូបូព៌ាប្រទេសម្នាក់បានសន្និដ្ឋាថា ស្រឡាញ់នរណាម្នាក់គួរតែដឹងពីប្រការអាក្រក់របស់អ្នកនោះ ហើយស្អប់នរណាម្នាក់ក៏ត្រូវដឹងប្រការល្អរបស់អ្នកនោះដែរ។
សេចក្តីស្រឡាញ់ មិនទាមទារនូវការតបស្នងអ្វីមកវិញនោះទេ។ ជាការពិត យើងស្រឡាញ់នរណាម្នាក់ មិនសង្ឃឹមរំពឹងថា ចង់បានអ្វីពីគេមកវិញ ឬចង់ផ្តល់អ្វីឱ្យគេ នោះក៏ទេដែរ គឺចង់មានន័យសេចក្តីថា បន្ទាប់ពីយើងទាំងពីរនាក់ជួបជុំគ្នា អ្វីៗនឹងត្រូវបានផ្លាស់ប្តូរ។ ចំណុចទន់ខ្សោយកង្វះខាតទាំងឡាយនឹងត្រូវបានកែប្រែ និង បំពេញបន្ថែមឱ្យបានល្អប្រសើរឡើង ។
លើសពីនេះ មានពេលខ្លះ សេចក្តីស្នេហា កើតចេញពីមិត្តភាពដ៏ជ្រាលជ្រៅផងដែរ ។ មិត្តភាពបានបង្កប់នូវកូនពន្លកសេ្នហាយ៉ាងសម្គមមួយដែលអាចនឹងឈានដល់ដំណាក់កាលបង្កើតបានជាស្នេហាយ៉ាងកក់ក្តៅ ។
ត្រង់នេះខ្ញុំយល់ស្រប តាមការស្រាវជ្រាវរបស់លោកសម្បត្តិ ដែលបានចុះផ្សាយក្នុងប្លក់របស់លោកត្រង់ «ការស្ទង់់មតិមួយអំពីន័យថាស្នេហា»។ គាត់បានសរសេរថា៖ «…មិត្តភាពមិនមែនស្នេហា ហើយស្នេហាមិនមែនមិត្តភាព។ មិត្តភាព គឺទាមទារការស្រលាញ់់គ្នាទៅវិញទៅមក។ រីឯស្នេហាមិនអ៊ីចឹងទេ.… សេចក្ដីស្នេហាចំពោះនរណាម្នាក់់ ទោះជាមិនបានទទួលនូវសេចក្ដីស្នេហាតបវិញ ក៏គេនៅតែអាចស្នេហា បានដែរ ។…» ([1])
យើងឃើញថា មានមតិច្រើនដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកឡើងពីស្នេហានេះ។ ជាចុងក្រោយ យើងសូមចូលរួមបន្តិចផងដែរថា ចំពោះស្នេហាជារឿងដែលមិនអាចខ្លះបានក្នុងជីវិត ជាផ្នែកមួយសំខាន់សម្រាប់ជីវិត តែក៏គប្បីប្រព្រឹត្តទៅឲ្យបានសមស្របតាមកាលៈទេសៈផងដែរ។
លើសពីនេះ មុននឹងក្រលាស់អណ្តាតសារភាពសេចក្តីស្នេហាចំពោះនរណាម្នាក់ ត្រូវពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយជាមុន។ ដូចសម្តីរបស់ទស្សនវិទូ និងគណិតវិទូ Descartes បានមានប្រសាសន៍ថា «ត្រូវបង្វិលអណ្តាត៧ជុំសិន សឹមនិយាយ» ។ ពាក្យទូន្មានពិតជាត្រឹមត្រូវ មិនថា ក្នុងការនិយាយកិច្ចការទូទៅ ឬសន្ទនាក្នុងកិច្ចស្នេហានោះទេ។ មុនធ្វើ មុននិយាយអ្វីក៏ដោយ ក៏ត្រូវគិតឲ្យបានត្រឹមត្រូវជាមុន នេះជាប្រការចាំបាច់! […]
កាត់ចេញពីរឿង« តំណែងស្នេហ៍រាជិនី» ដោយ ហេង ឧត្តម
ពិតជាល្អណាស់ចំពោះអត្ថបទនេះ សម្រាប់នាងខ្ញុំជាស្រ្តីមួយរូបតែងតែឲ្យតំលៃខ្ពស់ទៅលើ
សេចក្តីស្រឡាញ់ដោយស្មោះមួយដែលកើតឡើងពីដួងចិត្តពិតៗ សូមកើតឡើងដោយ
សន្សឹមៗប៉ុន្តែស្ថិតនៅយូរអង្វែងជារៀងរហូត។
Thank you.